ប្រវត្តិ​នៃ​ទំនៀម​រាប់​ឆ្នាំ​សត្វ​ទាំង​១២ របស់​ខ្មែរ

ដោយ សុជីវី
2024.04.14
ប្រវត្តិ​នៃ​ទំនៀម​រាប់​ឆ្នាំ​សត្វ​ទាំង​១២ របស់​ខ្មែរ រូបសំណាក​សត្វតំណាងឆ្នាំទាំង១២ ស្ថិតនៅវត្ត​ឈូងលៀប ខេត្ត​កណ្ដាល កាលពីថ្ងៃទី១៣ ខែ​មេសា ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ឆ្នាំ​ថ្មី​ដែល​ចូល​មកដល់​ក្នុង​ពេល​នេះ​គឺ​ត្រូវ​នឹង​ឆ្នាំរោង ដែល​ខ្មែរ​ដឹង​ជាទូទៅ​ថា ត្រូវ​ជា​ឆ្នាំ​សត្វ​នាគ ឬ​មាន​ន័យ​ថា នា​គជា​សត្វ​តំណាង​នៃ​ឆ្នាំនេះ​។ ឆ្នាំ​នាគ​ស្ថិត​ក្នុង​ចំណោម​ឆ្នាំ ទាំង​១២ ដែល​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់រូប​ចេះ​ចាំ និង​រាប់​បាន​យ៉ាង​ស្ទាត់។ តើ​របៀប​រាប់​ឆ្នាំ​សត្វ​របស់​ខ្មែរ​នេះ​មាន​ប្រវត្តិ​ដើមទង​យ៉ាងណា?

តើ​ការ​រាប់​ឆ្នាំ​សត្វ​បែបនេះ​ជា​កេរដំណែល​វប្បធម៌​ខ្មែរ​សុទ្ធសាធ ឬ​មាន​ប្រភព​ដើម​ពី​ខាង​ណា?អ្នកស្រាវជ្រាវ​ជឿ​ថា ការ​រាប់​ឆ្នាំ​សត្វ​អាច​មាន​ប្រភព​ពី​ប្រទេស​ចិន​។ តែ​ទោះជា​យ៉ាងណា​ក៏​គេ​នៅ​មិនទាន់​ដឹង​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​ខ្មែរ​ចាប់ផ្ដើម​រាប់​ឆ្នាំ​តាម​ឈ្មោះ​សត្វ​បែបនេះ​ពី​ពេលណា​ទេ។

អ្នកស្រាវជ្រាវ​ផ្នែក​ប្រព័ន្ធ​ជំនឿ​របស់​មនុស្ស លោក​សាស្ត្រាចារ្យ អាំង ជូលាន មាន​ប្រសាសន៍​ថា មាន​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​បាន​ប្រើប្រាស់​វដ្ដ​ឆ្នាំ​សត្វ​ចំនួន ១២​បែបនេះ​ដែរ​។ លោក​ថា ខ្មែរ​ប្រើ​ឆ្នាំ​សត្វ​នេះ​ទូទៅ​ជាង​ប្រទេស​មួយ​ចំនួន​ទៀត។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «​បើសិនជា​នៅ​តាម​ជនបទ គេ​សួរ​ថា​កើត​ឆ្នាំ​អី​? មិន​មែន​មានន័យថា​កើត​ឆ្នាំ​១៩០០ ប៉ុន្មាន​អី​ទេ គឺ​មានន័យថា ឆ្នាំជូត ឆ្នាំឆ្លូវ ឆ្នាំកុរ អី​ទៅវិញ​ទេ​។ ជា​ស្វ័យប្រវត្តិ អ្នក​ដែល​ឆ្លើយ​ទៅវិញ​ក៏​ឆ្លើយ​ជា​ឆ្នាំជូត​អី​ទៅវិញ ដែល​មានន័យថា វា​នៅក្នុង​អ្វី​ដែល​យើង​និយាយ​ដោយ​មិន​ចាំបាច់​គិត»

វដ្ដ​ឆ្នាំ​ទាំង​១២​នោះ​ចាប់ផ្តើម​ពី​ឆ្នាំជូត​ជា​ឆ្នាំ​ទី​១ បញ្ចប់​ទៅវិញ​ដោយ​ឆ្នាំកុរ ឬ​ហៅថា ឆ្នាំ​កោរ ដែល​ជា​ឆ្នាំ​ទី​១២​។ ក្នុង​នោះ​គេ​រាប់​តាម​លំដាប់លំដោយ​ដូចតទៅ​៖ ឆ្នាំជូត​ត្រូវ​នឹង​សត្វ​កណ្តុរ ឆ្នាំឆ្លូវ​ត្រូវ​នឹង​សត្វ​គោ ឆ្នាំខាល​គឺ​សត្វ​ខ្លា ឆ្នាំថោះ​គឺ​សត្វ​ទន្សាយ ឆ្នាំរោង​គឺ​ត្រូវ​នឹង​សត្វ​នាគ រីឯ​ឆ្នាំម្សាញ់​ជា​ឆ្នាំ​សត្វ​ពស់ ឆ្នាំមមី គឺ​សត្វ​សេះ ចំណែក​មមែ គឺ​សត្វ​ពពែ ឆ្នាំវក សត្វ​ស្វា រកា សត្វ​មាន់ ឆ្នាំច សត្វ​ឆ្កែ និង​ឆ្នាំកុរ ឬ​កោរ ត្រូវ​នឹង​សត្វ​ជ្រូក។

លោក​សាស្ត្រាចារ្យ អាំង ជូលាន ពន្យល់​ថា ពិតមែន​ថា របៀប​យក​ឆ្នាំ​ទៅ​ភ្ជាប់​នឹង​សត្វ​ជា​ការ​ចម្លង​ពី​វប្បធម៌​ចិន​ក្ដី ក៏​ពាក្យពេចន៍ ដែល​ខ្មែរ​ប្រើ​គឺជា​ពាក្យ​ក្នុង​អម្បូរ​ភាសា​ខ្មែរ​មន​៖ «​ឆ្លូវ ហ្នឹង​គឺ​គោ ទន្សាយ គឺ​ថោះ អ៊ីចឹង​ទៅ។ ពាក្យ​ហ្នឹង​មួយ​ចំនួន​ធំ​ឋិត​ក្នុង​អម្បូរ​មន​ខ្មែរ»

ទីប្រឹក្សា​នៃ​គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ លោក អ៊ឹម បុរិន្ទ បាន​បញ្ជា​ក់ថា ការ​កកើត​នៃ​ឆ្នាំ​ទាំង១២ ដែល​មាន​ឈ្មោះ​សត្វ​នៅក្នុង​នោះ គឺ​ទំនង​មកពី​ការ​ចម្លង​វប្បធម៌​ចិន​លាយឡំ​ខ្លះ​ជាមួយ និង​វប្បធម៌​ខ្មែរ ដែរ​នោះ​។ ប៉ុន្តែ លោក​ថា ឈ្មោះ​សត្វ​ទាំង ១២ របស់​ចិន ដែល​គេ​យក​មក​រាប់​សម្រាប់​ឆ្នាំ​ទាំង ១២ នោះ​មាន​មួយចំនួន​ខុសគ្នា និង​ការ​រាប់​ឈ្មោះ​សត្វ នៅក្នុង​ឆ្នាំ​ទាំង​១២ របស់​ខ្មែរ។

ភាព​ខុសគ្នា​នោះ​គឺ​ត្រង់​ថា ឆ្នាំខាល​របស់​ខ្មែរ គឺ​តំណាង​ឆ្នាំ​ជា​សត្វ​ខ្លា។ ប៉ុន្តែ ចិន​តំណាង​ដោយ​សត្វ​ឆ្មា ហើយ​ត្រង់​កន្លែង​ឆ្នាំឆ្លូវ​របស់​ខ្មែរ គឺ​តំណាង​ដោយ​សត្វ​គោ ប៉ុន្តែ​ចិន​វិញ​គេ​យក​សត្វ​ក្របី​មក​តំណាង​ឲ្យ​ឆ្នាំឆ្លូវ។

