លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនឹងបន្តសាងសង់ព្រែកជីកហ្វូណនតេជោ នៅពេលរដ្ឋាភិបាលផ្ដល់សំណងដល់ពលរដ្ឋរួចរាល់
2024.11.23
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោ ហើយការជីកព្រែកនេះនឹងបន្តនៅពេលរដ្ឋាភិបាលផ្ដល់សំណងដល់ពលរដ្ឋរួចរាល់។ ការឡើងរបស់លោក ហ៊ុន ម៉ាណែត ក្រោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) និងសារព័ត៌មានអន្តរជាតិផ្សេងទៀតថា រដ្ឋាភិបាលផ្អាកសាងសង់ព្រែកជីក ហ្វូណនតេជោដោយខ្វះថវិកា។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) នៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយច្រានចោលការឡើងថា រដ្ឋាភិបាលមិនថវិកា ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។
លោក ហ៊ុន ម៉ាណែត ថា ការប្រឌិតព័ត៌មានមិនពិត ដែលផ្ទុយពីស្ថានភាពរបស់កម្ពុជា ជាពិសេស បញ្ហាដំណើរការជីកព្រែកហ្វូណនតេជោ គឺជាការរុញឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ មានមន្ទិលសង្ស័យរវាងខ្មែរ និងខ្មែរគ្នាឯង។ លោកថា រដ្ឋាភិបាលកំពុងគិតគូរសំណងដល់ពលរដ្ឋជាមុនសិន ហើយការសាងសង់នឹងរង់ចាំនៅរដូវប្រាំងដើម្បីងាយស្រួលជីក។
លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹងដល់យើងអត់ទាន់ធ្វើអីជីក គេថា យើងអស់លុយធ្វើមិនចេញ វាយហើយស្ងាត់ ខ្ញុំករុណាសូមពន្យល់ ហើយបញ្ជូនសារទៅវិញ នីតិវិធីនៃការធ្វើគេមិនមែនសម្ពោធហើយគេដាក់ឈូសឆាយទេ អាហ្នឹងបានប្រជាជនស្រែកយំ គេត្រូវបង្កើតនិយាមការឱ្យបានច្បាស់លាស់ពិនិត្យឡើងវិញ កន្លែងណាត្រាយផ្លូវចុះទៅដោះស្រាយប្រជាជនកន្លែងណាប៉ះពាល់ ស្រេចគ្នាបានយើងដាក់គ្រឿងចក្រទៅជីក អាហ្នឹងបានប្រកបដោយធម៌»។
ការលើកឡើងនេះ ក្រោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបានដកស្រង់ចេញពីមន្ត្រីចិន និងអ្នកពាក់ព័ន្ធនឹងវិនិយោគទុនថា រដ្ឋាភិបាលកុម្មុយនិស្តចិនមិនមានលុយសម្រាប់ផ្ដល់ឱ្យរដ្ឋាភិបាលកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោនោះទេ ហើយប្រទេសចិនក៏បានរិះគន់មន្ត្រីកម្ពុជា ដែលប្រកាសថា ប្រទេសចិនជាអ្នកផ្ដល់ថវិកាសាងសង់ព្រែកនេះ បើទោះជាប្រទេសចិនមិនទាន់សម្រេចយល់ព្រមក៏ដោយ។
អស់រយៈពេលជាង ៣ខែមកហើយ គម្រោងនេះនៅមិនទាន់បានដំណើរនៅឡើយនោះទេ ដោយគិតត្រឹមពីចំណុចចាប់ផ្ដើមនៃព្រែកជីក ដោយតភ្ជាប់ពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រដ្ឋាភិបាលបានជីកព្រែកដោយមានទទឹងចំនួន ១៥ម៉ែត្រ និងបណ្ដោយប្រមាណ ៤រយម៉ែត្រ និងមិនមានគ្រឿងចក្រ និងកម្មករធ្វើការនោះទេ។
ពលរដ្ឋម្នាក់ដែលរស់នៅតំបន់មាត់ព្រែកថ្លែងដោយសុំមិនបញ្ចេញឈ្មោះ ដោយព្រួយបារម្ភអំពីសុវត្ថិភាពលើកឡើងថា មានមន្ត្រីមួយក្រុមបានចុះវាស់ និងកត់ចំនួនដំណាំរបស់លោកស្រីកាលពីខែសីហាមកម្ល៉េះ ប៉ុន្តែលោកស្រីថា រហូតមកដល់ពេលនេះខាងអាជ្ញាធរនៅមិនទាន់បញ្ជាក់ថា ទំហំដីជាង ៦រយម៉ែត្រការ៉េរបស់លោកស្រីនឹងទទួលបានសំណងចំនួនប៉ុន្មាននៅឡើយទេ។ ស្ត្រីរូបនេះថា កន្លងមកអាជ្ញាធរមូលដ្ឋានបានប្រាប់ទៅពលរដ្ឋថា រដ្ឋាភិបាលនឹងចុះជួបផ្ដល់សំណងដល់ពលរដ្ឋនៅខែមករា ឆ្នាំក្រោយ។
