សត្វនាគ​ក្នុង​ជំនឿខ្មែរ

ដោយ ជុន ច័ន្ទបុត្រ
2024.04.13
សត្វនាគ​ក្នុង​ជំនឿខ្មែរ រូបសំណាក​សត្វនាគ​ធ្វើពីស្លឹកត្នោត ដែលរដ្ឋបាលរាជធានីភ្នំពេញ រៀបចំ​សម្រាប់កម្មវិធី​ចូលឆ្នាំថ្មី នៅរមណីយដ្ឋាន​វត្តភ្នំ។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ឆ្នាំរោង​នេះ គឺជា​ឆ្នាំ​តំណាង​ឱ្យ​សត្វ​នាគ​។ ខ្មែរ​មាន​ជំនឿ​ថា នាគ​គឺជា​បុព្វបុរស​របស់​ខ្លួន​ផង និង​ជា​និមិត្តរូប​នៃ​កំលាំង​អាទិទេព វត្ថុ​ស័ក្តិសិទ្ធិ ឬ​វត្ថុ​ទិព្វ របស់​ជនជាតិ​ខ្មែរ​ផង។ ជំនឿ​ចំពោះ​សត្វ​នាគ​នេះ កើត​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ហើយ​ជាពិសេស​មានរឿង​រ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​ការ​ចាប់ផ្តើម​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​ទៀត​ផង។

ជំនឿ​របស់​ជនជាតិ​ខ្មែ​រ​ទៅលើ​សត្វ​នាគ មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ គឺ​តាំង​ពីមុន​ការ​ហូរ​ចូល​នៃ​ហិណ្ឌូ​សាសនា និង​ព្រះពុទ្ធសាសនា​ទៅទៀត​។ នៅក្នុង​សម័យ​អាណាចក្រ​ភ្នំ ជនជាតិ​ខ្មែរ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ភាគ​ខាងក្រោម និង​នៅក្នុង​ដែនដីសណ្ដ​នៃ​ទន្លេ​នេះ ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អំបូរ​មកពី​ពូជ​នាគ។

រឿងរ៉ាវ​ដែល​ថា​ខ្មែរ​មាន​អំបូរ​មកពី​សត្វ​នាគ​នេះ កាន់តែ​ត្រូវ​គេ​ជឿ​បន្ថែម​ទៀត បន្ទាប់ពី​ជនជាតិ​ចិន​ម្នាក់​បាន​កត់ត្រា​ទុក​នូវ​ប្រវត្តិ​ស្នេហា​រវាង​បុរស​ជា​ជនជាតិ​ឥណ្ឌា ជាមួយនឹង​ព្រះរាជនី​នៃ​អាណាចក្រ​ភ្នំ​។ ជនជាតិ​ចិន​នោះ ឈ្មោះ កាំង ថៃ។ កាំង ថៃ អះអាង​ថា ខ្លួន​បាន​មក​ទស្សនា​នគរ​ភ្នំ នៅ​ពាក់កណ្តាល​សតវត្ស​ទី​បី​។ កាំង ថៃ បាន​សរសេរ​ថា ប្រហែលជា​ក្នុង​ឆ្នាំ​៥០ នៃ​គ្រឹះ​សករាជ មាន​ជនជាតិ​ឥណ្ឌា​ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា មក​កាន់​អាណាចក្រ​ភ្នំ​។ មក​ដល់​នគរ​ភ្នំ ព្រះបាទ ហ៊ុន ទៀន ពើប​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះរាជនី​នៃ​នគរ​នេះ គឺ​ព្រះនាង លីវ យី ដែល​បាន​នាំ​កម្លាំង​ទ័ព ទៅ​វាយ​លុក​លើ​សំពៅ​ព្រះអង្គ។

ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះបាទ ហ៊ុន ទៀន ក៏​ទទួល​ជ័យជំនះ​លើ​ព្រះនាង លីវ យី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​ព្រះ​នាង ឱ្យ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។

ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធី​ខ្លាំងពូកែ​ដូច្នោះ ព្រះ​នាង​លីវ យី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​រៀប​អភិសេកព្រះ​នាង ជា​ព្រះរាជ​អគ្គមហេសី តាំងពី​ពេលនោះ​មក។

