សង្គម​ស៊ីវិល​​ជំរុញ​​ឲ្យ​​​រដ្ឋាភិបាល​រក​ការងារ​​ក្នុង​​ស្រុក​​​​ឲ្យ​ពលករ​ត្រឡប់​​មក​​ពី​​ប្រទេស​ថៃធ្វើ

ដោយ ជី វិតា
2021-09-22
Share
សង្គម​ស៊ីវិល​​ជំរុញ​​ឲ្យ​​​រដ្ឋាភិបាល​រក​ការងារ​​ក្នុង​​ស្រុក​​​​ឲ្យ​ពលករ​ត្រឡប់​​មក​​ពី​​ប្រទេស​ថៃធ្វើ ពលករ​ខ្មែរ​ដែល​​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើនៅក្នុង​ប្រទេសថៃ​វិញ ត្រូវ​ប្រឈម​នឹងកា​រ​ឃាត់​ខ្លួន​ពី​សំណាក់អា​ជ្ញាធរ​ថៃកា​ល​ពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

សង្គម​ស៊ីវិល​​​ជំរុញ​​ឲ្យ​​​រដ្ឋាភិបាល​​រក​​​​ការងារ​ក្នុង​ស្រុក​​​ឲ្យ​ពលករដែលទើបត្រឡប់មក​ពី​ប្រទេស​ថៃ​ធ្វើ ​ដើម្បី​​​ទប់​ស្កាត់​​​កុំឱ្យ​ពួកគេឆ្លងដែនត្រឡប់ទៅ​ប្រទេស​ថៃទាំងប្រថុយប្រថានអំឡុងពេលនេះ​​​វិញ​​។ ការ​លើក​ឡើង​នេះ​ក្រោយ​ពេល​​ពលករ​​​ជា​ច្រើន​​កំពុង​​​នាំ​គ្នា​​ឆ្លង​ដែន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​​នៅ​ក្នុង​ប្រទេស​ថៃ​វិញជា​បន្តបន្ទាប់​​​​​។

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករ​​សង្កេត​ឃើញ​ថា​ ការ​លប​ឆ្លង​ដែន​ត្រឡប់​ចូល​ទៅ​ប្រទេស​ថៃ​វិញ គឺ​ដោយ​សារ​​​​ពលករ​​​គ្មាន​ការ​ងារ​ធ្វើ​​ត្រឹមត្រូវ​​នៅ​ក្នុង​ស្រុក​ ទើប​​ពួកគាត់​​​នាំ​​គ្នា​​លួច​ឆ្លង​ដែន​​ចូល​ប្រទេសជិតខាងនេះវិញ ដោយប្រឈមនឹង​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅប្រទេស​វិញ ឬ​​ចាប់​ដាក់​ពន្ធនាគារ​ និងប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​(Covid-19) ​ជាដើម​។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់​(CENTRAL) លោក ឌី ថេហូយ៉ា ឲ្យ​ដឹង​ថា​​​​ ពលករ​ភាគច្រើនចង់​បាន​ការងារ​ធ្វើ​​​​​ដែល​មាន​ប្រាក់​ចំណូល​សមរម្យ​​​​នៅ​ក្នុង​ស្រុក​ ជាជាង​ការ​​ប្រថុយ​ឆ្លង​ដែន​​​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ច្រើន​ខែ​មក​នេះ ពលករ​​ជា​ច្រើន​សុទ្ធ​តែ​គ្មាន​​ការ​ងារ​​ធ្វើ​​​​​​។ ពួកគាត់​ខ្លះ​បាន​​ធ្វើ​ស្រែ​ ឬ​ចិញ្ចឹម​​សត្វ​បន្តិច​បន្តួច​ជា​លក្ខណៈ​គ្រួសារ។ ប៉ុន្តែ​​ពួកគាត់​គ្មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ទេ​​ ស្របពេលដែល​​ពលករ​​​ជាច្រើន​ជំពាក់​បំណុល​ធនាគារ។ លោក​ ឌី ថេហូយ៉ា​ ព្រួយ​បារម្ភ​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​បង្កើន​​​មុខ​របរ​ក្នុង​ស្រុក​បន្ថែម​​​​ដូច​ការ​ប្រកាស​កន្លង​ទៅ​ទេ ​ពលករ​កាន់​តែ​ច្រើន​នឹង​នាំ​គ្នា​ប្រថុយ​​ឆ្លង​ដែន​ត្រឡប់​ទៅ​ប្រទេស​ថៃ​បន្ត​ទៀត៖ «រដ្ឋាភិបាល​គួរ​តែ​ឆ្លៀត​ឱកាស​ហ្នឹង​បង្កើន​ប្រសិទ្ធភាព ដូច​ថា​ក្រសួង​ការងារ​បង្កើត​​​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​។ អ៊ីចឹង​មិន​ដឹង​ថា​ មក​ដល់​ពេល​នេះ​មាន ​(ពលករ)​រៀន​ប៉ុន្មាន​នាក់ អ្វី​ប៉ុន្មាន​នាក់​ គួរ​តែ​ជំរុញ​ទៅ​ដើម្បី​អ្វី?​ ដើម្បី​ឲ្យ​អា​កូវីដ​ហ្នឹង​ចប់​ទៅ គាត់​មាន​ជំនាញ​ហើយ​គាត់​អាច​រក​ការងារ​ល្អ​បាន​ធ្វើ​ ឬ​មួយ​ការងារ​នៅ​​ក្នុង​ស្រុក​»។

