អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​​យល់ស្រប​​ថា​ វៀតណាម​​កំពុង​​តែ​​ព្រួយ​បារម្ភ​និង​​មិន​​សប្បាយ​ចិត្ត​​ចំពោះ​​ការ​កើន​ឡើង​​ខ្លាំង​​នៃ​​ឥទ្ធិពល​​​​ចិន​​នៅ​​កម្ពុជា​

ដោយ មាន ឫទ្ធិ
2021-04-10
Share
អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​​យល់ស្រប​​ថា​ វៀតណាម​​កំពុង​​តែ​​ព្រួយ​បារម្ភ​និង​​មិន​​សប្បាយ​ចិត្ត​​ចំពោះ​​ការ​កើន​ឡើង​​ខ្លាំង​​នៃ​​ឥទ្ធិពល​​​​ចិន​​នៅ​​កម្ពុជា​ (រូបស្តាំ) នាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) ដែលទើបត្រូវបានជ្រើសតាំងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
រូប៖ RFA

មិត្តភាព​​បងប្អូន​​រួម​អាវុធ​​ជា​​ប្រពៃណី​ម៉ឺន​ឆ្នាំ​​រវាង​កម្ពុជា​និង​​វៀតណាម ​នៅ​ទីបំផុតទៅ​ទំនង​​ជា​មិន​​អាច​​យ​ក​ឈ្នះ​​លើ​​មិត្តភាព​​ដែកថែប​​រវាង​​កម្ពុជា​និង​​ចិន​​បាន​ឡើយ។​ ការ​មិន​អាច​​យក​ឈ្នះ​បាន​​នេះ ស្តែង​ឲ្យ​ឃើញ​​និង​លេច​​ចេញ​​ជារូបរាង​​បន្តិច​ម្តងៗ​​តាមរយៈ​កត្តា​​ពេលវេលា ​ក្រោយ​​ប្រទេស​​ទាំងពីរ​​បាន​​ចងក្រង​​ចំណង​​ការ​ទូត​​ប្រើ​ពេល​​អស់ ៥៤ ឆ្នាំ​មក។ អតីត​​សត្រូវ​ប្រវត្តិសាស្ត្រ​​ដែល​ធ្លាប់​លើក​​បន្តុប​​លោក ហ៊ុន សែន ឲ្យ​ឡើង​​កាន់​អំណាច​​កាលពី​ដើម​​ទសវត្សទី៨០​ ហើយ​​ជា​​អ្នក​ឈ្នះ​​សង្គ្រាម​​ឥណ្ឌូចិន​​ចុងក្រោយ​​នៅ​សមរភូមិ​កម្ពុជា​​នេះ​ ហាក់​​កំពុង​​ថមថយ​ឥទ្ធិពល​​របស់​ខ្លួន​​ជាលំដាប់ នៅ​​ក្រោម​ការ​ពង្រីក​​ឥទ្ធិពល​​ឥត​ឈប់ឈរ​​របស់​​មិត្ត​​ដែក​ថែប​​​ចិន​​លើ​​គ្រប់​វិស័យ​​នៅ​​កម្ពុជា។

អ្នកជំនាញ​​វិទ្យាសាស្ត្រ​នយោបាយ និង​​កិច្ចការ​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា យល់ឃើញ​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា​​ជាមួយ​វៀតណាម​​​និង​​ចិន​នៅ​មិន​​ទាន់​​ស៊ី​សង្វាក់​​​គ្នា​ដែល​កាល​ពី​មុន​​កម្ពុជា​​ធ្លាប់​ប្រកាន់​ជំហរ​​នយោបាយ​ការបរទេស​​ស្របតាម​​វៀតណាម​​តែមួយ៖ «បើ​យើង​និយាយ​ពី​ទិដ្ឋភាព​​នៅ​ពេល​​ដែល​ចិន​​មុន​​នឹង​មាន​​ឥទ្ធិពល​​មក​លើ​កម្ពុជា​​ខ្លាំង គឺ​​កម្ពុជា​ឈរ​ជំហរ​​នយោបាយ​​ការបរទេស​​ជាមួយ​វៀតណាម​​តែមួយ។ ក៏ប៉ុន្តែ នៅពេល​​ដែល​ចិន​​មាន​ឥទ្ធិពល​​មក​លើ​​នយោបាយ​កម្ពុជា​​ជាង​​វៀតណាម កម្ពុជា​ឈរ​នយោបាយ​​ការបរទេស​​ជាមួយ​ចិន​​វិញ។ អ៊ីចឹង ​ទំនាក់ទំនង​នេះ​​ វា​រយៀល​​ វា​មិន​ដូច​កាល​ពី​មុន​ដែល​គេ​ហៅថា​​ មិត្តម៉ឺន​ឆ្នាំ​នោះ។ វា​​ចាញ់​​មិត្ត​ដែកថែប​​បើ​យើង​​និយាយ​ឲ្យ​មែនទែន​ទៅ»

លោក ឯម សុវណ្ណារ៉ា ពន្យល់ថា​ ដោយ​ឃើញ​មើលឃើញ​ពី​​ភាព​ល្អូកល្អឺន​ខ្លាំង​​ក្រោយ​​កម្ពុជា​​ជ្រើសរើស​យក​ចិន​​ធ្វើ​ជា​ខ្នងបង្អែក​​បងធំ​ទីមួយ​​នេះ​ វៀតណាម​​បាន​​បង្ហា​ញ​​ពី​​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន តាមរយៈ​ការលួច​ចូល​​បោះតង់​​នៅ​លើ​ទឹកដី​​កម្ពុជា​ និង​ការប្រកាស​បិទ​​ច្រក​ព្រំដែន​​ជា​​ឯកតោភាគី​​កាលពី​ឆ្នាំទៅ​ ដោយ​​មិន​​បាន​​ជូន​​ដំណឹង​​ជាមុន​ដល់​​ភាគី​កម្ពុជាជាដើម៖ «កង្វល់​នេះ វា​ជា​ការពិត​ ធ្វើឲ្យ​ពាក់ព័ន្ធ​ ធ្វើ​ឲ្យ​មាន​​ក្តីបារម្ភ អញ្ចឹង​ហើយ​បាន​​ជា​យើង​ឃើញ​​មាន​​ឥទ្ធិពល​​នៃ​​ការ​ពង្រាយ​​ ឬ​​ក៏​ការសង់តូប​​នៅ​តាម​ព្រំដែន ​ឬស្តង់ ដែល​​វៀតណាម​ថា ដើម្បី​​ទប់ស្កាត់​កុំ​​ឲ្យ​មាន​ការឆ្លង​កូវីដ​​ជាដើម។ នេះ​ជា​​ហេតុផល​​ដែល​វៀតណាម​​លើកឡើង​​ជា​​ឯកតោភាគី។ វៀតណាម​​ក៏​ធ្វើការ​​បិទ​​ច្រក​ព្រំដែន​​ជា​ឯកតោភាគី កាលពី​​ខ្ទង់​ខែមីនា ឆ្នាំមុន ២០២០។ ទាំងនេះ ​ក៏​ជា​កិច្ចការ​មួយ​ដែល​វៀតណាម​​ពញ៉ាក់​ស្មារតី​​កម្ពុជា​​យើង​ដែរ​ ពីព្រោះ​កម្ពុជា​​យើង​ត្រូវការ​​នាំ​ទំនិញ​នាំចេញ​នាំចូល​​តាម​ច្រក​វៀតណាម​​ច្រើន​​ ជាពិសេស​​ទំនិញ​កសិកម្ម​ យើង​​នៅ​ពឹង​ផ្អែក​​ពីខាង​វៀតណាម​​ច្រើន​​មែន​ទែន។ យើង​​មិន​ទាន់​ម្ចាស់​ការ​​ ឯករាជ្យ​​ខ្លួន​​ឯងទេ»

Hun_Sen_China.jpg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​លោក ស៊ី ជីនពីន ប្រធានាធិបតីចិន នា​​ទីក្រុង​ប៉េកាំង ប្រទេសចិន កាល​ពី​ថ្ងៃ​ទី១៥​ ខែ​ឧសភា ឆ្នាំ​២០១៧។ (Photo AFP)

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​មួយរូប​ទៀត​ គឺបណ្ឌិត អៀ សុផល មាន​​ប្រសាសន៍​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចង់​​ធានា​ថា​ អតីត​​ចៅ​ហ្វាយ​​នាយ​​របស់​លោក​ គឺ​ប្រទេស​វៀតណាម​​ ដឹង​ថា​​លោក​នៅ​តែ​ដឹងគុណ​​ និង​​ចង់​រក្សា​ទំនាក់ទំនង​ល្អ​​ជាមួយ​​វៀតណាម​​ដដែល។ លោក​ពន្យល់​​ថា មាន​រឿងរ៉ាវ​​មិន​ល្អ​ជា​ច្រើន​​សម្រាប់​​ប្រទេស​ទាំងពីរ​ ដោយសារតែ​​កម្ពុជា​​បាន​​បន្ត​ភាព​ល្អូកល្អឺន​​ជាមួយ​​ប្រទេស​​ចិន​ និង​​ការសង្ស័យ​ថា ​កម្ពុជា​​លួច​ចុះ​កុងត្រា​​យោធា​​សម្ងាត់​​ជា​មួយ​ចិន​​​ឲ្យ​​ប្រើ​ប្រាស់​​​កំពង់ផែ​រាម​ ដែល​​ធ្វើ​ឲ្យ​​វៀតណាម​​មិន​សប្បាយ​​ចិត្ត។ លោក​ថា ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ​​នេះ​​ទំនង​ជា​​បន្ត​ស្ថិត​​ក្នុង​​ភាពតានតឹង​​ពី​ខាង​​ក្នុង​ បើ​​ទោះជា​​សម្បក​​ខាងក្រៅ ប្រទេស​ទាំងពីរ​​ព្យាយាម​បិទបាំង​​ថា​ ​មិន​មាន​​អ្វី​ខុស​ប្លែក​​ពី​​ប្រក្រតី​ក៏ដោយ។

កាលពី​​ថ្ងៃទី០៥​ ខែមេសា ភ្លាមៗ​​ក្រោយ​សភា​​កុម្មុយនិស្ត​វៀតណាម​​ជ្រើសតាំង​​មេដឹកនាំ​ថ្មី​​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​​ដំបូង​គេ​​ដែល​​បាន​​ចេញ​មុខ​​ចេញ​មាត់​​អបអរ​សាទរ​​ប្រធានាធិបតី និង​​នាយករដ្ឋមន្ត្រី​​ថ្មី​​របស់​​ប្រទេស​​នេះ​​មុនគេ​ ទាំង​​តាម​​លិខិត​ផ្លូវការ​​ការទូត​ និង​​តាម​​កិច្ចសន្ទនា​​ផ្ទាល់​​តាម​​ទូរស័ព្ទ។​ លោក ហ៊ុន សែន បាន​​ប្តេជ្ញា​​ធ្វើការ​​ជិត​ស្និទ្ធ​​ជាមួយ​​សមភាគី​វៀតណាម​​ដើម្បី​​ពង្រឹង​​ទំនាក់ទំនង​​កម្ពុជា​-​វៀតណាម​​ឲ្យ​​កាន់តែ​​ស៊ីជម្រៅ​ ព្រមទាំង​​បន្ត​​សហការ​​យ៉ាង​ជិតស្និទ្ធ​​ទាំង​​ថ្នាក់​​​ទ្វេភាគី ​ក្នុង​តំបន់​ និង​​ពហុភាគី​​លើ​គ្រប់​​វិស័យ។ លោក ហ៊ុន សែន ជឿ​ថា​ កម្ពុជា និង​វៀតណាម​ នឹង​​អាច​ជម្នះ​បាន​​នូវ​បញ្ហា​​ប្រឈម​​ជាច្រើន​​ដែល​លោកថា ​ប្រទេស​ទាំងពីរ​​មិន​ធ្លាប់​ជួប​​ប្រទះ​ ពិសេស​​គឺ​បញ្ហា​ការរាតត្បាត​​នៃ​​ជំងឺ​កូវីដ១៩។

PM_Hun_Sen_Pham_Minh_Chinh.jpg
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ដំបូង​គេ​ដែល​បាន​ចេញមុខ​ចេញមាត់​អបអរ​សាទរ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

