អ្នកឃ្លាំមើលថា បើបាត់ EBA ទាំងស្រុងកម្ពុជានឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម
2024.12.12

អ្នកជំនាញសេដ្ឋកិច្ច និងអ្នកឃ្លាំមើល លើកឡើងថា ប្រទេសកម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ច និងធ្លាក់ក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ខណៈប្រជាពលរដ្ឋកំពុងធ្លាក់ក្នុងអន្ទាក់បំណុល។
ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប គង់តែនឹងបាត់ ពេលដែលកម្ពុជាងើបផុតពីឋានៈ ជាប្រទេសក្រីក្រនៅក្នុងពេលឆាប់ៗ។
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកឃ្លាំមើល អះអាងថា បើកម្ពុជាបាត់ EBA ១០០ភាគរយ ប្រទេសកម្ពុជា នឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយវិបត្តិបំណុលរបស់ប្រជាពលរដ្ឋ នឹងគ្មានវិធីដោះស្រាយនោះទេ ព្រោះប្រជាពលរដ្ឋកាន់តែច្រើនអត់ការងារធ្វើ ហើយការលក់ដូរនានារបស់អាជីវករ នឹងជាប់គាំង។
អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានគណបក្សឆន្ទៈខ្មែរលោកបណ្ឌិត សុក ហាច ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែធ្នូ ថា ប្រសិនបើសហភាពអឺរ៉ុបផ្ដាច់ EBA ទាំងស្រុង កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ច។ លោកពន្យល់ថា កាលណាគ្មាន EBA កម្ពុជាអាចនឹងបាត់បង់រោងចក្រប្រមាណពាក់កណ្ដាល ដែលធ្វើឱ្យខាតបង់ការនាំចេញក្នុងតម្លៃរាប់ពាន់លានដុល្លារ។
លោកបណ្ឌិត សុក ហាច មានប្រសាសន៍ថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលទទួលបានការងារប្រមាណ ១លាននាក់ ដោយសារ EBA ដោយផ្ទាល់ និងដោយប្រយោលក្ដី យ៉ាងហោចពលរដ្ឋកន្លះលាននាក់ នឹងបាត់បង់ការងារធ្វើ បើកម្ពុជាអស់ EBA មែននោះ។ លោកលើកឡើងថា បំណុលវ័ណ្ឌករបស់ប្រជាពលរដ្ឋបន្ថែមជាវិបត្តិដ៏ធំពិបាកដោះស្រាយ គឺជាបច្ច័យអាក្រក់មួយទៀត នៃវិបត្តិសេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋអត់ការងារធ្វើ។
បណ្ឌិត សុក ហាច៖ «សព្វថ្ងៃចាប់មានហើយវិបត្តិសេដ្ឋកិច្ច យើងដឹងហើយបំណុលពាសវាលពាសកាលប្រជាជនយើងមួយចំនួនធំ ភាគច្រើនជាប់បំណុល ហើយដើម្បីដោះស្រាយបំណុលបញ្ហាទី១ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាជនយើងមានលទ្ធភាពសងបំណុល ហើយលទ្ធភាពសងបំណុលហ្នឹង គឺធ្វើយ៉ាងណាឱ្យប្រាក់ខែគាត់រៀងខ្ពស់ ធ្វើឱ្យបងប្អូន មិត្តគាត់ ក្រុមគ្រួសារគាត់មានការងារធ្វើ។ បើសិនអត់មានការងារធ្វើ វិបត្តិនឹងកាន់តែខ្លាំងទៅៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ឱ្យបំភ្លឺជុំវិញរឿងនេះបានទេនៅថ្ងៃទី១២ ខែធ្នូ។ យ៉ាងណា អតីតនាយករដ្ឋមន្ត្រីឪ គឺលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប គង់តែនឹងបាត់ ពេលកម្ពុជាងើបផុតពីឋានៈ ជាប្រទេសក្រីក្រក្នុងពេលឆាប់ៗ។
