ថ្ងៃ​កាន់​បិណ្ឌ​ដំបូង​ពុទ្ធបរិស័ទ​នៅ​ភ្នំពេញ​ទៅ​វត្ត​ធ្វើ​បុណ្យ​ច្រើន ខណៈ​វត្ត​នៅ​ជនបទ​ខ្វះខាត​ចង្ហាន់

ដោយ ជីវិតា
2023.10.01
ថ្ងៃ​កាន់​បិណ្ឌ​ដំបូង​ពុទ្ធបរិស័ទ​នៅ​ភ្នំពេញ​ទៅ​វត្ត​ធ្វើ​បុណ្យ​ច្រើន ខណៈ​វត្ត​នៅ​ជនបទ​ខ្វះខាត​ចង្ហាន់ ថ្ងៃទី១ នៃពិធីបុណ្យដាក់បិណ្ឌ នៅវត្ត​ប្រាសាទនាងខ្មៅ ខេត្ត​តាកែវ កាលពីថ្ងៃទី៣០ កញ្ញា ២០២៣។
រូប៖ ហ្វេសប៊ុកព្រះអង្គ ជួន កក្កដា

ថ្ងៃ​កាន់បិណ្ឌ​ដំបូង​ពុទ្ធបរិស័ទ​ជា​ច្រើន​កុះករ​នាំ​គ្នា​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​សំបូរ​ហូរហៀរ​នៅ​តាម​វត្តអារាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​វត្ត​មួយ​ចំនួន​នៅ​តំបន់​ជនបទ​ព្រះសង្ឃ​ខ្វះខាត​ចង្ហាន់​ទោះបី​ជា​រដូវ​បុណ្យទាន​ក្តី។

បិណ្ឌទី១ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ ពុទ្ធបរិស័ទ​នៅ​រាជធានី​ភ្នំពេញ​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ និង​មាន​ផ្កា ធូប ទៀន​ដើម្បី​ថ្វាយ​ព្រះ និង​ឧទ្ទិស​កុសល​ដល់​ជីដូនជីតា​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ។ ពិធី​បុណ្យ​ប្រពៃណី​នេះ​បាន​ធ្វើ​ឱ្យ​បរិវេណ​វត្ត​អារាម​នានា​ធ្លាប់​ស្ងប់ស្ងាត់​ប្រែ​មក​អ៊ូអរ​ជាង​ថ្ងៃ​ធម្មតា។

ព្រះ​គ្រូ​មង្គល​បញ្ញាភិរក្ខញាណ អ៊ិន ពុទ្ធិ គង់​នៅ​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ មាន​ថេរដីកា​ថា​ពលរដ្ឋ​ខ្មែរ​ឆ្នាំ​នេះ ហាក់​មាន​ជីវភាព​លំបាក​ដោយ​សារ​បញ្ហា​វិបត្តិ​កូវីដ និង​បញ្ហា​សកល​លោក ប៉ុន្តែ​ថ្ងៃ​កាន់​បិណ្ឌ១ និង​បិណ្ឌ​២​ដែល​ចំ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​មាន​ពុទ្ធបរិស័ទ​ចូល​រួម​ច្រើន​ដើម្បី​អុជ​ធូប​រាប់​បាត​ឧទ្ទិស​កុសល​ផល​បុណ្យ ដល់​ជីដូន​ជីតា និង​ប្រគេន​ចង្ហាន់​ច្រើន​ដែរ។ ព្រះអង្គ​ថា​ចង្ហាន់​ទាំង​នោះ​ព្រះ​សង្ឃ​គង់​នៅ​តាម​កុដិ​នីមួយៗ បាន​ចែក​ជូន​ទៅ​កូន​សិស្ស ដូនជី​ស្នាក់​នៅ​ក្នុង​វត្ត ជាពិសេស​ពលរដ្ឋ​ក្រីក្រ។

