អ្នកឃ្លាំមើលថា ចិនលែងខ្វល់ផ្ដល់ជំនួយនិងកម្ចីដល់កម្ពុជា ព្រោះរដ្ឋាភិបាលភ្នំពេញស្ទើរអស់តម្លៃផ្ដល់ប្រយោជន៍ឱ្យចិន
2024.12.15

អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលភ្នំពេញ ស្ទើរតែលែងមានតម្លៃសម្រាប់ ចិន ដែលជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលចិន មិនសូវយកចិត្តទុកដាក់ផ្ដល់ជំនួយ និងកម្ចីដូចមុនទៀត។ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា ចិនមិនចោល មេដឹកនាំកម្ពុជាទេ។
អ្នកឃ្លាំមើលអះអាងថា រដ្ឋាភិបាលត្រកូលហ៊ុន ស្ថិតក្នុងស្ថានភាព ដែលមានប្រយោជន៍តិចតួចសម្រាប់ចិន ហើយនេះ គឺជាហេតុផលសំខាន់មួយ ដែលចិនរៀបដំណើរដកកម្ចី និងជំនួយដល់កម្ពុជាមែន។ យ៉ាងណា ពួកគាត់ថា សាច់រឿងចាំបាច់មួយទៀតនោះ គឺចិនកំពុងសន្សំលុយ ត្រៀមទប់ទល់នឹងលទ្ធភាពនៃសង្គ្រាមពាណិជ្ជកម្មដ៏ក្ដៅគគុកជាមួយសហរដ្ឋអាមេរិក ក្រោយពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងសេតវិមានអាមេរិកជាថ្មី នៅដើមឆ្នាំ២០២៥។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែធ្នូថា ប្រទេសចិន ដែលឈានមុខគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជាកន្លងមក តែងតែផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ចិន ទាំងនយោបាយ និងសេដ្ឋកិច្ច ទោះបីជាការផ្ដល់ជំនួយ ឬការផ្ដល់កម្ចី ឬក៏គម្រោងវិនិយោគក៏ដោយ។ ប៉ុន្តែលោកថា កម្ពុជាដែលនៅក្រោមអំណាចគ្រួសារហ៊ុនពេលនេះ ខ្សោះទីផ្សារអនុគ្រោះពាណិជ្ជកម្ម ដែលចិនមិនអាចទាញយកប្រយោជន៍បានច្រើននោះទេ ហើយនេះ គឺជាមូលហេតុដែលចិនលែងខ្វល់ ក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋាភិបាលភ្នំពេញ។
លោក វ៉ន ចាន់ឡូត ពន្យល់ថា គម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប និង គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលចិនបានចំណាយទុនវិនិយោគរាប់ពាន់លានដុល្លារនោះ គឺជាឧទាហរណ៍ដែល ចិនមានមេរៀនទទួលបានផលប្រយោជន៍តិចតួចបំផុត។ ដូច្នេះ លោកថា ភាគីចិនក៏រុញរាក្នុងការចំណាយលុយលើគម្រោងធំៗផ្សេងទៀតដែរ ដូចជា គម្រោងព្រែកជីកហ្វូណនជាដើម។
ម្យ៉ាងទៀត លោកថា រដ្ឋាភិបាលត្រកូលហ៊ុន ប្រើប្រាស់លុយជំនួយ និងកម្ចីនានា ដោយវិធីពុករលួយជ្រុលហួសហេតុពេក ដើម្បីបម្រើតែផលប្រយោជន៍បក្ខពួកក្រុម គ្រួសារហ៊ុនប៉ុណ្ណោះ ម្ល៉ោះហើយលោកថា ចិនគ្មានសង្ឃឹម លើរដ្ឋាភិបាលត្រកូលហ៊ុន ក្នុងការរកលុយសងចិនទាន់ពេលឡើយ ស្របពេលដែលប្រទេសចិនកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលត្រូវប្រើលុយយ៉ាងច្រើនសន្ធិសន្ធាប់ក្នុងការទប់ទល់ដែរ។
