ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ មាន​តួលេខ​ស្រ្តី ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ខ្ពស់​ជាង​គេ

ដោយ ឡេង ម៉ាលី
2024.12.21
ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ មាន​តួលេខ​ស្រ្តី ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ខ្ពស់​ជាង​គេ (រូបឯកសារតំណាង) ស្ត្រី​ខ្មែរ​ (អាវលឿង) ដែលរងគ្រោះ​ដោយ​អំពើ​បោកប្រាស់ និង​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន ត្រូវ​បាន​ជួយ​សង្គ្រោះ និង​វិល​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ។
រូប៖ សមាគម អាដហុក (ADHOC)

ខេត្ត​ចំនួន​បី ដែល​នៅ​ជាប់​ព្រំដែន​វៀតណាម មាន​មាន​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​បាន​ជន​ល្មើស​ជួញដូរ​ទៅ​ប្រទេសចិន មាន​តួលេខ​ខ្ពស់​ជាង​គេ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សន្និដ្ឋាន​ថា មូលហេតុ ដែល​ខេត្ត​ទាំង​បី​មាន​ស្ត្រី​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ច្រើន​ជាង​គេ ប្រហែល​ដោយសារ​បណ្ដាល​មក​ពី​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​គ្មាន​ការងារ​ធ្វើ នៅ​ក្នុង​មូលដ្ឋាន។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ជាង ១១ខែ ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ គឺ​ជា​ខេត្ត ដែល​មាន​តួលេខ​ស្ត្រី​ខ្មែរ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ច្រើន​ជា​ងគេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា យល់​ថា ថ្វី​ដ្បិត​តែ​របាយការណ៍​បង្ហាញ​ថា ចំនួន​ស្ត្រី ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​ក្នុង​ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ មាន​តួលេខ​ខ្ពស់​ជាង​គេ ក៏​ប៉ុន្តែ លោក​មិន​ទាន់​ប្រាកដ​ថា ចំនួន​នេះ ពិត​ជា​ច្រើន​ជាង​ខេត្ត​ដទៃ​ទៀត​នៅ​ឡើយ​ទេ។ លោក​ថា ខេត្ត​ជា​ច្រើន​ទៀត ក៏​អាច​មាន​តួលេខ​ជន​រងគ្រោះ នៃ​អំពើ​ជួញដូរ​មនុស្ស​ប្រហាក់ប្រហែល​គ្នា​ដែរ គ្រាន់តែ​ពេល​នេះ ក្រុម​ការងារ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ប៉ុណ្ណោះ។

លោក នី សុខា យល់​ថា ស្ត្រី​ជា​ច្រើន នៅ​ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និង​បណ្ដា​ខេត្ត​ខ្លះ​ទៀត បាន​ធ្លាក់​ខ្លួន​ចាញ់​បោក​មេខ្យល់ ហើយ​គេ​នាំ​យក​ទៅ​ជួញដូរ គឺ​ដោយសារ​តែ​ពួក​គេ​រស់នៅ​ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​គ្មាន​ការងារ​ធ្វើ។

លោក នី សុខា«ពេល​ដែល​ស្ត្រី​ខ្មែរ​ទៅ​ស្រុក​ចិន​នោះ ​ពី​ដំបូង បើសិនជា​គាត់​ដឹង​ថា គេ​នាំ​គាត់​ទៅ​ជួញដូរ គឺ​ប្រាកដ​ជា​មិន​ទៅ​ទេ។ ប៉ុន្តែ​ជា​ទូទៅ​ពួក​គាត់​ចាញ់​បោក​តាម​រយៈ​មេខ្យល់​ឬ​ក៏​ជា​ក្រុមហ៊ុន ​និង​អ្នក​ខ្លះ​ទៀត​មាន​បងប្អូន​មក​នាំ​ទៅ​។​ ប៉ុន្តែ​នៅ​ពេល​ស្ត្រី​ទាំង​នោះ​ទៅ​ដល់​ស្រុក​ចិន​​គឺ​ដាច់​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​ ទើប​ចាប់​ផ្ដើម​ដឹង​ខ្លួន​ថា​ចាញ់​បោក​គេ ​ក្នុង​លក្ខណៈ​គេ​ជួញដូរ ​ទៅ​ខាង​ផ្លូវ​ភេទ​និង​ជួញ​ដូរ​ផ្នែក​កម្លាំង​ពលកម្ម​ជាដើម​នោះ»

ចាប់​តាំង​ពី​ខែមករា រហូត​ដល់​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សមាគម អាដហុក​បាន​ធ្វើ​អន្តរាគមន៍ និង​ជួយ​ស្ត្រី ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន នៅ​ខេត្តត្បូងឃ្មុំ ចំនួន ៨ករណី ខេត្តកំពង់ចាម ៧ករណី ខេត្តព្រៃវែង ៣ករណី ខេត្តស្វារឿង ៣ករណី ខេត្តក្រចេះ ២ករណី រាជធានី​ភ្នំពេញ ៣ករណី និង​ខេត្តបន្ទាយមានជ័យ ១ករណី។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ចំនួន​ស្ត្រី ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នាំ​ទៅ​ប្រទេស​ចិន មាន​តួលេខ​ខ្ពស់​ជាង​គេ​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្តកំពង់ចាម អ្នកស្រី សុភ័ក្ត្រ និង​ពី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រៃវែង លោក អន ភារៈ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ ធ្នូ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​មូលហេតុ ដែល​ខេត្ត​របស់​លោក ចំនួន​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន មាន​តួលេខ​ខ្ពស់​ជាង​គេ​នេះ​ឡើយ។

លោក ម៉ៅ ឌុង៖ «អូ! ខ្ញុំ​អត់​ទាន់​ឆ្លើយតប​បាន​ទេ ចាំ​មើល​ខ្ញុំ​ពិនិត្យ​មើល​តួលេខ​ឱ្យ​ច្បាស់លាស់​សិន។ អរគុណ​ច្រើន»

ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា បាន​គាំទ្រ​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នេះ។ លោក​ថា តាម​ការ​ស្រាវជ្រាវ ​អង្គការ​របស់​លោក​ក៏​បាន​រក​ឃើញ​ថា ចំនួន​ស្ត្រី​ខ្មែរ ដែល​រង​គ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន គឺ​មាន​តួលេខ​ខ្ពស់​ជាង​គេ នៅ​ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​ដែរ។

លោក ឌី ថេហូយ៉ា៖ «គឺ​ពិត​ជា​មាន​ច្រើន​មែន នៅ​ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយនិង​ខេត្តព្រៃវែង។ ជា​ការ​អង្កេត​របស់​ខ្ញុំ​យល់​ថា ប្រហែល​ជា​នៅ​ខេត្តត្បូងឃ្មុំ កំពង់ចាម ហើយ​និង​ព្រៃវែង​នេះ អាច​ជា​តំបន់​មួយ ដែល​មាន​មេខ្យល់ ខាង​ជួញដូរ​មនុស្ស​ធ្វើ​សកម្មភាព​ច្រើន។ មេខ្យល់​នោះ​ទៀត​សោត អាច​កើត​ចេញ​ពី​អ្នក ដែល​មាន​គ្រួសារ​ជនជាតិ​ចិន ចេះ​ភាសា​ចិន​ច្បាស់​ក្នុង​ការ​ទាក់ទង ព្រមទាំង​មាន​បណ្ដាញ​ធ្វើ​សកម្មភាព​ផង»

អង្គការ​សង់ត្រាល់ ឱ្យ​ដឹង​ថា រយៈ​ពេល​ជាង ១១ខែ ឆ្នាំ២០២៤ លោក​បាន​ទទួល​របាយការណ៍​ជុំវិញ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន (China) ទៅម៉ាឡេស៊ី(Malaysia) ទៅ​មជ្ឈិម​បូព៌ា និង​អារ៉ាប់ប៊ី សាអូឌីត (Saudi Arabia) ចំនួន​ប្រមាណ ៥០ករណី ដែល​មាន​ជន​រងគ្រោះ​ជាង ២០០នាក់។ នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ជាង ២០០នាក់​នោះ ក៏​មាន​ជន​បរទេស មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) បង់ក្លាដេស (Banglades )ម៉ាឡេស៊ី (Malaysia) ថៃ (Thailand)ហ្វីលីពីន(Philipine) ដែល​គេ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ យក​មក​ជួញដូរ​នៅ​កម្ពុជា​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ស្ថានភាព នៃ​អំពើ​ជួញដូរ​មនុស្ស​ពី​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ ធ្នូ។

ប៉ុន្តែ របាយការណ៍​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​ក្រសួង​មហាផ្ទៃ ប្រចាំ​ខែសីហា និង​ទិសដៅ​សម្រាប់​ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញ​ថា សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាន​ជួយ​ជន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សរុប​ចំនួន ២៧នាក់។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ គឺ​មក​ពី​ប្រទេស​ចិន​ចំនួន ១២នាក់។ ជាមួយ​នោះ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ ក៏​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ នៅ​ក្នុង​ប្រទេស​ចំនួន ១៧ករណី ដោយ​បាន​ជួយសង្គ្រោះជនរងគ្រោះចំនួន ៤៦នាក់ ព្រម​ទាំង​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ២៩នាក់។ អំពើ​ជួញដូរ​មនុស្ស ក្នុង​រយៈ​ពេល ៣ ទៅ ៤ខែ​ចុង​ក្រោយ​នេះ មាន​ការ​កើន​ឡើង​ចំនួន ៤ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ខែកក្កដា​កន្លង​ទៅ។

រយៈ​ពេល​ជិត ១០ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ខ្វះ​នីតិរដ្ឋ និង​សម្បូរ​ដោយ​ឧក្រិដ្ឋកម្ម​នានា ខណៈ​ប្រទេស​មហាអំណាច​ធំៗ កំពុង​សម្លឹង​ឃើញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​របស់​ឧក្រិដ្ឋជន​សម្រាប់​ជួញដូរ​មនុស្ស ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។