រដ្ឋាភិបាល​កាត់​ឆ្វៀល​សមុទ្ទ​ ៦​រយ​ហិកតារ​នៅ​ខេត្តកំពត ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ និង​បង្កើន​ពាណិជ្ជកម្ម

ដោយ ម៉ៅ សុធានី
2022.08.11
Share on WhatsApp
Share on WhatsApp
រដ្ឋាភិបាល​កាត់​ឆ្វៀល​សមុទ្ទ​ ៦​រយ​ហិកតារ​នៅ​ខេត្តកំពត ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ និង​បង្កើន​ពាណិជ្ជកម្ម ទិដ្ឋភាពការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត (Kampot Logistics and Port) នា​ពេល​កន្លង​ទៅ។
រូប៖ ក្រសួង​សាធារណការ

រដ្ឋាភិបាល​កាត់​ឆ្វៀល​ផ្ទៃសមុទ្រ​ទំហំ​ ៦​រយ​ហិកតារ នៅ​ខេត្តកំពត ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន សំរាប់​អភិវឌ្ឍ​កំពង់ផែ​ថ្មី​មួយ ក្រោម​ហេតុផល​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​និង​បង្កើន​ពាណិជ្ជកម្ម។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចុះហត្ថលេខា​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​៦ ខែ​មេសា និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ បាន​ឱ្យ​ដឹង​ថា ផ្ទៃដី​សមុទ្រ​ទំហំ ​៦០០​ហិកតារ ស្ថិត​ក្នុង​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ត្រូវ​បាន​ធ្វើ​អនុបយោគ​ឱ្យ​ក្រុមហ៊ុន «​កំពត ឡូ​ជីស្ទិក អេន ផត (Kampot Logistics and Port)» ក្នុង​ទឹកប្រាក់​វិនិយោគ​ជិត ២​ពាន់​លាន​ដុល្លារ (,៧​ពាន់​លាន)

ការ​វិនិយោគ​កំពង់ផែ​ថ្មី​នៅ​ខេត្ត​កំពត​នេះ រួមមាន​កសាង​សង់​មជ្ឈមណ្ឌល​ភស្តុភារ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ជួយ​បំពេញបន្ថែម ទៅលើ​កំពង់ផែ​ដែល​មាន​ស្រាប់​ហើយ ដូចជា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ។

បន្ថែម​ពី​នេះ កំពង់ផែ​ថ្មី​នេះ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​លើកដាក់ ផ្ទេរ​ទំនិញ​ចេញចូល និង​ការ​នាំចេញ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​នេសាទ ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ។

ក្រសួង​សាធារណការ​ឲ្យ​ដឹង​ថា កំពង់ផែ​នេះ មាន​ជម្រៅ​ទឹក​ប្រមាណ​ ១៥​ម៉ែត្រ ដែល​អាច​ឲ្យ​កប៉ាល់​ទំងន់ ​១​សែន​តោន​ចូលចត​បាន និង​ចែកចេញជា​ ៣​ដំណាក់កាល ហើយ​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៥ ​ខាងមុខ។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី១០ ខែ​សីហា​។ អាស៊ីសេរី ក៏​មិនអាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​អភិបាលក្រុង​បូកគោ អ្នកស្រី ងិន ផល​រ័ត្ន និង​អ្នកនាំពាក្យ​សាលាខេត្ត​កំពត លោក អ៊ឹង ឆាយ បានទេ នៅ​ថ្ងៃ​ដដែល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។