បើ​ទោះ​បី​ជា​ការ​រាប់​ខែ​ឆ្នាំ​តាម​របៀប​លោកខាងលិច ក្លាយ​ជា​របៀបរបប​ផ្លូវការ​នៅពេល​បច្ចុប្បន្ន​នេះ ការ​រាប់​ឆ្នាំ​សត្វ​នៅតែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ក្បួន​ហោរាសាស្ត្រ។

ក្នុង​ជំនឿ​នេះ ខ្មែរ​តែង​ចង់​ដឹង​ចង់​ទស្សន៍ទាយ​លក្ខណៈ​មនុស្ស និង​ការ​ផ្គូផ្គង​គូគ្រង​ប្រុស​ស្រី​តាម​ឆ្នាំ​សត្វ​នេះ​ថែម​ទៀត។

ទាក់ទិន​នឹង​ការ​ទស្សន៍ទាយ​លក្ខណៈ​មនុស្ស​តាម​ឆ្នាំ​សត្វ​នេះ អ្នក​ចម្រៀង​ល្បីល្បាញ លោក ស៊ីន ស៊ីសាមុត បាន​បន្សល់ទុក​ចម្រៀង​ឆ្លើយឆ្លង​គ្នា​នឹង​អ្នកស្រី រស់ សេរីសុទ្ធា ដូច្នេះ៖

«ចម្រៀង​អូន​កើត​ឆ្នាំ​អី»

លោក​សាស្ត្រាចារ្យ អាំង ជូលាន មាន​ប្រសាសន៍​បន្ត​ថា ការ​ទស្សន៍ទាយ​ឆ្នាំ​សត្វ​ទាំងនោះ​គឺ​ជួយ​ឱ្យ​គេ​ដឹង​ពី​ជោគ​ជាតា​រាសី​របស់​មនុស្ស​ម្នាក់ៗ។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «​រឿង​ទាយ​តាំង​ពី​រើស​គូស្រករ តាំងពី​ទិញ​ទំនិញ​អី ជួនកាល​ទាយ​ទាក់ទង​នឹង​រាសី​យើង​ឆ្នាំនេះ​វា​យ៉ាងម៉េច​? ឆ្នាំ​ណា​វា​អាច​ថា វា​មិនល្អ យើង​ត្រូវ​រំដោះគ្រោះ​អី​យ៉ាងម៉េច ក៏​ប្រើ​ឆ្នាំ​ទាំង​១២​។ ដូច្នេះ​វា​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​។ ខ្ញុំ​មើលទៅ​ប្រទេស​ជិតខាង​យើង​ហ្នឹង គឺ​នៅ​ស្រុក​សៀម ហ្នឹង​គេ​ប្រើ​ដែរ តែ​មិន​ដល់​យើង​ទេ»

បន្ថែម​ពី​នេះ​អ្នក​តាក់តែង​ក្បួន​ទស្សន៍ទាយ​ឆ្នាំ​សត្វ​បាន​ដាក់​បន្ថែម​ឱ្យ​ឆ្នាំ​នីមួយៗ​មាន​ពង្ស និង​មាន​ធាតុ​ថែម​ទៀត​។ ពង្ស​ទាំងអស់​មាន​ពង្ស​ទេវតា​ប្រុស ទេវតា​ស្រី ពង្ស​មនុស្ស​ប្រុស មនុស្ស​ស្រី ពង្សយក្ស​ប្រុស និង​យក្ខ​ស្រី​។ ចំណែក​ធាតុ​វិញ​មាន​ប្រាំ​ធំៗ ក្នុង​នោះ​រួមមាន​៖ ធាតុមាស ធាតុដី ធាតុឈើ ធាតុភ្លើង និង​ធាតុទឹក។

