កម្ពុជា​នឹង​ជួប​វិបត្តិ​ទេសចរណ៍​រយៈពេល​យូរ «បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ឆបោក»

ដោយ ខាន់ លក្ខិណា
2024.10.28
កម្ពុជា​នឹង​ជួប​វិបត្តិ​ទេសចរណ៍​រយៈពេល​យូរ «បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ឆបោក» អគ្គស្នងការនគរបាលជាតិ លោក ស ថេត ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ តុលា ២០២៤។
រូប៖ ហ្វេសប៊ុក​លោក ស ថេត

អ្នក​ឃ្លាំមើល​ព្រមាន​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា នឹង​រង​ផល​ប៉ះពាល់​រយៈពេល​យូរ បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ ហើយ​នៅ​តែ​ព្យាយាម​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ អំពី​ការ​រីក​រាលដាល​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា។

ការ​ព្រមាន​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រសួង​ទេសចរណ៍ និង​ក្រសួង​ពាក់ព័ន្ធ​បន្ត​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​កូរ៉េ អំពី​ករណី​ពលរដ្ឋ​កូរ៉េ ត្រូវ​បាន​បង្ខាំង​ឱ្យ​ធ្វើការ​ខុស​ច្បាប់ និង​ត្រូវ​បាន​ចាប់​ជំរិត​នៅ​កម្ពុជា។

អ្នកឃ្លាំមើល​ចាត់​ទុក​ការ​បដិសេធ​ភ្លាមៗ របស់​ក្រសួង​ទេសចរណ៍ និង​ក្រសួង​ ពាក់ព័ន្ធ ដោយ​ខ្វះ​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់ ពាក់ព័ន្ធ​ការ​រីក​សុះសាយ​នៃ​ព័ត៌មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​អំពើ​ឆបោក ថា​ជា​ការ​ឆ្លើយ​តប​ខុស​ឆ្គង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​នៅ​លើ​ពិភព​លោក។
អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២៧ ខែ​តុលា ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​រឿង​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​នៅ​កម្ពុជា​បច្ចុប្បន្ន ជា​ជាង​ចេះ​តែ​ឆ្លើយ​ច្រានចោល ក្នុង​លេស​ដោះស្រាយ​យក​រួច​ខ្លួន ហើយ​គួរ​ណាស់​បង្ហាញ​ស្មារតី​សហការ​ឱ្យ​មុតមាំ​ជាមួយ​ភាគី​កូរ៉េ​ខាង​ត្បូង ដើម្បី​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ​នៃ​ប្រតិបត្តិ​ការងារ​ដឹក​នាំ​ជាតិ។
លោក វ៉ន ចាន់ឡូត ចាត់​ទុក​វប្បធម៌​ចេះ​តែ​ឆ្លើយ​តប​បដិសេធ​បែប​នេះ របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ថា កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់ ពីព្រោះ​ជន​បរទេស​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំង​ឡាយ​ជឿជាក់​លើ​ព័ត៌មាន​អន្តរជាតិ​ល្បី​ៗ។

លោក​ថា មិត្តភក្តិ​បរទេស​នៅ​ជុំវិញ​ពិភព​លោក មិន​ជឿ​លើ​ការ​បក​ស្រាយ​បដិសេធ​របស់​ភាគី​លោក ហ៊ុន ម៉ាណែត ឡើយ ដោយសារ​ទំហំ​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​នៅ​កម្ពុជា នៅ​តែ​មាន​កំណើន​ផ្សព្វផ្សាយ​មិន​ស្រក​អន់​ទេ។

លោក វ៉ន ចាន់ឡូត«ពាក់ព័ន្ធ​ទៅ​នឹង​អសុវត្ថិភាព​របស់​កម្ពុជា ដែល​មិន​អាច​ធានា​បាន​អំពី​ការ​ជឿ​ទុក​ចិត្ត​សុវត្ថិភាព​មួយ​សម្រាប់​អ្នក​ទេសចរ​ឬ​ក៏​គេ មាន​ការ​ជឿ​ទុក​ចិត្ត​នោះ​ទាប ដូច្នេះ គឺ​នឹង​ធ្វើ​ឱ្យ​កំណើន​ទេសចរ មិន​ត្រឹម​តែ​មិន​កើន​ទេ ហើយ​វា​អាច​កាន់​តែ​ធ្វើ​ឱ្យ​ប៉ះពាល់»

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃទី២៥ ខែ​តុលា បាន​ចេញ​សេចក្ដី​ប្រកាស​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង អំពី​ករណី​ពលរដ្ឋ​កូរ៉េ​ត្រូវ​បាន​ចាប់​ជំរិត​បង្ខាំង​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ទាមទារ​ឱ្យ​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​កែ​ព័ត៌មាន​ឡើង​វិញ​ផង។

ក្រសួង​ទេសចរណ៍​ថា ការ​ផ្សាយ​របស់​ទូរទស្សន៍​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េ​ខាង​ត្បូង គឺ​ជា​ព័ត៌មាន​មិន​ពិត ហើយ​ថា ព័ត៌មាន​ចោទ​ប្រកាន់​នេះ ធ្វើ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ពី​សាធារណមតិ​ជាតិ​និង​អន្តរជាតិ​មក​លើ​កម្ពុជា ខណៈ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បដិសេធ អំពី​ការ​បណ្ដែត​បណ្ដោយ​របស់​រដ្ឋាភិបាល ដែល​បង្ក​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ការ​ធ្វើ​ទារុណ​កម្ម​លើ​ពលករ​បរទេស និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ពាក់ព័ន្ធ​នឹង Call Center ខុស​ច្បាប់​ជាដើម។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ​ លោក សេក សុជាតិ ថា កម្ពុជា​គួរ​ធ្វើការ​ត្រិះរិះ​ពិចារណា​ឱ្យ​បាន​ដិត​ដល់ ពីព្រោះ​បញ្ហា​ទាំងអស់​នេះ ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​របស់​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ។ លោក​ថា រដ្ឋាភិបាល គួរ​ធ្វើការ​បក​ស្រាយ​បែប​វិទ្យាសាស្ត្រ និង​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​បោស​សំអាត​បទ​ល្មើស​ជួញ​ដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង។

លោក សេក សុជាតិ៖ «មាន​សិក្សា​ស្រាវជ្រាវ​ទៅ​វា​ឃើញ​មាន​ចំណុច​អវិជ្ជមាន​ទាំងអស់​ហ្នឹង កើត​មាន​ចំពោះ​ជន​ជាតិ​របស់​ពួកគាត់ ដូច្នេះ​ហើយ ពួកគាត់​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ហ្នឹង រាល​ដាល​ទៅ​ដល់​អ្នក​ផ្សេង​ទៀត ដែល​មាន​បំណង​ចង់​មក​ធ្វើ​ការ​ឬ​ក៏​ចង់​មក​បន្តក់​ទុន​ទៅ​កម្ពុជា​ជា​ដើម។ ដូច្នេះ នេះ​ជា​ហានិភ័យ​មួយ​ធំ​ណាស់​នៅ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ ដោយ​ខិត​ខំ​ធ្វើ​ការ​បកស្រាយ ក៏​ប៉ុន្តែ​ការ​បកស្រាយ​ទាំងអស់ គួរ​តែ​ឈរ​លើ​គោលការណ៍​វិទ្យាសាស្ត្រ ដើម្បី​ធានា​ថា គ្រប់​យ៉ាង​ទាំងអស់ មាន​ការ​គ្រប់គ្រង​បាន​ត្រឹមត្រូវ​បាន​ច្បាស់លាស់»

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បញ្ហា​ជួញ​ដូរ​មនុស្ស​បង្ខាំង​មនុស្ស ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ សារព័ត៌មាន​អន្តរជាតិ ចុះ​ផ្សាយ​ព្រោង​ព្រាត ដែល​ធ្វើ​ឱ្យ​អ្នក​ទេសចរ​អន្តរជាតិ មិន​ហ៊ាន​មក​លេង​កម្ពុជា ខណៈ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ត្រូវ​អ្នក​ឃ្លាំមើល​អះអាង​ថា ធ្លាក់​ក្នុង​បរាជ័យ​នៃ​នយោបាយ​ទប់​ស្កាត់​បទ​ល្មើស​ឧក្រិដ្ឋ។

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​ទាល់​តែ​រដ្ឋាភិបាល​ ត្រកូល​ហ៊ុន​ហ៊ាន​ដាក់​ចេញ​កំណែ​ទម្រង់​ស្ដារ​ប្រជាធិបតេយ្យ និង​រួមគ្នា​កម្ចាត់​ឧក្រិដ្ឋកម្ម​ឱ្យ​ធានា​បាន​សន្តិសុខ និង​យុត្តិធម៌​សង្គម ក្នុង​គោល​ដៅ​ស្ដារ​មុខ​មាត់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។