កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក ប្រឈម​នឹង​ការ​ខាតបង់

ដោយ យ៉ង ចាន់តារា
2025.01.08
កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក ប្រឈម​នឹង​ការ​ខាតបង់ កសិករ​កំពុង​ច្រូត​ស្រូវ​ទាំង​នេះ គឺ​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក ដោយ​មិន​ដឹង​មូលហេតុ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ពួកគាត់​ថា បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការ​ខាតបង់​ច្រើន និង​ពុំ​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ខណៈ​អាជ្ញាធរ​ហាក់​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

ពលរដ្ឋ​មួយ​ចំនួន នៅ​ខេត្ត​បាត់ដំបង​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តម្លៃ​ស្រូវ កំពុង​ធ្លាក់​ថ្លៃ​ជា​គំហុក ធ្វើ​ឲ្យ​ពួកគាត់​ខាត​បង់​ប្រាក់ ជាង​២០ម៉ឺន​រៀល​ក្នុង​ស្រូវ​មួយ​តោន។

កសិករ​នៅ​ភូមិ​ដួងមារ ឃុំ​អូរតាគី ស្រុក​ថ្មគោល លោក ភាន កុសល់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ៧ ខែ​មករា​ថា តម្លៃ​ស្រូវ​អូអឹម (OM 54.51) នៅ​តំបន់​របស់​លោក មាន​តម្លៃ​ប្រមាណ​៧រយ​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ។ កសិករ​រូប​នេះ ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​ទាប​បែប​នេះ កំពុង​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ ជាពិសេស​អ្នក​ជួល​ដី​គេ​ធ្វើ​ស្រែ និង​អ្នក​ជំពាក់​បំណុល​ធនាគារ ។ លោក​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ស្វែងរក​ទីផ្សារ​កសិផល​របស់​កសិករ ដើម្បី​បញ្ចៀស​កសិករ​បោះបង់​មុខ​របរ និង​ធ្វើ​ចំណាក​ស្រុក ទៅ​ក្រៅប្រទេស ដើម្បី​រកលុយ​ដោះបំណុល។

លោក ភាន កុសល៖ «សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល សូម​ឲ្យ​គាត់​ដោះស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ប្រមូល​ភោគផល ដើម្បី​ឲ្យ​គាត់​មាន​ទំនុកចិត្ត​នឹង​បន្ត​ធ្វើស្រែ​ចំការ ។ ប្រសិនជា ពួកគាត់​មិន​រក​ដំណោះស្រាយ​ឲ្យ​ទេ កសិករ​ប្រហែល​ជា​អាច​ចំណាក​ស្រុក​ទៅ​ប្រទេស​គេ​ច្រើន​ហើយ ព្រោះ​ធ្វើ​អត់​បាន​ចំណេញ មាន​ការ​លំបាក​នឿយហត់​ហើយ បាន​ត្រឹម​តែ​ជំពាក់​បំណុល​ធនាគារ និង​ការ​នឿយហត់»

ស្រដៀង​គ្នា​នេះ កសិករ​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង លោក សែម ប៊ុនធី ថ្លែង​ថា នៅ​តំបន់​របស់​លោក ស្រូវ​ប្រភេទ​អូអឹម (OM 54.54) មាន​តម្លៃ ៦៥០រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ឃុំ​ខ្លះ​ទៀត មាន​តម្លៃ​ទាប​ជាង​នេះ។ លោក​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ស្វែងរក​ទីផ្សារ​ស្រូវ​ឲ្យ​កសិករ។

លោក សែម ប៊ុនធី៖ «មាន​តែ​សំណូមពរ​ឲ្យ​ពួកគាត់​ជួយ​ខ្នះខ្នែង​រក​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​ផង អ្នក​ដែល​ដល់​សព្វ​ថ្ងៃ​នេះ ងាប់​ហើយ​គ្នា​មិន​រស់​ទេ មួយ​តោន ៦៤ ឬ៦០ (ម៉ឺនរៀល) ឬ​អាច​ធ្លាក់​ដល់ ៥០ (ម៉ឺនរៀល) យ៉ាប់​ហើយ​បង​អើយ អីចឹង​មាន​តែ​សុំ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ផង បើ​ស្ងាត់ៗ​ទៀត​ងាប់​អស់​ហើយ ប្រជាពលរដ្ឋ»

ក្រៅ​ពី​នេះ មាន​ពលរដ្ឋ​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត បាន​បង្ហោះ​វីដេអូ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​តាម​បណ្ដាញ​សង្គម​នានា ដូចជា ហ្វេសប៊ុក (Facebook) និង​តិកតុក (Tiktok) ជាដើម និង​ស្នើ​ដល់​ស្ថាប័ន ពាក់ព័ន្ធ​ឲ្យ​ជួយ​ស្វែងរក​ទីផ្សារ​ជូន​កសិករ។

ការ​ត្អូញត្អែរ​របស់​កសិករ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​តម្លៃ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង បាន​ធ្លាក់​ថ្លៃ​ជា​បន្ត​បន្ទាប់។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី៣ ខែ​មករា តម្លៃ​ស្រូវ​ប្រភេទ អូអឹម (OM 54.51) នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា​បាត់ដំបង បន្ទាយមានជ័យ និង​ពោធិ៍សាត់​ជាដើម មាន​តម្លៃ​ចន្លោះ​ពី ៩៣០ ដល់ ៩៧០ រៀល​ក្នុង​មួយ​គីឡូ​ក្រាម តែ​តម្លៃ​នេះ បាន​ធ្លាក់​ចុះ​នៅ​សល់​ចន្លោះ​ពី ៧៩០ ដល់ ៨១០​រៀល កាល​ពី​ថ្ងៃទី៦ ខែ​មករា។ ចំណែក​ពលរដ្ឋ​មួយចំនួន នៅ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី៧ ខែ​មករា ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​ប្រភេទ​ដូចគ្នា​នេះ មាន​តម្លៃ​ចាប់​ពី​៦០០ ដល់​៧៣០​រៀល​ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​លើ​ទីតាំង​រោងម៉ាស៊ីន និង​ឈ្មួញ​កណ្ដាល។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៧ ខែ​មករា។

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម រួម​ទាំង​រដ្ឋបាល​ខេត្ត​បាត់ដំបង មិន​បាន​បង្ហាញ​ព័ត៌មាន​ណាមួយ​ឡើយ ពាក់ព័ន្ធ​នឹង​តម្លៃ​ស្រូវ​របស់​កសិករ​កំពុង​ធ្លាក់​ថ្លៃ​នេះ។ ប៉ុន្តែ​ស្ថាប័ន​រដ្ឋ​ទាំង​នេះ បាន​បង្ហោះ​ពី​សារ និង​រូបភាព របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន ចូលរួម​រំលឹក​ខួប​លើក​ទី៤៦ ទិវា​ជ័យ​ជំនះ ៧ មករា ខណៈ​កសិករ​កំពុង​ត្រដរ​ខ្យល់​ព្រោះ​ស្រូវ​លក់​បាន​តម្លៃ​ថោក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា មាន​ប្រសាសន៍​ថា បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ គឺ​មិន​មែន​កើត​តែ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​កើតឡើង នៅ​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ ហើយ​បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ឈ្មួញ​កណ្ដាល​ជា​អ្នក​កំណត់​តម្លៃ​ស្រូវ។ លោក​សង្កេត​ឃើញ​ថា បញ្ហា​តម្លៃ​នេះ ក៏​អាច​ពាក់ព័ន្ធ​នឹង​កសិករ បង្កបង្កើនផល​ស្រូវ គ្មាន​កិច្ចសន្យា ឬ​ចរចា​តម្លៃ​ស្រូវ ជាមួយ​នឹង​អ្នកទិញ​នៅ​មុន​ការ​ដាំដុះ ដែល​ជា​ហេតុ ធ្វើ​ឲ្យ​អ្នកទិញ​អាច​តំឡើង ឬ​បញ្ចុះ​តម្លៃ​បាន​ដោយ​ខ្លួនឯង។

លោក ឌី គន្ធា៖ «ចង់​មិន​ចង់​រាជ​រដ្ឋាភិបាល ត្រូវ​តែ​ពិនិត្យ​មើល​គោលនយោបាយ​ផ្សេងៗ​នៅ​ក្នុង​ទៅដល់​ការ​លើកទឹកចិត្ត​ដល់​កសិករ​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​ស្រូវ និង​ធានា​នូវ​និរន្តរភាព ទីផ្សារ​តម្លៃ​ស្រូវ​នៅ​ក្នុង​ស្រុក និង​នាំចេញ​ទៅ​ក្រៅប្រទេស ឲ្យ​មាន​តម្លៃ​អាច​ទទួល​យក​បាន តម្លៃ​គាប់ចិត្ត តម្លៃ ដែល​កសិករ​អាច​ទទួល​បាន​ផល​ចំណេញ​ក្រោយ​ពី​ប្រមូល​ផល និង​មិនមែន​ជា​តម្លៃ ដែល​ទទួល​បាន​មក​មិន​រួច​ថ្លៃ​ដើម មិន​រួច​ថ្លៃ​សង​ការ​ប្រាក់ ប្រាក់​ដើម និង​បំណុល​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ»

កសិករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា ការ​ដាំដុះ​ស្រូវ អាយុ​កាល​ខ្លី​ដូចជា​ពូជ​សែន​ក្រអូប និង​ពូជ​អូអឹម ៥៤.៥១ (OM 54.51) កសិករ​ត្រូវ​ចំណាយ​ថ្លៃដើម​ជាច្រើន ដូចជា ថ្លៃ​ពូជស្រូវ ថ្លៃ​ភ្ជួរ និង​រាស់​ដី ថ្លៃ​ជី ថ្លៃ​ថ្នាំ​កំចាត់​សត្វល្អិត ថ្នាំ​ប៉ូវ​កសិកម្ម និង​ថ្លៃ​ជួល​ដីស្រែ​ជាដើម ដែល​មាន​តម្លៃ​ជាង ៣លាន (.៣០០.០០០) រៀល​ក្នុង​មួយ​ហិកតារ ។

កន្លង​មក​កសិករ​ខ្លះ នៅ​ខេត្ត​បាត់ដំបង តែង​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​ស្ទើរ​តែ​ជា​រៀងរាល់​ឆ្នាំ ខណៈ​ដំណាំ​ស្រូវ​របស់​ពួកគាត់ ជួប​គ្រោះ​រាំង​ស្ងួត និង​គ្មាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​នៅ​រដូវ​ប្រាំ និង​ជួប​គ្រោះ​ទឹក​ជំនន់​ នៅ​រដូវ​វស្សា។ ប្រការ​នេះ ធ្វើ​ឲ្យ​កសិករ​ជាច្រើន ខាត​បង់​ប្រាក់​ចំណូល និង​ប្រឈម​នឹង​បញ្ហា​ជំពាក់​បំណុល​វ័ណ្ឌក ហើយ​ពួកគាត់ បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​ជូន​ពួកគាត់។ ជានិច្ចកាល អាជ្ញាធរ​តែង​ចោល​ពលរដ្ឋ​ថា ធ្វើ​ស្រែ​លើស​ផែនការ ឬ​សម្រុក​ច្រូត​ក្នុង​ពេល​តែ​មួយ ឬ​ប្រទេស​ជិតខាង​កំពុង​ប្រមូល​ផល​ស្រូវ​ដូចគ្នា​នឹង​កម្ពុជា ដែល​កត្តា​ទាំង​នេះ ធ្វើ​ឲ្យ​ស្រូវ​ចុះ​ថោក ។ បញ្ហា​ស្រូវ​ចុះ​ថោក​នេះ ជាដើម​ចម ធ្វើ​ឲ្យ​ប្រជា​កសិករ​ប្រមាណ ១​ពាន់​នាក់ បាន​យក​គោយន្ត​ដឹក​ស្រូវ និង​ស្រូវ​ទៅ​ចាក់​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ និង​រក​ទីផ្សារ​លក់​ផលិតផល​កសិផល​របស់​ពួក​គាត់ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៦ ។ កសិករ​បាន​បើក​ផ្លូវ​ចរាចរណ៍​វិញ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​ដោះស្រាយ​បញ្ហា​នេះ។

កសិករ​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​នានា ឲ្យ​ជួយ​ស្វែង​រក ទីផ្សារ​ស្រូវ​អង្ករ​សម្រាប់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​មាន​ជីវភាព​សមរម្យ និង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​រួម​ទាំង​បំណុល​ធនាគារ​ជាដើម។ កសិករ​ខ្លះទៀត លើកឡើង​ថា បើ​តម្លៃ​ស្រូវ​នៅ​តែ​ចុះ​ថោក​បែប​នេះ ពួកគាត់​អាច​នឹង​បោះបង់​មុខ​របរ​មួយ​នេះ​ចោល ហើយ​ជម្រើស​ចុង​ក្រោយ ពួកគាត់​មាន​តែ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​រកលុយ​ដោះបំណុល​ធនាគារ ដែល​បាន​ខ្ចី​មក​ធ្វើ​ដើម​ទុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។