ព្រះរាជពង្សាវតា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​ទទួល​ស្គាល់​ថា មាន​ការ​ចងសម្ព័ន្ធ​មេត្រី​រវាង​ព្រាហ្មណ៍​ឥណ្ឌា និង​ម្ចាស់​ស្រុក​ដែរ។ ក៏​ប៉ុន្តែ​ព្រះរាជ​ពង្សាវតារ​ខ្មែរ ថា ម្ចាស់​ស្រុក​នោះ គឺ​ជា​បុត្រី​នៃ​ស្តេច​ភុជង្គនាគ ដែល​មាន​ព្រះនាម​ថា នាងនាគ រីឯ​ព្រាហ្មណ៍​ជា​ជនជាតិ​ឥណ្ឌា​នោះ មាន​ឈ្មោះថា​ព្រះថោង។ សម្ព័ន្ធភាព​រវាង ព្រះថោង និង​នាងនាគ​នេះ បាន​បន្សល់ទុក​នូវ​កេរ្តិ៍​ដំណែល ទំនៀម​ទំលាប់​ប្រពៃណី​ជាច្រើន ឱ្យ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

រួម​សេចក្តី​មក គឺ​ព្រះបាទ ហ៊ុន ទៀន ឬ ព្រះថោង និង​ព្រះ​នាង​លីវ យី ឬ នាងនាគ នេះ​ហើយ ដែល​ត្រូវ​គេ​ជឿ​ថា ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ ជាដំបូង​គេ​បង្អស់​នោះ។

រហូត​មក​ទល់​សព្វថ្ងៃ នៅក្នុង​មង្គលការ​ខ្មែរ គេ​មិនដែល​រំលង​សោះឡើយ ក្នុង​ការ​ចាត់ចែង​ឱ្យ​កូន​កំលោះ​តោង​ស្បៃ​កូនក្រមុំ​ចូលក្នុង​បន្ទប់​។ នេះ​គឺជា​ពិធី​និមិត្តរូប​មួយ ដើម្បី​រំលឹក​ឡើង​វិញ កាល​ព្រះថោង​តោង​ស្បៃ​នាងនាគ​ចុះ​ឋាន​ភុជង្គនាគ ដើម្បី​រួមរស់​ជាមួយគ្នា បង្កើត​បាន​នូវ​ពូជសាសន៍​ខ្មែរ​ដែល​ជា​កូន​កាត់​សត្វ​នាគ។

ថ្វីត្បិតតែ​មានរឿង​រ៉ាវ​តំណាល​ថា ខ្មែរ​មាន​អំបូរ​មកពី​សត្វ​នាគ​ពាក់កណ្តាល​ក្តី អ្នក​សិក្សា​ផ្នែក​បុរាណវិទ្យា​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា កត់​សម្គាល់​ថា ខ្មែរ​ជំនាន់​ដើម​មិន​ពេញ​ចិត្តនឹង​ការដែល​មាន​ជំនឿ​ថា ខ្លួន​មាន​អំបូរ​ពី​សត្វ​នោះ​ប៉ុន្មាន​ទេ។ លោក​សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា អាំង ជូលាន សន្និដ្ឋាន​ថា ប្រហែលជា​ដោយសារ​ហេតុផល​នេះ​ហើយ បានជា​ឃើញ​មាន​ចលនា​ឆ្នៃ​រំដោះខ្លួន​បន្តិច​ម្តងៗ ចេញពី​សត្វ​នាគ ឱ្យ​ក្លាយ​មក​ជា​មនុស្ស​វិញ​។ លោក​សង្កេត​ឃើញ​ថា ការប៉ុនប៉ង​រំដោះខ្លួន​ពី​នាគ​នេះ ស្តែង​ចេញ​តាម​រឿង​ព្រះថោង និង​នាង​នាគ​នេះ​ដដែល។ ក៏ប៉ុន្តែ​រឿង​ព្រះថោង និង​នាងនាគ​ដែល​អាច​បញ្ជាក់​ពី​និន្នាការ​ចង់​រំដោះខ្លួន​ចេញ​ពី​អំបូរ​នាគ​នេះ មិន​ចប់​ត្រឹម​សម័យ​នគរ​ភ្នំ​ទេ គឺ​គេ​អូស​បន្លាយ​សាច់រឿង ឱ្យ​មក​ដល់​សម័យ​សាង​ប្រាសាទអង្គរធំ ឯ​ខេត្តសៀមរាប​ឯណេះ។