អ្នកជំនាញ​​កិច្ចការ​​អន្តរជាតិ​​មួយ​រូ​ប​ទៀត​និង​​ជា​នាយក​​វិទ្យាស្ថាន​​ចក្ខុវិស័យ​អាស៊ី (ហៅកាត់​ថា AVI) ​បណ្ឌិត ឈាង វណ្ណារិទ្ធិ ​វាយតម្លៃ​​ជា​ទូទៅ​ថា​ ទំនាក់ទំនង​​រវាង​​ប្រទេស​​ទាំងពីរ​​មាន​​សភាព​ល្អ​ ហើយ​​កម្ពុជា​​កំពុង​​តែ​​ចង់​​ពង្រឹង​​ទំនាក់ទំនង​នេះ​​ជាមួយ​វៀតណាម​​ឲ្យ​កាន់​តែ​​ល្អ​​ថែមទៀត៖ «វៀតណាម​​ក៏​បារម្ភដែរ​​ចំពោះ​​ឥទ្ធិពល​​ចិន​​នៅ​​កម្ពុជា។ ក៏ប៉ុន្តែ​ គេ​មិន​ចង់​​ឲ្យ​បញ្ហា​ហ្នុង​​ មក​ជះ​ឥទ្ធិពល​​ដល់​ទំនាក់ទំនង​​ទ្វេភាគី​ទេ។ និយាយ​ឲ្យ​ចំ ​គេ​អត់ចង់​​ឲ្យ​មាន​​កត្តា​ខាងក្រៅ​មក​​ជះឥទ្ធិពល​​ដល់​ទំនាក់ទំនង​​ទ្វេភាគី។ អញ្ចឹង​ បញ្ហា​ទ្វេភាគី ​យើង​និយាយ​​ទ្វេភាគី​ ដោះស្រាយ​បែប​​ទ្វេភាគី។ ចំពោះឥទ្ធិពល​ចិន​នៅ​កម្ពុជា វា​ជា​​ការ​បារម្ភ​មួយ ​ក៏ប៉ុន្តែ ​វៀតណាម​​ក៏​​មិន​​ទៅ​​ប្រកួត​​ជាមួយ​ចិន​​ជា​ចំហរ​ដែរ ពីព្រោះ​​ប្រកួត​​ជាមួយ​ចិន​​ម៉េចកើត ​បើ​ប្រទេស​​មួយ​​រាង​តូច​ ប្រទេស​​មួយ​ធំ​ជាង​ឆ្ងាយ​ណាស់...។ វៀតណាម​​មើលទៅ​​គឺ​​បារម្ភ ក៏​ប៉ុន្តែ​ គាត់​នឹង​​ជំរុញ​ទំនាក់ទំនង​​ទ្វេភាគី​បន្ថែម​​ទៀត​​ជាមួយ​​កម្ពុជា»

ក្រៅពី​​កត្តា​ឥទ្ធិពល​ចិន​ បណ្ឌិត ឈាង វណ្ណារិទ្ធិ មើលឃើញ​ថា ​ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ​​នៅ​មាន​​បញ្ហា​ប្រឈម​​មួយចំនួន​ជាពិសេស​​បញ្ហា​​អន្តោប្រវេសន៍​​វៀតណាម​​ បញ្ហា​​ព្រំដែន​​ដីគោក​​មិនទាន់​​វាស់វែង​​រួច​​ចំនួន ១៦​ភាគរយ និង​​បញ្ហា​ព្រំដែន​ទឹក​​មិនទាន់​​ដោះស្រាយ​រួចជាដើម។ លោកថា ក្រុម​មេដឹកនាំ​​កម្ពុជា​​សព្វ​ថ្ងៃ​​ចង់​​ដោះស្រាយ​​បញ្ហា​​ព្រំដែន​​ទឹក​​ជាមួយ​​វៀតណាម​​ហើយ​​សព្វគ្រប់​ដោយ​មិន​​ចង់​​បន្សល់ទុក​​បញ្ហា​នេះ​​ដល់​កូនចៅ​​ជំនាន់​ក្រោយ​​របស់​​ពួកគេ​​ឡើយ​ ព្រោះ​​អាច​​នឹង​​យ៉ាប់​​ក្នុង​ការ​​ចរចា​​ជាមួយ​​ភាគីវៀតណាម។

