កម្ពុជា ម៉ាឡេស៊ី​ចុះ MoU ស្ដីពី​ការ​ទូទាត់​រូបិយប័ណ្ណ​ក្នុង​ស្រុក​សម្រាប់​ទំនិញ​ឆ្លងដែន និង​ទេសចរណ៍

ដោយ ម៉ៅ សុធានី
2024.02.28
កម្ពុជា ម៉ាឡេស៊ី​ចុះ MoU ស្ដីពី​ការ​ទូទាត់​រូបិយប័ណ្ណ​ក្នុង​ស្រុក​សម្រាប់​ទំនិញ​ឆ្លងដែន និង​ទេសចរណ៍ អ្នកស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិកម្ពុជា និង​លោក អាប់ឌុល រ៉ាស៊ីដ ហ្គាហ្វ័រ (Abdul Rasheed Ghaffour) ​​ទេសាភិបាល​ធនាគារ​ជាតិ នៃ​ម៉ាឡេស៊ី ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងងអនុស្សរណៈ​យោគយល់​គ្នា កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី (Malaysia) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្ដីពី​ការ​ទូទាត់​រូបិយប័ណ្ណ​ក្នុង​ស្រុក​សម្រាប់​ទំនិញ​ឆ្លង​ដែន និង​វិស័យ​ទេសចរណ៍។ ធនាគារ​ជាតិ​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ធ្វើការ​រួម​គ្នា​ផ្នែក​ហិរញ្ញវត្ថុ ដោយ​បង្កើត​ប្រព័ន្ធ​ទូទាត់ QR កូដ​ឆ្លង​ដែន ដើម្បី​អាច​ប្រើប្រាស់​លុយ​រៀល​កម្ពុជា និង​លុយ​រីងហ្គីត​របស់​ម៉ាឡេស៊ី។

ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​រវាង​ទេសាភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា អ្នកស្រី ជា សិរី ជាមួយ​ទេសាភិបាល​ធនាគារ​ជាតិ នៃ​ម៉ាឡេស៊ី លោក អាប់ឌុល រ៉ាស៊ីដ ហ្គាហ្វ័រ (Abdul Rasheed Ghaffour) កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ម៉ាឡេស៊ី។

អ្នកស្រី ជា សិរី គូស​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក ស្រប​តាម​គោលបំណង​របស់​សមាគម​អាស៊ាន ព្រមទាំង​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ។

តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឈ្មួញប្រមាណ៥លាននាក់ ក្នុង​នោះ​រួមមាន អាជីវកម្ម​ខ្នាត​តូច និង​វិស័យ​ទេសចរណ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ទូទាត់​ទំនិញ​ឆ្លងដែន ដោយ​ប្រើ​រូបិយប័ណ្ណ​ក្នុង​ស្រុក។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ កម្ពុជា និង​ម៉ាឡេស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ២ផ្សេង​ទៀត លើ​វិស័យ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម។

កម្ពុជា និង​ម៉ាឡេស៊ី បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ជាច្រើន រួម​មាន​​សន្តិសុខ និង​ការពារ​ជាតិ ទេសចរណ៍ បច្ចេកវិទ្យា​ឌីជីថល ហិរញ្ញវត្ថុ និង​សន្តិ​សុខ​ថាមពល​ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។