បើ​តាម​លោក​សាស្ត្រាចារ្យ អាំង ជូលាន រឿង​នេះ​មាន​សេចក្តី​ថា ស្តេច​នាគ​ដែល​ជា​បិតា​របស់​នាងនាគ ខ្លាច​មុខព្រហ្ម ហើយ​ហាម​ព្រះថោង មិន​ឱ្យ​សង់​ប្រាសាទ ដែល​មាន​មុខព្រហ្ម​ទេ តែ ព្រះថោង​រឹង​ទទឹង។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «ព្រះថោង​ហ្នឹង​បាន​ចុះទៅ​ឋាន​នាគ ដើម្បី​ទៅ​សុំ​ដណ្តឹង​នាងនាគ​នោះ​ណា៎​... រួច​ទៅ​បាន​ឪពុកក្មេក​ដែល​ជា​ស្តេច​នាគ​ហ្នឹង ក៏​លោក​ក៏​សុខចិត្ត​ឱ្យ​អ៊ីចឹង​ទៅ​... ហើយ​មក​ជួយ​សង់​អង្គរ​នេះ គឺថា​អង្គរធំ​នេះ ដែល​មាន​ប្រាសាទ​បាយ័ន​នៅ​កណ្តាល​នេះ​។ រួច​ទៅ​...​ផ្តាំ​ថា កូន​ឯង​បើ​សង់​អី​សង់​ទៅ កុំ​ឱ្យ​តែ​មាន​មុខព្រហ្ម​អី​។ ឪ​ខ្លាច​ព្រហ្ម​ណាស់​។ ព្រហ្ម​នោះ​មុខ​បួន​នោះ​។ ដល់​ព្រះថោង ដូច​ថា​...​ធ្វើ​របៀប​ជំទាស់​ប្រទូសរ៉ាយ​នឹង​ឪពុកក្មេក​ហ្នឹង ក៏​សង់​ប្រាសាទ​បាយ័ន សង់​ក្លោងទ្វារ​អង្គរធំ​អី សុទ្ធ តែ​ឬ​មុខព្រហ្ម​ហ្នឹង​ទៅ​។ ដល់​តែ​ឪពុក​ហ្នឹង​ឡើង​ពី​ទឹក​មកលេង នឹង​កូន​... យើង​ដឹង​ហើយ​ប្រាសាទ​បាយ័ន មិន​មាន​កន្លែង​មួយ គេ​ហៅថា អណ្តូង​ប្រេង​អ៊ីចឹង​ណា៎​។ គេ​ជឿ​ថា​អណ្តូង​ហ្នឹង ចុះទៅ​បាត​សមុទ្រ​។ ដល់ពេល​ឪពុក​ហ្នឹង ងើបឡើង​មក​លេង​នឹង​កូន​ទៅ ឃើញ​ព្រហ្ម​ទៅ ខឹង​ក៏​ច្បាំង​គ្នា​អី​អ៊ីចឹង​ទៅ​។ ទីបំផុត ព្រះថោង​ហ្នឹង​សម្លាប់​ឪពុក​ហ្នឹង​ទៅ​...​។ ឪពុកក្មេក​នោះ»

លោក​សាស្ត្រាចារ្យ​បន្ត​ថា គឺ​ការ​សម្លាប់​ស្តេច​នាគ ដែល​ជា​ឪពុកក្មេក​របស់​ព្រះថោង​នេះ​ហើយ ដែល​ជា​ការ​ផ្ដាច់ចំណង​ទាក់ទង​ពី​សត្វ​នាគ រស់​នៅ​ក្នុង​ទឹក មក​ជា​មនុស្ស​នៅ​លើ​គោក​វិញ។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «ដល់​អ៊ីចឹង​ទៅ នាងនាគ​ហ្នឹង លែង​បាន​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ​។ នាងនាគ​ហ្នឹង​ក្លាយ​មក​នៅ​ឋានមនុស្ស​វិញ​។ មានន័យថា​ម៉េច​? មានន័យថា ក្នុង​ការ​វិភាគ​រឿង​អ៊ីចឹងៗ មានន័យថា យើង​ពី​ដើម​... ខ្មែរ​យើង​ពី​ដើម​នេះ ជា​សត្វ​នាគ សត្វ​ពស់​អី ពាក់កណ្តាល​ណា៎​ម្តាយ​ណា៎ ប៉ុន្តែ​ទីបំផុត​ទៅ​យើង​ទាត់ចោល លែង​ទទួលស្គាល់​អា​ដែង​នែ៎​...​ម៉ា​ភាគ​នៃ​កំណើត​របស់​យើង ដែល​ជា​នាគ​ហ្នឹង​ទៅ​។ ដូចជា​នាង​នាគ ក្នុង​រឿង ព្រះថោង នាងនាគ​។ ក្រោយ​មក​មាន​ចុះ​ទៅលេង​ឋាន របស់​ខ្លួន​ឪពុក​អី ស្លាប់​អស់​ហើយ​... ក្លាយ​ទៅជា​មួយ​មនុស្ស​រហូត​ទៅ កើតកូន កើត​ចៅ​អី​មក​ជា​ខ្មែរ​...»

