កម្មករ​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដូច​មន្ត្រីរាជការ

ដោយ ខែ សុណង
2021-09-25
Share
កម្មករ​ស្នើ​សុំ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដូច​មន្ត្រីរាជការ កម្មកររោងចក្រកាត់ដេរ ចេញពីធ្វើការនៅរោងចក្រមួយក្បែរក្រុងភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០។
AP

កម្មករ​វិស័យ​កាត់ដេរ​ស្នើសុំ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឲ្យ​ដូច​មន្ត្រីរាជការ​ដែរ​។ ការ​លើកឡើង​នេះ ក្រោយពេល​រដ្ឋាភិបាល​បញ្ជាក់​ថា ការឧបត្ថម្ភ​ប្រាក់ ប្រាំ​ម៉ឺន​(៥០.០០០)​រៀល​ឲ្យ​មន្ត្រីរាជការ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​ជា​ការ​យកចិត្ត​ទុកដាក់​លើ​ជីវភាព​មន្ត្រីរាជការ។ អ្នកឃ្លាំមើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្តទុកដាក់ និង​ផ្ដល់​ការឧបត្ថម្ភ​ឲ្យ​កម្មករ​ដូចគ្នា​នេះ​ដែរ។

កម្មករ​កាត់ដេរ​មួយចំនួន​ត្អូញត្អែរ​ថា ពួកគាត់​កំពុង​ប្រឈម​បញ្ហា​ខ្វះខាត​លុយ​ធ្វើដំណើរ និង​ជូន​ឪពុកម្ដាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ពួកគាត់​សំណូមពរ​ដល់​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់​ខ្លះ ដើម្បី​ដោះស្រាយ​ការ​លំបាក​មួយ​គ្រា​នេះ។

កម្មការិនី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ហៃសាន់ អេចប៊ី (HayThan HB) នៅ​ខណ្ឌឫស្សីកែវ លោកស្រី ណាំ ឡេង យល់​ថា រដ្ឋាភិបាល និង​ថៅកែ​គួរតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច​ឲ្យ​កម្មករ ដូច​មន្ត្រីរាជការ​ដែរ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ថ្លៃ​ធ្វើដំណើរ និង​ការ​ហូបចុក​តាមផ្លូវ​បាន​ខ្លះ​។ លោកស្រី បញ្ជាក់​ថា រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ស្ថានភាព​ការងារ​រោងចក្រ​មិន​សូវ​ល្អ​ទេ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩(Covid-19) ដែល​តម្រូវ​ឲ្យ​កម្មករ​ខ្លះ​ត្រូវ​ផ្អាក​ការងារ​មួយ​រយៈ និង​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប តែ​ទំនិញ និង​សេវាកម្ម​ឡើងថ្លៃ​។ លោកស្រី​បន្ត​ថា កម្មករ​ភាគច្រើន​មិន​សល់​ប្រាក់​សម្រាប់​ចំណាយ​ពេល​បុណ្យ​ទាន​ទេ ព្រោះ​ថា ប្រាក់​ឈ្នួល​រាល់​ខែ គឺ​គ្រប់​គ្រាន់តែ​ទប់ទល់​សម្រាប់​ការ​ហូបចុក បង់ថ្លៃ​បន្ទប់​ជួល និង​សង​រំលស់​បំណុល​ធនាគារ​ប្រចាំខែ​ប៉ុណ្ណោះ៖ «ចាស​!​បាន​៥០.០០០​មក វា​ជួយ​សម្រួល​បាន​សោហ៊ុយ​ឡាន​ទៅ។ កម្មករ​ឲ្យ​តែ​បាន ប៉ុន្មាន​ម៉ឺន​ក៏​អរ​ដែរ​។ ឲ្យ​តែ​បាន​ពី​រដ្ឋាភិបាល​អរ​ណាស់​គ្នា​។ មិនមែន​តែ​គ្នា​ទេ ខ្ញុំ​ក៏​អរ​ដែរ កម្មករ​ដែរ»

