អាមេរិក​ផ្ដល់​ជំនួយ​ជាង​១៤​លាន​ដុល្លារ​ដើម្បី​ការពារ និង​ជួសជុល​ប្រាសាទ​បុរាណ​នៅ​សៀមរាប​រយៈពេល​៣៥ឆ្នាំ

ដោយ មាន ឫទ្ធិ
2024.01.29
អាមេរិក​ផ្ដល់​ជំនួយ​ជាង​១៤​លាន​ដុល្លារ​ដើម្បី​ការពារ និង​ជួសជុល​ប្រាសាទ​បុរាណ​នៅ​សៀមរាប​រយៈពេល​៣៥ឆ្នាំ ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ (Bénédicte de Montlaur) (ស្ដាំ) ក្នុង​ពិធីប្រគល់រមណីយដ្ឋានអង្គរជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
រូប៖ គេហទំព័រ​អាជ្ញាធរអប្សរា

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monument Fund) របស់​សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​ជាង​១៤​លាន​ដុល្លារ​សម្រាប់​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​មួយ​ចំនួន នៅក្នុង​រមណីយដ្ឋាន​អង្គរ​ខេត្ត​សៀមរាប។ ក្រៅ​ពី​នេះ​អង្គការ​មួយ​នេះ​ក៏បាន​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​អភិរក្ស​ប្រាសាទ​ជាង ១០០​នាក់​ផង​ដែរ។

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៣៥ឆ្នាំ នៃ​បេសកកម្ម​របស់​ខ្លួន ព្រមទាំង​ធ្វើ​ពិធី​ប្រគល់​ការដ្ឋាន​ប្រាសាទ​ចំនួន៣ ដែល​បាន​ជួសជុល​រួចរាល់​ហើយ​ក្នុង​រមណីយដ្ឋាន​អង្គរ​ទៅ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​វិញ កាល​ពី​រសៀល​ថ្ងៃ​ទី២៦ ខែ​មករា។

ការដ្ឋាន​ប្រាសាទ​ទាំង​៣ ដែល​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​វិញ​នោះ​មាន​ប្រាសាទ​តាសោម ប្រាសាទ​ព្រះខ័ន និង​រោងទង​នៃ​ចម្លាក់​មហាសមុទ្រ​កូរទឹក​ដោះ​របស់​ប្រាសាទអង្គរវត្ត។

ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ (Bénédicte de Montlaur) បាន​ថ្លែង​នៅក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៣៥​ឆ្នាំ​នៃ​បេសកកម្ម​របស់​ខ្លួន​នោះ​ថា ក្នុង​រយៈពេល​៣៥​ឆ្នាំ​អង្គការ​ មិន​ត្រឹមតែ​សហការ​យ៉ាង​ជិត​ស្និទ​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​នៅ​កម្ពុជា​ឱ្យ​មាន​ស្ថិរភាព ឡើងវិញ​ប៉ុណ្ណោះ​ទេ គឺ​អង្គការ​នេះ​បាន​ទាំង​ជួយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យ​មាន​ជំនាញ​អភិរក្ស​បេតិកភណ្ឌ​ព្រមទាំង​បាន​ប្រឹងប្រែង​ជួយ​ទាមទារ​វត្ថុ​បុរាណ​នានា ដែល​បាត់បង់​ក្នុង​គ្រា​មាន​សង្គ្រាម​ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ផង។

អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ មាន​ប្រសាសន៍​ទៀត​ថា អង្គការ World Monu ment Fund បាន​ចាប់ផ្ដើម​ការងារ​ជួសជុល​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ​តាំងពី​ឆ្នាំ​១៩៨៩ ជាមួយ​នឹង​បេសកកម្ម​ចុះ​ដល់ទី​តាំង​ផ្ទាល់​ដើម្បី​វាយតម្លៃ​ស្ថានភាព​របស់​ប្រាសាទ​ដើម្បី​ឆ្លើយតប​តាម​ការ​ស្នើសុំ​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ហើយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ក៏បាន​បង្កើត​កម្មវិធី​អភិរក្ស និង​បណ្តុះបណ្តាល​ជំនាញ​ជួសជុល និង​អភិរក្ស​ដ៏​ទូលំទូលាយ​ជួយ​បំពេញ​បន្ថែម​ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​(RUFA)​ដែល​ទើប​នឹង​បើក​ឡើង​វិញ​ផង​ដែរ។

អ្នកស្រី ប៊ែណេឌិក ដឺម៉ុងធ្លើ៖ «អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​មាន​បេសកកម្ម​ការងារ​អភិរក្ស​និង​ជួសជុល​សម្បត្តិ​បេតិកភណ្ឌ​នៅ​ជុំវិញ​ពិភពលោក ដោយឡែក​យើង​បាន​សំរេច​ជ្រើសរើស​ការងារ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ នៅ​កម្ពុជា​ជា​កន្លែង​ពិសេស និង​សំខាន់​បំផុត»

ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ ក្នុង​ពេល​ដែល​ប្រធាន​អង្គការ World MonumentFund ធ្វើ​ទស្សនកិច្ច​លើកដំបូង​មក​កាន់​អង្គរ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំធេង និង​និរន្តរភាព​រវាង​អង្គការ​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ថែរក្សា​ប្រាសាទ​ទាំង​បី​ដែល​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បាន​ជួយ​ជួសជុល​រួចរាល់​នេះ ហើយ​កម្ពុជា​នឹង​ចងចាំ​ជា​រៀង​រហូត​ក្នុង​ការ​រួមចំណែក​ជួយ​ការពារ​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា ហើយ​កម្ពុជា​ក៏​រង់ចាំ​បន្ត​ធ្វើការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ក្នុង​វិស័យ​ជាច្រើន​ទៀត​ដូចជា​ការ​ផ្លាស់ប្ដូរ​ជំនាញ​ស្ដីពី​ការ​អភិរក្ស វេទិកា​យុវជន​សម្រាប់​ការ​គ្រប់គ្រង​បេតិកភណ្ឌ​ការ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​សិក្ខាសាលា​រួមគ្នា​ដើម្បី​ចែករំលែក​បទពិសោធន៍​ជាដើម។

អ្នកស្រី ភឿង សកុណា៖ «អង្គរ​ភ្នំ​បាខែង និង​កន្លែង​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀត​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​មិនមែន​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ទទួលខុស​ត្រូវ​ការពារ​តែម្នាក់ឯង​នោះ​ទេ ក៏ប៉ុន្តែ​យើង​បាន​ចែករំលែក​កិច្ចការពារ​និង​អភិរក្ស​ទាំងនេះ​ទៅ​ឱ្យ​ជាតិ​សាសន៍​ទាំងអស់​នៅក្នុង​ពិភពលោក​ទាំងមូល»

ក្នុង​រយៈពេល ៣៥​ឆ្នាំ​មកនេះ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក របស់​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ជួយ​ជួសជុល​ប្រាសាទព្រះខ័ន ប្រាសាទ​តាសោម និង​រោងទង​នៃ​ចម្លាក់​មហាសមុទ្រ​កូរទឹក​ដោះ​របស់​ប្រាសាទអង្គរវត្ត​ប៉ុណ្ណោះ​ទេ គឺ​អង្គការ​នេះ​ថែមទាំង​បាន​ជួយ​ជួសជុល​ជណ្ដើរ​ផ្នែក​ខាងជើង​របស់​ប្រាសាទ​ព្រះវិហារ​ព្រមទាំង​កំពុង​ជួសជុល​ប្រាសាទ​ភ្នំបាខែង​ផង​ដែរ។

កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣​សហរដ្ឋអាមេរិក​ក៏​បានផ្ដល់​ជំនួយ​៤៥​ម៉ឺន​ដុល្លារ​តាមរយៈ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក សម្រាប់​ការ​អភិរក្ស​វប្បធម៌​និង​គំរោង​ជួសជុល​ប្រាសាទ​ភ្នំបាខែង​ដំណាក់កាល​ទី​៧​ដែរ។

ប្រធាន​អង្គការ​World Monument Fund​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​អង្គការ​នេះ​ផ្ដល់​ទឹកប្រាក់​ចំនួន ១៤​លាន ៦​សែន​ដុល្លារ សម្រាប់​ការងារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នៅក្នុង​តំបន់​សៀមរាប​ព្រមទាំង​បាន​បណ្ដុះបណ្ដាល​អ្នក​បច្ចេកទេស​អភិរក្ស​ជាង ១០០​នាក់​ដើម្បី​ណែនាំ​បន្ត​ដល់​កូន​ជាង​វ័យក្មេង​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។