ព្រះមហាក្សត្រ​សរសើរ​នាយក​រដ្ឋមន្ត្រី​ពី​ការ​រៀបចំ​ព្រះ​រាជ​ពិធី​ព្រះ​បរម​រតន​កោដ្ឋ

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា នរោត្តម មុនីនាថ សីហនុ បាន​ផ្ញើ​ព្រះរាជសារ​នៅ​ថ្ងៃទី​៩ កុម្ភៈ សរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កង​កម្លាំង​ប្រដាប់​អាវុធ រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់ ដែល​បាន​រៀបចំ និង​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​រតន​កោដ្ឋ ឬ​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភៈ កន្លង​ទៅ​នេះ។
ដោយ វោហារ ជាតិ
2013.02.09
សីហនុ ៣០៥ ព្រះ​មហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី យាង​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ ទៅ​តម្កល់​នៅ​ព្រះ​បរម​រាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី ៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Mom Sophon

ព្រះ​រាជសារ​នោះ​មាន​ខ្លឹមសារ​ថា៖ «យើង​ខ្ញុំ​សូម​អរគុណ​ជា​អនេកប្បការ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ក្នុង​ឋានៈ​ជា​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជាតិ​ទាំង​ស្រុង ចាប់​ផ្ដើម​ថ្ងៃ​ដំបូង រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព។ ព្រះ​បរម​មេរុ ដ៏​ល្អ​ពិសិដ្ឋ រំលេច​ដោយ​ផ្កាភ្ញី​ភ្លើង ហោ​ជាង កំពូល​គ្រប​ដណ្ដប់​ដោយ​ព្រះ​ស្វេតច្ឆ័ត្រ ព្រះរាជ​រថ​ដង្ហែ​តាម​ដង​វិថី​ដ៏​ល្អ ដែល​មាន​អត្ថន័យ ព្រះរាជ​រថ​ដង្ហែ​ព្រះ​អង្គារ។ ទាំង​អស់​នេះ ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ល្អ​ឥត​ខ្ចោះ​នៃ​កូន​ខ្មែរ​សម័យ​បុរាណ និង​សម័យ​បច្ចេកវិទ្យា​ទំនើប បង្ហាញ​នូវ​ស្នាដៃ​ដ៏​ប៉ិន​ប្រសព្វ និង​មាន​សោភ័ណភាព​ល្អ​ប្រណិត​តាម​រចនាបថ​ប្រពៃណី​ខ្មែរ ស្ថាបត្យករ វិស្វករ​នារី​បុរស​នៃ​វប្បធម៌ អារ្យធម៌ ប្រពៃណី​ខ្មែរ ជូន​ជាតិ អន្តរជាតិ បាន​ជ្រាប និង​បាន​ចារ​ជាប់​ជា​ប្រវត្តិសាស្ត្រ អមត​នៃ​ប្រជាជាតិ​ខ្មែរ»

ព្រះរាជ​ពិធី​ដង្ហែ និង​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព ព្រះ​មហា​វីរក្សត្រ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១ កុម្ភៈ ដល់​ថ្ងៃ​ទី៧ កុម្ភៈ ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។