រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន

ដោយ ហ៊ុំ ចំរើន
2024.09.29
រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន រូបភាព ផ្លាក​សញ្ញា​ចូល​ទៅ រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤។
រូប​ភាព​ពលរដ្ឋ​ផ្ដល់​ឱ្យ

រមណីយដ្ឋាន​ទេសចរណ៍ ប្រវត្តិសាស្ត្រ ផ្ទះ​តាម៉ុក មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ដូច​មុន​នោះ​ទេ។ ពលរដ្ឋ​នៅ​តំបន់​នោះ លើក​ឡើង​ថា ដោយសារ​កត្តា​សេដ្ឋកិច្ច​ទើប​ធ្វើ​ឲ្យ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ លែង​ចាប់​អារម្មណ៍​ចូល​ទស្សនា តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទៀត។ សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​រៀបចំ​សោភ័ណភាព ហើយ​កែ​លម្អ​ផ្នែក​នយោបាយ លុប​បំបាត់​អំពើ​ពុករលួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​វិញ។

រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​កន្លែង​ដែល​គេ​​ស្គាល់​ថា​ជា​ផ្ទះ​តាម៉ុក មាន​ទី​តាំង​ជាប់​ព្រំដែន​កម្ពុជា -ថៃ និង​ជា​អតីត​ទីតាំង​ប្រជុំ​កង​ទ័ព​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ស្ថិត​នៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។ ពលរដ្ឋ​រស់នៅ​តំបន់​នោះ រៀប​រាប់​ថា ចាប់​តាំង​ពី​បោះឆ្នោត​អាណត្តិ​ទី​៧​រួច​មក ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហាក់​មិន​សូវ​មក​ចូល​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទៀត​ឡើយ ចំណែក​អ្នក​រក​ស៊ី​លក់​វត្ថុ​អនុស្សាវរីយ​តាម​ដង​ផ្លូវ​ចូល​ទៅ ក្នុង​រមណីយដ្ឋាន​នេះ​វិញ បាន​នាំ​គ្នា​បិទ​ទ្វា​ផ្ទះ​ចោល​លែង​រក​ស៊ី​ថែម​ទៀត។

យុវជន​ម្នាក់​ដែល​ជា​អ្នក​សំអាត ក្នុង​បរិវេណ​រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក យុវជន វុន ដាវីត រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា បច្ចុប្បន្ន​មិន​សូវ​មាន​ភ្ញៀវ​ចូល​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក​នោះ​ទេ ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ ២ ទៅ ៣​ឡាន​ប៉ុណ្ណោះ​ដែល​ចូល​ទស្សនា ចំណែក​យុវជន​សិស្ស​និស្សិត​វិញ យូរ​ៗ​ពួកគាត់​មក​ទស្សនា​ម្ដង។

យុវជន វុន ដាវីត៖ «ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ធ្លាក់​ចុះ​រហូត បរទេស​ភាគ​ច្រើន​មគ្គទេសក៍​គេ​នាំ​ទៅ​មើល​ប្រាសាទ​ធំ​ៗ មក​តើ​សិស្ស​សាលា​មក​សិក្សា​ពី​ប្រវត្តិសាស្ត្រ មក​ពី​ខេត្ត​សៀមរាប ខេត្ត​ឧត្ដរមានជ័យ សាលា​ខ្លះ​គេ​សហការ​ឲ្យ​មក​សាលា​ខ្លះ​អត់​អ៊ីចឹង​ទៅ»។

អ្នក​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក គឺ​លោក ហង្ស រី ឲ្យ​ដឹង​ដែរ​ថា លោក​ធ្វើ​ការងារ​ជា​អ្នក​លក់​សំបុត្រ​នៅ​រមណីយដ្ឋាន​ជាង​១៥​ឆ្នាំ​មក​ហើយ ។ លោក​ថា ចាប់​តាំង​ពី​បោះឆ្នោត​អាណត្តិ​ទី​៧​រួច​មក រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក លែង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​កុះករ​ដូច​មុន​ឡើយ។ លោក​យល់​ថា បញ្ហា​សេដ្ឋកិច្ច​សកល​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មក​ទស្សនា និង​ចង់​សិក្សា​ពី​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ។

លោក ហង្ស រី៖ «អត់​ទាំង​អស់ អត់​ទាំង​ភ្ញៀវ​ខ្មែរ​ក៏​អត់​ដែរ មួយ​ថ្ងៃ​មាន​ភ្ញៀវ​២​ទៅ​៣​ឡាន មនុស្ស​ជាង​១០​នាក់ សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ចូល​ទស្សនា​ឲ្យ​បាន​ច្រើន​ៗ គ្រប់​រដូវ​គ្រប់​ខែ គាត់​ដូច​គ្មាន​ថវិកា​ដែរ​ឥឡូវ ពិបាក​ណាស់​ស្រុក​ខ្មែរ​ឥឡូវ»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក និង​អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ប៉ែន កុសល្យ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។

របាយការណ៍​ក្រសួង​ទេសចរណ៍ ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា បង្ហាញ​ថា កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ១លាន ៥សែននាក់(,៥៨ លាន​នាក់) នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ កើន​ឡើង ២២,៥ ភាគរយ ពី​ចំនួន​ជិត ១លាន ៣សែននាក់ (,២៩ លាន​នាក់) ក្នុង​អំឡុង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា ដោយសារ​វិបត្តិសេដ្ឋកិច្ច និង​មិន​មាន​ភាព​ទាក់ទាញ​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក និង​ភ្ញៀវ​អន្តរជាតិ​មិន​ចូល​ទស្សនា តំបន់​ទេសចរណ៍​នានា លើស​ពី​នោះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​ផ្នែក​នយោបាយ​ខ្លះ​ផង​ដែរ។ លោក​ថា ដើម្បី​មាន​ឲ្យ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត និង​ទស្សនា​ច្រើន រដ្ឋាភិបាល​គួរ​តែ​រៀបចំ​សោភ័ណភាព កែ​លម្អ​ផ្នែក​នយោបាយ លុប​បំបាត់​អំពើ​ពុករលួយ និង​បង្ក្រាប​បទល្មើស​នានា​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​មុន​សិន។

លោក យង់ គឹមអេង៖ «រដ្ឋាភិបាល​ក៏​គាត់​ខំ​ប្រឹង​ទប់ស្កាត់​រឿង​ទាំង​អស់​នេះ​ដែរ ប៉ុន្តែ​យើង​មិន​ទាន់​ទាក់ទាញ ភ្ញៀវ​ទេសចរ​ទាំង​អស់​នេះ​មក​វិញ ប៉ុន្តែ​យើង​ខំ​ប្រឹងប្រែង​ធ្វើ​ថែម​ទៀត ដើម្បី​បាន​ភ្ញៀវ​ទេសចរ​មក​វិញ ហើយ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​រឿង​ទាំង​នេះ​បាន​ជោគជ័យ​ខ្លាំង ហើយ​យើង​លែង​មាន​ករណី​បែប​នឹង​កើត​ឡើង​ត​ទៅ​ទៀត»

រមណីយដ្ឋាន​ទេសចរណ៍​ផ្ទះ​តាម៉ុក​មាន​ផ្ទៃ​ដីជាង ១ហិកតារ (,៦១) និង​មាន​ផ្ទះ​ចំនួន​៤​ខ្នង ហើយ​ខាង​ក្រោយ​ផ្ទះ​មាន​បឹង​ដែល​មាន​ទំហំ​ជាង ៤​រយ​ហិកតារ(៤១៧) ហៅ​បឹង អន្លង់វែង ឬ​បឹង​អូរ​ជីក ដែល​ស្គាល់​ថា ជា​ផ្ទះ​ និង​ជា​ទីតាំង​ប្រជុំ​កង​ទ័ព​សម្រាប់​រៀប​ចំ​ផែន​ការ​វាយ​ប្រយុទ្ធ​ផ្នែក​ខាង​យោធា​របស់​តាម៉ុក។ តាម៉ុក​មាន​ឈ្មោះ​ពិត ឈ្មោះ ឈិត ជឿន ជា​អ្នក​ខេត្ត​តាកែវ លោក​ជា​អតីត​សមាជិក​អចិន្ត្រៃយ៍​របស់​គណៈមជ្ឈិម​បក្ស​ខ្មែរ​ក្រហម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គាត់​ក៏​ជា​មេ​ទ័ព​កំពូល​របស់​ខ្មែរ​ក្រហម​១​រូប។ តាម៉ុក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិនា ឆ្នាំ​១៩៩៩ បន្ទាប់​មក​លោក​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០០៦ នៅ​ក្នុង​មន្ទីរ​ពេទ្យ​យោធា​រាជធានី​ភ្នំពេញ ។ ហើយ​ក្រុម​គ្រួសារ និង​សាច់​ញាតិ បាន​យក​សព​របស់​គាត់​យក​ទៅ​បញ្ចុះ​នៅ​វត្ត​ធម្មារាម​ឬ​វត្ត​ស្រះឈូក ស្ថិត​នៅ​ភូមិ​ស្រះឈូក ឃុំ​ត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។