កសិករ​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ចុះថោក

ដោយ សុ ជីវី
2025.01.09
កសិករ​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ចុះថោក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួប​តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៨ មករា ២០២៥។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

កសិករ​មួយ​ចំនួន​ទទូច​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ចុះថោក ខណៈ​លោក​បាន​ជួប​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

ការ​ទទូច​នេះ ធ្វើ​ឡើង​ក្នុង​ពេល​កសិករ​នៅក្នុង​ខេត្ត​មួយ​ចំនួន កំពុង​ប្រឈម​នឹង​បញ្ហា​ស្រូវ​ចុះថោក​ខ្លាំង ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ប្រាក់ចំណូល និង​គ្មាន​លទ្ធភាព​សងបំណុល​ធនាគារ។

កសិករ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោកស្រី ផាំង ណាម ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៨ ខែ​មករា ថា លោកស្រី​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព និង​ខាតបង់​ប្រាក់ចំណូល​ច្រើន បន្ទាប់ពី​ស្រូវ​ប្រភេទ នាងខុន នៅ​តំបន់​នោះ ធ្លាក់​ថ្លៃ​ចុះ​ដល់ ៥៨០ រៀល​ក្នុង​មួយ​គីឡូក្រាម ។ លោកស្រី ថា តម្លៃ​ស្រូវ​បែបនេះ ពុំ​អាច​ទូទាត់​នឹង​ថ្លៃដើម​បាន​ឡើយ។

លោកស្រី ផាំង ណាម៖ «អីចឹង​បាន​ថា ដល់​អីចឹង​អត់​រួចខ្លួន​ថ្លៃ​ជី ថ្លៃ​ថ្នាំ ថ្លៃ​ច្រូត ដល់​អីចឹង​ម្នាក់ៗ​នាំគ្នា​ត្រឹង​អន្ទះសា​ដែរ​ហ្នឹង ស្រូវ​វា​ធ្លាក់​ថ្លៃ​ពេក ហើយ​ស្រូវ​វា​ចេះតែ​ខ្ញង់​ទៅ​ហើយ តែបើ​ច្រូត​យក​មក​វា​គ្មាន​កន្លែង​ដាក់​វា​ចាល់​អីចឹង​ទៅ ហើយ​បើ​លក់​វា​បាន​ថោក»

ស្រដៀង​គ្នា​នេះ កសិករ​ម្នាក់ទៀត​នៅ ខេត្ត​កំពង់ឆ្នាំង លោកស្រី ជែម សុផារី ថ្លែង​ថា លោកស្រី នៅ​មិនទាន់​ហ៊ាន​ប្រមូល​ផល​ស្រូវ​នោះ​ទេ បើ​ទោះ​ជា​ស្រូវ ដល់​អាយុកាល​ត្រូវ​ច្រូតកាត់​ហើយក៏​ដោយ​ដោយសារតែ​ស្រូវ​កំពុង​ចុះថោក។ លោកស្រី​បន្ថែម​ថា បញ្ហា​ស្រូវ​ចុះថោក​នេះ នឹង​ក្លាយ​ជា បន្ទុក​មួយ​បន្ថែម​ទៀត ខណៈ​លោកស្រី គ្មាន​របរ​អ្វី​ក្រៅពី​ធ្វើស្រែ​នោះ​ឡើយ។

លោកស្រី ជែម សុផារី៖ «ចង់​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ស្រូវ​ឲ្យ​បាន​មួយ​គីឡូ​មួយ​ពាន់​រៀល​ទៅ បើ​មិន​បាន​អី​ក៏បាន​តម្លៃ​ប៉ុណ្ណឹង​ទៅ ប្រជាពលរដ្ឋ​ថ្លៃ​ជំពាក់​គេ ជំពាក់​អី​វា​កាត់បន្ថយ​ខ្លះទៅ តែបើ​អត់​បាន​ប៉ុណ្ណឹង​ទេ គឺ​ផាត់​ទូទាត់​មិន​រួច​តែម្ដង»

ការ​ត្អូញត្អែរ​របស់​កសិករ​នេះ ធ្វើឡើង​ក្នុង​ពេល​តម្លៃ​ស្រូវ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​កំពង់ឆ្នាំង​ជាដើម កំពុង​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​៣ ខែ​មករា តម្លៃ​ស្រូវ​ប្រភេទ អូអឹម (OM 54.51) នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់​ជាដើម មានតម្លៃ​ចន្លោះ​ពី ៩៣០ ដល់ ៩៧០ រៀល​ក្នុង​មួយ​គីឡូក្រាម តែ​តម្លៃ​នេះ បាន​ធ្លាក់ចុះ​នៅសល់​ចន្លោះ​ពី ៧៩០ ដល់ ៨១០​រៀល កាលពី​ថ្ងៃទី​៦ ខែមករា ។ ចំណែកឯ​ស្រូវ​ប្រភេទ អ៊ីអ៊ែ កាល​ពី​ថ្ងៃទី ៣ ខែមករា មានតម្លៃ ៨៧០ រៀល​ក្នុង​មួយ​គីឡូក្រាម តែ​នៅ​ត្រឹម ៧១០ រៀល​ក្នុង​មួយ​គីឡូក្រាម​កាលពី​ថ្ងៃទី ៦ ខែមករា ហើយ​ស្រូវ​ប្រភេទ​នេះ ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ឲ្យ​ដឹង​ថា បាន​បន្ត​ធ្លាក់​ថ្លៃ​នៅ​ត្រឹម ៥៨០ រៀល​ក្នុង​មួយ​គីឡូក្រាម នៅ​ថ្ងៃទី​៨ ខែមករា។