ឯកសារ​ដែល​សរសេរ​ដោយ​អ្នកប្រាជ្ញ​បារាំង​លោក ហ្ស៊ក សឺដេស (Geoge Cedes) ដែល​បាន​ស្រាវជ្រាវ និង​បោះពុម្ពផ្សាយ​ក្នុង​ទសវត្ស​១៩៣០ ដែល​អះអាង​ថា ការ​រាប់​ឆ្នាំ​សត្វ​មាន​ប្រភព​ពី​ប្រទេស​ចិន​នោះ​លើកឡើង​ថា ទំនាក់ទំនង​ខ្មែរ​-​ចិន បាន​បន្ត​ជាប់​រាប់​សតវត្ស​មក​ហើយ​នោះ​គឺ​មធ្យោបាយ​នៃ​ការ​ចម្លង​វប្បធម៌​បែប​នេះ ពោល​គឺ​ពុំ​មាន​អ្វី​ប្លែក​ឡើយ។

ការ​ស្រាវជ្រាវ​របស់​អ្នកប្រាជ្ញ​បារាំង​រូប​នេះ​បាន​ផ្គូផ្គង​ពាក្យពេចន៍ ដែល​ខ្មែរ​ប្រើប្រាស់​ជាមួយ​ពាក្យពេចន៍​ដែល​ប្រទេស​មួយចំនួន ប្រើប្រាស់​សម្រាប់​ដាក់ឈ្មោះ​ឆ្នាំ​ទាំង​នេះ​ដែរ រួមមាន​ក្នុង​ប្រទេស​ថៃ និង​ភាសា​របស់​ជនជាតិ​ដើម​ក្នុង​ប្រទេស​វៀតណាម​។ អ្នកស្រាវជ្រាវ​រូប​នេះ​រក​ឃើញ​ថា ក្នុង​ចំណោម​នោះ​មាន​ពាក្យពេចន៍​ស្រដៀង​គ្នា​ច្រើន​។ ជាមួយ​គ្នា​នេះ​ឈ្មោះ​ឆ្នាំ​សត្វ​ខ្មែរ​បង្ហាញថា​ពាក្យ​ដែល​ខ្មែរ​ប្រើប្រាស់​គឺ​ជិតស្និទ្ធ​នឹង​ភាសា​ដែល​ឋិត​ក្នុង​អំបូរ​ភាសា​ចិន​នោះ ជាង​ពាក្យពេចន៍​នៃ​ឆ្នាំ​សត្វ ដែល​គេ​ប្រើប្រាស់​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន។

បើ​ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ពុំ​ទាន់​រក​ឃើញ​កាលបរិច្ឆេទ​ជាក់លាក់ ដែល​ខ្មែរ​ចាប់ផ្ដើម​ប្រើប្រាស់​ឆ្នាំ​សត្វ​ឡើយ។

លោក​សាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់​ទៀត​ថា តឹកតាង​ដំបូង​នៃ​ការប្រើប្រាស់​ឆ្នាំ​សត្វ​មាននៅ​ក្នុង​សិលាចារឹក​ក្នុង​សម័យ​ខ្មែរ​បុរាណ។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «វា​មក​តាមរបៀប​ម៉េច​ក៏​យើង​មិនដឹង​ច្បាស់ គឺ​យើង​ដឹង​ថា ដែល​យើង​ឃើញ​ពាក្យ​ថា​ឆ្នាំខាល នៅក្នុង​សិលាចារឹក​មួយ​ក្នុង​សតវត្ស​ទី​១០​។ មានន័យថា​ម៉េច​? មានន័យថា​យើង​ចាប់ផ្ដើម​ប្រើប្រាស់ មិន​ដឹង​ថា វា​ទូទៅ​ពេញលេញ ឬក៏​បន្តិចបន្តួច​ទេ គ្រាន់តែ​ថា​នៅ​សតវត្ស​ហ្នឹង​មាន​ប្រើ ហើយ​សព្វថ្ងៃ​នេះ​វា​ជោគជាំ​ហើយ ព្រោះ​វា​ច្រើន​សតវត្ស​មក​ហើយ»

