កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន​លើ​វិស័យ​ទេសចរណ៍ «បង្ហាញ​អំពី​ការ​ពឹង​ដង្ហើម​ចិន​គ្មាន​ទី​បញ្ចប់»

ដោយ មាន ឫទ្ធិ
2024.10.03
កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន​លើ​វិស័យ​ទេសចរណ៍ «បង្ហាញ​អំពី​ការ​ពឹង​ដង្ហើម​ចិន​គ្មាន​ទី​បញ្ចប់» ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ហួត ហាក់ (ស្ដាំ) ជាមួយ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​គឺ​លោក វ៉ាង វិនពីន (Wang Wenbin) នា​ទីស្ដីការ​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍

អ្នកឃ្លាំមើល​បញ្ហា​សង្គម​វាយតម្លៃ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន​លើ​វិស័យ​ទេសចរណ៍ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​បន្ត​ពឹង​ពាក់​ដង្ហើម​ចិន​គ្មាន​ទី​បញ្ចប់។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​កម្ពុជា និង​ចិន​បាន​ឯកភាព​លើ​កិច្ច​សហការ​ធំៗ​ចំនួន ៧​ចំណុច​ក្នុង​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​ពី​បញ្ហា​សង្គម​លើកឡើង​ប្រៀបធៀប​ថា ប្រទេស​ចិន​កំពុង​វាយ​ក្បាល​អង្អែល​ខ្នង នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា។ ពួកគេ​លើកឡើង​ថា ប្រសិនបើ​ប្រទេស​ចិន​ពិត​ជា​មាន​ចេតនា​ជំរុញ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ពិត​មែន​នោះ ចិន​នឹង​មិន​បណ្ដែតបណ្ដោយ​ឱ្យ​ភាព​យន្ត​ចិន​ឈ្មោះ នូ ម៉រ បែតស៍ (No More Bets) ដែល​និយាយ​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ផ្សព្វផ្សាយ​ទូទាំង​សកល​លោក ហើយ​អ្នក​នយោបាយ​ចិន​បែរ​ជា​ចេញ​មុខ​ជា​បន្តបន្ទាប់​ដើម្បី​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ជំរុញ​វិស័យ​ទេសចរណ៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ​ទេ។

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២ ខែ​តុលា ថា ទំនាក់ទំនង​ក្នុង​រូបភាព​របៀប​នេះ គឺ​ជា​ទំនាក់ទំនង​ដែល​គ្មាន​ភាព​ស្មោះត្រង់ និង​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​នៅ​តែ​រស់​នៅ​ខ្វះ​ចិន​មិន​បាន និង​ពឹង​ដង្ហើម​ចិន​ដក​គ្មាន​ទី​បញ្ចប់។ លោក​បន្ថែម​ទៀត​ថា កម្ពុជា​ជា​ប្រទេស​តូច​ដែល​បាន​ផ្ដេកផ្ដួល​តាមរយៈ​ការ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ហើយ​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា កម្ពុជា​មិន​ដែល​ចំណេញ​ជា​ដុំ​កំភួន​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​ឡើយ។ ជា​មួយ​គ្នា​នេះ លោក​ថា ប្រសិនបើ​កម្ពុជា​មាន​នីតិរដ្ឋ​ត្រឹមត្រូវ និង​ជា​ប្រទេស​ដែល​គួរ​ជា​ទី​កក់ក្ដៅ​សម្រាប់​ជនបរទេស ភ្ញៀវ​ទេសចរ​ទូទាំង​ពិភព​លោក​ក៏​អាច​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា​ដោយ​គ្មាន​ការ​អូសទាញ។

លោក ប៉ោ មករា៖ «យើង​អត់​អាច​យក​ដើម​ផ្កា​ពីរ​បី​ដើម​លម្អ​មុខ​ផ្ទះ ហើយ​ថា ផ្ទះ​យើង​ស្អាត​ហើយ​យើង​ដើរ​ហៅ​គេ ទៅ​គោះ​ផ្ទះ​ទ្វារ​គេ​ប្រាប់​ថា ផ្ទះ​យើង​ស្អាត​ហើយ​អា​ហ្នឹង​អត់​ទេ ព្រោះ​រឿង​មួយ​ចំនួន​ត្រូវ​បាន​អន្តរជាតិ​ស្នើ​សុំ​ហើយ ប្រទេស​សេរី​មួយ​ចំនួន​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​កម្ពុជា​កែ​លម្អ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព រឿង​អំពើ​ពុករលួយ​មួយ​ចំនួន​ហ្នឹង។ រដ្ឋាភិបាល​ក៏​គួរ​តែ​ស្នើ​សុំ​ឱ្យ​មាន​ការ​បង្ហាញ​ពី​មូលហេតុ​អ្វី​បាន​ជា​ចិន​ផលិត​រឿង (No more bets) មិន​គិត​ដល់​កម្ពុជា។ កម្ពុជា​ខ្លួន​ឯង​ក៏​គួរ​តែ​សួរ​ផលិតកម្ម​ហ្នឹង​ថា មាន​ភស្តុតាង​អី​ត្រឹមត្រូវ​អត់ ដើម្បី​ធ្វើ​ឱ្យ​កេរ្តិ៍​កម្ពុជា​ប្រសើរ​ឡើង​វិញ​ដោយ​សារ​តែ​រឿង​ហ្នឹង​ភ្ញៀវ​ទេសចរ​ខ្លាច​មិន​មក​កម្ពុជា»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន ៧ចំណុច​ធំៗ ដោយ​អះអាង​ថា ជា​កិច្ច​សហប្រតិបត្តិការ​ជួយ​ជំរុញ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​នោះ​រួមមាន​ប្រទេស​ចិន​អះអាង​ថា នឹង​ផ្ដល់​កិច្ច​សហការ​ល្អ​ជាមួយ​ក្រសួង​ទេសចរណ៍​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរ​នៅ​អំឡុង​ចុង​ខែតុលា និង​ខែវិច្ឆិកា​នេះ។ ចិន​ក៏​អះអាង​ទៀត​ថា នឹង​ជួយ​ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មក​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ វប្បធម៌​កម្ពុជា និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ចិន ជាដើម។ កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ហួត ហាក់ ជាមួយ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​គឺ​លោក វ៉ាង វិនពីន (Wang Wenbin) កាល​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា។

