ស៊ុន ចាន់ថុល អះអាងថា គម្រោងជីកព្រែកហ្វូណនតេជោ នឹងធ្វើចប់តាមការគ្រោងទុក ឬមុនការគ្រោងទុក
2024.11.27
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អះអាងថា គម្រោងជីកព្រែកហ្វូណនតេជោ នឹងធ្វើចប់តាមការគ្រោងទុក ឬមុនការគ្រោងទុក។
លោកថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ដោយច្រានចោលសេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិ ដែលបានផ្សព្វផ្សាយថា រដ្ឋាភិបាលផ្អាកសាងសង់ព្រែកជីក ហ្វូណនតេជោដោយខ្វះថវិកា។
«ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក តែប៉ុណ្ណឹងទេឱ្យច្បាស់។ សម្ដេចធិបតីលោកមានប្រសាសន៍ហើយ បើកការដ្ឋានថ្ងៃទី៥ ខែ៨ (សីហា) ទើបបាន ៣ខែ។ ពេលបើកការដ្ឋាននេះ គេធ្វើតិកតុក (Tik Tok) គេយំពេញភូមិថាខ្ញុំបាត់ដីអស់រលីង រដ្ឋាភិបាលយកដីគេអស់រលីង ដោយមិនទាន់បង់ការទូទាត់ សងនូវការយកដីទេ។ ម៉ោងនេះអត់ទាន់យកដីមួយចំអាមនៅឡើយទេ ដោយសារអី? ដោយសារយើងចាំទឹកស្រក ដើម្បីទៅបោះនិយាមកាឱ្យបានត្រឹមត្រូវ។ បោះរួច ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចលោកធ្វើដំណើរតាមក្រោយ។»
ការអះអាងរបស់ លោក ស៊ុន ចាន់ថុល នេះក៏មិនខុសគ្នាពីការអះអាងរបស់ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដែរ ដោយចាត់ទុកការផ្សាយរបស់ព័ត៌មានបរទេសកាលពីពេលថ្មីៗ នេះថា ជាព័ត៌មានប្រឌិត គ្មានមូលដ្ឋានច្បាស់លាស់ មាក់ងាយអាជ្ញាធររដ្ឋាភិបាល និងធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រមទាំងមានមន្ទិលសង្ស័យលើការងាររបស់អាជ្ញាធរជាដើម។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានផ្សាយថា រដ្ឋាភិបាលមិនមានថវិកា ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលធ្វើឱ្យគម្រោងនេះជាប់គាំង។ រ៉យទ័របានយោងប្រភពពីមន្ត្រីចិន និងអ្នកពាក់ព័ន្ធនឹងវិនិយោគទុន ដែលថា រដ្ឋាភិបាលកុម្មុយនិស្តចិនមិនមានលុយសម្រាប់ផ្ដល់ឱ្យរដ្ឋាភិបាលកម្ពុជាសាងសង់ព្រែកជីកទេ។
ទាក់ទងនឹងរឿងនេះ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ ១ពាន់ ៧រយ លានដុល្លារលើគម្រោងព្រែកជីកហ្វូណន និងគ្រោងបញ្ចប់គម្រោងនេះនៅឆ្នាំ២០២៨។ រដ្ឋាភិបាលអះអាងថា ថវិកានេះបានមកពីបដិភាគពីក្រុមឧកញ៉ា អ្នកជំនួញ សហគ្រាសសាធារណៈរបស់រដ្ឋ និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ China Road and Bridge Corporation (CRBC) ក្រោមកិច្ចព្រមព្រៀងសាងសង់ ប្រតិបត្តិ និងផ្ទេរ ហៅកាត់ថា ប៊ីអូធី (BOT)។
ប៉ុន្តែ មកដល់ពេលនេះរដ្ឋាភិបាលមិនដែលប្រកាសថា មានថវិកាប៉ុន្មានសម្រាប់ដំណើរការគម្រោងនេះទេ។
ជាមួយគ្នានេះ រយៈពេល ៣ខែ ក្រោយពេលលោក ហ៊ុន ម៉ាណែត សម្ពោធបើកការដ្ឋានសាងសង់មក ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ខ្លាចមិនទទួលបានសំណងសមរម្យ ខណៈពួកគាត់ពុំឃើញមានអាជ្ញាធរពាក់ព័ន្ធចុះមកដោះស្រាយនៅឡើយ។
ករណីនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាមការសិក្សាបឋមមានផ្ទះប៉ះពាល់ពីគម្រោងនេះ ចំនួនជាង ១ពាន់ ៥រយខ្នង (១.៥៨៥) ប៉ុន្តែនៅពេលចុះទៅជាក់ស្ដែង គឺបានកើនដល់ចំនួនជាង ២ពាន់ ៣រយខ្នង (២.៣០៥) ដែលរដ្ឋាភិបាលកំពុងដោះស្រាយ។
ជាមួយគ្នានេះ លោកមិនភ្លេចបញ្ជាក់ដែរថា គណៈកម្មការទន្លេមេគង្គ បានចេញរបាយការណ៍ថា គម្រោងព្រែកជីកនេះគ្មានការប៉ះពាល់បរិស្ថាននៅកម្ពុជា ឬនៅវៀតណាមនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។