ខ្មែរក្រោមរាប់រយនាក់ធ្វើបាតុកម្មទាមទារដីធ្លីពីអាជ្ញាធរវៀតណាម
2008.12.31
ក្រុមអ្នកតវ៉ាទាំងនោះ មានចំនួន២ស្រុកធំៗ គឺនៅស្រុកទិនបៀន និងស្រុកស្វាយទង ខេត្តមាត់ជ្រូក ជាប់ព្រំដែនខេត្តតាកែវ។
តំណាងអ្នកតវ៉ានៅស្រុកទិនបៀន នៅសាលាឃុំអាងគឺ លោក ចៅ អ៊ិន ឲ្យដឹងថា ពីកម្ពុជាក្រោមមកថា ក្រុមអ្នកតវ៉ានៅតបន់របស់លោកមានគ្នាប្រមាណ ២០០នាក់ ដែលក្នុងនោះម្នាក់ៗបាត់បង់ដីធ្លីយ៉ាងហោចណាស់ ៥ ហិកតារ ៖ «ទាំងអស់ហ្នឹង ទើបងើបបានតែ ២០០នាក់ទេ។ ពីម្សិលហ្នឹង នគរបាលស្រុក ៧ឡាន មកបង្ក្រាបបងប្អូនយើង។ ដល់ឥឡូវម៉ោង ៨ហ្នឹង គេបានអញ្ជើញប្រជាជនទៅដោះស្រាយ។ គេថា ដីនេះវៀតណាមគេវ៉ៃឈ្នះខ្មែរក្រហម អ៊ីចឹងដីហ្នឹង មិនមែនជាដីរបស់បងប្អូនខ្មែរទេ ដីហ្នឹងរបស់យួនទេ និយាយឲ្យចំ»។
លោក ចៅ អ៊ិន ឲ្យដឹងថា ការតវ៉ាបានធ្វើឡើងជាច្រើនឆ្នាំមកហើយ មកដល់ថ្ងៃនេះ ប៉ុន្តែគ្មានការដោះស្រាយ ផ្ទុយទៅវិញបែរជាមានការគំរាមចាប់ចង។
ប្រភពពីស្រុកស្វាយទង ឯណោះវិញ ឲ្យដឹងបន្ថែមថា ពួកគេមានគ្នាប្រហែល ១០០នាក់ កំពុងតវ៉ានៅតំបន់ដីស្រែនៅក្នុងឃុំចៅឡាំង តែម្តង ជាមួយគ្នានឹងការហ៊ុមព័ទ្ធរបស់ក្រុមប៉ូលិសវៀតណាមជាច្រើននាក់។
អ្នកតវ៉ា ឈ្មោះ នាង ហាន ថ្លែងថា ដីស្រែអ្នកស្រី ២០ហិកតារ ត្រូវអាជ្ញាធររឹបអូសយកទៅដាំដើមស្មាច់ បន្ទាប់មកគេបានសងមកវិញ ចំនួន ១ហិកតារប៉ុណ្ណោះ ៖ «ឆ្នាំ១៩៨១ ខ្ញុំត្រឡប់មកវិញ វាអត់សងដីឯណា។ ខ្ញុំថា បើមិនសងដីខ្ញុំទេ ខ្ញុំចុះទៅស្រែហើយ វាថា បើចុះទៅវានឹងចាប់»។
ក្រុមអ្នកតវ៉ាដីធ្លីនៅកម្ពុជាក្រោម បានអះអាងដូចៗគ្នាថា ការបាត់បង់ដីធ្លីរបស់ពលរដ្ឋខ្មែរក្រោម ដូចជា អ្នកខ្លះបានបាត់បង់អស់រលីង កើតឡើងដោយសារតែអាជ្ញាធរវៀតណាមដកហូតយកធ្វើជាសម្បត្តិរបស់រដ្ឋ នៅពេលដែលកងទ័ពវៀតណាមបានកាន់កាប់កម្ពុជាទាំងស្រុង នៅឆ្នាំ១៩៧៩។
ក្រោយការរឹបអូសនោះ ការតវ៉ារបស់អ្នកស្រុកបានកើតឡើងជាហូរហែ ប៉ុន្តែការទាមទារកាលពីឆ្នាំមុន បានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីអ្នកតវ៉ា៣នាក់ ក្នុងនោះ ស្រី្ត២រូប និងបុរសមួយរូប ត្រូវបានគេចាប់ដាក់គុក។
អាជ្ញាធរវៀតណាមនិងស្ថានទូតវៀតណាមនៅកម្ពុជា មិនអាចទាក់ទងសុំការបំភ្លឺបានឡើយនៅថ្ងៃនេះ។ ប៉ុន្តែមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាមនៅកម្ពុជា លោក ទ្រិញ បាកាំ ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមអ្នកតវ៉ាបានប្រឌិតរឿងរ៉ាវ គ្មានការគំរាមកំហែងនិងគាបសង្កត់ពលរដ្ឋខ្មែរក្រោមឡើយ។
ទោះជាយ៉ាងដូច្នេះក៏ដោយ ប្រធានសមាគមការពារសិទ្ធិខ្មែរក្រោម លោក អាង ច័ន្ទរិទ្ធ អត្ថាធិប្បាយនៅថ្ងៃនេះថា អាជ្ញាធរវៀតណាមមិនគួរគេចវេះចំពោះការតវ៉ាទាំងនោះ ហើយរឹតតែមិនគួរប្រើមធ្យោបាយគំរាមកំហែងគាបសង្កត់ចំពោះអ្នកតវ៉ាដែលទាមទារសិទ្ធិរស់នៅស្របច្បាប់នោះទាល់តែសោះ៕