អ្នកជំនាញ​បារម្ភ​ថា កម្ពុជា​នឹង​ជាប់​ផុង​កាន់​តែ​ខ្លាំង​ក្រោម​ឥទ្ធិពល​មហាអំណាច​ចិន ដោយសារ​អតុល្យភាព​ផ្នែក​ពាណិជ្ជកម្ម

ដោយ សុ ជីវី
2024.10.21
អ្នកជំនាញ​បារម្ភ​ថា កម្ពុជា​នឹង​ជាប់​ផុង​កាន់​តែ​ខ្លាំង​ក្រោម​ឥទ្ធិពល​មហាអំណាច​ចិន ដោយសារ​អតុល្យភាព​ផ្នែក​ពាណិជ្ជកម្ម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី១៧ តុលា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​មាន​កំណើន​បន្ថែម​ទៀត​នៅ​ក្នុង​រយៈ​ពេល៩ខែ ក្នុង​ឆ្នាំ ២០២៤ នេះ គឺ​បាន​កើន​ដល់​ជាង ១១​ប៊ីលាន​ដុល្លារ ឬ​ជាង ១១ពាន់​លាន​ដុល្លារ (១១,១៤៧ ពាន់​លាន)

កម្ពុជា​រំពឹង​ថា​អាច​នឹង​មាន​ឱកាស​នាំចេញ​ទំនិញ ពិសេស​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​ទៅ​ប្រទេស​ចិន។

ផ្ទុយ​ទៅវិញ​អ្នកឃ្លាំមើល​បារម្ភ​ថា អតុល្យភាព​ពាណិជ្ជកម្ម​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​ទៅ​ចិន​អាច​នាំ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​ជា​ច្រើន​រួម ទាំង​បញ្ហា​វិបត្តិ​បំណុល តាម​រយៈ​កម្ចី ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ។

បើ​ទោះជា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើន​ឡើង​បន្ថែម​ទៀត​ក្ដី​ក៏​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ នៅ​តែ​តិចតួច​បើ​ប្រៀបធៀប​នឹង​ទំហំ​ទំនិញ​ដែល​ចិន​នាំ​មក​លក់​នៅ​កម្ពុជា។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ចេញ​ផ្សាយ​ស្ថិតិ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​​​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល៣ត្រីមាស ឬ ៩ខែ ក្នុង​ឆ្នាំ២០២៤ ដែល​បង្ហាញ​ថា​ប្រទេស​ចិន​ស្ថិត​នៅ​លេខ​រៀង​ទី១ នៃ​តារាង។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​បាន​កើន​ឡើង​ដល់​ជាង ១១​ប៊ីលាន​ដុល្លារ ឬ​ជាង ១១ពាន់​លាន​ដុល្លារ (១១,១៤៧) កើន​ឡើង ២២,% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៣។ ប៉ុន្តែ​ទំហំ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ចិន​មាន​កម្រិត​តិចតួច​បំផុត បើ​ប្រៀបធៀប​នឹង​ការនាំចូល​ទំនិញ​ផ្ទាល់​ពី​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ជិត ១០ ប៊ីលាន​ដុល្លារ (,៨៦៨)។ ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ចិន​ភាគ​ច្រើន​ជា​វត្ថុធាតុ​ដើម​ផ្នែក​កាត់ដេរ គ្រឿង​ចក្រ យានយន្ត គ្រឿង​ឧបភោគបរិភោគ គ្រឿង​អេឡិចត្រូនិក លោហធាតុ បរិក្ខារ និង​ថ្នាំពេទ្យ។ ចំណែក​ទំនិញ​នាំចេញ​វិញ​មាន​ដូចជា​សំលៀកបំពាក់ អង្ករ ចេក ស្វាយ ដំឡូងមី និង​ផល​នេសាទ។

ទាំង​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ និង​ទាំង​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតែ​លើកឡើង​ពី​ក្ដី​សង្ឃឹម​ថា​កម្ពុជា​នឹង​មាន​ឱកាស​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​មហា​អំណាច​ទី២​របស់​ពិភព​លោក​នេះ​បន្ថែម​ទៀត នៅ​ក្រោម​កិច្ចព្រមព្រៀង​ទ្វេភាគី​កម្ពុជា ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)