លោក ហ៊ុន ម៉ាណែត៖ «យើងអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច LDC នៅឆ្នាំ២០២៩ ដោយសារយើងបានបំពេញលក្ខខណ្ឌ ហើយមិនមែនត្រឹមតែបំពេញទេ អាលក្ខខណ្ឌ ៣ ដែលគេ (UN) ឱ្យហ្នឹង យើងបានខ្ពស់ជាងហ្នឹងទៅទៀត»។
បែបនេះក្តីបណ្ឌិតសេដ្ឋកិច្ចលោក សុក ហាចដែលបច្ចុប្បន្នគឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរប្រាប់វិទ្យុអាស៊ីសេរីថា ប្រាក់ខែជាសមាជិកព្រឹទ្ធសភា របស់លោក សម្រាប់ខែវិច្ឆិកាលោកមិនទាន់ទទួលបាននៅឡើយ។ លោកជឿថា បុគ្គលិកនៅតាមស្ថាប័នផ្សេងទៀតក៏អាចមានរឿងដូចគ្នានេះដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ លើកឡើងថា ទាំងរដ្ឋ និងប្រជាពលរដ្ឋ នឹងប្រឈមវិបត្តិធ្ងន់ធ្ងរពីភាពដុនដាបផ្នែកសេដ្ឋកិច្ច បើកម្ពុជាបាត់បង់ EBA។ លោកថា រដ្ឋាភិបាលក៏ពិបាកប្រមូលពន្ធបង្គ្រប់ការចំណាយរបស់ខ្លួន ពីព្រោះបច្ចុប្បន្ន សូម្បីតែការវិនិយោគពីចិនធ្លាក់ ចុះទៅហើយ ក្នុងពេលកម្ពុជានៅមាន EBA ៨០ភាគរយផង ដូច្នេះ លោកថាបើបាត់ EBA ១០០ភាគរយវិញ នោះប្រទេសកម្ពុជាកាន់តែជួបបញ្ហាធំ ដែលធ្វើឱ្យអ្នកវិនិយោគបរទេសលែងចាប់អារម្មណ៍។
លោក សេក សុជាតិ ថា ប្រជាពលរដ្ឋទូទៅកំពុងតែមានជីវភាពខ្វះខាតនិងផុងក្នុង វិបត្តិបំណុលស្រាប់ផង ហើយបើសេដ្ឋកិច្ចធ្លាក់ចុះទៀតនោះ ប្រជាពលរដ្ឋនឹង ពិបាកងើបរួចពីវិបត្តិចាក់ស្រេះ ដែលក្លាយជាគំនាបទាំងលើផ្លូវចិត្ត និងគំនាបសេដ្ឋកិច្ច កើតឡើងស្ទើរគ្រប់ក្រុមគ្រួសារ។
លោក សេក សុជាតិ៖ «គាត់ក្លាយជាជនរងគ្រោះមួយជំហានហើយមួយជំហានទៀត ដែលធ្វើឱ្យគាត់រឹតតែផុងខ្លួន ហើយដកខ្លួនមិនរួច។ ពេលដែលមនុស្សទ័ល អ្វីៗក៏ពួកគាត់ហ៊ានធ្វើ។ នេះហើយជាចំណុចដែលខ្ញុំយល់ថា រដ្ឋាភិបាល គួរតែពិចារណា ហើយរកវិធីគិតគួរ រកវិធីសាស្ត្រកណ្ដាលមួយ ដើម្បីដោះស្រាយ»។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សភាសហភាពអឺរ៉ុប បានចេញសេចក្ដីសម្រេចថ្កោល ទោសរដ្ឋាភិបាលត្រកូលហ៊ុន និងជំរុញរដ្ឋសមាជិកអឺរ៉ុប និងសហគមន៍អន្តរជាតិ ចាត់វិធានការ និងដាក់ទណ្ឌកម្មជាបន្ទាន់ និងឱ្យមានប្រសិទ្ធភាព លើរដ្ឋាភិបាលត្រកូលហ៊ុន និងក្រុមអ្នកដែលទទួលខុសត្រូវទាំងឡាយ រហូតដល់អ្នកទោស នយោបាយទាំងអស់ ត្រូវបានដោះលែង។ សេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុបនេះ ឆ្លើយតបនឹងរដ្ឋាភិបាលត្រកូលហ៊ុន ដែលបន្តគាបសង្កត់ផ្នែកនយោបាយ ការយាយីលើអង្គការសិទ្ធិមនុស្ស និងការរំលោភសិទ្ធិប្រជាពលរដ្ឋ។
ចំណែកឯប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា បើកម្ពុជាបាត់ EBA ទាំងស្រុង នោះនឹងបន្ថែម វិបត្តិកាន់តែធំដល់ប្រជាពលរដ្ឋ ដូចជាកម្មករបាត់ការងារកាន់តែច្រើន កសិករលក់ កសិផលក្នុងតម្លៃថោក រីឯអាជីវករលក់ដូរគ្មានម៉ូយទិញ ដែលធ្វើឱ្យជីវភាពរបស់ ពលរដ្ឋទូទៅធ្លាក់ដុនដាប ខណៈពួកគាត់កំពុងជំពាក់បំណុលវ័ណ្ឌក។ លោកបន្តថា នៅពេលរោងចក្រច្រើនបិទទ្វារ ប្រជាពលរដ្ឋចំណាកស្រុក ក៏កើនឡើងថែមទៀត ពីព្រោះពួកគេត្រូវប្រឹងប្រែងរកប្រាក់ដោះស្រាយជីវភាពនិងសងបំណុល។
លោក ស៊ឹង សែនករុណា៖ «បើសិនគេអត់បញ្ជាទិញទៀត អ៊ីចឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសក៏កាន់តែកើនឡើង អ៊ីចឹងអ្នកដែលជំពាក់បំណុលក៏មិនមានអី ត្រូវមានមុខរបរ ធ្វើកិច្ចការងារ ដើម្បីសងធនាគារដែរ។ អ៊ីចឹងកាន់តែធ្ងន់ធ្ងរទៅៗៗ សូម្បីតែបច្ចុប្បន្នយើងឃើញអ្នកខ្លះហ្នឹង បិទទ្វារគេចជាមួយក្រុមធនាគារ ភ្នាក់ងារធនាគារចុះទារលុយ។ ពួកគាត់មានការលំបាកខ្លាំង ហើយដីធ្លីផ្ទះសម្បែង ក៏លក់មិនចេញទៀត។ មួយទៀតមុខរបរអត់មានទេ នៅក្នុងស្រុក បើមានប្រាក់កម្រៃក៏អត់គ្រប់គ្រាន់សងបំណុលដែរ»។
ក្នុងស្ថានភាពបែបនេះ លោក ស៊ឹង សែនករុណា ព្យាករថា ការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ នឹងពិបាកចៀសរួចដោយសារតែប្រជាពលរដ្ឋរងគ្រោះធំធេងពេកពីវិបត្តិសេដ្ឋកិច្ច ដូច្នេះ ពួកគេនឹងលែងខ្លាចចេញតវ៉ាជាចំហ។
លោក ស៊ឹង សែនករុណា៖ «ពលរដ្ឋវិញ គឺធ្លាក់ខ្លួនបំណុលវ័ណ្ឌក ជួបការលំបាកជីវភាពការរស់នៅផ្សេងៗ ហ្នឹង នឹងប្រជាពលរដ្ឋច្បាស់ជាចង្អុលមុខមេដឹកនាំហើយ ច្បាស់ជារកមធ្យោបាយទាមទារតវ៉ា ដើម្បីឱ្យមេដឹកនាំកែប្រែ ឬទម្លាក់ឱ្យចាកចេញពីតំណែងអីអ៊ីចឹងទៅ»។
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកឃ្លាំមើលលើកឡើងថា ការបាត់បង់ EBA ទាំងស្រុង នឹងធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសក្ដៅក្រហាយ ពីព្រោះកសិផលគ្មានទីផ្សារនិង អត់ការងារ ដែលធ្វើឱ្យប្រជាពលរដ្ឋ គ្មានលទ្ធភាពដោះស្រាយបំណុល ហើយរដ្ឋាភិបាល ក៏នឹងប្រឈមការតវ៉ាក្នុងទ្រង់ទ្រាយធំរបស់ប្រជាពលរដ្ឋ ប្រសិនបើមិនគោរពសិទ្ធិមនុស្ស និងវិលទៅស្ដារប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ១០០ភាគរយ ពីសហភាពអឺរ៉ុបត្រឡប់មកវិញ ឱ្យបានទាន់ពេលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។