អាជ្ញាធរ​ថៃ​​​មិន​ទាន់​ប្រកាស​ពី​ការ​បើក​ប្រទេស​ឲ្យ​ពលករ​ត្រឡប់​រក​ការងារ​ធ្វើ​នៅ​ឡើយ​ទេ​​។​ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​​បាន​នាំ​គ្នា​​​​ប្រថុយ​លួច​​ឆ្លងដែនចូល​ទៅប្រទេស​ថៃ​​​កាន់​​តែ​​ច្រើន​ឡើង​ ពិសេស​ គឺ​នៅ​ពេល​យប់​​ដើម្បី​​ទៅ​ស្វែង​រក​ការងារ​ធ្វើ​​វិញ​​។

​ពលករ​​ម្នាក់​ដែល​ទើប​​​ឆ្លង​ដែន​​បាន​ចូល​មក​ដល់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១​ ខែកញ្ញា គឺ​លោកស្រី ពែន វីន ឲ្យ​ដឹង​ថា​ លោកស្រី​មាន​គ្នា​៣នាក់​​​បាន​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ដើរ​កាត់​ព្រៃ​លប​ឆ្លង​ដែន​​​ ​មក​​ប្រកប​របរ​រើស​អេតចាយ​នៅ​ប្រទេស​ថៃ​វិញ​។ ​ការណា​ដែល​លោកស្រី​​​ និង​ប្ដី​​​ សុខ​ចិត្ត​ត្រឡប់​មក​រើស​អេតចាយ​នៅ​ប្រទេស​ថៃ​វិញ ព្រោះ​ពួកគាត់​​គ្មាន​មុខ​របរ​​ និង​គ្មាន​ការងារ​ធ្វើ​​នៅ​ស្រុក​កំណើត​។ លោកស្រី ពែន វីន បញ្ជាក់​ថា​ ច្រើន​ខែ​មក​នេះ លោកស្រី និង​ប្ដី​ ខិត​ខំ​ដើរ​រក​ការងារ​ធ្វើ​នៅ​ស្រុក​កំណើត​ដែរ តែ​រក​មិន​បាន​​ដោយសារ​ពួកលោកស្រី គ្មាន​ចំណេះ​ដឹង​ គ្មាន​ជំនាញ​ច្បាស់​លាស់ ទើប​​ពួកគេ​​​​​សម្រេចចិត្តត្រឡប់​មក​រំពឹង​មុខ​របរ​រើស​អេតចាយ​នៅ​ស្រុក​ថៃ​វិញ៖ «ខ្ញុំ​លួច​ចូល​មក។ ខ្ញុំ​វា​គ្មាន​លុយ​​ គ្មាន​កាក់​រក​បាយ​ហូប​មិន​បាន​ក៏​មក​វិញ​មក។ ដូច​ថា​នៅ​ផ្ទះ​ វា​គ្មាន​ស្រែ​​ គ្មាន​អ្វី​ធ្វើ​ដល់​អ៊ីចឹង​ខ្ញុំ​ក៏​ឡើង​មក​វិញ​មក។ គេ​គ្មាន​តែ​ឲ្យ​យើង​​ចូល​ទេ។ គេ​ចាប់​បាន​បញ្ជូន​ទៅ​វិញ​មួយ​សារ​​ហើយ​​ហ្នឹង​ ខ្មែរ​យើង​អ្នក​ចាប់​។ ថៃ​គេ​គ្មាន​ចាប់​ផង​។ គេ​ចាប់​បាន​គេ​បញ្ជូន​ទៅ​ផ្ទះ​វិញ​មួយ​សារ​ដែរ​ហ្នឹង។ ទ្រាំ​ដែរ​ហ្នឹង តែ​ធ្វើ​ម្ដេច​ស្រុក​យើង​វា​អត់​មាន​អ្វី​ធ្វើ​។ ខ្ញុំ​ចេះ​តែ​មក​ទៅ​»។

