ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​នៅ​ថៃ្ង​ពុធ​នេះ បាន​ប្រកាស​សាល​ដីកា​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដោយសារ​តែ​តុលាការ​សាលា​ឧទ្ធរណ៍​កន្លង​មក មិន​បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ចំពោះ​សំណុំ​រឿង​នេះ។
ដោយ សុខ សេរី
2008.12.31
សុខ​សំអឿន​303 សុខ សំអឿន (រូប​កណ្ដាល) ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​ឡើង​តុលាការ​កំពូល​នា​ថ្ងៃ​ទី​៣១ ធ្នូ ២០០៨។
AFP Photo

ប៉ុន្តែ​តុលាការ​កំពូល​បាន​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​បង្ហាញ​ខ្លួន​នៅ​ពេល​ណា​ដែល​តុលាការ​កោះ​ហៅ​មក​សាក​សួរ​នៅ​ក្នុង​អំទ្បុង​ពេល​នៃ​ការ​នៅ​ក្រៅ​ឃុំ​នោះ។

ការ​សម្រេច​ខាង​លើ​នេះ​ត្រូវ​បាន​ទទួល​ការ​ទះ​ដៃ​ស្វាគមន៍​ភ្លាមៗ​ពី​សំណាក់​ក្រុម​តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​នៅ​ឯ​តុលាការ​កំពូល​នោះ។

លោក ឌិត មន្ទីរ ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ចៅក្រម​ជម្រះ​ក្តី​ចំនួន​៥​រូប​និង​ជា​ប្រធាន​នៃ​តុលាការ​កំពូល​បាន​ប្រកាស​សាល​ដីកា​ដូច្នេះ​ថា ៖ «រឿង​ក្ដី​នេះ ជា​បទ​ឧក្រិដ្ឋ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ត​ទៀត គប្បី​តុលាការ​កំពូល​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​បង្វិល​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ជំនុំ​ជម្រះ​ឡើង​វិញ។ ឲ្យ​ឈ្មោះ ប៊ន សំណាង និង ឈ្មោះ សុខ សំអឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ប៉ុន្តែ​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​របស់​អាជ្ញាធរ​តុលាការ»

លោកស្រី នួន គឹមស្រ៊ី ម្តាយ​របស់ ប៊ន សំណាង បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រោយ​ការ​ប្រកាស​សាល​ដីកា​នោះ​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​តុលាការ​កំពូល​ឲ្យ​កូន​ខ្ញុំ​នៅ​ក្រៅ​ឃុំ ខ្ញុំ​សូម​អរគុណ​ដល់​តុលាការ​កំពូល​យ៉ាង​ខ្លាំង»

លោក វ៉ន ផុន ជា​ឪពុក​របស់ សុខ សំអឿន បាន​មាន​ប្រសាសន៍​ថា ៖ «នេះ​ជា​យុត្តិធម៌​របស់​តុលាការ​ពិត​ប្រាកដ»

រីឯ​លោក ហុង គឹមសួន ជា​មេធាវី​របស់ សុខ សំអឿន បាន​មាន​ប្រសាសន៍​ថា ក្រទ្បា​បញ្ជី​របស់​តុលាការ​កំពូល​កំពុង​តែ​រៀបចំ​ឯកសារ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យ​មាន​សេរីភាព​ជា​បណ្ដោះ​អាសន្ន ហើយ​ឯកសារ​នោះ​គេ​គ្រោង​បញ្ជូន​ទៅ​នាយកដ្ឋាន​ពន្ធនាគារ​របស់​ក្រសួង​មហាផៃ្ទ​ដើម្បី​ដោះលែង​អ្នក​ទាំង​ពីរ​នោះ​នា​ពេល​ឆាប់ៗ​នេះ។

លោក​មេធាវី ហុង គឹមសួន ថ្លែង​បន្ត​យ៉ាង​ដូច្នេះ ៖ «នេះ​ជា​ជោគជ័យ​របស់​យើង​មួយ ដែល​យើង​បាន​ខំ​ប្រឹង​អំពី​ការ​កាត់​ក្ដី​របស់​តុលាការ​កំពូល។ យើង​អរគុណ​ដែរ​ដែល​តុលាការ​កំពូល​ទទួល​យក​សំណូមពរ​របស់​មេធាវី​ដែល​ទាក់ទង​នឹង​អង្គ​ច្បាប់»

ក្រោយ​ពី​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​កំពូល​នោះ​ភ្លាម ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​ឆ្មាំ​គុក​នាំ​ខ្លួន​បញ្ចូល​ក្នុង​រថយន្ត​ដឹក​ទៅ​មន្ទីរ​ឃុំ​ឃាំង​វិញ ដើម្បី​រង់ចាំ​ការ​ដោះលែង​ជា​ក្រោយ។

សូម​រំឭក​ថា ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៥ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ថៃ្ង​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

ក្រោយ​មក​តុលាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ខែ​មេសា ឆ្នាំ​២០០៧ បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ ចាត់​ទុក​ជា​បាន​ការ។ រឿង​នេះ​បាន​ញ៉ាំង​ឲ្យ​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ អង្គការ​សហប្រជាជាតិ បាន​ទទូច​សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ថា អ្នក​ទាំង​ពីរ​ជា​ឃាតករ​សិប្ប​និម្មិត៕

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។