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​ម្នាក់ទៀត​ធ្វើការ​នៅ​រោងចក្រ​ម៉ាកាឡូត ហ្គាមិន​(MAKALOT GARMENTS (CAMBODIA)CO.LTD) លោកស្រី ហ៊ឹម សុផល ឱ្យ​ដឹង​ថា លោកស្រី និង​កម្មករ​រោងចក្រ​ផ្សេងទៀត​នៅ​ម្ដុំ​ស្ទឹងមានជ័យ សុទ្ធតែ​បាត់បង់​ប្រាក់ចំណូល​មួយរយៈ​ក្នុង​ពេល​បិទ​ខ្ទប់​តំបន់​ស្ទឹងមានជ័យ។ លោកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំ​ខ្មែរ​ឲ្យ​កម្មករ​ដែរ ដើម្បី​ពួកគាត់​មាន​សោហ៊ុយ​ខ្លះ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត៖ «តែបើ​ថា​អា​លុយ​៤០​ដុល្លារ ឬ​១៦​ម៉ឺន​នោះ​ខ្ញុំ​ធ្លាប់​បាន​មែន។ តែ​អា​រឿង​(​លុយ​ឧបត្ថម្ភ​)​ហ្នឹង​ខ្ញុំ​អត់​សូវ​ដឹង​ច្បាស់​អ៊ីចឹង​។ ប៉ុន្តែ​ដូច​ធ្លាប់​ខាង​រោងចក្រ​ផ្សេង​ក្រែង​លោ​មាន។ តែ​ខ្ញុំ​មិនដែល​បាន​សួរ​រឿង​ហ្នឹង»

កម្មករ​ឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​ខ្លះ​នឹង​ឲ្យ​កម្មករ​ខ្ចីប្រាក់​ឈ្នួល​ពាក់កណ្ដាល​មុន ដើម្បី​យក​ទៅ​ចាយវាយ​ក្នុង​ពេល​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។ តែ​ប្រាក់​នេះ មិនមែន​ជា​ប្រាក់ឧបត្ថម្ភ​ទេ គឺជា​បំណុល​សុទ្ធសាធ ដោយ​កម្មករ​ត្រូវ​មក​ធ្វើ​ការ​សង​គេ​វិញ។

នៅ​ឆ្នាំនេះ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ ហើយ​រោងចក្រ​ខ្លះ នឹង​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​៥ ឬ​៦​ថ្ងៃ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​កាត់​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​របស់​កម្មករ​វិញ។ កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​កម្មករ​ធ្វើ​ការ​នៅ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ទាំង​៣​ថ្ងៃ និង​ដាក់​បម្រាម​បិទផ្លូវ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កម្មករ​ទៅលេង​ស្រុកកំណើត ព្រោះ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​១៩។

នៅ​ឆ្នាំនេះ​រដ្ឋាភិបាល​មិនទាន់​បាន​ចេញ​បម្រាម​នេះ​ឡើងវិញ​ទេ តែ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​បម្រាម​បិទ​វត្ត​ទាំងអស់​រួច​ហើយ​។ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

ចាប់តាំងពី​ឆ្នាំ​២០១៦​មក រដ្ឋាភិបាល​តែងតែ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​ប្រាំ​ម៉ឺន​(៥០.០០០)​រៀល​ឲ្យ​មន្ត្រី​រាជការ​ទាំងអស់​សម្រាប់​ពិធី​បុណ្យជាតិ​ធំ​២ គឺ​ចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​។ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ រដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រាំ​ម៉ឺន​រៀល​ដដែល​ឲ្យ​ទៅ​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា និង​មន្ត្រី​ចូលនិវត្តន៍ សរុប​ទាំងអស់​ប្រមាណ​ប្រាំ​សែន​(៥០​ម៉ឺន) នាក់ ដែល​នឹង​ត្រូវ​ចំណាយ​ថវិកាជាតិ​សរុប​ខ្ទង់​ប្រាំបី​()​លាន​ដុល្លារ។

ជុំវិញ​ករណីនេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ​លោក យក់ ប៊ុនណា និង​អ្នក​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃទី​២៤ កញ្ញា។ តែ​យ៉ាងណា​លោក យក់ ប៊ុនណា ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះជា​ស្ថានភាព​កូវីដ​១៩ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រឈម​នឹង​បញ្ហា​ជាច្រើន ក៏ដោយ ក៏​រដ្ឋាភិបាល​នៅតែ​គិតគូរ​ទៅដល់​ជីវភាព​មន្ត្រីរាជការ​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ឲ្យ​កម្មករ​ដែរ ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​ពួកគាត់ និង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​កម្មករ​ជាដើម​។ លោក​ជឿ​ថា រដ្ឋាភិបាល​មានលទ្ធភាព​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ៖ «បើ​មានការ​ជា​លើកឡើង ជា​ការ​ល្អ​ដែរ ព្រោះ​វា​បាន​អត្ថប្រយោជន៍​ទៅ​ខាង​កម្មករ​ដែរ ព្រោះ​មួយ​រយៈ​ហ្នឹង​វា​មាន​កូវីដ​ដែរ​។ អ៊ីចឹង​បើសិនជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​មាន វា​ជា​ការ​ល្អ»

ក្រៅពី​កម្មករ​វិស័យ​កាត់ដេរ កម្មករ​វិស័យ​ដទៃទៀត ដូចជា​ដឹកជញ្ជូន និង​កាស៊ីណូ ជាដើម ក៏​លើកឡើង​ពី​ការ​លំបាក​ស្រដៀង​គ្នា​នេះ​ដែរ។ កម្មករ​ក្នុង​វិស័យ​ទាំងនេះ​អះអាង​ថា ពួកគាត់​ធ្វើការ​បាន​ប្រាក់​ឈ្នួល​ទាប និង​ខ្លះទៀត​បាត់បង់​ការងារ​ធ្វើ ដូច្នេះ​ពួកគាត់​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់​ដែរ ដើម្បី​ដោះស្រាយ​ការ​លំបាក​នេះ។

ប្រធាន​សហជីព​កម្មករ​កាស៊ីណូ​ហាទៀង (Hatien) នៅ​ខេត្តកំពត លោក សែម វុទ្ធី អះអាង​ថា កម្មករ​កាស៊ីណូ​បាត់បង់​ការងារ​ច្រើន​ខែ​ហើយដោយ​មិនទាន់​ទទួល​បាន​ការឧបត្ថម្ភ​ពី​រដ្ឋ​នោះ​ទេ​។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដល់​ជីវភាព និង​បញ្ហា​របស់​ពួក​លោក ឱ្យ​ដូច​គិតគូរ​ដល់​មន្ត្រីរាជការ និង​កម្មករ​វិស័យ​ដទៃទៀត​ដែរ៖ «កម្មករ​កាស៊ីណូ តាម​ដែល​គេ​គិត​ណា​ថា​គាត់​ប្រាក់ខែ​ច្រើន​ណា។ ប៉ុន្តែ​ក្នុង​វិស័យ​ទេសចរណ៍​គឺ​គ្មាន​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ទេ។ មិន​ដូច​ខាង​វិស័យ​កាត់ដេរ​ទេ គេ​មាន​អប្បបរមា ហើយ​ឥឡូវ​ដល់​១៩២​ដុល្លារ ហើយ​ឆ្នាំក្រោយ​គេ​គម្រោង​២០០​ជាង​ទៀត​។ តែបើ​ពួក​ខ្ញុំ អ្នកណា​ចូល​មក​១៥០​ដុល្លារ នៅតែ​១៥០​ហ្នឹង​ទៅ។ ៣​ខែក្រោយ​១៨០​ដុល្លារ នៅតែ​១៨០​ហ្នឹង​ទៅ ហើយ​៣​ឆ្នាំក្រោយ​ក៏​នៅតែ​១៨០​ដែរ ហើយ​បើសិនជា​បាន​(​លុយ​ឧបត្ថម្ភ​) វា​វិសេសវិសាល​ណាស់​។ សូម​អរគុណ​មែនទែន»

ចាប់តាំងពី​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​កាល​ឆ្នាំ​២០១៨​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លែង​ចុះ​ជួប​យកចិត្ត​កម្មករ​ដូច​នៅមុន​ការបោះឆ្នោត​ទៀតហើយ​។ ជាង​នេះ​ទៅ​ទៀត ក្រសួង​ការងារ​បានសម្រេច​កាត់​បន្ថយ​អត្ថប្រយោជន៍​កម្មករ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដូចជា ការលុបចោល​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ចំនួន ៦​ថ្ងៃ ចេញពី​ប្រតិទិន​ឈប់​ប្រចាំឆ្នាំ ការ​លុបចោល​ថ្ងៃ​ឈប់​សង​ចំ​ថ្ងៃអាទិត្យ ការ​បន្ថយ​ប្រាក់​ឈ្នួល​កម្មករ​ធ្វើការ​វេន​យប់​ឱ្យ​ស្មើនឹង​វេន​ថ្ងៃ ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ​ពន្យារ​ពេល​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ អនុញ្ញាត​ឱ្យ​ថៅកែ​មិន​បាច់​ទូទាត់​ប្រាក់​សំណង​ជំងឺ​ចិត្ត និង​ប្រាក់​ជូនដំណឹង​ជាមុន​នៅ​ពេល​បិទ​រោងចក្រ ព្រមទាំង​ការ​ពន្យារ​ពេល​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ក្រោម​លេស​ជំងឺ​កូវីដ-១៩ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល