អាជ្ញាធរ​ខណ្ឌ​ទួលគោក​ចុះ​បង្ក្រាប​កុងស៊ី​បញ្ចាំ​ម៉ូតូ​ខុស​ច្បាប់

អាជ្ញាធរ​ខណ្ឌ​ទួលគោក​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០០៨ បាន​ចុះ​បិទ​ទ្វារ​កុងស៊ី​បញ្ចាំ​ម៉ូតូ​ច្រើន​ឃ្លាំង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត។
ដោយ អ៊ុក សាវបូរី
2008.12.30
ម៉ូតូ ម៉ូតូ​ដែល​អាជ្ញាធរ​ខណ្ឌ​ទួលគោក​រឹបអូស​យក​ពី​កុងស៊ី​គ្មាន​ច្បាប់​អនុញ្ញាត កាលពី​ថ្ងៃ៣០ ធ្នូ ២០០៨។
RFA Photo/Ouk Savborey

អភិបាល​រង​ខណ្ឌ​ទួលគោក​ទទួល​បន្ទុក​ផ្នែក​កុងស៊ី​បញ្ចាំ លោក សឹម សុផង់ មាន​ប្រសាសន៍​ថា ការចុះ​បិទ​ឃ្លាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ក្រុង​ភ្នំពេញ​ចេញ​បញ្ជា​ឲ្យ​ចុះ​ត្រួត​ពិនិត្យ​កុងស៊ី​បញ្ចាំ​ទាំងអស់​ក្នុង​ខណ្ឌ​នីមួយៗ​ស្វែងរក​ម៉ូតូ​ចោរ​លួច​ឬ​ប្លន់​ដែល​អាច​មាន​ការរកស៊ី​ខុស​ច្បាប់​នាំ​ឲ្យ​កើត​មាន​អសន្តិសុខ​ក្នុង​ទីក្រុង។

លោក​ថា មន្រ្តី​ចុះ​បង្រ្កាប​ផ្ទាល់​ដល់​ឃ្លាំង​កុងស៊ី​បញ្ចាំ​ម៉ូតូ​ចែក​ជា​៥​ក្រុម​ក្នុង​ខណ្ឌ​នេះ។ ក្នុង​ក្រុម​លោក​បាន​ដកហូត​ម៉ូតូ​៤​ឃ្លាំង​ជិត​១០០០​គ្រឿង​អាច​ជា​ម៉ូតូ​ស្រប​ច្បាប់​ផង​និង​មិន​ស្រប​ច្បាប់​ផង។

លោក សឹម សុផង់ បាន​បញ្ជាក់​ថា ៖ «ចំនួន​ឃ្លាំង​ក្នុង​ហ្នឹង​ចែក​ជា​ប្រាំ​គោលដៅ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​តួលេខ​ក្រុម​ដទៃ​ទៀត​ទេ ចំណែក​ក្រុម​ខ្ញុំ​សរុប​បាន​ទាំងអស់​បួន​ឃ្លាំង។ ម្ចាស់​ឃ្លាំង​មួយ​នោះ​ឈ្មោះ ហ៊ី ទូច ហើយ​ឃ្លាំង ឡុង វណ្ណារិទ្ធ គាត់​មាន​ពីរ​ឃ្លាំង ហើយ​និង​ឃ្លាំង លោក សារ៉ាត់ បួន​ឃ្លាំង​ហ្នឹង ក្នុង​សង្កាត់​ទឹកល្អក់៣»

ប្រធាន​ភូមិ​ខ្លះ​នៃ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក មាន​ប្រសាសន៍​ថា ក្នុង​ភូមិ​នោះ​មាន​កុងស៊ី​បញ្ចាំ​ម៉ូតូ​ជា​ច្រើន​ដែល​ពួក​គេ​រកស៊ី​ត្រូវ​រ៉ូវ​តែ​ជាមួយ​ថ្នាក់​លើមិន​សូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ពី​មុខរបរ​របស់​គេ​រកស៊ី​អ្វី​ឡើយ ទាល់​តែ​មាន​ការចុះ​បង្រ្កាប​ដូច​ថ្ងៃ​នេះ​ទើប​លោក​បាន​ដឹង​ថា មាន​អ្នក​ខ្លះ​រកស៊ី​ទិញ​លក់​ម៉ូតូ​ចាស់ៗ​ស្រប​ច្បាប់ និង​មាន​ខ្លះ​ទៀត​បន្ថែម​លើ​របរ​ស្រប​ច្បាប់​លួច​រកស៊ី​បញ្ចាំ​ម៉ូតូ​គ្មាន​ច្បាប់។

លោក អ៊ុច សយ មេ​ភូមិ​៣ មាន​ប្រសាសន៍​ថា ឃ្លាំង​កុងស៊ី​ក្នុង​ភូមិ​នោះ​មាន​៤ ៖ «គេ​រកស៊ី​ស្រប​ច្បាប់​ខ្លះ មិន​ស្រប​ខ្លះ»

លោក ម៉ៅ សំអុន មេ​ភូមិ​២ មាន​ប្រសាសន៍​ថា ឃ្លាំង​កុងស៊ី​ក្នុង​ភូមិ​នេះ​មាន​តែ​២​ទេ ៖ «ពិបាក​ក៏​បាន ថា​មិន​ពិបាក​ក៏​បាន ព្រោះ​សួរ​គេ​ទៅ​វា​នាំ​រំខាន​គេ​រកស៊ី»

ក្រុម​អ្នក​បាត់​ម៉ូតូ​និង​មាន​ខ្លះ​កូន​ចៅ​យក​ម៉ូតូ​ចេញ​ពី​ផ្ទះ​មិន​ដឹង​លក់​ឬ​បញ្ចាំ​បាន​មក​រង់ចាំ​ចូល​មើល​ម៉ូតូ​របស់​ខ្លួន​ព្រោងព្រាត​នៅ​មុខ​សាលា​ខណ្ឌ​ទួលគោក។

បុរស​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​និយាយ​ថា ៖ «ព្រោះ​កន្លងមក​វា​ច្រើន​យក​មក​បញ្ចាំ ហើយ​កាត​គ្រី​កាត​អី​នៅ​ខ្ញុំ​ទាំងអស់។ ឥឡូវ​ហ្នឹង​ខ្ញុំ​មក​រក​នៅ​ខណ្ឌ​មានជ័យ​អត់​ឃើញ ខណ្ឌ​ចម្ការមន​អត់​ឃើញ ឥឡូវ​នៅ​ខណ្ឌ​ទួលគោក​មួយ​ទៀត ឥឡូវ​គេ​មិន​ទាន់​ឲ្យ​ចូល​មិន​ដឹង​ម៉េច​ដែរ»

យុវជន​ម្នាក់​ទៀត​សុំ​មិន​ប្រាប់​ឈ្មោះ​ដែរ​អះអាង​ថា គាត់​ចូល​បើក​ប្រាក់​ពី​ធនាគារ​នៅ​ស្ថានីយ​ចាក់​សាំង​បូកគោ ចោរ​បាន​លួច​កាច់​ក​សោ​ម៉ូតូ C១២៥ សេរី​២០០៨ យក​បាត់​កាលពី​ថ្ងៃ​២៤ ខែ​ធ្នូ។គាត់​មក​នេះ​ដើម្បី​រក​មើល​ម៉ូតូ​ដែល​ចោរ​លួច​នោះ ៖ «ខ្ញុំ​ឮ​សូរ​ថា ប៉ូលិស​គេ​ចាប់​បាន​ម៉ូតូ​គេ​លួច​គេ​ប្លន់ អ៊ីចឹង​ខ្ញុំ​មក​មើល»

ប្រភព​ពី​សាលា​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​ការបង្រ្កាប​បទល្មើស​លួច​បញ្ចាំ​ម៉ូតូ​តាម​ខណ្ឌ​នានា​ដែល​ម្ចាស់​កុងស៊ី​គ្មាន​ច្បាប់​អនុញ្ញត​ចំនួន​ប៉ុន្មាន​និង​មាន​ច្បាប់​អនុញ្ញាត​ចំនួន​ប៉ុន្មាន​បាន​ទេ ប៉ុន្តែ​ការបង្ក្រាប​កន្លង​មក​នៅ​ខណ្ឌ​មានជ័យ ខណ្ឌ​ទួលគោក និង​ខណ្ឌ​ចម្ការមន។

ក្រុម​មហាជន​បាន​ត្រេកអរ​នឹង​ការបង្រ្កាប​កុងស៊ី​បញ្ចាំ​ម៉ូតូ​របស់​អាជ្ញាធរ​ក្រុង​ដោយ​អះអាង​ថា អំពើ​ប្លន់​ម៉ូតូ​បាន​ថយ​ចុះ​ពីរ​បី​ថ្ងៃ​នេះ​បន្ទាប់​ពី​មាន​ការបង្រ្កាប​ទាន់​ពេល​នៅ​កុងស៊ី​បញ្ចាំ​ម៉ូតូ។

យោង​តាម​អភិបាល​រង​ខណ្ឌ​ទួលគោក លោក សឹម សុផង់ មាន​ប្រសាសន៍​ថា ម៉ូតូ​ទាំង​ជិត​១០០០​គ្រឿង​ដែល​ដក​ហូត​តាម​ឃ្លាំង​កុងស៊ី​បញ្ចាំ​ក្នុង​ខណ្ឌ​ទួលគោក​នេះ​នឹង​បញ្ជូន​ទៅ​កុងស៊ី​វិញ ដរាប​ណា​ម៉ូតូ​ទាំង​នោះ​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ ហើយ​ឃ្លាំង​មួយៗ​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ដោយ​រដ្ឋ​ឲ្យ​ប្រកប​អាជីវកម្ម​ដែរ៕

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។