យ៉ាងណាអ្នកជំនាញ​​សេដ្ឋកិច្ច​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University College London នៃ​ចក្រភព​អង់គ្លេស​បណ្ឌិត យង់ សុភា មើលឃើញ​ថា ទំនាក់ទំនង​​រវាង​ប្រទេស​ទាំងពីរ​​នេះ​ហាក់​មិន​មាន​អ្វីប្រែប្រួល​ ព្រោះ​លោក​ថា ​ជារឿង​ធម្មតា​​ក្នុង​នយោបាយ​​ការបរទេស៖ «ខ្ញុំ​គិតថា ​វា​អត់​មាន​អី​ប្រែប្រួល​​ទេ ​ប៉ុន្តែ​វាទៅ​តាម​​បរិបទ​​នយោបាយ​ក្នុង​​តំបន់ និង​ភូមិសាស្ត្រ​ដែរ។ ទំនាក់ទំនង​របស់​គាត់​​ប្រហែល​ជា​​អាច​​នៅ​ដដែល​​ ពីព្រោះ​ប្រទេស​​នីមួយៗ​​មាន​​ជម្រើស​​ផ្សេងៗ​​គ្នា។ ឧទាហរណ៍​ថា​ វៀតណាម​​ជ្រើសរើស​​ធ្វើការ​​ជាមួយ​​នឹង​​អាមេរិក ​ហើយ​កម្ពុជា​​ជ្រើសរើស​ធ្វើការ​​ជាមួយ​ចិន​ ឬ​ក៏​​លើ​​វិនិយោគ ​ឬក៏​អ្នក​វិនិយោគ​​ពី​ក្រៅ​​ប្រទស​​ណា​មួយ។ អញ្ចឹងទំនាក់ទំនង​​ហ្នុង​​វា​ហាក់​ដូចជា​អត់​មាន​​បញ្ហា ពីព្រោះ​ប្រទេស​មួយៗ ​មាន​អធិបតេយ្យភាព​ខ្លួនឯង ​ក្នុង​ការ​ជ្រើសរើស​​ដៃគូ។ ​កម្ពុជា​​ខ្លួន​​ឯង​​ក៏​​គាត់​​បាន​​និយាយ​ដែរ​ថា​ គាត់ balance ទាំងអស់»

hun_sen_vietname_leader.jpg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) អតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលទើបត្រូវបាន​ជ្រើសតាំងជា​ប្រធានរដ្ឋ ឬប្រធានាធិបតី​​ថ្មី​របស់​ប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

បើទោះបី​​អ្នកជំនាញ​​ការបរទេស​ភាគ​ច្រើនហាក់​យល់​ស្រប​​ស្រដៀង​គ្នា​ថា វៀតណាម​​កំពុង​បារម្ភ​ពី​​ឥទ្ធិពល​ខ្លាំង​​របស់​​ចិន​​នៅ​​កម្ពុជា​​ក៏ដោយ សម្រាប់​​លោក​ ឯម សុវណ្ណារ៉ា​ លោក​នៅ​​តែ​យល់​ថា​ មហាយក្ស​ចិន​​នៅ​មិនទាន់​​អាច​​ជំនួស​​វៀតណាម​បាន​​នៅឡើយ​ទេ ក្នុង​​ការ​ជួយ​​ឲ្យ​​គណបក្ស​​ប្រជាជន​កម្ពុជា​​របស់​​លោក ហ៊ុន សែន​ ​អាច​​រក្សា​អំណាច​​ផ្ទៃក្នុង​​បក្ស​បាន​៖ ​«តុល្យភាព​​ទំនាក់ទំនង​រវាង​ចិន​ និង​កម្ពុជា​ ហើយ​នឹង​​កម្ពុជា​​និង​​វៀតណាមបាន​ន័យ​ថា​ កម្ពុជា​​នៅ​ចន្លោះ​​ចិន​​និង​​វៀតណាម​ កម្ពុជា​​អត់ទាន់​​រក្សាបាន​​តុល្យភាព​​ទេ។ ទីមួយ​​ដោយសារ​​ឥទ្ធិពល​ចិន​ខ្លាំងនៅ​​កម្ពុជា​ ហើយ​ឥទ្ធិពល​វៀតណាម​​នៅ​កម្ពុ​ជា​​ថយចុះ។ ក៏ប៉ុន្តែ ​គណបក្ស​កាន់​​អំណាច​​ត្រូវ​ការ​ពឹង​​ឥទ្ធិពល​វៀតណាម​​ច្រើនជាង​​ឥទ្ធិពល​ចិន​​នៅក្នុង​ការ​រក្សា​អំណាច​​ផ្ទៃក្នុង។..​. ចង់​និយាយ​ថា​ ការគាំទ្រ​ការបោះឆ្នោត​ ឬក៏​ការរៀបចំ​ឲ្យ​​មាន​​លំនឹង​​នៅ​​ក្នុង​​ផ្ទៃក្នុង​​បក្ស​ គណបក្ស​កាន់​​អំណាច​​ត្រូវការ​ការជួយ​ជ្រោម​ជ្រែង​​ច្រើន​​ពី​​ភាគី​វៀតណាម​​ច្រើន​ណាស់។ ​ភាគី​ចិន​ដូចជា​​អត់ទាន់​​មាន​​ឥទ្ធិពល​ទេ។ ​ភាគី​ចិន ​មាន​​ឥទ្ធិពល​​ទៅលើ​​នយោបាយ​ការបរទេស​​ ប៉ុន្តែ​នយោបាយ​​នៅក្នុង​​ស្រុក​ គឺ​ឥទ្ធិពល​វៀតណាម​​ខ្លាំងជាង។ ពលរដ្ឋ​វៀតណាម​​នៅ​កម្ពុជា​​ច្រើនជាង​ វា​ត្រូវការ​​សំឡេង​​ពលរដ្ឋ​​វៀតណាម»