លោកស្រីថា៖ «ខ្ញុំថា ដឹងយកលក់យកធ្វើអី សម្រេចចិត្តទ្រាំនៅហ្នឹងទៅ។ អង្គការត្រូវការព្រែកជីកហើយ ជីកទៅខ្ញុំគ្រាន់តែចង់បានប៉ុណ្ណឹងទេ។ លក់ ១០ម៉ឺនមិនដឹងយកទៅទិញណា ដីវាថ្លៃ ហើយយើងធ្លាប់នៅទីណា នៅទីហ្នឹងទៅ។ ហូបត្រីអាំងៗ ទៅ អត់ចង់រកសាច់ទេ»។
ចំណែកកសិករដាំបន្លែនៅភូមិព្រែកតាកែវ២ លោក សំអាន ថា លោកនៅតែព្រួយបារម្ភ ចំពោះសំណង ដែលរដ្ឋាភិបាលសន្យានឹងផ្ដល់ឱ្យ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះរដ្ឋាភិបាលនៅមិនទាន់ពន្យល់ប្រាប់ពលរដ្ឋឱ្យជាក់លាក់ឡើយទេ។ លោក សំអាន ថា លោក និងពលរដ្ឋផ្សេងទៀត ស្នើសុំសំណងដូចនឹងតម្លៃតាមទីផ្សារ គឺ ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក សំអាន ថា ការស្នើសុំរបស់ពលរដ្ឋក្នុងតម្លៃនេះ គឺដោយសារទីតាំងបច្ចុប្បន្ន អាចឱ្យពលរដ្ឋធ្វើកសិកម្មនៅតាមដងព្រែកបាន ហើយលោកនឹងពិបាករកទិញដីនៅទីតាំងថ្មី ក្នុងឃុំរបស់លោក ព្រោះតម្លៃដីបានឡើងតម្លៃចាប់តាំងពីមានការប្រកាសសាងសង់គម្រោងព្រែកជីកហ្វូណនតេជោមក។
លោក សំអាន៖ «គាត់មើលស្រាប់ ហើយប្រជាពលរដ្ឋមានតែប៉ុណ្ណឹងទេ ប្រសិនបើអត់មានសំណងប្រជាពលរដ្ឋ ក៏មិនដឹងទៅណា ប្រសិនបើមានសំណងប្រជាពលរដ្ឋមិនពិបាកនឹងចេញ ប្រសិនបើមានសំណងប្រជាពលរដ្ឋនឹងទទួលបានការគាំទ្រ ប្រសិនបើបានធ្វើចាប់ៗ ទៅយើងដឹងថា ទៅគោលដៅកន្លែងណា»។
កសិករនៅភូមិព្រែកតាកែវ២ លោក អឿន សុជាតិ រំពឹងថា រដ្ឋាភិបាលនឹង លុបចោលគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះលោកបារម្ភថា គ្រួសារលោក និងពលរដ្ឋផ្សេងទៀតអាចរងការបណ្ដេញចេញ ឬមិនទទួលបានសំណងសមរម្យដូចករណី ដែលធ្លាប់កើតឡើងនាពេលកន្លងមក។
លោក អឿន សុជាតិ៖ «បើគេអត់ទិញល្អហើយ បើគេអត់ជីកល្អហើយ បើយើងលក់បើគេឱ្យសំណងថោក យើងយកលុយទៅវិញគេមិចបាន»។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណលី មានប្រសាសន៍ថាការអូសបន្លាយនៃការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោបង្ហាញឱ្យឃើញថា រដ្ឋាភិបាលមិនបានបង្ហាញពីប្រភពថវិកា និងគម្រោងសាងសង់នេះទៅកាន់សាធារណជន ដើម្បីឱ្យមានតម្លាភាព និងគណនេយ្យភាពនោះទេ។ លោកថា រដ្ឋាភិបាលមិនគួរចោទសារព័ត៌មានថា ផ្សាយញុះញង់ ហើយផ្ទុយទៅវិញ រដ្ឋាភិបាលគួរពន្លឿនការសាងសង់គម្រោងនេះឱ្យបានឆាប់រហ័ស ដើម្បីរក្សាមុខមាត់ប្រទេសជាតិ និងជាពិសេស ថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោក សេង វណ្ណលី៖ «ឱ្យរដ្ឋាភិបាលពិចារណាធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលពន្លឿនគម្រោងហ្នឹងឱ្យបានជោគជ័យ ប្រសិនជាបរាជ័យទេ ខ្ញុំគិតថា វាអាចប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ជាពិសេស ប៉ះពាល់ដល់ថ្នាក់ដឹកនាំ អតីតលោកនាយករដ្ឋមន្ត្រី និងលោកនាយករដ្ឋមន្ត្រី យើងមើលទៅគម្រោងហ្នឹង ចាប់ផ្ដើមឡើងហាក់បីជាមានសន្ទុះកៀរគរឱ្យប្រជាពលរដ្ឋគាំទ្រជាដើមធំដុំណាស់»។
រដ្ឋាភិបាលតែងអះអាងថា ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន រួមមាន កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា និងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗ ជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក និងការវិនិយោគផ្សេងៗ។ ទោះជាយ៉ាងណាក្ដី សហគមន៍ជាតិ និងអន្តរជាតិចង់ឃើញរដ្ឋាភិបាលបង្ហាញតម្លាភាពលើការអនុវត្តគម្រោងមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។