បទវិភាគ៖ តើ​យុទ្ធសាស្ត្រ​របស់​ក្រសួង​យុត្តិធម៌​អាច​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​ដែរ​ឬ​ទេ?

ដោយ មាន ឫទ្ធិ
2021.08.29
Share on WhatsApp
Share on WhatsApp
បទវិភាគ៖ តើ​យុទ្ធសាស្ត្រ​របស់​ក្រសួង​យុត្តិធម៌​អាច​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​ដែរ​ឬ​ទេ? ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
រូប៖ RFA

ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា ឈានចូល​ដល់​កម្រិត​ប្រកាស​អាសន្ន ​ចាំ​បាច់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ជំងឺកូវីដ-១៩ កាល​ពី​ឆ្នាំមុន។ របប​លោក​ហ៊ុន​សែន​ប្រកាស​ចេញ​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​នេះ​ដែរ តែ​ការ​អនុវត្តន៍​ជាង​១​ឆ្នាំ​កន្លង​ទៅ មិន​បាន​ផ្លែ​ផ្កា​ជា​ដុំ​កំភួន​ឡើយ។

របប​ក្រុង​ភ្នំពេញ តាមរយៈក្រសួង​យុត្តិធម៌បាន​ឆ្លើយ​ចំពោះ​​​មុខ​មតិ​ជាតិនិងអន្តរជាតិ​ថា ពន្ធ​នា​គារ​ចង្អៀត​ណែនដោយ​សារ​តែ​សំណុំរឿង​កកស្ទះ ដូច្នេះ​ត្រូវ​ដោះស្រាយ​ចំពោះ​សំណុំ​រឿង​កក​ស្ទះ​ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ ក្រសួង​នេះ​ប្រញ៉ាប់​ប្រកាស​យុទ្ធ​នាការ​ដោះស្រាយ​សំណុំ​រឿង​កក​ស្ទះ​នៅទូទាំង​ប្រទេស​​ កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ មួយ​ឆ្នាំ ១ខែ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ​២០២១ ក្រសួង​ដដែលប្រកាស​ថា ខ្លួនបាន​បិទ​បញ្ចប់​យុទ្ធនា​ការ​ណ៍ដោះស្រាយ​សំណុំ​រឿង​ដែលកកស្ទះរួច​ហើយ។ សំណុំរឿង​ទុកចោល​ជាង​៩៦% ឬ​មាន​ចំនួន​ជាង​ ៣៧ ៩០០ ត្រូវ​បាន​ចាត់​ការរួចរាល់។ ទោះជា​ក្រសួង​ប្រកាសថា ​សំណុំ​រឿងលែងស្ទះ​មែន ប៉ុន្តែស្ថានភាព​ពន្ធនាគារ​​នៅ​ចង្អៀត​ណែនណាន់តាន់តាប់​ដដែល ​រហូត​ដល់​ឆ្លង​ជំងឺកូវីដ-១៩​ ក្នុង​ពន្ធនាគារ​ជា​ច្រើន​ទៀត​ផង។ ប្រការ​នេះ​ហើយ ជា​ភស្តុតាង​​បង្ហា​ញ​ថា យុទ្ធនាការនេះ បរាជ័យ។ បរាជ័យ មិន​អាច​ដោះ​ស្រាយ​បញ្ហា​ពន្ធ​នាគារ​កកស្ទះ​បាន ដោយ​សារ​ក្រសួងយុត្តិធម៌​មិន​បាន​ចាត់វិធានការ​ឱ្យ​ចំបញ្ហា​ដែល​កើត​មាន ឬ​អេះមិន​ចំ​កន្លែង​រមាស់។

អង្គការ​នានាបាន​លើក​ឡើងថា បញ្ហា​ចម្បង​នាំ​ឱ្យចំនួន​អ្នក​ជាប់​ឃុំកើន​ឡើង ដោយ​សារតែការ​អនុវត្ត​នីតិវិធីច្បាប់​ក្នុង​ប្រព័ន្ធ​តុលាការ មិន​ត្រឹមត្រូវ​នាំឱ្យ​មាន​ការ​រំលោភ​សិទ្ធិសេរីភាព​អ្នកជាប់​ឃុំ​ទាំង​នោះ។ របាយការណ៍​មួយ​របស់​អង្គការ​លីកាដូ (LICADHO) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ២០១៨ ​ដែល​សិក្សា​លើ​ពន្ធនាគារ​ចំនួន​១៨​នៅទូទាំងប្រទេសរកឃើញ​ថា ជនជាប់ឃុំ​ចំនួន​ជាង​ ៨ពាន់ ៧រយនាក់ប្រមាណ​ជិត​៤០%​​នៃចំនួន​អ្នកជាប់​ឃុំ​ទាំងអស់ ត្រូវ​តុលាការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​បើក​សវនាការ។ អង្គការ​លីកាដូរកឃើញ​ដែរ​ថា ក្នុង​ចំណោម​អ្នក​ដែល​ត្រូវឃុំខ្លួន​បណ្ដោះ​អាសន្ន​ទាំង​នោះ មាន​ខ្លះ​ជាប់គុក​រហូត​ដល់ ​២​ឆ្នាំ ​មិន​ទាន់​ត្រូវតុលាការ​កំណត់​កាល​បរិច្ចេទ​ជំនុំជម្រះក្ដីផង។​

