មនុស្សជិត១០០នាក់ពុលអាហារក្នុងពិធីមង្គលការមួយនៅបាត់ដំបង
2013.02.09
អ្នកជំងឺទាំងនោះ មានអាការៈក្អួតចង្អោររាករូសត្រូវគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះ ក្រុមមន្ត្រីសុខាភិបាល និងមន្ត្រីកាំកុងត្រូល កំពុងចុះស្រាវជ្រាវរកមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមនុស្សជិត ១០០នាក់ ពុលម្ហូបអាហារនៅក្នុងពិធីមង្គលការមួយនៅភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។
ចំនួនមនុស្សដែលពុលដោយសារទទួលទានម្ហូបអាហារនៅក្នុងពិធីមង្គលការ មានចំនួនកើនឡើង ៩៤នាក់ ប៉ុន្តែក្រុមមន្ត្រីជំនាញនៅពុំទាន់រកឃើញសារជាតិនៅក្នុងចំណីអាហារ ដែលបង្កឲ្យមនុស្សពុលក្អួតចង្អោររាករូសពិតប្រាកដនោះទេ។ ពួកគេបានធ្វើការសន្និដ្ឋានជំហានដំបូងថា មូលហេតុនៃការពុលនោះ អាចបណ្ដាលមកពីការធ្វើម្ហូបអាហារនោះពុំមានអនាម័យត្រឹមត្រូវ។
ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង លោក ព្រៅ ខេមរិន្ទ្រ បានថ្លែងនៅថ្ងៃទី៩ ខែកុម្ភៈ ថា មន្ត្រីជំនាញកាំកុងត្រូលកំពុងចុះស្រាវជ្រាវរកគំរូសារធាតុនៃការផ្សំធ្វើម្ហូប និងសួរនាំពីការរៀបចំទុកដាក់លើភាពអនាម័យ។ ប៉ុន្តែ គ្រឿងផ្សំធ្វើម្ហូបអាហារនោះមិនមាននៅសល់ដើម្បីយកទៅធ្វើពិសោធន៍នោះទេ។
លោក ព្រៅ ខេមរិន្ទ្រ៖ «មុនដំបូង គាត់ជាចុងភៅហ្នឹងសល់គ្រឿងសម្រាប់ត្រៀមធ្វើម្ហូប ហើយនឹងគ្រឿងសម្រាប់ធ្វើផ្សំ។ តែដល់ខ្ញុំចុះទៅ សូម្បីតែទិញសាច់មាន់ ក៏គាត់អត់បានទទួលទិញដែរ គឺម្ចាស់ដើមការ គេជាអ្នកទិញខ្លួនគេទាំងអស់។ សាច់ជ្រូកហ្នឹង ទិញមកទាំងមូលកាប់ខ្លួនគេដែរ បន្លែក៏គេទិញខ្លួនគេដែរ។ ខ្ញុំមានការសង្ស័យថា មាន់ហ្នឹងសាច់វាមិនល្អមកពីថៃ គាត់អត់ដឹងដែរ ព្រោះមកទិញនៅផ្សារមោង»។
មន្ត្រីសុខាភិបាល និងមន្ត្រីកាំកុងត្រូលសន្និដ្ឋានថា មូលហេតុដែលម្ហូបអាហារដែលធ្វើឲ្យមនុស្សពុល អាចបណ្ដាលមកពីខ្វះអនាម័យ។ លោក ព្រៅ ខេមរិន្ទ្រ បញ្ជាក់ថា លោកនឹងធ្វើសេចក្ដីរាយការណ៍ពីបញ្ហានេះទៅថ្នាក់លើ។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងថា ស្នងការនគរបាលបានបញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវ។ លោកបញ្ជាក់ថា ករណីមានមនុស្សពុលម្ហូបការនេះ ទំនងកើតឡើងដោយសារការខ្វះអនាម័យ។ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ មានភ្ញៀវប្រុសស្រីជាច្រើននាក់ បានទៅទទួលទានម្ហូបអាហារនៅក្នុងពិធីមង្គលការរបស់អ្នកភូមិនៅក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្រោយពីការទទួលទានម្ហូបអាហារនោះ ស្រាប់តែមានការពុលក្អួតចង្អោររាករូសគ្រប់គ្នា។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី លោក សូ សុខ បានមានប្រសាសន៍ថា គិតពីយប់ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ មានអ្នកជំងឺដែលពុលម្ហូបការនោះកើនឡើងដល់ ៩៤នាក់។ ពួកគេមានអាការៈរាករូសក្អួតចង្អោរ កម្លាំងចុះខ្សោយ ហើយត្រូវបានមន្ទីរពេទ្យជួយសង្គ្រោះជាបន្តបន្ទាប់។ អ្នកជំងឺភាគច្រើន បានចេញពីមន្ទីរពេទ្យទៅវិញ។ មិនមានអ្នកជំងឺណាម្នាក់ បាត់បង់ជីវិតដោយសារការពុលនោះទេ រហូតមកដល់ពេលនេះ៖ «ពីព្រឹកព្រលឹម ៨២នាក់ ឲ្យគាត់ចេញអស់ច្រើនហើយ ប៉ុន្តែចូលមក១២វិញ ចេញច្រើន ប៉ុន្តែព្រឹកនេះចូលមកវិញព្រឹកនេះ ១២នាក់ទៀត ចូលថ្មីនៅរាកក្អួត»។
លោកបន្តថា តាមការសាកសួរអ្នកជំងឺដែលពុលនោះ គឺពួកគាត់បានទទួលទានម្ហូបអាហារក្នុងពិធីមង្គលការ។ អ្នកខ្លះទទួលទានម្ហូបបីមុខ អ្នកខ្លះទទួលទានម្ហូបបាន ៤មុខ ប៉ុន្តែពួកគេពុលទាំងអស់គ្នា។ ខាងមន្ទីរពេទ្យ បានយកលាមក និងបូមឈាមអ្នកជំងឺទៅពិនិត្យដែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅរកមូលហេតុមិនឃើញឡើយ ប៉ុន្តែទាំងមន្ត្រីសុខាភិបាល មន្ត្រីកាំកុងត្រូល និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ការពុលម្ហូបការនោះ អាចបណ្ដាលមកពីការខ្វះអនាម័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។