ទោះ​មាន​ចលនា​ចង់​ផ្ដាច់ខ្លួន​ចេញពី​អំបូរ​នាគ​តាំងពី​ចុង​សម័យ​អង្គរ​ក៏ដោយ ក៏​រហូត​មក​ទល់នឹង​ពេល​បច្ចុប្បន្ន​នេះ ខ្មែរ​នៅតែ​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ និង​គោរព​នាគ​ថា ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​របស់​ខ្លួន​ដដែល​។ ការ​រៀបចំ​សែន​ក្រុង​ពាលី​ជាដើម ក៏​គឺជា​គោរព​បូជា​ដល់​សេ្តច​នាគ​នោះ​ឯង។ មុននឹង​ចាប់ផ្តើម​សាងសង់​អ្វីមួយ ខ្មែរ​និយម​ធ្វើ​ពិធីសែនព្រេន​សុំ​ការ​អនុញ្ញាត​​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​នោះ​គឺជា​ពិធីសែនក្រុងពាលី​ដែល​ជា​ស្តេច​នាគ។

សត្វ​នាគ​ក៏​ត្រូវ​គេ​និយម​ថា ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬក៏​ជា​សត្វ​ដែល​តំណាង​ឱ្យ​សភាវៈ​ល្អ ទាំង​ក្នុង​ហិណ្ឌូ​សាសនា និង​ក្នុង​ព្រះពុទ្ធសាសនា។

នៅក្នុង​រឿង​កូរ​សមុទ្រ​ទឹកដោះ នៃ​លិទ្ធ​ពហុ​ទេវ​សាសនា​ហិណ្ឌូ នាគ​មួយ​ឈ្មោះ វ៉ា សុគី បាន​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ពួក​សុរា និង​ពួក​អសុ​រៈ ធ្វើ​ជា​ខ្សែ​ព្រ័ត្រ​ក្នុង​បេសកកម្ម​កូរ​សមុទ្រ​ទឹកដោះ​ស្វែងរក​ទឹកអម្រឹត ដើម្បី​ព្យាបាល​ដល់​ទេវតា និង​មនុស្សលោក​នៅ​គ្រប់​ទីស្ថាន។

ចំណែក​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ គេ​សង្កេតឃើញ​ស្តេច​នាគ​ឈ្មោះ មុជ្ជលិន្ទ ដែល​មាន​ក្បាល​៧ ចេញទៅ​ធ្វើ​ក្បាំង​ការពារ ប្រក់​ពីលើ​ព្រះពុទ្ធ ដែល​កំពុង​គង់​ធ្វើ​សមាធិ​ផង​ដែរ។

លោកអ្នក​នាង​កញ្ញា ក៏​ពិតជា​បាន​កត់សម្គាល់​ឃើញ​ថា បុព្វបុរស​ខ្មែរ បាន​ឆ្លាក់​រូប​នាគ​តាម​ក្បូរក្បាច់​រចនា​ផ្សេងៗ​ជាច្រើន នៅ​តាម​ប្រាសាទខ្មែរ​បុរាណ ជាពិសេស​ជា​បង្កាន់ដៃស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​។ លោក​សាស្ត្រាចារ្យ អាំង ជូលាន មាន​ប្រសាសន៍​ថា ការ​យក​នាគ​សង់​ជា​បង្កាន់ដៃស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​ដូចនេះ ក៏​ព្រោះតែ​សត្វ​នាគ​តំណាង​ឱ្យ​ទឹក ឬក៏​ឥន្ទធនូ​ផង និង​ជា​ស្ពាន​ចំលង​មនុស្ស​រំលង​ពី​ឋាន​មួយ​ទៅ​ឋាន​មួយ​ទៀត​ផង។