ឯកសារ​ដែល​ចងក្រង​ដោយ​អ្នកប្រាជ្ញ​បារាំង​បន្ត​ថា សិលាចារឹក​នៅក្នុង​សតវត្ស​ក្រោយៗ​មក​ទៀត​ក៏​មាន​ភស្តុតាង​នៃ​ការប្រើ​ឆ្នាំ​សត្វ​នេះ​ដែរ​។ ប្រៀបធៀប​ការ​ប្រើ​ពាក្យ និង​អ្វី​ដែល​បាន​ចារឹក​ទុក​លោក សឺដេស សន្និដ្ឋាន​ថា ខ្មែរ​ពុំបាន​ខ្ចី​របៀប​រាប់​ឆ្នាំនេះ​ពី​ឥណ្ឌា ឬ​ប្រទេសជិតខាង​មាន​ថៃ លាវ និង​វៀតណាម ដែល​ជា​ប្រទេស​ចំណូល​ថ្មី​នា​សតវត្ស​ទី ១៣​នោះ​ឡើយ ប៉ុន្តែ​ទំនង​ថា ខ្មែរ​បាន​ទទួល​ឥទ្ធិពល​ចិន​នេះ​ដោយ​ឆ្លង​តាមរយៈ​កុលសម្ព័ន្ធ​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​ប្រទេស​ចិន ដែល​នៅ​មាន​សេសសល់​ខ្លះ​ក្នុង​ប្រទេស​វៀតណាម។

សាស្ត្រាចារ្យ អាំង ជូលាន បញ្ជាក់​ថា មក​ដល់​ពេល​នេះ​នៅ​មិន​មាន​ការស្រាវជ្រាវ​ឱ្យ​បាន​យល់ដឹង​ពី​ស៊ីជម្រៅ​ពី​ជំនឿ​ខ្មែរ​ទាក់ទង​នឹង​ឆ្នាំ​សត្វ​ទាំងនេះ​នៅឡើយ។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «ខ្ញុំ​ដូច​មិន​ដែល​អាន​ទៅ​ប្រទះ​ថា​មាន​ការ​ពន្យល់​ថា ហេតុអ្វី​បានជា​គេ​និយម​យក​តែ​សត្វ​នេះ មិន​យក​សត្វ​នោះ​។ ឧបមា​ថា ក្នុង​ឆ្នាំ​ទាំង​១២ ហ្នឹង វា​គួរ​ណាស់​ថា មាន​ដំរី វា​ទៅជា​អត់​ឃើញ​មាន គួរតែ​មាន​ត្រី វា​បែរជា​អត់ វា​បែរ​ជា​មាន​ពពែ ដែល​មិនមែន​ជា​សត្វ​សម្បូរ​ទេ​នៅ​ស្រុក​ខ្មែរ»។លោក​រំពឹង​ថា នឹង​មាន​ការសិក្សា​បន្ថែ​ម​ទៀត​ពី​ជំនឿ​ខ្មែរ​ទាក់ទង​នឹង​ឆ្នាំ​សត្វ​ទាំងនេះ៕

ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ឆ្នាំរោង​នេះ នាង​ខ្ញុំ សុជីវី សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាង មហោទរាទេវី សូម​តាម​ថែរក្សា​លោក​អ្នកនាង កញ្ញា និង​ក្រុម​គ្រួសារ សូម​មាន​សេរី​សួស្ដី វិបុល​សុខ និង​ជោគជ័យ​គ្រប់​កិច្ចការ​នៅ​ក្នុង​ឆ្នាំថ្មី!

សួស្ដី​ឆ្នាំ​ថ្មី!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។