អតិថិជន​ដែល​ក្រុមហ៊ុន​បុរី​កំពុង​រឹបអូស​ផ្ទះ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍

ដោយ ខាន់ លក្ខិណា
2023.11.17
អតិថិជន​ដែល​ក្រុមហ៊ុន​បុរី​កំពុង​រឹបអូស​ផ្ទះ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ការិយាល័យក្រុមហ៊ុនបុរីលឹមឈាងហាក់។
រូប៖ ហ្វេសប៊ុកបុរីលឹមឈាងហាក់

អតិថិជន​ដែល​ក្រុមហ៊ុន​បុរី​កំពុង​រឹបអូស​ផ្ទះ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​នេះ។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រក​ដំណោះស្រាយ ដោយ​សន្តិវិធី​ជាជាង​ប្រើ​វិធានការ​ដាក់​សម្ពាធ​លើ​អតិថិជន។

អតិថិជន​ដែល​ក្រុមហ៊ុន​បុរី​កំពុង​រឹបអូស​ផ្ទះ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ទៅ​ភាគី​ក្រុមហ៊ុន​និង​អាជ្ញាធរ​ឱ្យ​បញ្ឈប់​នូវ​ការ​រឹបអូស​ផ្ទះ​ពី​អតិថិជន​ដែល​សុំ​បញ្ចុះតម្លៃ និង​ទិញ​ផ្ទះ​ផ្ដាច់​ពី​បុរី​ដោយ​មិន​ចង់​រំលស់​បន្ត​ទៀត​នោះ។

ការ​ទទូច​នេះ​ធ្វើឡើង​ស្របពេល​បុគ្គលិក​ក្រុមហ៊ុន​បុរី​លឹមឈាងហាក់ វាលស្បូវ ក្នុង​ខណ្ឌ​ច្បារអំពៅ​រួម​ទាំង​សមត្ថកិច្ច​ចម្រុះ នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា បាន​ចុះទៅ​បង្ខំ​ឱ្យ​អតិថិជន​មួយ​គ្រួសារ​ចាក​ចេញ​ពីផ្ទះ​ដែល​ពួកគាត់​បាន​ទិញ​បង់​រំលស់​ពី​បុរី។

ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់ ជាង​២២​នាទី លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឈ្មោះ Chansothea Kim (គឹមចាន់សុធា) នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ដែល​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ​អះអាង​ថា ខ្លួន​គឺជា​អតិថិជន​ដែល​ទិញ​បុរី​លឹមឈាងហាក់ បាន​រៀបរាប់​ថា គ្រួសារ​គាត់​បាន​ស្នើសុំ​ម្ចាស់​បុរី​បញ្ចុះតម្លៃ ១០​ភាគរយ នៃ​តម្លៃ​ផ្ទះ និង​សុំ​ទិញ​ផ្ទះ​ដែល​កំពុង​ស្នាក់​នៅ​បច្ចុប្បន្ន​ផ្ដាច់​តែម្ដង។

តែ​យ៉ាងណា​ម្ចាស់​បុរីលឹម ឈាងហាក់ បាន​បដិសេធ ហើយ​ថែមទាំង​បាន​ប្ដឹង​តុលាការ​ឱ្យ​រំលាយ​កិច្ចសន្យា​ទិញ​-​លក់​ជាមួយ​អតិថិជន​ចោល​ថែម​ទៀត។

ប្រភព​ដដែល​ថា កន្លង​មក​គ្រួសារ​គាត់​មិនដែល​ខកខាន​បង់ប្រាក់​ទៅ​ឱ្យ​បុរី​ឡើយ តែ​ពេល​នេះ​គឺ​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​បញ្ចុះ​តម្លៃ និង​ទិញ​ផ្ទះ​ផ្ដាច់​តែប៉ុណ្ណោះ បែរ​ជា​ម្ចាស់​បុរី​មិន​ព្រម ហើយ​ថែមទាំង​ចង់​ផាកពិន័យ និង​ចង់​រឹបអូស​យក​ផ្ទះ​ពី​គ្រួសារ​គាត់​ទៅវិញ។

អតិថិជន​រូប​នេះ​ស្នើ​ទៅ​ម្ចាស់​បុរី​លឹមឈាងហាក់ ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​សំណើ​ដែល​គ្រួសារ​គាត់ និង​ឈប់​យក​កម្លាំង​សមត្ថកិច្ច​ទៅ​ឃ្លាំមើល ដើម្បី​ដាក់​សម្ពាធ​លើ​គ្រួសារ​គាត់​បន្ត​ទៀត។

វីដេអូ live Chansothea Kim «សម្រាប់​ខ្ញុំ​ចង់ឱ្យ​បងប្អូន​មើល​ការ Live នឹង​ទាំងអស់​ជួយ​ស៊ែរ​ដើម្បី​ដឹង​ដល់​ខាង​និយ័តករ​ម្ចាស់​បុរី​ចូលរួម​នៅ​ក្នុង​ការ​ដោះស្រាយ​ទិញ​ផ្ទះ​ដាច់​នេះ ហើយ​ជា​ការ​សំណូមពរ​នេះ​ដោយ​មាន​ប្រសាសន៍ សម្ដេច គឺ​ខ្ញុំ​ចង់​បាន​នីតិវិធី​ដោះស្រាយ​គឺ​កូន​សុំ​បង់​ផ្ទះ​ដាច់​តែ​បុរី​នៅតែ​ចង់​រឹបអូស​ផ្ទះ។ អ៊ីចឹង​មានតែ​សំណូមពរ​សម្ដេច​ពុក​ជួយ​កូន​ក្នុង​នេះ»

ក្រោយពី​មាន​ការ​ជជែក​តវ៉ា​សមត្ថកិច្ច​ចម្រុះ​ដែល​អនុវត្ត​សាលក្រម​របស់​តុលាការ​នោះ បាន​ផ្អាក​វិញ​ដោយ​ទុក​រយៈពេល ១​ខែ ដើម្បី​ឱ្យ​អតិថិជន​សម្របសម្រួល​ជាមួយ​ម្ចាស់​បុរី។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ ពី​ម្ចាស់​បុរី លឹមឈាងហាក់ និង​ការិយាល័យ​បុរី លឹម ឈាងហាក់ វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​ទេ​នៅ​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ខណៈ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើ​ការ​សម្របសម្រួល និង​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​ជា​ជាង​ការ​ប្រើ​វិធានការ​រឹបអូស។

លោក អំ សំអាត៖ «រឿង​ក្រុមហ៊ុន​យើង​ទទួល​គឺ​ការស្វែងរក​ប្រាក់ចំណេញ ក៏ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​នេះ ខាង​អតិថិជន​គាត់​មាន​បញ្ហា​ហើយ​គាត់​ចង់​បង់​ផ្ដាច់​ហើយ​គាត់ សុំ​ការ​ចុះ​អី​គួរតែ​ជជែក​គ្នា​ដោយ​សន្តិវិធី ហើយ​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់គ្នា ធ្វើ​ម៉េច​កុំឱ្យ​មានការ​ដាក់​គំនាប​និង​គំរាម​កំហែង»

ក្រៅពី​អតិថិជន​ដែល​កំពុង​មាន​បញ្ហា​រឹបអូស​ផ្ទះ​នៅ​បុរី លឹម ឈាងហាក់ នេះ​ថ្មីៗ​នេះ​ក៏​មាន​អតិថិជន​ទិញ​ផ្ទះ​ពី​ម្ចាស់​បុរី​ពិភព​ថ្មី ចេញ​តវ៉ា​ទាមទារ​ឱ្យ​ម្ចាស់​បុរី​បញ្ឈប់​ការ​រឹបអូស​ផ្ទះ​និង​ស្នើ​ឱ្យ​ទិញ​ផ្ទះ​ពី​អតិថិជន​តាម​ការ​កិច្ច​ព្រមព្រៀង វិញ​ខណៈ អតិថិជន​មួយ​ចំនួន អស់​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់​បង់​រំលស់​បន្ត។

កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ អតីត​នាយករដ្ឋមន្ត្រី លោក​ហ៊ុន សែន​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ទាំងឡាយ​បញ្ឈប់​ការ​រឹបអូស​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​គ្មាន​ប្រាក់​បង់​រំលស់​បន្ត​ទៀត​។ លោក​ជំរុញ​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការ​រៀបចំ​ឥណទាន​រវាង​ម្ចាស់​បុរី និង​អ្នកទិញ​ឡើងវិញ​។ ទោះជា​យ៉ាងណា​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អតិថិជន​ទិញ​ផ្ទះ​បុរី​បន្ត​ប្រឈម​ការ​រឹបអូស​ផ្ទះ​ពី​ម្ចាស់​ក្រុមហ៊ុន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។