ស្របពេល​ពលរដ្ឋ​ត្អូញត្អែរ​មិន​ដាច់​ពី​មាត់​អំពី​តម្លៃ​ស្រូវ​ចុះថោក នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅ​ព្រឹក​ថ្ងៃទី៨ ខែ​មករា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដែល​បង្ហាញ​ពី​សកម្មភាព​របស់​លោក អនុញ្ញាត​ឲ្យ​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ។ ជំនួប​នេះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង និង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​ដូចជា ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ជាដើម ។ ប៉ុន្តែ​លោក ពុំបាន​បង្ហាញ​ពី​លទ្ធផល នៃ​ការ​កិច្ចប្រជុំ​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រេសញូ (Freshnews) ឲ្យ​ដឹងថា ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គឺ​ធ្វើ​ឡើង ដើម្បី​ជជែក​អំពី​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អឹម រចនា និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភណ្ឌ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៨ ខែ​មករា។

ចំណែក​ឯ អគ្គលេខាធិការ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេលេក្រាម (Telegram) ថា លោក​នឹង​ផ្ដល់​ព័ត៌មាន​នេះ នៅ​ថ្ងៃ​ស្អែក។

ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល គួរតែ​ពង្រឹង​អនុវត្ត​គោល​នយោបាយ ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ស្រូវ​-​អង្ករ ដើម្បី​ធានា​ថា ទិន្នផល​កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​សមរម្យ និង​អាច​ទទួល​យក​បាន។

លោក ឌី គន្ធា៖ «រដ្ឋាភិបាល​របស់​គេ ក៏​គេ​យកចិត្តទុកដាក់​លើ​គោលនយោបាយ​លើកកម្ពស់​ផលិតកម្ម តាម​កិច្ចសន្យា​ដោយ​ធានា​នូវ​ការចរចា​តម្លៃ​សមរម្យ ដែល​ធៀប​ទៅ​នឹង​ការ​វិនិយោគ​របស់​កសិករ ដោយ​ធានា​ថា កសិករ​ក្រោយពី​ប្រមូល​ផល​ហើយ គឺ​អាច​ទទួល​បាន​ផល​កម្រៃ​សម្រាប់​យក​ទៅ​ទូទាត់​សងបំណុល ឬក៏​បាន​ចំណូល​មក​មក​សម្រាប់​ដោះស្រាយ​ក្នុង​គ្រួសារ ដោយ​មិន​ធ្វើ​ឲ្យ​កសិករ​របស់​ពួកគេ ប្រឈមមុខ​នឹង​បំណុល​វ័ណ្ឌក ឬក៏​កូនចៅ​របស់​ពួកគេ​ចំណាកស្រុក ទៅ​ធ្វើ​ចំណាកស្រុក​ទៅ​ឯ​នាយ​សមុទ្រ​នោះ​ទេ»

ស្ទើរតែ​ជា​រៀងរាល់​ឆ្នាំ កសិករ​តែងតែ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះថោក ខណៈ​ដំណាំ​ស្រូវ​របស់​ពួកគាត់ ក៏​តែង​ជួប​គ្រោះរាំង​ស្ងួត និង​គ្មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​នៅ​រដូវប្រាំង និង​ជួប​គ្រោះ​ទឹកជំនន់ នៅ​រដូវវស្សា ។ បញ្ហា​ទាំងនេះ បាន​ធ្វើ​ឲ្យ​កសិករ​ជាច្រើន ខាតបង់​ប្រាក់ចំណូល និង​ប្រឈម​នឹង​បញ្ហា​ជំពាក់​បំណុល​វ័ណ្ឌក ហើយ​ពួកគាត់ បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​ជួយ​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​ជូន​ពួកគាត់ ។ កន្លងទៅ អាជ្ញាធរ​អះអាង​ថា កត្តា​ស្រូវ​ចុះថោក គឺ​ដោយសារតែ​កសិករ​សម្រុក​ច្រូត​ក្នុង​ពេល​តែមួយ ឬ​ក្នុង​ពេល​ប្រទេសជិតខាង​កំពុង​ប្រមូល​ផល​ស្រូវ​ដូចគ្នា​នឹង​កម្ពុជា។

ទោះជា​យ៉ាងណា កសិករ​ទទូច​ដល់​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍ ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​សម្រាប់​ពួកគាត់ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ស្រូវ​ចុះថោក ធ្វើ​ឲ្យ​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​ដោះ​ខ្លួន​មិន​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។