លោក​សាស្ត្រាចារ្យ អាំង ជូលាន៖ «នាគ​វា​ដូច​ឥន្ទធនូ​អ៊ីចឹង គឺជា​មធ្យោបាយ​សំរាប់​ចំលង​ឋាន​យើង ទៅ​ឋាន​ទេព​នោះ​។ ព្រោះថា​ប្រាសាទ​...​ឧបមា​ថា អង្គរវត្ត​... ប្រាសាទ​ជា​លំនៅ​ណា៎ ជា​ឋាន​នៃ​ទេព​ហៅថា​លោកធាតុ​នេះ​ណា៎​។ យើង​ទៅ​ពី​ឋាន​យើង​នេះ ទៅដល់​ឋាន​ទេព​ហ្នឹង វា​មាន​នាគ​ដើម្បី​ថា​ចំលង​មនុស្ស​ដើម្បី​ដល់​ទេព​អី​អ៊ីចឹង​ទៅ»

បរិវេណ​ជុំវិញ​ប្រាសាទ និង​តួ​ប្រាសាទ​អង្គរវត្ត តំណាង​ឱ្យ​ឋាន​របស់​អាទិទេព​គង់​នៅ។ ដើម្បី​ចូល​ទៅ​ដល់​តួ​ប្រាសាទ​អង្គរវត្ត ដែល​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ គេ​ត្រូវ​ដើរ​ឆ្លង​ទឹក​សមុទ្រ​ដែល​ព័ទ្ធជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ។ ដូច្នេះ​សំណង់​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ បាន​សាង​ជា​រូប​នាគ​ក្បាល​៧​នោះ គឺ​តំណាង​ឱ្យ​ទឹកសមុទ្រ​ផង និង​តំណាង​ឱ្យ​វត្ថុ​ស័ក្ដិសិទ្ធិ ឬក៏​ជា​ស្ពាន​ចំលង​មនុស្ស ឱ្យ​ទៅ​ជួបនឹង​ព្រះ​អាទិទេព​ផង។

ចំពោះ​អ្នក​កើត​ឆ្នាំរោង ដែល​ជា​ឆ្នាំ​សត្វ​នាគ​បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ នៃ​ក្រសួង​ធម្មការ និង​សាសនា​ថា រមែង​ជា​មនុស្ស​មាន​និស្ស័យ និង​ជោគ​សំណាងល្អ នឹង​មាន​សេចក្តី​សុខកាយ​សប្បាយ​ចិត្ត ចៅហ្វាយនាយ​ចិញ្ចឹម​បីបាច់​ថែរក្សា នឹង​បាន​ទៅ​ជា​អ្នក​មានបុណ្យ​ស័ក្តិ រហូត​មាន​កិត្តិយស​កិត្តិនាម​ល្បីល្បាញ​។ ជា​មនុស្ស​មានចិត្ត​បុណ្យ​សុន្ទរ៍ទាន ចូលចិត្ត​ជួយ​អ្នក​ដទៃ។ អាច​តាំងខ្លួន​ឱ្យ​ធំដុំ​បាន ដោយ​ខ្លួនឯង​។ យូរៗ​ទើប​មាន​លាភ​ធំ​ម្តង​។ ជា​មនុស្ស​មាន​ព្រះកេតុ​ថែរក្សា​អរិ​សត្រូវ មិន​អាច​ប៉ុនប៉ង​ពាធា​បាន​ឡើយ។

ជា​មនុស្ស​មាន​វាចា​មោះមុត សតិបញ្ញា​ឈ្លាសវៃ ចិត្ត​ស្រាល​ឆាប់​ខឹង តែ​ឆាប់​បាត់​វិញ​។ អ្នក​កើត​ឆ្នាំរោង​ជា​មនុស្ស​ពេញចិត្ត​នឹង​រស់​កាមារម្មណ៍ មិន​ចេះ​នឿយណាយ។

មនុស្ស​ឆ្នាំរោង ច្រើនតែ​ទទួល​ជោគ​លាភ ពី​មនុស្ស​ភេទ​ផ្ទុយ បើ​ធ្វើការ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​ហើយ​តែងតែបាន​ទទួលផល​ល្អជា​វិសេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។