ព្រះអង្គ អ៊ិន ពុទ្ធិ៖ «ភ្ជុំបិណ្ឌ​នេះ​មាន​សារ​សំខាន់​ណាស់​តាំង​ពី​សម័យ​ព្រះ​បាទ​អង្គឌួង​ព្រះអង្គ​បង្កើត​ឡើង​មក​ចង់​ឱ្យ​ខ្មែរ​រួបរួម​គ្នា សាមគ្គី​គ្នា ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក អ៊ីចឹង​ចំណុច​ទី​មួយ ចំណុច​ទី២​យើង​មាន​ឱកាស​ថ្វាយ​ទាន​ជា​ទក្ខិណានុប្បទាន​​ឧទ្ទិស​ដល់​ឧបការី​ជន​​ផង និង​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ពលី​ជីវិត​ទាំង​អតីត​ព្រះមហាវីរ​ក្សត្រ​តាំង​ពី​សម័យ​មហានគរ​រហូត​ដល់​បច្ចុប្បន្ន រួម​ទាំង​កងទ័ព ទាហាន​ជាដើម​ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​ទឹក​ដី​ឱ្យ​បាន​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ និង​មួយ​ទៀត​ពុទ្ធបរិស័ទ​មាន​ឱកាស​មក​ស្តាប់​ធម្ម​ទេសនា ការ​សម្ដែង​​ព្រះធម៌​​បរាភវសូត្រ​ប្រដៅ​ឱ្យ​ល្អ ប្រណិប័តន៍​ល្អ​ឱ្យ​សម​ជា​ពលរដ្ឋ​ល្អ»

ពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ខ្មែរ​តែង​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ក្នុង​ទី​វត្ត​អារាម​នៅ​តាម​ភូមិ​ស្រុក​ទូទាំង​ប្រទេស ក្នុង​អំឡុង​ពេល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​រយៈពេល​បី​ខែ។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​លោក ខឿន ប៊ុនធឿន ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​សំបួរមាស​នៅ​ខណ្ឌ​ដង្កោ ប្រាប់​ថា ឆ្នាំនេះ​​លោក​និង​គ្រួសារ​បាន​រៀបចំ​បាយ​ម្ហូប​ពីរ​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​ឪពុក​បង្កើត រួម​ទាំង​សាច់​សាលោហិត​ដែល​ចែក​ឋាន​ទៅ។ លោក​ឱ្យ​ដឹង​ថា លោក​ប្រគេន​ចង្ហាន់ និង​បច្ច័យ​ដល់​ព្រះសង្ឃ​បាន​តិចតួច​ទៅ​តាម​លទ្ធភាព ដោយសារ​លោក​ពិបាក​រក​ប្រាក់​ចំណូល។

លោក ខឿន ប៊ុនធឿន៖ «ទៅ​វត្ត​ជាមួយ​​គ្រួសារ​តែម្តង​ដើម្បី​ឱ្យ​កូន​ចៅ​ស្គាល់​ពី​ប្រពៃណី​ទំនៀម​ទំលាប់​ជា​របស់​ខ្មែរ ឆ្នាំនេះ​ខ្ញុំ​អត់​មាន(លុយ)ច្រើន​ទេ ដោយសារ​បញ្ហា​សេដ្ឋកិច្ច​រក​ប្រាក់​ចំណូល​មិន​បាន​ច្រើន​ដូច​ពី​មុន»

គិត​ត្រឹម​ដើម​ឆ្នាំ​២០២៣ កម្ពុជា​មាន​វត្ត​ទូទាំង​ប្រទេស​ជាង ៥ពាន់វត្ត(.១៣៣) និង​មាន​ព្រះសង្ឃ​ជាង ៦ម៉ឺនអង្គ(៦៨.១៧៨) ។ ទោះ​យ៉ាងណា​ទី​វត្តអារាម​នៅ​តាម​ជនបទ​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​ច្រើន​នោះ​ទេ ហើយ​វត្ត​មួយ​ចំនួន​ទៀត​ដូចជា​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង​កំពុង​លិច​លង់​ដោយ​សារ​ទឹក​ទំនន់។

នៅ​ភាគ​ខាង​កើត​វិញ ព្រះភិក្ខុ ហេង សម្បត្តិ ព្រះចៅអធិការ​វត្ត​ពោធិ៍រង្សី​ជាប់​ព្រំដែន​វៀតណាម នៅ​​ក្នុង​​ភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​ថេរដីកា​ថា វត្ត​របស់​ព្រះអង្គ​គង់​នៅ​​មាន​សង្ឃ​២០អង្គ​ដោយ​មាន​ពុទ្ធបរិស័ទ​នៅ​តាម​ភូមិ​១០ ទៅ​១៥គ្រួសារ​កាន់​វេន​រៀបចំ​ចង្ហាន់​ដែរ​តែ មិន​បាន​​ហូរ​ហៀរ​ដូច​វត្ត​នៅ​តាម​ទី​ប្រជុំជន​ទេ។ ព្រះអង្គ​សុំ​ឱ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មក​ធ្វើ​បុណ្យ​កុសល​នៅ​វត្ត​ដែល​ខ្សត់​ខ្សោយ ឬ​ខ្វះខាត​ផង។

ព្រះភិក្ខុ ហេង សម្បត្តិ៖ «ពិធី​កាន់​បិណ្ឌ​រយៈពេល​យូរ​ដែរ សម្រាប់​បណ្តា​វត្ត​នៅ​ចុងកាត់មាត់ញក នៅ​ទី​កន្លែង​កម្សត់ៗ​មិនមែន​តែ​វត្ត ដែល​អាត្មា​គង់​នៅ​ទី​នេះ​ទេ វត្ត​នៅកន្លែង​ផ្សេង​ក៏​មាន​សភាព​កម្សត់​អ៊ីចឹង​ដែរ អ៊ីចឹង​បង​ប្អូន​ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ធ្វើ​បុណ្យ​ទាន គាត់​គួរ​សម្លឹង​មើល​តើ​កន្លែង​ណា​ខ្វះខាត កន្លែង​ណា​កំពុង​លំបាក​គួរ​ព្យាយាម​ទៅ​ជួយ​កន្លែង​នោះ​ដើម្បី​មើល​ទៅ​បាន​សមរម្យ​នឹង​គេ​ដែរ ពីព្រោះ​វត្ត​ខ្លះ​សំបូរ​ពេក វត្ត​ខ្លះ​ខ្វះ​ខាត​ពេក»

ជុំវិញ​រឿង​នេះ​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ធម្មការ​និង​សាសនា​លោក សេង សុមុនី លើកឡើង​ថា ក្រសួង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​រៀបចំ​ពិធី​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដើម្បី​ធ្វើ​ឱ្យ​វត្ត​ទូទាំង​ប្រទេស មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​ជា​ច្រើន​កុះករ។ ចំណែក​វត្ត​មួយ​ចំនួន​ដែល​កំពុង​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ និង​ខ្វះ​ចង្ហាន់​វិញ លោក​អះអាង​ថា ថ្នាក់​ដឹកនាំ​ក្រសួង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ។

លោក សេង សុមុនី៖ «ពី​មន្ត្រី​សង្ឃ​មក​នៅ​តាម​វត្ត​នានា​មាន​ពុទ្ធបរិស័ទ​ចូល​រួម​ច្រើន ក្នុង​បំពេញ​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា ហើយ​អ្វីមួយ​ទៀត​ដែល​ទាក់ទង​នឹង​ជំនឿ​សាសនា​របស់​បរិស័ទ​ក៏​មើល​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ​ជា​មុន​គួរ​ឱ្យ​កត់សម្គាល់​ដែល​មាន​​សទ្ធា​ជ្រះថ្លា​ចំពោះ​ព្រះសង្ឃ»

ពិធី​កាន់​បិណ្ឌ​មាន​រយៈពេល ១៥ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ១រោច ដល់​ថ្ងៃ ១៥រោច ខែភទ្របទ គឺ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ទៅ​តាម​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ និង​កាលកំណត់​ជា​ទៀងទាត់​ពី​បុរាណ​មក ។ បុណ្យ​នេះ​ធ្វើឡើង​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នក​មានគុណ​ទាំង​ឡាយ ដែល​បាន​លាចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ។ ម្យ៉ាងទៀត​វា​ជា​ឱកាស​ល្អ​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ​ដែល​មាន​ជីវិត​អាច​ឈ្វេង​យល់​អំពី​សុខទុក្ខ ការ​គោរព​ស្រឡាញ់​គ្នា ការ​ដឹង​គុណ ព្រមទាំង​បង្កើន​នូវ​សាមគ្គីភាព​ថែម​ទៀត​ផង។ បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃទី៣០ ខែ​កញ្ញា ដល់​ថ្ងៃ​ទី១៤ ខែ​តុលា ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។