ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំពឹង​ថា​កិច្ចព្រមព្រៀង FTA នឹង​ចូល​ជា​ធរមាន​នៅពេល​ឆាប់ៗ​ខាងមុខ

ដោយ ម៉ៅ សុធានី
2021-07-08
Share
ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំពឹង​ថា​កិច្ចព្រមព្រៀង FTA នឹង​ចូល​ជា​ធរមាន​នៅពេល​ឆាប់ៗ​ខាងមុខ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​ប្រធានាធិបតេយ្យ​ចិន​ លោក ស៊ី ជីនពីង (Xi Jinping)។
Photo Courtesy

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រំពឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន ហៅ​កាត់​ថា FTA នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ស្រប​ពេល​ដែល​ប្រទេស​ចិន​ស្នើសុំ​ភ្ជាប់​ចំណង​មេត្រីភាព​ជាមួយ​ខេត្ត​ខ្មែរ​ចំនួន​៣ ដែល​មាន​សក្ដានុពល​ទេសចរណ៍ និង​ពាណិជ្ជកម្ម។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​ឯកសារ​តាម​នីតិវិធី​ទាំងឡាយ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង FTA ដោយ​បាន​ឆ្លង​គណ​:រដ្ឋមន្ត្រី និង​ផ្ញើ​ទៅ​រដ្ឋសភា។ លោក​ថា ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ត្រៀមខ្លួន​នឹង​ចូល​បំភ្លឺ​នៅ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ប្រសិន​បើ​មាន​ការ​កោះហៅ។

ស្រប​ពេល​ដែល​កម្ពុជា និង​ចិន​កំពុង​រង់ចាំ​ឱ្យ​កិច្ចព្រមព្រៀង FTA ចូល​ជា​ធរមាន​នេះ ប្រទេស​ចិន​កាលពី​ខែមិថុនា​បាន​ស្នើ​ចងមេត្រី​ភាព​រវាង​ខេត្ត ហ៊ូប៉េ (Hubei) ជាមួយ​ខេត្ត​បី​របស់​កម្ពុជា គឺ​ខេត្ត សៀមរាប កំពត និង​ខេត្ត​ព្រះសីហនុ។

រដ្ឋមន្ត្រីការបរទេស​លោក ប្រាក់ សុខុន បាន​ស្នើ​បន្ត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​២ ខែ​កក្កដា​ថា សំណើសុំ​បង្កើត​ចំណង​មេត្រីភាព​នេះ ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​បង្កើន​កិច្ចប្រតិបត្តិការ​គ្រប់​វិស័យ សម្រាប់​ប្រយោជន៍​ពលរដ្ឋ​នៅ​តាម​ខេត្ត​ទាំង​នោះ។ លើស​ពី​នេះ​ចំណង​មេត្រីភាព​បែប​នេះ​ក៏​ត្រូវ​ចាត់ទុកជា​ផ្នែក​មួយ​ជំរុញ​ដល់​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​កាន់​តែ​មាន​ប្រសិទ្ធភាព។ តែ​ទោះជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ការ​ឆ្លើយ​តប​នឹង​សំណើ​នេះ​ពី​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ។

កម្ពុជា​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង FTA កាល​ពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២០​។ នៅ​ពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​កម្ពុជា​រំពឹង​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូច​ជា ការ​ទទួល​បាន​ទីផ្សារ​កាន់តែ​ធំ​ដោយ​ទទួល​បាន​ភាព​អនុគ្រោះ​ច្រើន​ពី​ភាគី​ចិន ឱកាស​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស និង​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល