អ្នកឃ្លាំមើល​ថា ការ​ពឹងផ្អែក​លើ​អ្នក​ជំនួញ​ចិន​តែ​មួយ​មិនមែន​ជា​ជម្រើស​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ

ដោយ សុ ជីវី
2025.01.01
អ្នកឃ្លាំមើល​ថា ការ​ពឹងផ្អែក​លើ​អ្នក​ជំនួញ​ចិន​តែ​មួយ​មិនមែន​ជា​ជម្រើស​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ សំណង់អគារខ្ពស់សង់នៅខេត្តព្រះសីហនុ រួបថត​កាលពីថ្ងៃទី២២ មីនា ២០១៩។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ពឹង​ផ្អែក​លើ​អ្នក​ជំនួញ​ចិន​តែ​មួយ​មិនមែន​ជា​ជម្រើស​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ស្ថិរភាព​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​មុន​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំនួញ និង​ក្រុមហ៊ុន​ចិន​មក​ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា​ដោយសារ​តែ​បច្ចុប្បន្ន​តំបន់​ខេត្ត​ជាប់​មាត់សមុទ្រ​មួយ​នេះ​កំពុង​ញាំញី​ដោយ​បទល្មើស​ឧក្រិដ្ឋកម្ម និង​ការ​បន្សល់​ទុក​អគារ​ខ្មោច​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ប្ដេជ្ញា​បន្ត​ពង្រឹង​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​វាយតម្លៃ​ថា ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​រដ្ឋាភិបាល​ត្រកូល ហ៊ុន នឹង​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ដែល​មាន​សក្ដានុពល​នោះ​ទេ ក្រៅ​ពី​ពឹង​ពាក់​ឱ្យ​មិត្ត​ដែកថែប​ចិន​ជួយ​ជ្រោមជ្រែង​តាមរយៈ​ការ​ជំរុញ​អ្នក​វិនិយោគ​ចិន​មក​បោះ​ទុន​រកស៊ី​បន្ថែម​នៅ​កម្ពុជា។ ទោះ​យ៉ាងណា ពួកគាត់​ថា មធ្យោបាយ​របស់​រដ្ឋាភិបាល​បែប​នេះ​នឹង​មិន​អាច​ជួយ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​រឹងមាំ និង​រីកចម្រើន​បាន​ឡើយ។

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ​លោក ប៉ោ មករា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ខែ​ធ្នូ ថា ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ប្រកប​ដោយ​អភិបាល​កិច្ច​ល្អ​រដ្ឋាភិបាល​គួរ​ស្ដារ​ប្រជាធិបតេយ្យ ពង្រឹង​នីតិរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ធានា​ចំពោះ​ការ​លុប​បំបាត់​អំពើ​ពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក ប៉ោ មករា ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​មុន​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំនួញ និង​ក្រុមហ៊ុន​ចិន​ចូល​មក​បោះ​ទុន​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​លោក​គិត​ថា តាមរយៈ​គោល​នយោបាយ​ផ្លាស់ប្ដូរ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន​អាច​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​កាន់​តែ​ងាយ​ស្រួល​ចូល​មក​បន្លំ​លាក់​ខ្លួន​រកស៊ី​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក ប៉ោ មករា៖ «ប្រសិនបើ​ជា​ខ្វះ​ការ​ត្រួតពិនិត្យ​ហើយ​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ហ្នឹង នីតិរដ្ឋ​មិន​ត្រូវ​បាន​គោរព មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ឱ្យ​មាន​ស្តង់ដារ​ពិតប្រាកដ​និទ្ទណ្ឌភាព​របស់​បុគ្គល​ដែល​ប្រព្រឹត្ត​ហ្នឹង​កាន់​តែ​កើត​មាន​ឡើង។ អ៊ីចឹង​បញ្ហា​ការ​ចាប់​ជំរិត បញ្ហា​បោក​តាម​ប្រព័ន្ធ​អនឡាញ​វា​នឹង​កើត​មាន ហើយ​ការ​អភិវឌ្ឍ​មិនមែន​ជា​ការ​អភិវឌ្ឍ​ពិត​ទេ។ ដូច​យើង​ឃើញ​កន្លង​មក ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់​បាន​អភិវឌ្ឍ​មាន​អគារ​ស្កឹមស្កៃ​ធំ​ដុំ​ហ្នឹង ប៉ុន្តែ​យើង​ឃើញ​អគារ​ទាំង​អស់​ហ្នឹង​ហាក់​បី​ដូចជា​អគារ​ខ្មោច​អស់​ហើយ ទៅ​ជា​ក្ស័យ​ធន​ទៅ​វិញ។ កត្តា​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ជា​បញ្ហា​សម្រាប់​យើង​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ទទួល​អភិវឌ្ឍ​ពី​បរទេស​ហ្នឹង»

ការ​លើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន​ប្ដេជ្ញា​ថា នឹង​បន្ត​ជួយ​ជ្រោមជ្រែង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បន្ត​ពង្រឹង​ការ​វិនិយោគ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បន្ត​ទៀត។ ការ​ប្ដេជ្ញា​របស់​ភាគី​ចិន​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​អភិបាល​ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​លោក វ៉ាង វិនពីន (Wang Wenbin) កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ។

លោក វ៉ាង វិនពីន បាន​សរសេរ​អះអាង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា រយៈពេល ១៦​ឆ្នាំ​កន្លង​មក តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ទាក់ទាញ​ក្រុមហ៊ុន​ជាង ២រយ (២០២) ក្រុមហ៊ុន​ដែល​មាន​ជាង ១០ប្រទេស និង​បាន​បង្កើត​ឱកាស​ការងារ​ប្រមាណ ៣ម៉ឺន​កន្លែង​ដល់​កម្ពុជា ហើយ​បរិមាណ​នាំ​ចូល និង​នាំ​ចេញ​ប្រចាំ​ឆ្នាំ​ចំនួន ៧% នៃ​ចំនួន​ផលិត​សរុប​កម្ពុជា។ លោក​អះអាង​ថា ប្រទេស​ចិន​ចាត់​ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ គឺ​ជា​គំរូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង​រវាង​កម្ពុជា និង​ចិន។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​កំណត់​ទីតាំង​ខេត្ត​ព្រះសីហនុ​គឺ​ជា​គោលដៅ​ប៉ូល​សេដ្ឋកិច្ច​ធំ​ទី​ពីរ បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូចជា ការ​បន្ធូរបន្ថយ​ពន្ធ​ជាដើម ដើម្បី​ជំរុញ​ឱ្យ​អ្នក​ជំនួញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​មក​បណ្ដាក់​ទុន​វិនិយោគ​បន្ត​លើ​អគារ​ខ្មោច​រាប់​រយ​អគារ​ដែល​អ្នក​ជំនួញ​ចិន​បោះបង់​ចោល និង​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​មុខ​មាត់​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

កាល​ពី​ដើម​ខែ​ធ្នូ អភិបាល​ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ីណេត អះអាង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​បាន​ដាក់​ពង្រាយ​កម្លាំង​តាម​តំបន់​ស្រុក ខណ្ឌ​នីមួយៗ និង​ក្នុង​ទីប្រជុំជន ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​របស់​ពលរដ្ឋ អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក ម៉ាង ស៊ីណេត៖ «ខេត្ត​របស់​យើង​ក៏​បាន​បំពាក់​កាមេរ៉ា (Camera) សុវត្ថិភាព​តាម​ដង​ផ្លូវ យើង​បង្កើត​ប្រព័ន្ធ​ហតឡាញ (Hotline)។ កាមេរ៉ា​សុវត្ថិភាព​នេះ​យើង​ត្រួតពិនិត្យ​មើល​ក្នុង​ករណី​ថា មាន​ការ​កើត​ហេតុការណ៍​អី​ផ្សេងៗ​យើង​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ធ្វើ​ការ​តាម​ដាន​តាម​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ឃើញ។ ហតឡាញ (Hotline) នេះ​ទៀតសោត​សម្រាប់​ទទួល​បណ្ដឹង​សាធារណជន និង​មហាជន ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​គាត់​មាន​បញ្ហា​អី​មក​ខេត្ត​ព្រះសីហនុ​របស់​យើង​គឺ​យើង​ធ្វើ​ការ​ឆ្លើយតប ទប់ស្កាត់ និង​បង្ក្រាប​នូវ​អ្វី​ដែល​កើត​ឡើង»

ទន្ទឹម​រដ្ឋាភិបាល​កសាង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ទីក្រុង​ព្រះសីហនុ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ហៅ​ថា ទីក្រុង​ចិន ក៏​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់​ដោយសារ​តែ​សកម្មភាព​បង្ក​អសន្តិសុខ​ដោយ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​មួយ​ចំនួន​ដែល​ជា​ញឹកញយ​ប្រើប្រាស់​កាំភ្លើង​បាញ់​បោះ​តាម​ទី​សាធារណៈ ការ​ចាប់​ជំរិត​ទារ​ប្រាក់ ការ​ជួញដូរ​គ្រឿងញៀន និង​សកម្មភាព​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិការ​អំពើ​ឆបោក​តាម​អនឡាញ អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់​ដែល​ជ្រក​ក្រោម​ស្លាក​បនល្បែង​អគារ​កាស៊ីណូ។

រយៈពេល ៦ខែ​ដើម​ឆ្នាំ២០២៤ អាជ្ញាធរ​បាន​ចាប់​បញ្ជូន​ជន​សង្ស័យ​ជនជាតិ​ចិន​ប្រមាណ ១ពាន់ ២រយ​នាក់​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​បន្ទាប់​ពី​បង្ក្រាប​បាន​ពួកគេ​នៅ​តាម​បណ្ដា​អគារ​ពាណិជ្ជកម្ម និង​អគារ​បនល្បែង​កាស៊ីណូ​នៅ​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អនឡាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។