អ្នកឃ្លាំមើល​រិះគន់​ថា ទោះ​បី​ជា​កម្ពុជា​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​តាមរយៈ​ពឹង​ផ្អែក​ឱ្យ​ចិន​ជួយ​វិស័យ​ទេសចរណ៍​នេះ​ក្ដី ក៏​ទំនង​មិន​អាច​ស្ដារ​ឱ្យ​ទេសចរ​ចិន និង​អន្តរជាតិ​ផ្សេង​ទៀត​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​កុះករ​ដូច​មុន​ដែរ។ ជាមួយ​គ្នា​នេះ ភាព​យន្ត​ចិន​ឈ្មោះ នូ ម៉រ បែតស៍ ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​និយាយ​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​ដូចជា ការ​ចាប់​ជំរិត​មនុស្ស​ធ្វើ​ទារុណកម្ម ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍ និង​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

កម្ពុជា​ដែល​តែង​ចាត់​ទុក​ចិន​ជា​មិត្ត​ដែក​ថែប​បាន​ត្រឹម​បញ្ចេញ​ប្រតិកម្ម​ថា ភាព​យន្ត​ចិន​នេះ គឺ​ជា​ការ​លាប​ពណ៌ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​កម្ពុជា។ មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ដែល​ផលិត​ភាព​យន្ត នូ ម៉រ បែតស៍ ក្រៅ​ពី​ទទួល​ចំណូល​ខ្ទង់​ពាន់​លាន​ដុល្លារ ក្រុមហ៊ុន​ក៏​បាន​លក់​កម្មសិទ្ធិ​បញ្ញា​នៃ​ភាព​យន្ត​នេះ ដើម្បី​បញ្ចាំង​នៅ​ក្រុមហ៊ុន​បញ្ចាំង​ភាព​យន្ត​តាម​អនឡាញ ដូចជា ណិតហ្វិ្រច (Netflix) ដែល​ធ្វើ​ឱ្យ​មនុស្ស​លើ​ពិភព​លោក​អាច​ចូល​ទស្សន​កាន់​តែ​ទូលំ​ទូលាយ។

កាល​ពី​ឆ្នាំ២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥លាន​នាក់ ក្នុង​នោះ​ទេសចរ​ចិន​មាន​ជាង ៥៤ម៉ឺន​នាក់។ ចំណែក រយៈពេល ៨ខែ ដើម​ឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង ៤លាន​នាក់ ក្នុង​នោះ​ទេសចរ​ចិន​មាន​ជាង ៥៤ម៉ឺន​នាក់។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២ ខែ​តុលា។

អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​គួរ​តែ​ជជែក​ជាមួយ​ប្រទេសចិន​កុម្មុយនិស្ត​ឱ្យ​បាន​ស៊ីជម្រៅ និង​ស្នើ​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ខ្សែ​ភាព​យន្ត​ដែល​ផ្សព្វផ្សាយ​អាក្រក់​ពី​កម្ពុជា ខណៈ​ប្រទេស​ចិន​ខ្លួន​ឯង​ក៏​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ខ្សែ​ភាព​យន្ត​មុន​អនុញ្ញាត​ឱ្យ​ចាក់​បញ្ចាំង និង​ផ្សព្វផ្សាយ។ ពួកគាត់​ថា ទោះ​បី​ជា​កម្ពុជា​មាន​សេចក្ដីរាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ កម្ពុជា និង​ចិន​ដែល​ប្រកាស​អំពី​ទំនាក់ទំនង​មិន​អាច​កាច់​ផ្ដាច់​បាន​នោះ គួរតែ​រួម​គ្នា​បង្ក្រាប និង​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ទាំង​អស់​នេះ ជាជាង​ផលិត​ជា​ខ្សែ​ភាព​យន្ត​ផ្សព្វ​ផ្សាយ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។