នាយក​រដ្ឋមន្ត្រី​ប្រកាស​រុះរើ​ព្រះ​បរម​មេរុ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​អំពាវនាវ​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ និង​រដ្ឋាភិបាល ពិចារណា​រក្សា​ទុក​ព្រះ​បរម​មេរុ ដែល​តម្កល់​ព្រះ​បរម​មញ្ជូសា ព្រះបាទ​សម្ដេច នរោត្តម សីហនុ ជា​សារមន្ទីរ។ ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​គម្រោង​រក្សា​ទុក​សំណង់​ព្រះ​បរម​មេរុ​នោះ​ទេ។
ដោយ ខែ សុណង
2013.02.14
ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះករុណា ៣០៥ ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះករុណា ព្រះ​មហា​វីរក្សត្រ នៅ​ព្រះ​បរម​មេរុ កាល​ពី​ថ្ងៃ​ទី៤ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Tin Zakariya

យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ព្រះ​បរម​មេរុ ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​រួច​កាល​ពី​ដើម​ខែ​កុម្ភៈ មក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ព្រះ​បរម​មេរុ ដែល​បាន​ប្រើប្រាស់​សម្រាប់​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​រតន​កោដ្ឋ ឬ​ព្រះបរមសព​អតីត​ព្រះ​មហាក្សត្រ​រួច​មក​នោះ នឹង​ត្រូវ​រុះរើ​ចេញ​ពី​ទី​វាល​ព្រះ​មេរុ ឲ្យ​បាន​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ម្សាញ់ ដែល​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា នៅ​វត្ត​ស្វាយពពែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​ដល់​គណៈកម្មាធិការ និង​អ្នក​ចូល​រួម​រៀបចំ​ព្រះ​រាជ​ពិធី​ព្រះបរមសព និង​ការ​សាងសង់​ព្រះ​បរម​មេរុ ក្នុង​រយៈពេល​ខ្លី​ប្រកប​ដោយ​ភាព​ជោគជ័យ និង​លើក​មុខ​មាត់​កិត្តិយស​ប្រទេស​ជាតិ។

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​បរម​មេរុ ដែល​បាន​ប្រើប្រាស់​សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នោះ នឹង​ត្រូវ​រុះ​រើ​ចេញ​យ៉ាង​ច្បាស់​ណាស់ មិន​អាច​រក្សា​ទុក​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​បាន​ទេ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​រុះរើ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ឥឡូវ​ត្រូវ​រក្សា​ព្រះ​មេរុ​នេះ ដើម្បី​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​ពិនិត្យ​មើល តើ​យើង​ធ្វើ​យ៉ាង​ម៉េច? ក៏ប៉ុន្តែ ព្រះ​មេរុ​នេះ​ក៏​មិន​អាច​ទុក​យូរ​បាន​ដែរ ក៏​មិន​អាច​ឲ្យ​ឆ្លង​ឆ្នាំ​ខ្មែរ​បាន​ដែរ បាន​ពិភាក្សា​គ្នា​ទាក់​ទង​ជាមួយ​នឹង​ការ​រុះ​ព្រះ​មេរុ​នេះ»

ទាក់​ទង​នឹង​ការ​រុះរើ​ព្រះ​បរម​មេរុ នេះ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរមសព គឺ​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ថា ទំនង​ជា​ជិត​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នឹង​មាន​ភ្លៀង​ធ្លាក់ ពីព្រោះ​សំណង់​ខ្លះ​មិន​អាច​រក្សា​ទុក​បាន​យូរ​ឡើយ។

ទន្ទឹម​នឹង​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​រតន​កោដ្ឋ មាន​អព្ភូតហេតុ​មួយ​បាន​កើត​ឡើង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «មាន​ការ​ចាំបាច់​ដើម្បី​ធ្វើ​ការ​បកស្រាយ​អំពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិធី​នៃ​ការ​ថ្វាយ​ព្រះ​ភ្លើង។ ខ្ញុំ​ករុណា​ខ្ញុំ​និយាយ​ដល់​កន្លែង​ហ្នឹង ខ្ញុំ​ករុណា​ខ្ញុំ​ព្រឺ​ក្បាល ហើយ​ព្រឺ​រោម​ហ្មង! ព្រោះ​រឿង​នេះ​រឿង​អព្ភូតហេតុ​ដ៏​អស្ចារ្យ ហើយ​គឺ​ចេញ​មក​ពី​បារមី​របស់​អតីត​ព្រះមហាក្សត្រ​របស់​យើង​តែ​ហ្មង។ ថ្វាយ​ព្រះ​ភ្លើង ត្រូវ​ថ្វាយ​រហូត​ដល់​ប្រាំ​ដង។ អ៊ីចឹង លើក​ទី៥ ចុង​ក្រោយ គឺ​ខ្ញុំ​ករុណា​ខ្ញុំ សុំ​ព្រះរាជទាន​ទោស​អធិដ្ឋាន​ហើយ សុំ​ព្រះរាជទាន​ទោស​ចំពោះ​ព្រះបរមសព ទូលព្រះបង្គំ​អស់​ជម្រើស​ហើយ។ អ៊ីចឹង​ទេ គឺ​ដុត​ហ្មង រុញ តែ​យើង​ត្រូវ​ចាំ ព្រះអង្គ ទាំង​ព្រះករុណា មហាក្សត្រ ទាំង​ហ្លួង គឺ​ពី​ខាង​ក្រោយ​ឆៀង​ខាង​ស្ដាំ បាន​សេចក្ដី​ថា​ខាង​ត្បូង ដល់​ព្រះអង្គ ទាំង​ពីរ​ព្រះអង្គ និង​ទូលបង្គំ​ខ្ញុំ​ករុណា​ខ្ញុំ​ជា​ជំនួយ ក៏​ស្ថិត​ក្នុង​ទិស​ដូច​គ្នា ដល់​ខ្ញុំ​ករុណា​ខ្ញុំ​តែ​ម្នាក់​ឯង គឺ​ចេញ​ត្រង់​ទី​ព្រះបាទ​ចំហៀង​ខាង​ឆ្វេង​វិញ ខាង​ជើង មក​ខាង​ត្បូង​វិញ ដាក់​ទៅ​ឆេះ​មក​តែ​ម្ដង។ អ៊ីចឹង ចុង​ក្រោយ​ខ្ញុំ​ករុណា​ខ្ញុំ​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​នេះ ហើយ​ដែល​ទី​បំផុត ព្រះ​ភ្លើង​នេះ​បាន​ចប់​សព្វគ្រប់»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព សម្រេច​សាងសង់​ព្រះ​បរម​មេរុ សម្រាប់​ធ្វើ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព នៅ​ក្នុង​បរិវេណ​វាល​ព្រះ​មេរុ​ខាង​ជើង​ជាប់​ព្រះបរមរាជវាំង និង​នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ លើ​ផ្ទៃដី​ទំហំ​មួយ​ហិកតារ ដោយ​ចំណាយ​ថវិកា​ជាង ១​លាន​ដុល្លារ។

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា មេ​ដឹកនាំ​អន្តរជាតិ បណ្ដា​ប្រទេស​ជា​មិត្ត មន្ត្រី​អ្នក​មុខ​អ្នក​ការ និង​ភ្ញៀវ​ជាតិ​អន្តរជាតិ​ជា​ច្រើន​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។