កម្ពុជា​នឹង​អាច​ជាប់​អន្ទាក់​បំណុល​ចិន​កាន់តែ​ជ្រៅ «ខណៈ​បន្ត​សុំ​ចិន​ខ្ចី​ប្រាក់​សង់​ហេដ្ឋារចនាសម្ព័ន្ធ»

ដោយ មាន ឫទ្ធិ
2024.11.03
កម្ពុជា​នឹង​អាច​ជាប់​អន្ទាក់​បំណុល​ចិន​កាន់តែ​ជ្រៅ «ខណៈ​បន្ត​សុំ​ចិន​ខ្ចី​ប្រាក់​សង់​ហេដ្ឋារចនាសម្ព័ន្ធ» រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ប៉េង ពោធិ៍នា (ស្ដាំមុខគេ) ជាមួយ​​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​គឺ​លោក វ៉ាង វិនពីន (Wang Wenbin) ចូលរួម​ពិធី​ខួប ២ឆ្នាំ​នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​សាធារណការ និង​ដឹកជញ្ជូន

អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​អាច​លង់​ខ្លួន​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​ដក​ខ្លួន​មិន​រួច ដោយសារ​តែ​ការ​ចាយ​វាយ​ប្រាក់​កម្ចី​ចិន​ខ្ជះខ្ជាយ គ្មាន​តម្លាភាព និង​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​ទៅ​លើ​ការ​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ខណៈ​កម្ពុជា​ស្នើ​ឱ្យ​ចិន​បន្ត​ជួយ​គាំទ្រ​ផ្នែក​កម្ចី និង​ជំរុញ​ក្រុមហ៊ុន​ចិន​ឱ្យ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

ក្រុម​អ្នក​តាមដាន​បញ្ហា​នយោបាយ និង​សង្គម​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​គ្មាន​សមត្ថភាព​ក្នុង​ការ​ព្យាយាម​កសាង​ប្រទេស ឬ​រស់​ដោយ​ខ្លួនឯង​ឡើយ ទើប​ផ្ដេកផ្ដួល​តាម​គោល​នយោបាយ​ដោយ​ចាប់​យក​ចិន​ធ្វើ​ជា​ស្នូល​សំខាន់ សម្រាប់​ទទួល​បាន​ប្រាក់​កម្ចី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​សេដ្ឋកិច្ច ដើម្បី​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន អាច​បន្ត​ដឹកនាំ​កម្ពុជា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ថា វា​ក្លាយ​ជា​រឿង​ទូទៅ​សម្រាប់​មេ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​ដែល​តែងតែ​ព្យាយាម​ស្នើ​សុំ​កម្ចី និង​ការ​គាំទ្រ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដឹក​ជញ្ជូន និង​ជំរុញ​អ្នក​វិនិយោគិន​ចិន​ឱ្យ​មក​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ លោក​ថា អ្វី​ដែល​ប្រជាជន​កម្ពុជា​កំពុង​រង​ហានិភ័យ​នោះ គឺ​ការ​ជាប់​អន្ទាក់​បំណុល​ចិន​វ័ណ្ឌក ដោយសារ​តែ​រដ្ឋាភិបាល​បន្ត​ខ្ចី​បុល​ចិន​យក​មក​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​មិន​បាន​គិតគូរ​ពី​តម្លាភាព និង​មិន​បាន​ឆ្លើយតប​តម្រូវ​ការ​ជាក់ស្ដែង និង​មិន​អាច​ចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ប្រសើរ​ឡើយ។

លោក សេង វណ្ណលី៖ «ពាក់ព័ន្ធ​នឹង​បំណុល​តែ​ម្ដង​វា​បង្ក​ហានិភ័យ​ដល់​ប្រជាជន​កម្ពុជា ក៏​ដូចជា​ប្រទេស​ជាតិ​នា​ពេល​អនាគត​នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ហិរញ្ញប្បទាន ឬ​ថវិកា​ដែល​ខ្ចី​ពី​ចិន​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​បន្ថែម​អាច​នឹង​បង្កើត​បាន​ជា​បំណុល​វ័ណ្ឌក​ដែល​មិន​អាច​សង​បាន វា​អាច​ឈាន​ដល់​ការ​ជ្រៀតជ្រែក ឬ​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ តាម​ពិត​ថ្វីត្បិតតែ​រដ្ឋាភិបាល​បច្ចុប្បន្ន​មើល​ឃើញ​ពី​ហានិភ័យ ក៏ប៉ុន្តែ​ដើម្បី​បង្កើត​រូបភាព​ឱ្យ​មាន​ការ​អភិវឌ្ឍ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​រដ្ឋាភិបាល​បច្ចុប្បន្ន​ព្យាយាម​ស្វែងរក​ឱកាស​ផ្សេងៗ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ខ្លួន​ឯង​អាច​ជំរុញ​ការ​អភិវឌ្ឍ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដើម្បី​ឱ្យ​ឃើញ​ជា​រូបរាង​នៃ​ការ​អភិវឌ្ឍ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​ស្គាល់​ការ​គ្រប់គ្រង​របស់​ខ្លួន»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​បែប​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ចិន គឺ​ជា​ប្រទេស​មួយ​ដែល​បាន​រួម​ចំណែក​សំខាន់​ក្នុង​ការ​ជួយ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៅ​កម្ពុជា​តាមរយៈ​ការ​បញ្ជូន​អ្នក​ជំនួញ​មក​បណ្ដាក់​ទុន​រកស៊ី និង​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។ ជាក់ស្ដែង ក្នុង​ពិធី​ខួប ២ឆ្នាំ​នៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី១ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ប៉េង ពោធិ៍នា បាន​ស្នើ​ដល់​ប្រទេស​ចិន​តាមរយៈ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​គឺ​លោក វ៉ាង វិនពីន (Wang Wenbin) ឱ្យ​ជួយ​គាំទ្រ​ការ​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ចិន​មក​បោះ​ទុន​រកស៊ី​នៅ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០។

របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យ​ដឹង​ថា មកដល់ពេលនេះ ចិន​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​សរុប​ប្រមាណ ៣ពាន់​លាន​ដុល្លារ​អាមេរិក និង​សាងសង់​ខ្សែ​ផ្លូវ​ប្រវែង​សរុប​ជិត ៤ពាន់​គីឡូម៉ែត្រ រួម​ទាំង​ស្ពាន​ធំៗ​សរុប ១៦ស្ពាន​ដែល​ប្រវែង​សរុប​ជាង ១៤គីឡូ​ម៉ែត្រ។ តាមរយៈ​ការ​ចូលរួម​ពី​ភាគី​ចិន​នេះ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​លោក ប៉េង ពោធិ៍នា អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា-ចិន​នឹង​ស្ថិតស្ថេរ​ជា​អមត និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​សម្រាប់​កសាង​ប្រទេស​រួម​គ្នា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុតិ្ត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។

ចំណែក អ្នក​សិក្សា​សង្គម និង​នយោបាយ​លោក ប៉ោ មករា លើកឡើង​ថា ទំនាក់ទំនង​កម្ពុជា និង​ចិន​សព្វថ្ងៃ​ចិន​ហាក់​បង្កប់​របៀបវារៈ​នយោបាយ​ឱប​ក្រសោប​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើង ខណៈ​កម្ពុជា​វិញ​ក៏​នៅតែ​ជាប់​គាំង​បញ្ហា​នយោបាយ និង​បន្ត​ផ្ដេកផ្ដួល​ពឹងផ្អែក​ដង្ហើម​ចិន​ស្ទើរ​គ្រប់​វិស័យ។ លោក​បន្ថែម​ថា កម្ពុជា​ជា​ប្រទេស​ទន់​ខ្សោយ និង​ពុំ​គួរ​ងប់ងុល​នឹង​ប្រាក់​កម្ចី​ចិន​ដែល​រដ្ឋាភិបាល​តែងតែ​ស្នើ​ចិន​សម្រាប់​ជំរុញ​វិស័យ​ដឹកជញ្ជូន​នោះ​ទេ ព្រោះ​លោក​ថា ការណ៍​ដែល​ចិន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រទេស​កម្ពុជា វា​អាច​ជា​យុទ្ធសាស្ត្រ​ចិន​នៅ​ក្នុង​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) ដែល​ចិន​មាន​បំណង​ចង់​ក្ដោបក្ដាប់​សេដ្ឋកិច្ច និង​ពង្រីក​ឥទ្ធិពល​នៅ​តាម​បណ្ដា​ប្រទេស​ក្រីក្រ និង​ទន់ខ្សោយ​តែ​ប៉ុណ្ណោះ។

លោក ប៉ោ មករា៖ «មួយទៀត​ខ្ញុំ​គិត​ថា បណ្ដា​ប្រទេស​លោកសេរី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ភាគី​ពាក់ព័ន្ធ​ជាពិសេស​សហរដ្ឋអាមេរិក (US) សហគមន៍​អឺរ៉ុប (EU) គួរណា​តែ​បន្ត​ជួយ ឬ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​កម្ពុជា​ក្នុង​ការ​ផ្ដល់​ជំនួយ​លើក​ទឹកចិត្ត​ក្នុង​ការ​រុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ឱ្យ​ពេញលេញ ព្រោះ​កាលណា​បណ្ដា​ប្រទេស​លោកសេរី​ទាំង​អស់​ដែល​នៅ​ឆ្ងាយ​ពី​កម្ពុជា​ធ្វើ​ឱ្យ​កម្ពុជា​ឯកោ ហើយ​កម្ពុជា​អាច​ពឹង​ពាក់​ចិន​មួយ​មុខ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ឃ្លាត​ចេញ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​លំហ​តូច មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ដល់​ការ​ចូលរួម​សង្គម​របស់​ប្រជាពលរដ្ឋ​ទូទៅ»

គិត​មក​ដល់​ពេល​នេះ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង ១១ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​ជំពាក់​បំណុល​ចិន​ច្រើន​ជាង​គេ ឬ​ស្មើ​ជាង ៤ពាន់​លាន​ដុល្លារ​នៃ​បំណុល​បរទេស​សរុប។ បំណុល​ដែល​បាន​ពី​ចិន​ភាគច្រើន។ អ្នកឃ្លាំមើល​វាយ​តម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ​តម្លាភាព​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ស៊ីជម្រៅ​ឡើយ​សម្រាប់​យក​មក​កសាង​ស្ពាន និង​ផ្លូវ​ថ្នល់​ជាដើម​ដែល​បង្ក​ឱ្យ​មាន​អំពើ​ពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។ ម្យ៉ាង​វិញ​ទៀត គម្រោង​កសាង​សង់​ផ្លូវ​ដែល​ទទួល​បាន​ប្រាក់​កម្ចី​ពី​ចិន​កន្លង​មក រដ្ឋាភិបាល​មិន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​នានា​ដេញ​ថ្លៃ​សម្រាប់​កសាង​នោះ​ទេ ពោល​គឺ​រដ្ឋាភិបាល​អនុម័ត​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​រដ្ឋ​អំណាច​ចិន និង​ក្រុមហ៊ុន​បក្ខពួក​ដែល​ស្និទ្ធ​នឹង​ខ្លួន ខណៈ​បណ្ដា​ផ្លូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​គ្មាន​គុណភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។