គិត​រហូត​​មកទល់​ពេលនេះ​ ទំនាក់ទំនង​ការទូត​​រវាង​កម្ពុជា និង​វៀតណាម​ មាន​រយៈពេល ៥៤​ឆ្នាំ​ហើយ។ ប្រទេស​ទាំងពីរ​​បាន​ឆ្លងកាត់​នូ​វ​​រឿងរ៉ាវ​​ប្រវត្តិសាស្ត្រ​​ដ៏​​ជូរ​​ចត់​​ជាច្រើន ជាពិសេស​​ក្រោយ​វៀតណាម​​បាន​លើកទ័ព​ជាង​ ២ សែន​នាក់ មកឈ្លាន​ពាន​​កម្ពុជា​​ដោយ​ដាក់​​អាណានិគម​​រយៈពេល​​មួយ​ទសវត្ស​​ក្រោម​ហេតុផល​​ថា​​ដើម្បី​​សង្គ្រោះ​​កម្ពុជា​​ពី​​របប​​ខ្មែរ​ក្រហម។ ៥៤​ឆ្នាំ បាន​​កន្លងផុតទៅ សមិទ្ធផល​​ចម្បង​​មួយ​​ដែល​​ប្រទេស​ទាំងពីរ​​សម្រេច​បាន​នោះ ​គឺ​ការបោះ​បង្គោល​​ខណ្ឌសីមា​​ព្រំដែន​​ដីគោក​​បាន ៨៤​ ភាគរយ​ជាស្ថាពរ ​ដោយ​តាម​រយៈ​ការចរចា​​ដោយ​​សន្តិវិធី។ យ៉ាងណា​ លទ្ធផល​នៃ​​ការ​បោះបង្គោល​​ព្រំដែន​​នេះ​​នៅ​តែ​​រងការ​រិះគន់​​ពី​សំណាក់​​គណបក្ស​​ប្រឆាំង​​ថា​ ធ្វើ​ឡើង​​ដោយ​​រណប​វៀតណាម​ ដោយ​​កម្ពុជា​​ត្រូវ​បាត់បង់​ទឹកដី​​កេរដំណែល​​ដូនតា​​ជាច្រើន​​គីឡូម៉ែត្រ​​ក្រឡា​​ទៅ​ឲ្យ​​ភាគី​​វៀតណាម។ ​ចំពោះ​​ទំនាក់ទំនង​​ទ្វេភាគី​ផ្នែក​​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​​វិនិយោគ​វិញ វៀ​តណាម​បច្ចុប្បន្ន​​គឺ​ជា​​ដៃ​គូ​​ពាណិជ្ជកម្ម​ធំជាង​គេ​ទីបី និង​​ដៃគូ​​វិនិយោគ​ធំជាង​គេ​​ទី​ប្រាំ​នៅ​​កម្ពុជា។ ទំហំ​ពាណិជ្ជកម្ម​​ទ្វេភាគី​​រវាង​ប្រទេស​ទាំងពីរ​​បាន​កើន​ឡើង​​ដល់​ជាង ៥ ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ២០១៩ ហើយ​​ទំហំ​ពាណិជ្ជកម្ម​នេះ​​បន្ត​​កើន​ឡើង​​ដល់​​ជាង​ ៥,៣ ពាន់​លាន​​ដុល្លារ​​នៅ​ឆ្នាំ២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល