អាជីវករ​មួយចំនួន​ត្អូញត្អែរ​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ​ដោយសារ​លក់ដូរ​មិន​ដាច់

ដោយ ជាតិ ចំណាន
2023.11.11
អាជីវករ​មួយចំនួន​ត្អូញត្អែរ​គ្មាន​ប្រាក់​សង​បំណុល​ធនាគារ​ដោយសារ​លក់ដូរ​មិន​ដាច់ ទិដ្ឋភាពផ្សារដើមគ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ តុលា ២០២៣។
រូប៖ ហ្វេសប៊ុកគណៈកម្មការផ្សារដើមគ

អាជីវករ​លក់ដូរ​នៅ​តាម​តំបន់​ទេសចរណ៍ និង​តាម​ផ្សារ​មួយចំនួន​កំពុង​មាន​ជីវភាព​ភាព​ខ្វះខាត​ដោយសារ​ប្រាក់ចំណូល​ធ្លាក់ចុះ ខណៈ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ពុំ​សូវ​មក​កម្សាន្ត ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​បាក់​ទឹកចិត្ត និង​បង្ក​ឱ្យ​មាន​បញ្ហា​អ​សន្តិភាព​សង្គម។

ក្រុម​អាជីវករ​លក់ដូរ​មួយចំនួន​ត្អូញត្អែរ​ថា នៅ​តំបន់​ទេសចរណ៍ និង​ទីប្រជុំជន​ដែល​ធ្លាប់​តែ​មាន​ពលរដ្ឋ​ដើរ​ទិញ​ទំនិញ អាហារ​ហូបចុក ប្រែជា​ស្ងប់ស្ងាត់​លែង​មាន​មនុស្ស​អ៊ូអរ​ច្រើន​ដូច​ពេល​មុន ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​របស់​ពួកគាត់។

អាជីវករ​លក់​ខោអាវ​ជជុះ​នៅ​កណ្ដាល លោកស្រី ជ័យ ស្រីវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា មួយ​ព្រឹក​នេះ​លោកស្រី​លក់​បាន​ប្រាក់​តែ​២​ម៉ឺន ៥​ពាន់​រៀល (.៥០០០) ប៉ុណ្ណោះ ដែល​ប្រាក់ចំណូល​នេះ​មិនអាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​បង់​ធនាគារ​នោះ​ទេ​។ លោកស្រី​បន្ត​ថា ដោយសារ​លក់​មិនសូវ​ដាច់​ប្រាក់ចំណូល​ទាប ដូច្នេះ​តម្រូវ​ឱ្យ​លោកស្រី​ចេញ​លក់​នៅ​តាម​រោងចក្រ បន្ថែម​រហូតដល់​ម៉ោង​៥​ល្ងាច​ទើប​លោកស្រី​ចូល​ផ្ទះ​វិញ។

លោកស្រី ជ័យ ស្រីវី៖ «ខ្ញុំ​ប្រឈម​នឹង​ខ្វះ​ខាត​ហើយ​និង​បង់​ធនាគារ ហើយ​ដូច​ថា ជីវភាព​យើង​រាល់ថ្ងៃ​អ៊ីចឹង​ហើយ​និង​ជំងឺ​យើង​ផង ហើយ​ពេល​អ៊ីចឹង​ខ្ញុំ​ភ័យ​ព្រួយ​បារម្ភ​មែនទែន​មិន​ហ៊ាន​ឈប់​សម្រាក​ទេ ត្រូវ​តែ​ទៅ​រាល់ថ្ងៃ មួយ​ខែ​ខ្ញុំ​បង់​ធនាគារ​១៥០​ដុល្លារ ហើយ​លុយ​១៥០​ដុល្លារ​ខ្ញុំ​ត្រូវ​ខំប្រឹង​សន្សំ ក្នុង​មួយថ្ងៃ​បាន​១​ម៉ឺន ២​ម៉ឺន​មក ៣​ពាន់​មក ៤​ពាន់​ដាក់​ក្នុង​កូនជ្រូក​ទុក​សន្សំ​សង​គេ»

ស្រដៀង​គ្នា​នេះ​ដែរ​អាជីវករ​លក់​ម្ហូបអាហារ​នៅ​ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ លោក កើត រ៉ា ថ្លែង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​លេង​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដោយសារតែ​សម្បូរ​ជនជាតិ​ចិន មួយចំនួន​មក​បើក​កន្លែង​បន​ល្បែង​កាស៊ីណូ​យ៉ាង​អនាធិបតេយ្យ​។ លោក​ព្រួយ​បារម្ភ​ថា ប្រសិនបើ​លំហូរ​នៃ​ជន​ជាតិចិន​កាន់តែ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ធ្វើ​ឱ្យ​អាជីវករ​បាត់បង់​ប្រាក់​ចំណូល​ដោយសារតែ​ជនជាតិ​ចិន​ទាំង​នោះ​មក​រកស៊ី​ដណ្ដើម​មុខរបរ​ពលរដ្ឋ​ខ្មែរ។

លោក កើត រ៉ា៖ «ដល់ពេល​អត់​មាន​កន្លែង​សប្បាយ​អត់​មាន​កន្លែង​ស្នាក់ គឺ​វា​ត្រូវការ​កាត់បន្ថយ​ភាគច្រើន​គឺ​បាត់បង់​ហ្មង​ចង់​ឱ្យ​មាន​អាហ្នឹង​ឡើងវិញ ពីព្រោះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ផង​ពីព្រោះ​ទេសចរ​អឺរ៉ុប​បាន​ផល​ចំណេញ​ល្បាយ​ស្មើ​សាច់​គ្រប់​ប្រភេទ​មនុស្ស​ទទួលផល​ពី​អឺរ៉ុប​អ៊ីចឹង​បើ​មាន​អាហ្នឹង​ឡើងវិញ​ទៅ ការ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​អាជីវកម្ម​គ្រប់​ប្រភេទ​ហ្នឹង​អាច​ដំណើរការ​ឡើងវិញ អាជីវកម្ម​ហ្នឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ធូរធារ​ក្នុង​គ្រួសារ​នីមួយៗ​ដូច​ពលរដ្ឋ​ទូទៅ»

ក្រៅពី​អាជីវករ​លក់​តាម​ផ្សារ និង​នៅ​តាម​តំបន់​ទេសចរណ៍​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ហើយ​នោះ​នៅ​មាន អ្នក​រត់​កង់​បី កម្មករ​រោងចក្រ កម្មករ​សំណង់ កសិករ និង​អ្នក​ប្រកប​របរ​មួយ​ចំនួន​ទៀត ពិបាក​រក​ប្រាក់​ចំណូល និង​មាន​ប្រាក់ខែ​តិច ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព សុខភាព និង​មាន​ការប្រើ​អំពើ​ហិង្សា​នៅក្នុង​ក្រុម​គ្រួសារ​ជាដើម។

កន្លងទៅ​អ្នក​តាម​បញ្ហា​សង្គម​លើកឡើង​ថា បញ្ហា​ធ្លាក់​ប្រាក់ចំណូល​នេះ​បណ្ដាល​មក​ពី កម្ពុជា​មិន​គោរព​សិទ្ធិមនុស្ស ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដាក់​ពន្ធនាគា​រ ដែល​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​លោក​សេរី​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដោយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) ២០​ភាគរយ និង​សហរដ្ឋអាមេរិក​មិន​បន្ត ប្រព័ន្ធ​អនុគ្រោះ (GPS)

អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​១០ វិច្ឆិកា។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​មាន​កញ្ចប់​ថវិកា​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​រៀបចំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​បង់​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បណ្ដែតបណ្ដោយ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ នោះ​អាជីវករ​អាច​ប្រឈម​នឹង​ការ​បាក់​ទឹកចិត្ត និង​បោះបង់​មុខរបរ​ចោល។

លោក យង់ គិមអេង៖ «រឿង​ទាំង​អស់ហ្នឹង​គឺ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ត្រូវ​គិតគូរ​ពី​គោលនយោបាយ​គាំពារ​ដល់​ពួកគាត់​គឺ​ពួកគាត់​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ ហើយ​ហ្នឹង​ជួយ​ផ្គត់ផ្គង់​នៅ​ផ្នែក​គាំពារ​សង្គម​ផ្សេងៗ​ឬក៏​អាច​ជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់​ជីវភាព​រស់នៅ​សម្រាប់​អ្នក​ដែល​គ្នា​មានការ​ពិបាក»

មន្ត្រី​សង្គម​ស៊ីវិល និង​អាជីវករ​ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់ចុះ​របស់​ពលរដ្ឋ និង​ទប់ស្កាត់​កុំឱ្យ​ជនជាតិ​ជន​លក់ដូរ​រកស៊ី​នៅ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​អាជីវករ​មួយ​ចំនួន​លក់​មិន​ដាច់។ បញ្ហា​នេះ​ប៉ះទង្គិច​ខ្លាំង​ទៅលើ​ជីវភាព​របស់​គ្រួសារ​ក្រីក្រ​ស្រាប់ ដែល​ក្នុង​នោះ​មានគ្រួសារ​ខ្លះ​ត្រូវ​បាន​បង្ខំចិត្ត​កាត់បន្ថយ​អាហារ​ហូបចុក​របស់​ខ្លួន និង​ឈប់​ឱ្យ​កូន​ទៅ​រៀន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។