ផ្ទុយទៅវិញ​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ លើក​ឡើង​ថា ត្រង់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា ប្រទេស​ចិន​ពុំ​បាន​ផ្ដល់​ការ​អនុគ្រោះ​ណាមួយ​ដល់​កម្ពុជា​ទេ ផ្ទុយទៅវិញ​ចិន​កំពុង​ធ្វើ​ពាណិជ្ជកម្ម ដោយ​មាន​លក្ខខណ្ឌ​ធ្វើ​ឱ្យ​កម្ពុជា​គ្មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ស្តង់ដារ​របស់​ចិន ទើប​ការនាំចេញ​ទៅ​ចិន​ទាប ដែល​ខុសគ្នា​ស្រឡះ​ពី​ការ​អនុគ្រោះ ដែល​កម្ពុជា​ទទួល​បាន​ពី​បណ្ដា​ប្រទេស​លោក​សេរី។

លោក គឹម សុខ៖ «គឺ​ជា​ការ​បង្ហាញ​ថា កម្ពុជា​គឺ​ជា​គូប្រកួត​ប្រជែង​ពាណិជ្ជកម្ម មិនមែន​ចិន​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ទេ គឺ​កាលណា​កម្ពុជា​មាន​សមត្ថភាព​​ផលិត​តិច​គឺ​នាំ​ទៅ​ចិន​បាន​តិច ហើយ​នៅ​ពេល​ចិន​មាន​សមត្ថភាព​ផលិត​ច្រើន​គេ​នាំ​មក​កម្ពុជា​កាន់​តែ​ច្រើន។ ទី១ បច្ចេកទេស​ផលិតកម្ម​របស់​កម្ពុជា​​ក៏​នៅ​ទាប​ជាង​ចិន​ឆ្ងាយ​ណាស់។ ទី២ ទំហំ​ទុន​របស់​ចិន​ក៏​ធំ។ ដូច្នេះ​គេ​ក៏​អាច​ពង្រីក​កម្លាំង​ផលិត​កម្ម​គេ​លឿន និង​ទាន់​ពេលវេលា។ ប្រកួត​មិន​ឈ្នះ​ចិន​ទេ»។

តារាង​ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ឱ្យ​ដឹង​ទៀត​ថា​ប្រទេស​ទី២ នៃ​តារាង​នេះ​បន្ទាប់​ពី​ចិន គឺ​សហរដ្ឋអាមេរិក។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​ក្នុង​រយៈពេល ៩ខែ​មក​នេះ​គឺ​ជិត ៨ពាន់​លាន​ដុល្លារ (,៨០១) កើន​ឡើង ១០,% ក្នុង​នោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​ជាង ៧ពាន់​លាន​ដុល្លារ (,៦០៨)។ តួលេខ​នេះ​នៅ​តែ​បង្ហាញ​ថា អាមេរិក​នៅ​តែ​ឈរ​ជួរមុខ​ជា​ទីផ្សារ​ទិញ​ទំនិញ​ពី​កម្ពុជា បើ​ទោះបីជា ជា​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​ទំនាក់ទំនង​កម្ពុជា​អាមេរិក​មាន​ភាព​ល្អក់​កករ មិន​ដូច​ទំនាក់ទំនង​រវាង​កម្ពុជា​ចិន ដែល​ជា​មិត្ត​ដែក​ថែប​នឹង​គ្នា​ឡើយ។

នៅ​ពេល​ដែល​រដ្ឋាភិបាល​រំពឹង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើកឡើង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្រោម​កិច្ចព្រមព្រៀង​ទាំងនេះ ភាគច្រើន​ផ្ដល់​ផល​ចំណេញ​ទៅ​លើ​ក្រុមហ៊ុន​ធំៗ។

លោក សេង វ៉ាន់លី៖ «អ្នកទទួល​បាន​ប្រយោជន៍​គឺ​អ្នក​នយោបាយ និង​អ្នក​នៅ​ជុំវិញ​អ្នក​មាន​ឥទ្ធិពល មិនមែន​កសិករ ឬ​ក៏​កសិកម្ម កសិដ្ឋាន​តូចតាច​អាច​រុញ​ផលិតផល​របស់​ខ្លួន​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ចិន​បាន​ទេ។ វា​ត្រូវការ​វិនិយោគ​ធំ ហើយ​​យើង​ត្រូវ​ទទួល​ស្គាល់​ថា ធម្មតា​ទីផ្សារ​នាំចេញ​គេ​ទាមទារ​ឱ្យ​មាន​ស្ថិរភាព​ចង្វាក់​ផ្គត់ផ្គង់។ អ៊ីចឹង​កសិដ្ឋាន​តូចៗ ឬ​សហគ្រិន​តូចៗ​ប្រហែល​ជា​ពិបាក​ចាប់​យក​ទីផ្សារ​ចិន»

យ៉ាងណាក៏ដោយ​អតុល្យភាព​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​ទំនង​ជា​ដើមចម​សំខាន់​មួយ ដែល​តម្រូវ​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ចិន​បន្ថែម​ទៀត ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំពារ​វិស័យ​ពាណិជ្ជកម្ម​ពោល​គឺ​ដើម្បី​ប្រឹង​រត់​តាម​ឱ្យ​ទាន់​តម្រូវការ​របស់​ចិន។

លោក សេង វ៉ាន់លី មើល​ឃើញ​ថា កម្ចី​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវ​ត​ភ្ជាប់​សម្រាប់​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ជីក​ព្រែក កំពង់​ផែ និង​អាកាសយានដ្ឋាន​ជាដើម។ លោក វ៉ាន់លី បន្ត​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ជំពាក់​បំណុល​ចិន​វ័ណ្ឌក ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ខ្ចី​លុយ​ពី​ចិន​ក្នុង​គម្រោង​ទាំង​នេះ និង​មិន​អាច​គ្រប់គ្រង​អំពើ​ពុករលួយ​បាន។

លោក សេង វ៉ាន់លី៖ «មាន​ការ​វិនិយោគ​ចូល​ច្រើន​ទាមទារ​ឱ្យ​មាន​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ​ទៅ​លើ​កំពង់ផែ វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទាំង​រូបវន្ត ទាំង​អរូបវន្ត ដើម្បី​ធ្វើ​យ៉ាងណា​កែសម្រួល​ទាក់ទាញ​វិនិយោគ​ពី​ចិន​មក។ ពេល​ណា​ធ្វើ​ហើយ​អាច​មិន មាន​ប្រសិទ្ធភាព អាច​បន្ត​ខ្ចី​ទៀត។ ទីបំផុត​ចំណូល​ទទួល​បាន​ពី​ការ​វិនិយោគ​តិច អត់​ឆ្លើយ​តប​នឹង​បំណុល​ដែល​ខ្លួន​ឯង​ជាប់ ហ្នឹង​វា​បង្កើត​បាន​ទៅ​ជា​អន្ទាក់។ អ៊ីចឹង​ខ្ចី​ថែម​អត់​លុយ​សង ខ្ចី​ថែម​ទៀត។ ចំណុច​ហ្នឹង​ហើយ​ដែល​ថា ការ​គ្រប់​គ្រង​របស់​រដ្ឋ​បច្ចុប្បន្ន​ហ្នឹង​ខ្វះ​តម្លាភាព ពិបាក​ក្នុង​ការ​ដែល​ស្ថាប័ន​ឯករាជ្យ​ត្រួតពិនិត្យ»

ក្នុង​រយៈពេល ១ទសវត្សរ៍​ចុងក្រោយ កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ដៃគូ​ដ៏​ល្អ​ជាមួយ​ចិន​ក្នុង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ នៅ​កម្ពុជា​ជា​ច្រើន​បាន​កសាង​ឡើង​ពី​ប្រាក់​កម្ចី​ផ្ដល់​ដោយ​រដ្ឋាភិបាល​ចិន។ គម្រោង​ទាំងនោះ​រួមមាន៖ ព្រលាន​យន្តហោះ​សៀមរាប​អង្គរ​អន្តរជាតិ ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ក្រុង​ព្រះសីហនុ តម្លៃ ២​ពាន់​លាន​ដុល្លារ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្ត​កណ្ដាល ក្នុង​តម្លៃ ១​ពាន់ ៥​រយ​លាន​ដុល្លារ​ជាដើម។

មក​ដល់​ពេលនេះ​កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ជាង ១១ពាន់​លានដុល្លារ (១១,១៦) ក្នុង​នោះ​ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា គឺ​ជា ៤​ពាន់លាន​ដុល្លារ ហើយ​ភាគ​ច្រើន​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ។

អ្នកឃ្លាំមើល​សង្គម​បារម្ភ​ថា កម្ពុជា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​បណ្ដា​ប្រទេស​ក្រីក្រ​មួយ​ចំនួន ដូចជា ឡាវ (Laos) ស្រីលង្កា (Sri Lanka) និង​ប្រទេស​មួយចំនួន​ទៀត​នៅ​តំបន់​ទ្វីប​អាហ្វ្រិក បាន​បាត់បង់​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដោយសារ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​កេងប្រវ័ញ្ច​ធនធាន​ធម្មជាតិ គ្រប់គ្រង​កំពង់ផែ ឬ​តំបន់​សំខាន់ៗ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ដោះ​បំណុល​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។