ការ​ប្រថុយ​​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ទៅ​រក​ការងារ​ធ្វើ​​​ក្នុង​​​ស្ថានភាពដែល​ថៃ​កំពុង​បិទ​ប្រទេស​នេះ ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ហើយត្រូវ​​ចំណាយ​លុយ​​​ច្រើន​ជាង​ការ​ឆ្លង​ដែន​ស្រប​ច្បាប់។ ពលករ​ត្រូវ​ពឹង​ពាក់​​​​​អ្នក​នាំ​ផ្លូវ ឬ​ហៅ​ថា​​មេ​ខ្យល់​​ឲ្យ​នាំ​ដើរ​ផ្លូវ​វៀង​ឆ្ងាយ​ ​ឬ​ត្រូវ​ដើរកាត់​​ព្រៃ ឆ្លងអូរ ឡើង​ភ្នំ ​ ដើម្បី​​​គេច​ពី​ប៉ូលិស​​តាម​ព្រំដែន​​​។ ក្រោយ​ពេល​ឆ្លង​ចូល​ដល់​ដី​ថៃ​ហើយ ពលករ​ក៏​នៅ​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​ដែរ​ ​ដូចជា​ គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ ប៉ូលិស​ថៃ​ចាប់​​បញ្ជូន​ត្រឡប់​ទៅ​វិញ ឬ​ចាប់​ឃុំ​​ក្នុង​ពន្ធនាគារ​ និង​​ភាព​គ្មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ ជាដើម​​ ខណៈ​រោងចក្រ​នៅប្រទេស​ថៃ​​ខ្លះ បាន​ក្ស័យធន ​និង​​ខ្លះ​ទៀត​ មិន​ត្រូវ​​ការ​រើស​កម្លាំង​ពលកម្ម​បន្ថែម ឬ​​ថៅកែ​​មិន​ហ៊ាន​ទទួល​​យក​អ្នក​ឆ្លង​ដែន​ខុស​ច្បាប់​ជាដើម​។

យុវជន​ខេត្ត​កំពង់​ធំ​ម្នាក់​ ​​​លោក អ៊ី ព្រីង ​និយាយថា​ លោក​កំពុង​ពិចារណា​​​ទៅ​​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​​​វិញ ព្រោះ​ត្រឡប់​មក​ដល់​កម្ពុជា​ច្រើន​ខែ​ហើយ តែ​​​​លោក​គ្មាន​មុខ​របរ គ្មាន​​ប្រាក់​ចំណូលនោះ​​ទេ​។ ​យុវជន​វ័យ​ ៣២​ ឆ្នាំ​​រូប​នេះ​​ ​ចង់​​​​បាន​​ការងារ​​​ធ្វើ​​សមរម្យ​​នៅ​ក្នុង​ស្រុក​ជាង​ចំណាក​ស្រុក។ ប៉ុន្តែ​​​លោក​ថា​ ​នៅក្នុង​ស្រុក​មិន​សម្បូរ​​​​​​ការងារ​ធ្វើ​ និង​​​​​​​ប្រាក់​​​​ឈ្នួល​​​ទាប​​ មិនគ្រប់សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​សង​បំណុល​ធនាគារ៖ «ថា​ចង់​ត្រឡប់​ទៅ​(ថៃ)​វិញ​បង។ នៅ​ខ្មែរ​ ខ្ញុំ​អត់​ទាន់​មាន​មុខ​របរ​ខ្លួន​ឯង។ ខ្ញុំ​គិត​ថា​ទៅ​វិញ ទៅ​រកស៊ី​២​ឆ្នាំ​អ្វី​ទៀត ក្រែង​រក​លុយ​បាន​មក​បង្កើត​មុខ​របរ​ខ្លួន​ឯង​​បាន»។

ប្រធាន​មូលនិធិ​ពលករ​ខ្មែរ​ប្រចាំ​ប្រទេស​ថៃលោក ស៊ុន សីហា ​ឲ្យ​ដឹង​ថា ​ពលករ​ជា​ច្រើន​​កំពុង​ទាក់ទង​គ្នីគ្នា​​ឲ្យ​ជួយ​​រក​ការងារ​​នៅ​ស្រុក​ថៃ​ឲ្យ​​ធ្វើ​ អាល​នឹង​ពួកគាត់​​លួច​ឆ្លង​ដែន​ចូលមកប្រទេសថៃ​បន្ត​​​​។ លោក​ ស៊ុន សីហា​ ​​​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​​​បង្កើត​​ការ​ងារ​ក្នុង​ស្រុក​​ឲ្យ​ពលករ​ធ្វើ​​ ប្រសើរ​ជាង​ការ​បិទ​ខ្ទប់​​ព្រំដែន​ ឬ​ការ​ចាប់​ឃាត់​ពលរដ្ឋ​​នៅ​ព្រំដែន​៖ «រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​​​ចាក់​វ៉ាក់សាំង ​ហើយ​ចរចា​ដើម្បី​បើក​ព្រំដែន​ជា​ធម្មតា​ទៅ​ ហើយ​រៀបចំ​ឯកសារ​ស្រប​ច្បាប់​ឲ្យ​ពលករ​​ជៀសវាង​ក្នុង​ការ​គាត់​ចាញ់​បោក​មេខ្យល់​​ ឬ​ក៏​គាត់​មក​ផ្លូវ​កាត់​ខុស​ច្បាប់​ ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ប្រឈម​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ហ្នឹង​។ ពិបាក​ការពារ​សិទ្ធិ​របស់​គាត់​ផង​ ហើយ​នឹង​គាត់​ប្រឈម​បញ្ហា​ផ្សេងៗ​ពី​ខាង​ថៅកែ​ ឬ​ក៏​និយោជក​»។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ និង​​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា។  កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​សន្យា​​​​​ផ្ដល់​ទុន​ និង​បង្រៀន​​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដល់​ពលករ​បាត់​បង់​ការងារ​ធ្វើ​​។

លោក​ ហ៊ុន សែន ​បាន​​​បញ្ជា​ឲ្យ​​រដ្ឋមន្ត្រី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ថែម​ថវិកា​រដ្ឋ​​​ប្រាំ​លាន​ (៥លាន​) ដុល្លារ​ សម្រាប់​ជួយ​​ឲ្យ​កម្មករ និង​ពលករ ឱ្យងាក​មក​ប្រកប​​មុខរបរ​ចិញ្ចឹម​ត្រី​វិញ ហើយ​រដ្ឋ​នឹង​ផ្ដល់​​កូន​ត្រីសម្រាប់​ចិញ្ចឹម​ត្រី និង​ការ​ជួយ​បង្ហាត់​បង្រៀន​​ពី​របៀប​ចិញ្ចឹម​ត្រី​​ដល់​ពួកគេ។ ប៉ុន្តែ​ក្រៅពី​ការ​បញ្ជា​ផ្ទាល់​មាត់​​​ហើយ​នោះ​ ប្រមុខរដ្ឋាភិបាល​មិន​បាន​​ដាក់​ចេញ​​​ផែនការសកម្មភាព​អ្វីជាក់លាក់នោះ​​ទេ​ ក្រៅពី​ការ​​​​ស្នើសុំ​ឲ្យ​ថៃ​ទទួល​យក​ពលករ​ខ្មែរ​​ឲ្យ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​​វិញនោះ​។

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០២០​ ក្រសួង​ការបរទេស​ខ្មែរ​ និង​ស្ថានទូត​​ប្រចាំ​ទីក្រុង​បាងកក បាន​ស្នើសុំ​​​ឲ្យ​រដ្ឋាភិបាល​ថៃ​ ទទួល​យក​ពលករ​កម្ពុជា​​​កាន់​ប័ណ្ណ​​​ឆ្លង​ព្រំដែន​(border​passes)​​និង​​​ពលករ​​ចុះ​ឈ្មោះ​​ធ្វើ​ការ​​តាម​ប្រព័ន្ធ​អនុស្សរណៈ​​យោគ​យល់​គ្នា​ (MOU)​​ ដើម្បីអាចពួកគេ​វិល​ត្រឡប់​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ និង​ស្នើ​​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ និង​ថ្លៃ​ធ្វើ​ចត្តាឡីស័កជាដើម​។

គិត​ចាប់​​តាំង​​ពី​ខែ​មីនា​ រហូត​ដល់​​ខែ​កក្កដា ពលករ​ខ្មែរ​​ជាង​មួយ​សែននាក់ ​​(​១០៣.​០០០​នាក់​) បាន​វិល​ត្រឡប់​​ពី​ថៃ​មក​កម្ពុជា​វិញ​។ ក្រុម​អ្នក​ឃ្លាំមើល​​យល់​ថា ក្នុង​ស្ថានភាព​នេះ រដ្ឋាភិបាល​គួរ​​ជួយ​ផ្គត់ផ្គង់​ផ្នែក​​ជីវភាព​​ និង​ត្រូវ​​បង្កើន​​​​មុខ​របរក្នុង​​វិស័យ​​​កសិកម្ម​​ក្នុង​ស្រុក​​ឲ្យ​ពលករ​​​ធ្វើ​ ​ទើប​អាច​​ទប់​ស្កាត់លំហូរ​ពលរដ្ឋខ្មែរ ​​​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល