លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលមិនខ្ចីលុយប្រទេសចិន ដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ
2023.12.27
លោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នករិះគន់ថា រដ្ឋាភិបាលរបស់លោកនឹងមិនខ្ចីលុយបរទេសឱ្យវ័ណ្ឌករហូតដល់សង់មិនរួចនោះទេ ហើយរដ្ឋាភិបាលក៏មិនបានខ្ចីលុយប្រទេសចិន ដើម្បីសាងសង់ ព្រែកជីកហ្វូណនតេជោនោះដែរ។ ទោះជាយ៉ាងណាក្ដី អ្នកវិភាគ និងសង្គមស៊ីវិលបារម្ភថា គម្រោងដែលសាងសង់ដោយក្រុមហ៊ុនឯកជន នឹងយកតម្លៃថ្លៃលើអ្នកធ្វើដំណើរ ឬនាវា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ថា រដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជន ក្នុងការសាងសង់ និងគ្រប់គ្រងព្រែកជីកហ្វូណនតេជោ។
លោក ហ៊ុន ម៉ាណែត បន្តថា ព្រែកជីកមួយនេះ សាងសង់ដោយក្រុមហ៊ុនតាមរយៈគម្រោង BOT (Build-Operate-Transfer) ដែលរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិដល់ក្រុមហ៊ុនឯកជនសាងសង់ និងគ្រប់គ្រងក្នុងពេលវេលាជាក់លាក់ណាមួយ ទើបផ្ទេរមកឱ្យរដ្ឋជាអ្នកគ្រប់គ្រងវិញ។
លោក ហ៊ុន ម៉ាណែត៖ «ក្រុមហ៊ុន ដែលសុំសិទ្ធិវិនិយោគនេះ គាត់ទទួលខុសត្រូវនៅក្នុងការទៅរកខ្ចីលុយគេមក យកមកចំណាយសាងសង់ទាំងអស់ ហើយយើងរដ្ឋាភិបាល ដោយសារយើងអត់ចេញលុយ គេយកលុយមកធ្វើ យើងអនុញ្ញាតឱ្យគេធ្វើប្រតិបត្តិការអាជីវកម្មមួយរយៈចុះ។ នៅប្រទេសច្រើនគេធ្វើតែអ៊ីចឹង ហើយដល់ពេលគេផុតកុងត្រាហ្នឹង ផ្ទេរមកឱ្យជាតិយើង រដ្ឋាភិបាលយើង»។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោង ដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក។ គម្រោងព្រែកជីកនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅកាន់កំពង់ផែ នៃខេត្តកែប ហើយគម្រោងនេះនឹងត្រូវការចំណាយថវិកា ១ពាន់ ៧០០លានដុល្លារ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន។
ព្រែកជីកនេះ នឹងឆ្លងកាត់ខេត្តចំនួន៤ ដែលមានប្រជាជនសរុបប្រមាណ ១លាន ៦សែននាក់ រស់នៅអមសងខាងផ្លូវទឹក។ ទទឹងព្រែកជីកផ្នែកមាត់ខាងលើនេះមានទទឹង ១០០ម៉ែត្រ ទទឹងព្រែកជីកផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងមានជម្រៅទឹកប្រមាណ ជាង ៥ម៉ែត្រ ៤តឹក (៥,៤ម៉ែត្រ)។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើកឡើងថា ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនជាអ្នកសាងសង់ និងគ្រប់គ្រង អាចនឹងឱ្យក្រុមហ៊ុនរកផលចំណេញហួសហេតុ ដោយយកតម្លៃថ្លៃពីនាវា និងទូក ដែលចរាចរណ៍ឆ្លងកាត់ព្រែកជីកហ្វូណនតេជោ។ លោកលើកឡើងថា កន្លងមក ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនបានត្អូញត្អែរក្រុមហ៊ុនឯកជន ដែលសាងសង់យកតម្លៃពីអ្នកដំណើរថ្លៃហួសហេតុ។