របាយការណ៍​មួយ​ទៀត​ចេញ​ផ្សាយ​នៅឆ្នាំ២០២០ ដោយ​អង្គការ​លើកលែង​ទោសអន្តរជាតិ​ បង្ហាញ​ថា អ្នកជាប់ឃុំនៅកម្ពុជាប្រមាណ៧២% ជាអ្នកជាប់ឃុំបណ្ដោះ​អាសន្ននិង​មនុស្ស​​រាប់​ពាន់​នាក់​​ផ្សេង​ទៀត​ជាប់​គុក​ព្រោះ​បទល្មើស​លហុគ្មាន​ហិង្សា​ ដូចជា​ករណីរកឃើញ​មាន​គ្រឿង​ញៀន​ជាប់​ខ្លួន​ឬ​ប្រើប្រាស់​ថ្នាំ​ញៀន​ជាដើម

អ្នកខ្លះ​ត្រូវចៅក្រម​ស៊ើបសួរ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការស៊ើបអង្កេត​បន្ដ ចំណែក​អ្នក​ខ្លះទៀត​ ចៅ​ក្រមសម្រេច​ចោទ​ប្រកាន់ នឹង​បញ្ចូន​សំណុំរឿងទៅចៅក្រមជំនុំជម្រះតែម្ដង។ ផ្អែក​តាម​គោលការណ៍​ច្បាប់​ ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​បង្គាប់​ឱ្យឃុំ​ខ្លួន​នរណា​ម្នាក់​ជា​បណ្ដោះ​អាសន្ន ហើយ​ក៏​មាន​សិទ្ធិដាក់​អ្នក​នោះ ​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដែរ ករណី​អ្នក​នោះ​មិន​បង្ករ​វិនាសកម្ម​ធ្ងន់ធ្ងរ​ដល់​សង្គម

ហេតុអ្វី​បានជា​មាន​មនុស្ស​ច្រើន​យ៉ាង​នេះ​ជាប់គុក​បណ្ដោះ​អាសន្ន?  ចម្លើយ​មូល​ហេតុ​ទី១​ ប្រហែល​ជា​អ្ន​ក​ទាំង​នោះ​អាច​ជា​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន​ឬ​អ្នក​គាំទ្រ​បក្សប្រឆាំង​ ដែល​បក្ស​កាន់​អំណាច​ប៉ង​ធ្វើ​ទុក្ខ​បុក​ម្នេញ។ និង​មូលហេតុ​ទី​២ អាច​ថា​ អ្នកទាំងនោះ​គ្មាន​សែ​មិន​មាន​បក្សពួក​ ម្យ៉ាង​ខ្សត់​សំណែន​ទៅ​តុលាការ​ផង។ មូល​ហេតុទី​២ ទំនង​សមហេតុផល​ជាង ព្រោះ​អ្នក​ជាប់​គុក​ដោយ​រឿង​នយោបាយ​ឬ​សិទ្ធិ​មនុស្ស​មាន​ប្រមាណជាង​១០០នាក់​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​១ឆ្នាំចុងក្រោយ បើ​ធៀប​នឹងអ្នក​ជាប់គុក​បណ្ដោះអាសន្ន ខ្ទង់​រាប់​ម៉ឺន​នាក់។

បើនិយាយ​ពីរឿង​សំណែន​ទៅ​ស្ថាប័ន​តុលាការវិញ​ មាន​តែអ្នក​ដែល​ធ្លាប់​ឡើង​តុលាការ​ទេ​ទើប​អាច​ដឹង​ច្បាស់។ អ្ន​ក​ធ្លាប់​មាន​រឿង​ក្ដីក្​ដាំឱ្យ ដឹង​ថា តុលាការ​ជា​កន្លែង​ដែល​ចាយ​លុយ​ធំជាង​កន្លែង​​​​ណា​ណា​ទាំងអស់សម័យ​នេះ អ្នកចាយ​លុយត្រូវ​មាន​របៀប​ចាយ  ត្រូវចេះលាក់​កំបាំង ត្រូវ​សូក​តាម​ឈ្មួញ​កណ្ដាល និង​ត្រូវបិទ​មាត់​ឱ្យ​ជិត។ សូម្បី​តែ​សំណុំរឿង​លែង​ប្ដី​លែងប្រពន្ធ​ដែល​ស្រុះស្រួល​លែង​គ្នា​ទាំង​សង​ខាង​នោះ ក៏​ត្រូវ​មាន​លុយ​សូកដែរ​ទើប​លែង​ដាច់ ។ បើមិនសូកលុយទេ​ពាក្យ​​បណ្ដឹង​នោះ​នឹង​ក្លាយ​ជាកក​ដុះផ្សិត​មិន​ខាន ហើយ​បើ​ប្ដីប្រពន្ធ​មួយ​គូនេះ​ត្រូវរូវគ្នា​វិញ​បង្កើតកូន​រហូត​កូន​ធំ​បាន​រៀប​ការ ក៏តុលាការ​មិនទាន់​ដោះស្រាយ​បណ្ដឹង​លែងលះ​នោះផង។

ហាងឆេង​សំណុំរឿង​មាន​មិន​ដូចគ្នា​ទេ គឺ​ថ្លៃថោក​ទៅតាម​ទំហំរឿង។ សំណុំ​រឿងធំ ប៉ះពាល់​ធំ​ ត្រូវ​ចាយ​លុយ​ច្រើន សំណុំ​រឿងតូចចាយ​លុយ​តិច។​ ទោះជា​យ៉ាង​ណា ការ​លើកឡើង​ទាំង​នេះ​អាច​មិន​ត្រូវ​ទាំង​អស់​ទេ មន្​ត្រី​តុលាការខ្លះ​ក៏​ទំនង​ជា​សុចរិត​យុត្តិធម៌ដែរ  តែបើ​សិន​ជាចង់​ដឹង​ច្បាស់​ថា ចៅ​ក្រម ព្រះរាជអាជ្ញា ឬ​ក្រឡា​បញ្ជីណា​ម្នាក់​ស្អាតស្អំ ឬ ពុក​រលួយ គេ​គ្រាន់តែ​ពិនិត្យ​មើល​ទ្រព្យសម្បត្តិ​ធៀប​នឹង​ប្រាក់​ខែ​ឬចំ​ណូលពី​របររកស៊ី​របស់​គ្រួសារ​របស់​ពួកគេ ជាកា​រ​ស្រេច។

ទោះជា​យ៉ាង​ណា​ក្ដី គេ​ក៏ឃើញ​មាន​ដែរ​ករណី​តុលាការ​សម្រេច​ឱ្យ​អ្ន​ក​ជាប់​ឃុំ​អាច​នៅ​ក្រៅ​ឃុំ ​បណ្ដោះ​អាសន្ន ឬ​ចៅក្រម​ជំនុំជម្រះ​ សម្រេច​ព្យួរ​ទោស​ជា​ដើម។ដូច​យ៉ាង ក​រណី​លោក ថោង សារ៉ាត់ តុលាការ​សម្រេច​ដាក់​គុក​មួយ​ជីវិ​ត​ក្នុង​សំណុំ​រឿង​ឃាតកម្មលើ លោក អ៊ឹង ម៉េង ជឺ ប៉ុន្តែអាច​នៅ​ក្រៅឃុំបណ្ដោះ​អាសន្ន​បាន ហើយ​បាន​ចូលរួម​​ឃោសនាបោះឆ្នោត​ឱ្យ​បក្ស​ប្រជាជន​តាំង​ពី​ចេញ​ពី​គុកសើមៗ​កាល​ពី​ឆ្នាំ២០១៨ទៀត​ផង។ ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រណីកញ្ញា យិន ម៉ាណា កូន​អ្នក​មាន​នៅ​សៀមរាប​ជា​អ្នក​បើក​ឡាន​បុក​យុវនិស្សិត​​​​​​​​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​ ល្បីពេ​ញហ្វេសប៊ុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក  ​​​​​​​​​​​​​​​​​​​​ត្រូវ​តុលា​ការផ្តន្ទាទោស​១ឆ្នាំតែត្រូវជាប់គុកត្រឹម២ខែ​។​ពួកគេទាំងពីរមានវាសនា​ត្រូវតុលាការ​គោរព​សិទ្ធិនិងគោល​ការណ៍ឱ្យនៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​ឬមានតែពួ​កគេ​ផ្ទាល់​ទេ​ទើបដឹង​ច្បាស់​ពី​រឿង​នេះ។

ក្រឡេក​ទៅ​មើល​ស្ថានភាព​អ្នក​ជាប់​ឃុំទាំ​ងនោះ​វិញ ដំណើរ​ការ​ឃុំឃាំង​អ្នក​ជាប់​ឃុំ​បា​ន​ផ្ទុយ​នឹង​ច្បាប់​ពន្ធនាគារ​រួច​ទៅហើ​ យ។ ច្បាប់ស្ដីពីពន្ធនាគារចែងថា ពន្ធនាគារ​ត្រូវ​រៀបចំឡើង​ដើម្បី អប់រំ​កែ​ប្រែ ស្ដារ​និតិ​សម្បទា​ ដើម្បីផ្​ដល់ឱកាស​ឱ្យ​អ្នក​ធ្លាប់​ជាប់​ឃុំ​ទាំ​ងនោះ ​អាចកែ​ខ្លួន​ជា​ថ្មី​ដើម្បី​ទៅ​រស់​នៅក្នុង​សង្គម​វិញ ហើយ​គ្រប់គ្រង​ពន្ធនាគារ ​ធានា​បាន​នូវស​ន្តិសុខ សុវត្ថិភាព សុខភាព មនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិនិងវិធានសហប្រជាជាតិ។    ទិន្ន័យពីក្រសួង​មហា​ផ្ទៃ ​នៅខែមេសា​ឆ្នាំ២០២០​បង្ហាញ​ថា អត្រា​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគា​រ​នៅ​កម្ពុជា​ គឺមាន​ច្រើន​ជាងសមត្ថភាព​ដែល​ពន្ធនាគារ​អាចផ្ទុ​កបាន​រហូតជាង៤៦០%​ឯណោះ ​ឬ​បានន័យថា​ ចំនូនអ្នក​ជាប់​ឃុំនៅ​ស្រុក​ខ្មែរ​ស្មើ​នឹង​ជាង​៤ដង នៃ​ចំណុះពន្ធនាគារជាក់​ស្ដែង។ និយាយ​ឱ្យ​ស្រួល​ស្តាប់​ ឧបមាថា ពន្ធនាគារមួយ អាច​ផ្ទុក​អ្នកទោស​បាន​ត្រឹម​តែ​១០០នាក់​ ស្រាប់​តែ​បច្ចុប្បន្ននេះ អាជ្ញាធរពន្ធ​នាគារ​ យក​អ្នក​ជាប់​ឃុំជាង​៤៦០​នាក់ ទៅ​ញាត់​ផ្តុំគ្នា​នៅ​ក្នុង​នោះ។ មនុស្សដេក​គ​លើ​គ្នា បង្ករ​រោគឆ្ល​ង​ ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាង​ណាក្ដី ក៏​មាន​អ្នកទោស​មួយ​ចំនួន​អាច​រស់​នៅ​បាន​ស្រួល​ដែរ តាម​រយៈអំពើ​ពុករលួយមាន​លក្ខណៈជា​ប្រព័ន្ធ នៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ។ ក្រុម​អ្នក​ជំនួញ ឧកញ៉ាមួយ​ចំនួន​ឈ្មោះ​ជាប់​គុកមែន តែ​ខ្លួន​ដេកបន្ទប់​មន្ទីរ​ពេទ្យ វីអាយភី ក្នុងម៉ាស៊ីន​ត្រជាក់​យ៉ាង​រំភើយ។

សង្គម​ស៊ីវិល​រក​ឃើញ​ថា កម្ពុជា​ពិត​ជា​មាករណី​រំលោភ​សិទ្ធិបុគ្គល​ជាប់​ឃុំយ៉ាង​ធ្ងន់ធ្ងរ​ តាម​រយៈកង្វះ​ការគោរពគោលការណ៍​សន្មត់ជាមុន​ថាគ្មាន​ទោស​សម្រាប់​ជនជាប់​ចោទ​ ការ​បំពាន​សិទ្ធិ​ទទួល​បាន​ការ​ជម្រះក្ដីដោយ​យុត្តិធម៌ និង​ទាន់​ពេល​វេលា  កង្វះតំណាង​ផ្លូវ​ច្បាប់ ​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​មិន​សមាមាត្រ​នឹង​បទ​ល្មើស ​និងជាពិសេសការ​បរាជ័យ​ក្នុង​ការ​គោរពគោល​ការណ៍​​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ត្រូវ​ធ្វើឡើង​តែ​ករណី​ចាំបាច់

សរុប​សេចក្ដីមក រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ឱ្យចំ​កន្លែង​មាន​បញ្ហា ទើប​អាច​បន្ថ​យ​ភាពចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន។ បើដោះស្រាយមិនបាន មនុស្សរាប់ពាន់នាក់ទៀត​នឹង​ជាប់​ពន្ធនាគារ​ចង្អៀត​ដដែល នាំឱ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម បង្ករ​ការ​ឈឺចាប់​ដល់​មនុស្ស​រាប់​ម៉ឺន​គ្រួសារ។ បើសិន​ប្រទេស​កម្ពុជា មានការគោរពនិតិរដ្ឋ​និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លទ្ធិ​ប្រជា​ធិប​តេយ្យពិត​ប្រាកដ នោះ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់ ក៏មិន​ជួប​បញ្ហា​គួរ​ឱ្យខ្លោច​ផ្សារ​​បែប​នេះដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។