លោក វ៉ន ចាន់ឡូត៖ «អ្វីដែលចិនពិបាកសម្រេចចិន ឱ្យកម្ចីនៅពេលនេះ ជាពិសេស កម្ចីដើម្បីធ្វើឱ្យព្រែកជីកហ្វូណនកើតឡើង ព្រោះព្រែកជីកហ្វូណននេះ ចិនមិនអាចក្លាយជាម្ចាស់គ្រប់គ្រងបាននោះទេ។ ម្ល៉ោះហើយនៅពេលចិនផ្ដល់កម្ចីឱ្យ មានន័យថា ចិនមិនទទួលបានសាច់ ចិនគឺទទួលបានតែឆ្អឹង ហើយឆ្អឹងគឺចង់សំដៅចិនខ្លួនឯង ក៏ត្រូវប្រឈមនឹងភាពរកាំរកូសជាមួយវៀតណាមផងដែរ»។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ស្នើសុំឱ្យចិនបន្តផ្ដល់ជំនួយឥតសំណងនិងកម្ចីឥណទាន ដើម្បីជំរុញការវិនិយោគ ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងជួយពង្រឹងនយោបាយកម្ពុជា ប៉ុន្តែមិនមានការផ្សព្វផ្សាយព័ត៌មានថា ភាគីចិននឹងផ្ដល់ជំនួយ និងកម្ចីឱ្យកម្ពុជានោះទេ ស្របពេលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងត្រដរខ្យល់ពីការរអិលធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច។
យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែធ្នូ ថា ដំណើរទស្សនកិច្ចលោក ហ៊ុន សែន ទៅកាន់ប្រទេសចិនថ្មីៗនេះ មិនមែនអត់ប្រយោជន៍នោះទេ។ លោកថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន គឺជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមិត្តភាពដែកថែប និងមានជោគវាសនាតែមួយ ដូច្នេះ លោកអះអាងថា ចិនមិនបោះបង់ចោលកម្ពុជានោះទេ។
ទាក់ទងនឹងការជីកព្រែកហ្វូណនតេជោ លោក សុខ ឥសាន លើកឡើងថា គម្រោងនេះ ប្រើប្រាស់ថវិកាចម្រុះ មានទាំងការវិនិយោគរបស់ឯកជន ថវិការដ្ឋ និងជំនួយបរទេស ទោះបីជាលោក សុខ ឥសាន មិនបានបញ្ជាក់ច្បាស់ ថាតើជំនួយបរទេសនោះ ពីភាគីចិន ឬពីប្រទេសណាផ្សេងទៀត។
លោក សុខ ឥសាន៖ «អ៊ីចឹងបើអត់ជំនួយពីបរទេសមួយផ្នែកណានោះ ព្រែកជីកនៅតែដំណើរការទៅមុខស្របតាមផែនការ ឥឡូវដោយសារតែដំណើរការមិនទាន់ចេញពេញទំហឹងដោយសារអី ដោយសារថា គណៈកម្មការអន្តរក្រសួងកំពុងវាយតម្លៃ ស្រង់ស្ថិតិឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់នូវការសងជំងឺចិត្ត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ខ្លះប៉ះពាល់មួយភាគរយ ខ្លះប៉ះពាល់ដី ខ្លះប៉ះពាល់ចម្ការ អាហ្នឹងគេវាតម្លៃ ដើម្បីដាក់ទៅឱ្យបងប្អូនមានការនឹងនក្នុងចិត្ត» ។
សារព័ត៌មានអន្តរជាតិ រ៉យទ័រ (Reuters)បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី១១ ខែធ្នូ ថា រដ្ឋាភិបាលចិនមិនបានអនុម័តប្រាក់កម្ចីណាមួយដល់កម្ពុជាក្នុងឆ្នាំ ២០២៤ ឡើយ ទោះបីជាចិន គឺជាម្ចាស់បំណុល ដែលកម្ពុជាជំពាក់ប្រមាណជិត ៥០% នៃបំណុលសរុប និងក៏ជាមហាអំណាច ដែលជាបង្អែកជំនួយហិរញ្ញវត្ថុដល់រដ្ឋាភិបាលភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។ សារព័ត៌មាន រ៉យទ័រ បានចុះផ្សាយថា ប្រទេសចិន ត្រូវប្រុងប្រយ័ត្នអំពីការដួលរលំនៃមូលនិធិចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជួបបរាជ័យ ជាបន្តបន្ទាប់ នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែធ្នូថា ការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ពិតជាមានហេតុផល ដោយសារកម្ពុជាលែងផ្ដល់ផលប្រយោជន៍ច្រើនដល់ចិនហើយ។
លោកលើកឡើងថា កម្ពុជាពុំមានប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មទូលំទូលាយ និងក៏កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ពីប្រទេសទីផ្សារទំនិញពាណិជ្ជកម្មធំៗ ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដូច្នេះលោកថា កម្ពុជា មិនមែនជាច្រកដែលចិនអាចប្រើប្រាស់ ក្នុងការបញ្ចេញទំនិញរបស់ចិន ដែលកំពុងកកស្ទះបាននោះទេ។
លោក សេង វណ្ណលី ថា ប្រទេសវៀតណាមវិញ មានស្ថិរភាព ទាំងនយោបាយ និងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេស ទទួលបានកិច្ចព្រមព្រៀងអនុគ្រោះពន្ធពាណិជ្ជកម្មពីអាមេរិក និងសហភាពអឺរ៉ុប ដែលចិនអាចសម្រួលបញ្ចេញទំនិញរបស់ខ្លួន ទៅទីផ្សារអាមេរិក និងអឺរ៉ុប តាមច្រកវៀតណាមបាន។ លោកថា នេះជាមូលហេតុ ដែលចិនត្រូវសម្របជាមួយវៀតណាម ជាជាងយកចិត្តទុកដាក់ផ្ដល់ហិរញ្ញវត្ថុដល់រដ្ឋាភិបាលត្រកូលហ៊ុន។
លោក សេង វណ្ណលី៖ «រដ្ឋាភិបាលចិនប្រហែលជាអាចរក្សាលុយ ទុកលុយបម្រុងធ្វើម៉េច ដើម្បីរុញការវិនិយោគរបស់ខ្លួនទៅកាន់ប្រទេស ដែលមានកម្លាំងផលិត ក៏ដូចជាប្រទេសមានសក្ដានុពលរុញផលិតផល ដែលកើតចេញពីការវិនិយោគរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ ដូចជាវៀតណាម ដោយសារតែវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបរទេសច្រើនជាមួយអឺរ៉ុប។ និយាយទៅទីផ្សារវៀតណាមទូលំទូលាយ គួបផ្សំនឹងកម្លាំងពលកម្មក៏សមស្រប ហើយដើមទុនវិនិយោគក៏វារៀងធូរស្រាល អំណោយផលមិនថា អ្នកវិនិយោគិន មិនថាចិនទេ អ្នកវិនិយោគបរទេស ដែលមានគោលបំណង ក្នុងការបង្វែរផលិតកម្មរបស់ខ្លួនចេញពីចិន ដើម្បីធ្វើម៉េចបង្ការដាក់សម្ពាធនិងដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក»។
អ្នកឃ្លាំមើលលើកឡើងថា ប្រសិនបើរដ្ឋាភិបាលចិន មិនបន្តគាំទ្រហិរញ្ញវត្ថុដល់រដ្ឋាភិបាលត្រកូលហ៊ុន នោះនឹងប៉ះពាល់យ៉ាងខ្លាំង ដល់ផែនការនយោបាយរបស់រដ្ឋាភិបាលតត្រកូលនេះ ជាពិសេស ជួបវិបត្តិចំណាយសម្រាប់គម្រោងជាច្រើន នៅឆ្នាំ២០២៥។ ពួកគាត់ថា បើចិនផ្ដាច់ជំនួយទាំងស្រុងវិញ រដ្ឋាភិបាលត្រកូលហ៊ុន នឹងដួលរលំភ្លាម ដូចករណីរដ្ឋាភិបាលផ្ដាច់ការរបស់លោក អាសាដ (Bashar Assad) នៅប្រទេសសេរី ដែលដួលរលំតែក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ី និងអ៊ីរ៉ង់ លែងអាចផ្ដល់ជំនួយឱ្យបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។