ព្រះបរមរូបព្រះមហាវីរក្សត្រនឹងត្រូវចាប់ផ្ដើមសង់នៅថ្ងៃ២០ កុម្ភៈ
2013.02.12
ការសម្រេចនេះ បន្ទាប់ពីមានកិច្ចប្រជុំអនុគណៈកម្មការចម្រុះសាងសង់ព្រះបរមរតនកោដ្ឋ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី សុខ អាន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣។
នៅក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីមន្ត្រីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កែប ជុតិមា អភិបាលសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុនសិលា និងក្រុមវិចិត្រករ ដែលមានស្នាដៃសាងសង់រូបសំណាក។
សមាជិកគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ លោក ញឹក ប៊ុនឆៃ មានប្រសាសន៍នៅថ្ងៃទី១២ កុម្ភៈ ថា តាមកិច្ចប្រជុំនោះ អនុគណៈកម្មការបានសម្រេចថានឹងធ្វើឲ្យរួចរាល់មុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣៖ «អនុគណៈកម្មការជំនុំនោះដើម្បីរៀបចំចាប់ផ្ដើមកសាងហ្នឹងហើយ ព្រោះយើងធ្វើ Design (គូរប្លង់) អីច្រើនទៅព្រះមហាក្សត្រ ព្រះអង្គទើបសព្វព្រះហរទ័យក្រោយពីព្រះអង្គឡាយព្រះហស្តហើយបានអនុគណៈកម្មការឯកឧត្ដមឧប សុខ អាន ប្រជុំដើម្បីចាប់ផ្ដើមរៀបចំធ្វើព្រះបរមរូបសំណាកហ្នឹង»។
ព្រះមហាវីរក្សត្រយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។ រដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ជាទិវាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ទាក់ទងទៅនឹងការសាងសង់ព្រះបរមរូបនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រ មានបន្ទូលថា ពេលវេលានៃការសាងសង់ព្រះបរមរូបឲ្យរួចរាល់នៅពេលណានោះមិនសំខាន់ទេចំពោះព្រះអង្គទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការសម្រេចរបស់រដ្ឋាភិបាលឲ្យមានព្រះបរមរូបវិញទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ពេលវេលាធ្វើហើយកាលណាកាលហ្នឹងទៅ សំខាន់រឿងរដ្ឋាភិបាលបានសម្រេចអបអរសាទរ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ហើយនិងសម្រេចឲ្យមានព្រះបរមរូបមួយជាភស្តុតាងជាអវសាន ជាអមត ដើម្បីរំលឹកនូវវីរភាពរបស់លោក ស្នាព្រះហស្តរបស់លោក នេះហើយសំខាន់»។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានបដិសេធមិនអត្ថាធិប្បាយលំអិតលើបញ្ហានេះទេ។
មន្ត្រីសាលារាជធានីឲ្យដឹងថា ព្រះបរមរូបព្រះមហាវីរក្សត្រ គឺសម្រេចឲ្យក្រុមហ៊ុនសិលា ជាអ្នកសាងសង់ ពីព្រោះក្រុមហ៊ុននេះមានស្នាដៃសាងសង់រូបសំណាកតេជោយ៉ត និងតេជោមាស។ រីឯការរចនានិងសាងសង់ព្រះបរមរូបតាមបែបណានោះ នៅពុំទាន់ចេញជាផ្លូវការនៅឡើយ។
សារព័ត៌មានក្នុងស្រុកចុះផ្សាយថា ទីតាំងសាងសង់ព្រះបរមរូបព្រះមហាវីរក្សត្រ ស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រ ខាងកើតវិមានឯករាជ្យ ខាងលិចនាគបាញ់ទឹក លើសួនវិមានឯករាជ្យ។
ព្រះបរមរូបសម្រេចធ្វើអំពីស្ពាន់សុទ្ធ មានកម្ពស់ ៤ម៉ែត្រកន្លះ ហើយជើងទម្រទៅដល់ព្រះបរមរូបកម្ពស់ជាង ៧ម៉ែត្រ នៅខាងក្រោមបុស្បុកទាំងមូលមានកម្ពស់ ២៧ម៉ែត្រ ដែលមានដំបូលគ្របពីលើ ចំណែកជើងទម្រធ្វើពីថ្មភក់។
ចំណែកបុស្បុកត្រូវបានសាងសង់តាមរចនាបថខ្មែរ។ មានទីធ្លាសួនច្បារព័ទ្ធជុំវិញសម្រាប់ធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងក្រាលឥដ្ឋ ហើយភ្ញៀវបរទេស ដែលមកគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នឹងអាចចូលទៅគោរពវិញ្ញាណក្ខន្ធនៅទីនោះបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។