លោក សេង វ៉ាន់លី៖ «ប្រទេសនានា ដែលគេអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគ គេមានអង្គភាពត្រួតពិនិត្យទៅលើគុណភាព និងខ្ទង់ចំណាយ ហើយជាពិសេសការយកថ្លៃក្នុងការធ្វើការដឹកជញ្ជូន អាចនឹងប៉ះពាល់ក្នុងរយៈពេលវែង ហើយក៏អាចផ្ដល់បន្ទុកទៅដល់ក្រុមហ៊ុន ឬប្រជាពលរដ្ឋ ដែលដឹកជញ្ជូនផលិតផលរបស់ខ្លួនតាមគម្រោងហ្នឹង»។
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៧ បានប្រកាសទិញស្ពាន និងផ្លូវ លី យ៉ុងផាត់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅកាន់ផ្លូវជាតិលេខ៥ មកស្ថិតគ្រប់គ្រងជារបស់រដ្ឋវិញ ក្រោយប្រជាពលរដ្ឋបានរិះគន់ថា ស្ពានដែលសាងសង់ដោយ លោក លី យ៉ុងផាត់ យកតម្លៃថ្លៃ។ ចំណែកប្រជាពលរដ្ឋ និងអ្នកបើកឡានឈ្នួលរិះគន់ ចំពោះក្រុមហ៊ុនអង្គរ អ៊ិនធើណេស៊ិនណល អ៊ែផត អ៊ិនវេសម៉ិន (Angkor International Airport Investment) កាលពីខែតុលាកន្លងទៅ ដែលវិនិយោគលើវាលយន្តហោះអន្តរជាតិសៀមរាបថ្មីៗ នេះ បានយកតម្លៃ ៨ដុល្លារ ក្នុងមួយជើង និង ១៥ដុល្លារ ទៅវិញទៅមក សម្រាប់ឡានក្រុងពីវាលយន្តហោះនេះ ទៅកាន់ទីរួមខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា គុណភាពផ្លូវ ឬស្ពាន ដែលសាងសង់ដោយក្រុមហ៊ុនប្រទេសចិន មានគុណភាពមិនល្អដូចក្រុមហ៊ុនជប៉ុន (Japan) នោះទេ ហើយលោកកត់សម្គាល់ឃើញថា ក្រុមហ៊ុនចិនតែងតែយកប្រៀបលើពលរដ្ឋខ្មែរ។
លោក យង់ គិមអេង៖ «ជុំវិញបញ្ហានេះ ខ្ញុំយល់ថា កម្ពុជា ក៏ត្រូវតែមានការប្រយ័ត្នប្រយែងដែរថា ប្រសិនបើយើងធ្វើជាមួយចិន ទាល់តែយើងមានការប្រយ័ត្នប្រយែងថា តើបំណុលរបស់ចិន ក្រុមហ៊ុនចិន គឺទាល់តែយើងពិនិត្យលក្ខខណ្ឌឱ្យដិតដល់ បើមិនអ៊ីចឹងទេ កម្ពុជានឹងទទួលរងគ្រោះនូវវិបត្តិបំណុលរបស់ចិន នេះរឿងមួយសំខាន់ ដែលយើងមានការព្រួយបារម្ភ»។
លោក យង់ គិមអេង ស្នើដល់រដ្ឋាភិបាលឱ្យបង្ហាញពីកិច្ចសន្យាឱ្យបានជាក់លាក់ និងបង្ហាញការវាយតម្លៃនៃការសិក្សាពីផលប៉ះពាល់នៃការសាងសង់ថា មិនប៉ះពាល់ដល់ពលរដ្ឋ ដែលនៅអមសងខាងព្រែកជីកនេះ។
អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា ការជីកព្រែកតភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រក្នុងខេត្តកែប សម្រាប់បង្កើតផ្លូវទឹកដឹកជញ្ជូនទំនិញដោយខ្លួនឯង ជារឿងចាំបាច់ ដែលកម្ពុជាត្រូវធ្វើ ដើម្បីឈប់ពឹងពាក់ផ្លូវទឹកប្រទេសវៀតណាម។ ប៉ុន្តែពួកគេបារម្ភថា ចិនអាចទាញយកផលចំណេញពីកម្ពុជា។ អ្នកតាមដានការអភិវឌ្ឍសង្គមស្នើដល់រដ្ឋាភិបាលកម្ពុជា ឱ្យប្រើប្រាស់ទាំងកម្លាំង និងថវិកាជាតិ ក្នុងការសាងសង់ព្រែកជីកមួយនេះដោយខ្លួនឯង ដើម្បីទទួលបានភាពឯករាជ្យកាន់កាប់ព្រែកជីកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។