កសិករដាំដំឡូងជ្វានៅខេត្តកំពង់ឆ្នាំងត្អូញត្អែរពីដំឡូងចុះថ្លៃធ្វើឱ្យប៉ះពាល់ដល់ជីវភាព
2023.11.20
ប្រជាកសិករដាំដំឡូងជ្វា នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងត្អូញត្អែរពីតម្លៃដំឡូងចុះថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព ដោយសារគ្មាន លុយសងបំណុលធនាគារ ក្រោយពីពួកគាត់បានខ្ចីលុយមកធ្វើដើមទុន។ អ្នកជំនាញកសិកម្មថា អាជ្ញាធរពាក់ព័ន្ធគួរតែរកទីផ្សារជូនពួកគាត់ និងបង្កើនទីផ្សារនាំចេញទៅប្រទេស។
ប្រជាកសិករភាគច្រើននៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដាំដំឡូងជ្វាលក់ ស្ទើរតែគ្រប់គ្រួសារ ដើម្បីដោះស្រាយជីវភាព ប៉ុន្តែឆ្នាំងនេះ ដំឡូងជ្វាចុះថ្លៃ សល់១គីឡូក្រាម ៧០០រៀល បើប្រៀបកាលឆ្នាំមុនៗ បានមួយគីឡូក្រាម២០០០រៀល។
ប្រជាកសិករម្នាក់ លោក សៅ ពន្លឺ រស់នៅភូមិអូរសណ្ដាន់ ឃុំទឹកហូរ ស្រុករលាប្អៀរ ប្រាប់វិទ្យុអាស៊ីសេរីថា បើសិនជាតម្លៃដំឡូងនៅតែបន្តធ្លាក់ថ្លៃសល់ត្រឹម៦០០រៀល ទៅ៧០០រៀល ដូចបច្ចុប្បន្ននេះ ពួកគេកាន់តែមានជីវភាពលំបាក ព្រោះគ្មានលុយសងធនាគារ។
លោក សៅ ពន្លឺ៖ «បារម្ភថាព្រោះជំពាក់គេក៏ច្រើន ចំណាយដើមទុនក៏ច្រើនដែរ ដំឡូងថោកអ៊ីចឹងយើងខ្លាចអត់បានឱ្យគេវិញ អត់បានសងគេវិញអ៊ីចឹង។ អ្នកខ្លះគេដាំទៅត្រូវ គេបានសល់អ៊ីចឹងទៅ ដែលយើងដាំអត់ត្រូវនឹងគេ អត់ចំណេញ វាខាតខ្លះ។ បើបានទីផ្សារត្រឹម១.០០០រៀលអ៊ីចឹងយើងអាចតទល់រួច បើចុះក្រោម១ពាន់ វាអត់បាន តម្លៃហ្នឹងវាថោកពេក»។
ពលរដ្ឋម្នាក់ទៀត លោកស្រី ជិន អ៊ីម នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ឆ្នាំនេះលោកស្រីដាំដំឡូងបានជាង ២ហិកតារ ហើយចំណាយលុយអស់ជាង ៤លានរៀល ទៅលើថ្លៃជី និងថ្នាំបាញ់សត្វល្អិតជាដើម។ ប៉ុន្តែ លោកស្រី មិនរំពឹងថា នឹងទទួលបានផលមកវិញ ស្មើនឹងការចំណាយនោះទេ។
លោកស្រី ជិន អ៊ីម៖ «បងប្អូនប្រជាពលរដ្ឋធ្វើចម្ការ ចង់ស្នើឱ្យឈ្មួញកណ្ដាលក៏ដូចឈ្មួញខាងលើសូមឱ្យតម្លៃថ្លៃ កុំឱ្យទម្លាក់តម្លៃ ព្រោះកសិករយើងសព្វថ្ងៃគាត់ពិបាកដោយសារជំពាក់គេច្រើនអ៊ីចឹង ទម្លាក់ថ្លៃគាត់ គាត់សងគេអត់គ្រប់ អ្នកខ្លះលក់គោរ អ្នកខ្លះដើរចោលផ្ទះចោលស្រុក ដោយសារតែជីវភាពគាត់ខ្វះខាតគាត់សងគេអត់គ្រប់ អ៊ីចឹងបើគាត់មិនចេញពីផ្ទះ ទៅរកលុយកាក់មកសងគេ អ៊ីចឹងគាត់ខ្វះខាតច្រើន»។
ទាក់ទិនបញ្ហាដំឡូងចុះថ្លៃ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំទាន់មានដំណោះស្រាយជាក់លាក់នៅឡើយទេ។
លោក ងិន ហ៊ុន៖ «នៅរលាប្អៀរនោះយើងមានកសិដ្ឋានចិញ្ចឹមស្វាពីរ ដែលគាត់តែងតែទិញចំណីដូចជាដំឡូងជ្វាធ្វើជាចំណី ទី២ខ្ញុំនឹងរកដៃគូវិស័យឯកជនដែលគាត់ត្រូវការនឹង ទិញផលិតផលរបស់ពួកគាត់»។
អ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ លើកឡើងថា បញ្ហារបស់ប្រជាកសិករជុំវិញតម្លៃដំឡូងជ្វា ឬដំណាំផ្សេងៗចុះថ្លៃ និងគ្មានទីផ្សារនេះ គឺកើតមានស្ទើរតែគ្រប់កន្លែង ហើយអាជ្ញាធរពាក់ព័ន្ធគួរតែពន្លឿនការដោះស្រាយឱ្យបានត្រឹមត្រូវ។
លោក នី ណាក់ អ្នកជំនាញកសិកម្ម៖ «ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរឃុំសង្កាត់ ស្រុកខេត្តហ្នឹង ក៏ជាអ្នកជួយកសិករនៅក្នុងតំបន់ ថាតើនៅក្នុងតំបន់ដែលអាជ្ញាធរគ្រប់គ្រង់ហ្នឹង មានកសិករប្រកបមុខរបរអ្វីខ្លះ អ៊ីចឹងដល់ ពេលប្រមូលផល ឬលក់ចេញនឹងពួកគាត់គួរតែ មានវិធានការ ជួយរកក៏ស្វែងរកដៃគូ ជួយទិញឬក៏ទប់កុំឱ្យឈ្មួញកណ្ដាលទម្លាក់តម្លៃតាមតែចិត្តគាត់»។
ពលរដ្ឋ និងសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែរកវិធីសាស្ត្រដោះស្រាយបញ្ហាតម្លៃដំឡូងចុះថ្លៃ ឱ្យបានទាន់ពេលវេលា និងលើកទឹកចិត្តកសិករ កុំឱ្យពួកគេបោះបង់មុខរបរទាំងនេះ ដើម្បីទប់ស្កាត់ប្រជាកសិករមួយចំនួនកុំឱ្យចំណាកស្រុកទៅធ្វើការក្រៅប្រទេស ក្រោយអស់សង្ឃឹម។ ពលរដ្ឋពឹងថា អាជ្ញាធរពាក់ព័ន្ធនឹងចុះមកដោះស្រាយឱ្យបានឆាប់ ហើយពួកគាត់នឹងមានជីវភាពល្អប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។