ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ធនាគារ​ពន្យារ​ពេល​បំណុល​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច

ដោយ ថា ថៃ
2023.11.18
ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ធនាគារ​ពន្យារ​ពេល​បំណុល​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែងកាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ប្រជាពលរដ្ឋ​មួយចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឲ្យ​ពន្យារពេល​សង​បំណុល​រយៈពេល​មួយឆ្នាំ។ ពួកគាត់​ធ្វើ​យុទ្ធនាការ​ដូច្នេះ ព្រោះ​អស់​លទ្ធភាព​ក្នុង​ការ​សងបំណុល ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច។

ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​ឱ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ផ្អាក​យកការប្រាក់​ពី​ពួកគាត់​រយៈពេល​មួយឆ្នាំ​ដើម្បី​អាច​ឱ្យ​ពួកគាត់​មានលទ្ធភាព​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត។

ពលរដ្ឋ​ទាំងនោះ​នាំគ្នា​បង្ហោះ​សារ​ជា​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​លើកឡើង​ថា ពួកគាត់​អស់​លទ្ធភាព​សងបំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហើយ​ដូច្នេះ​សូម​រដ្ឋាភិបាល​ពន្យារ​ពេល​សង​មួយ​ឆ្នាំ និង​អ្នក​ខ្លះទៀត​ប្ដូរ​រូបភាព​នៅ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​ចូលរួម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់។

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ លោកស្រី រ៉េន បញ្ញា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ វិច្ឆិកា ថា យុទ្ធនាការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្យារពេល​សងបំណុល​ធនាគារ​រយៈពេល​មួយឆ្នាំ​ពិត​ជា​មាន​សារៈសំខាន់​ចំពោះ​លោកស្រី ពីព្រោះ​លោកស្រី​អស់​លទ្ធភាព​ក្នុង​ការ​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​ហើយ​។ លោកស្រី​បន្ត​ថា ក្នុង​មួយ​ខែ​លោកស្រី​បង់​ធនាគារ​ចំនួន​២៥០​ដុល្លារ និង​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​កូន​រៀន និង​ម្ដាយ​ចាស់ជរា​នៅ​ស្រុកកំណើត​ទៀត​ផង។

លោកស្រី រ៉េន បញ្ញា៖ «ប្រសិនបើ​គាត់​ជួយ​បាន​ពួក​ខ្ញុំ​ជា​ពលករ​នៅ​ទីនេះ​វា​បាន​ធូរស្បើយ​នៅក្នុង​ការ​សន្សំ​ប្រាក់​ទុក​បង់​ទៅ​ថ្ងៃក្រោយ​ផង ដើម្បី​ព្យាបាល​ជំងឺ​ម្ដាយ​នៅ​ឯ​ផ្ទះ​ផង​គាត់​ជួយ​បាន​ច្រើន​ប្រសិនបើ​រដ្ឋាភិបាល​គាត់​យកចិត្តទុកដាក់​ស្រាយ​បំណុល​ធនាគារ​នេះ ខ្ញុំ​ជឿ​ថា គាត់​អាច​ធ្វើ​បាន​អ៊ីចឹង​បានជា​សំណូមពរ​ឱ្យ​គាត់​ជួយ​គឺ​ជួយ​ដល់​ពលរដ្ឋ»

ដោយឡែក​កម្មករ​សំណង់​រស់នៅ​ខេត្ត​កំពង់ឆ្នាំង លោក អ៊ំ សុភី គាំទ្រ​ការ​ធ្វើ​យុទ្ធនាការ ពីព្រោះ​លោក​ក៏​អស់​លទ្ធភាព​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែរ។ លោក​ថា បច្ចុប្បន្ន​ការងារ​ជា​កម្មករ​សំណង់​ទទួល​បាន​ប្រាក់កម្រៃ​ទាប និង​ពេលខ្លះ​ថៅកែ​កាត់បន្ថយ​ប្រាក់​ឈ្នួល គឺ​៤​ម៉ឺន​រៀល មក​នៅសល់​ត្រឹមតែ ៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ លោក អ៊ំ សុភី គ្រោង​នឹង​ឱ្យ​កូន​ឈប់​រៀន និង​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក អ៊ំ សុភី៖ «ខ្ញុំ​គិតថា​ឱ្យ​ពន្យារពេល​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធូរ​បន្តិច​បាន​ដកដង្ហើម​បន្តិច បើ​មិន​អ៊ីចឹង​ទេ មិន​ត្រឹមតែ​គាត់ តែ​ខ្ញុំ​ក៏​ខ្ញុំ​គិតថា​រាល់ថ្ងៃ​ហ្នឹង​លុយ​សង​គេ​រហូត​ទី​១ វា​អត់​មាន​ប្រាក់ខែ​ចំណូល​ចូល​អ៊ីចឹង​វា​ពិបាក​អ៊ីចឹង​ហា៎​ចង់​សុំ​ឱ្យ​រដ្ឋាភិបាល​មេត្តា​ពន្យារពេល​នៃ​ការ​អនុគ្រោះ​ពន្ធ​បង់ពន្ធ​ឱ្យ​គាត់​ពន្យារពេល​ទៅ​មួយ​ឆ្នាំ​ទៅ យើង​មើល​ឃើញ​ថា ប្រទេស​គេ​ក៏​ជួយ​អ៊ីចឹង​ដែល​រដ្ឋាភិបាល​ក៏​គួរតែ​យកតម្រាប​តាម​អនុគ្រោះ​ឱ្យ​ប្រជាពលរដ្ឋ​គេ​ដែល​ក្រីក្រ»

ក្រៅពី​កម្មករ​សំណង់ និង​ពលករ​ផុងខ្លួន​ក្នុង​បំណុល​វ័ណ្ឌក​ហើយ​នោះ នៅ​មាន​កម្មករ​កាត់ដេរ អាជីវករ និង​អតិថិជន​បង់​រំលស់​បុរី​ជាដើម​កំពុង​ក្លាយជា​ជនរងគ្រោះ​ដោយសារ​គ្មាន​លទ្ធភាព​រក​ប្រាក់​បំណុល​សង​ធនាគារ និង​បង់​រំលោះ​ផ្ទះ​ជាដើម ពី​ព្រោះតែ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ ជាង​នេះ​ទៅ​ទៀត ម្ចាស់​អចលវត្ថុ​ធំៗ ដូចជា​ក្រុមហ៊ុន​លក់​បុរី​ពិភព​ថ្មី អ្នកឧកញ៉ា ហុង ពីវ ជាដើម បាន​ប្រកាស​ថា​នឹង​ក្ស័យធន ប្រសិនបើ​អតិថិជន​ទាមទារ​ឱ្យ​លោក​ទទួល​ទិញ​ផ្ទះ​ត្រឡប់​មក​វិញ។

កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា រដ្ឋាភិបាល និង​ធនាគារជាតិ ទើបតែ​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយចំនួន ដើម្បី​ជួយ​កាត់បន្ថយ​សម្ពាធ​ដល់​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ក្នុង​វិស័យ​មួយចំនួន​រួម​ទាំង​វិស័យ​អចលនទ្រព្យ​ជាដើម។ ដូច្នេះ​លោក អំពាវនាវ​ឱ្យ​ប្រតិបត្តិ​ករ​វិស័យ​ទាំងនេះ ជួយ​សម្រួល​ការ​លំបាក​របស់​អតិថិជន​ដែល​កំពុង​រងគ្រោះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅពេល​បច្ចុប្បន្ន​នេះ បើ​ពុំ​នោះ​ទេ ទាំង​ក្រុមហ៊ុន និង​រដ្ឋាភិបាល នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ។

ជុំវិញ​បញ្ហា​នេះ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ជជែក​ពិភាក្សា​ជាមួយ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ​។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ថា ការ​ពន្យារ​ពេល​សង​ត្រឡប់​របស់​ពលរដ្ឋ​គឺ​មិនមែន​គិតការ​ប្រាក់​បន្ថែម​លើ​ប្រាក់​ជំពាក់​នៅពេល​ពួកគាត់​មិនបាន​បង់​នោះ​ទេ។

លោក អៀង វុទ្ធី៖ «ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ឃើញ​ទី​១​គឺ​បញ្ឈប់​នូវ​ការ​គំរាមកំហែង​ពី​សំណាក់​មីក្រូហិរញ្ញវត្ថុ​ហ្នឹង​ឱ្យ​ពលរដ្ឋ​លក់​ដី​លក់​ផ្ទះ​គ្រប់​ទម្រង់​នៃ​ការ​រំលោភបំពាន ឬក៏​បំភិតបំភ័យ​ហើយ​អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ឱ្យ​មាន​ការ​ផ្ដល់​ជា​ការ​អនុគ្រោះ​បង់ ឬក៏​ការ​ពន្យារ​ពេល​សង​ត្រឡប់​ទៅវិញ​នៅក្នុង​ទំហំ​មួយ​ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​អានេះ​វា​ទាមទារ​ឱ្យ​មាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាក់លាក់»

កាលពី​ខែ​សីហា កន្លង​ទៅ អង្គការ​លីកាដូ (Licadho) និង​អង្គការ​សមធម៌​កម្ពុជា​ចេញ​របាយការណ៍​សិក្សា​រួមគ្នា​មួយ​រក​ឃើញ​ថា ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​បំណុល ក្នុង​នោះ​រួមមាន​ការ​លក់​ដី​ទាំង​បង្ខំ ការកាត់បន្ថយ​ម្ហូបអាហារ និង​កុមារ​រាប់ពាន់​នាក់​បាន​បោះបង់​ការសិក្សា ។ របាយការណ៍​ដដែល​បញ្ជាក់​ថា ពលរដ្ឋ​លើស​ពី​៨០​ភាគរយ ជំពាក់​បំណុល​ធនាគារ​យ៉ាងតិច ១​ស្ថាប័ន ក្នុង​នោះ​មាន​ពលរដ្ឋ​២ ភាគ​៣ អះអាង​ថា ពួកគេ​ជាប់បំណុល ធ្ងន់ធ្ងរ​លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា បញ្ហា​បំណុល​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។