ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងធ្វើបេសកកម្មដើរគោះទ្វាររកវិនិយោគិននៅអាមេរិកជាថ្មី
2024.09.23
រដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញការយកចិត្តទុកដាក់ទៅលើក្រុមអ្នកវិនិយោគរបស់សហរដ្ឋអាមេរិក ដែលកំពុងតែរកស៊ីនៅកម្ពុជា តាមយន្តការជួយរកដំណោះស្រាយបញ្ហាប្រឈមនានា ឱ្យប្រសើរឡើងទៅតាមអ្វីដែលក្រុមអ្នកវិនិយោគទាំងនោះចង់បាន។ ការប្រឹងប្រែងផ្ដល់ជំនឿចិត្ត ឱ្យអ្នកវិនិយោគអាមេរិកនេះ ធ្វើឡើងនៅមុនពេលដែលគណៈប្រតិភូកម្ពុជាមួយក្រុម គ្រោងនឹងធ្វើបេសកកម្ម គោះទ្វាររកអ្នកវិនិយោគទុននៅអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកថ្មីៗថែមទៀត។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ មិនរំពឹងថាកម្ពុជាអាចនឹងទទួលបានលទ្ធផលប្រសើរ ក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗពីសហរដ្ឋអាមេរិកឱ្យចូលមករកស៊ីនៅកម្ពុជាបានថែមទៀតទេ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែកញ្ញា ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលគ្រោងដឹកនាំគណប្រតិភូចម្រុះ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើបេសកកម្មគោះទ្វាររកអ្នកវិនិយោគនោះ នឹងមិនទទួលបានលទ្ធផលធំដុំទេ។
លោកថា នៅក្នុងពេលដែលកម្ពុជា កំពុងមានស្ថានភាពនយោបាយនិងការគ្រប់គ្រងអំណាចដ៏អាក្រក់ ធ្វើឱ្យអ្នកវិនិយោគនិងភ្ញៀវទេសចរបរទេសភ័យខ្លាចនេះ គឺមិនអាចទាក់ទាញអ្នកវិនិយោគថ្មីៗ ពីសហរដ្ឋអាមេរិកបានឡើយ។
លោក គឹម សុខ៖ «កម្ពុជាដែលគ្មានប្រជាធិបតេយ្យមិនគោរពសិទ្ធិមនុស្ស សំបូរឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស និងម៉ាហ្វីយ៉ានិយម។ មានរឿងទាំងអស់និងនៅក្នុងប្រទេសតើអាចទៅទាក់ទាញអ្នកវិនិយោគអាមេរិក ឱ្យចូលទៅរកស៊ីម្តេចបាន?។ វាទៅមិនរួចទេ គឺទាល់តែរដ្ឋាភិបាលកម្ពុជាលាងសំអាតបញ្ហាទាំងអស់នោះជាមុន ព្រមទាំងផ្លាស់ប្ដូរទម្រង់នៃការគ្រប់គ្រងអំណាចបច្ចុប្បន្ននេះចេញសិន»។
ការលើកឡើងរបស់អ្នកវិភាគបញ្ហាសង្គមដូចនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គ្រោងនឹងដឹកនាំគណប្រតិភូចម្រុះមួយក្រុម ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងខែកញ្ញានេះ ដើម្បីធ្វើបេសកកម្មគោះទ្វាររកអ្នកវិនិយោគថ្មីៗបន្ថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយជុំវិញគម្រោងបេសកកម្មគោះទ្វាររកអ្នកវិនិយោគនៅសហរដ្ឋអាមេរិក ពីឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល និងពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាននៅឡើយ នៅថ្ងៃទី២២ ខែកញ្ញា ដោយសារតែទូរស័ព្ទរបស់លោកទាំងពីរមិនអាចទាក់ទងបាន។
ក៏ប៉ុន្តែ លោក ស៊ុន ចាន់ថុល បានឱ្យដឹងនៅក្នុងកិច្ចសន្ទនាជាមួយ ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកស្រី ព្រីហ្គេត អិលវ៉គឃើ (Bridgette L. Walker) ដោយមានប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាចូលរួមផង កាលពីថ្ងៃទី១៩ ខែកញ្ញាថា លោកនឹងដឹកនាំគណប្រតិភូធ្វើបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិក រយៈពេល២សប្ដាហ៍ នៅក្នុងខែកញ្ញានេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអះអាងថា ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី ព្រីហ្គេត អិលវ៉គឃើ (Bridgette L. Walker) បានបង្ហាញសុទិដ្ឋិនិយម ចំពោះកម្ពុជាដែលត្រូវការទាក់ទាញវិនិយោគិននេះថា អាចនឹងមានក្រុមហ៊ុនអាមេរិកកាន់តែច្រើន មកចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ អ្នកស្រីបន្ថែមថា សហរដ្ឋអាមេរិក នឹងបន្តខិតខំធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីពង្រីកវិស័យពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
បើទោះបីជាភារធារីស្ថានទូតអាមេរិកបានបង្ហាញសុទិដ្ឋិនិយមបែបនេះក្តី ក៏បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាមេរិកថ្មីៗតិចតួចបំផុតដែលចូលមករកស៊ីនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៩ ខែកញ្ញា ឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មីចំនួន៤៦ ដែលមានទឹកប្រាក់សរុប ១ពាន់ ២រយលានដុល្លារអាមេរិក។
ក្នុងគម្រោងវិនិយោគថ្មីនេះ គឺមានក្រុមហ៊ុនរបស់អាមេរិកមិនដល់ ១ (០,០៤) ភាគរយផងដែលចូលមករកស៊ីនៅកម្ពុជា ខណៈដែលអ្នកវិនិយោគចិនមានតួលេខនាំមុខរហូតដល់ទៅជិត៨៥ (៨៤,៧២) ភាគរយ។
អតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា បច្ចុប្បន្នអ្នកវិនិយោគរបស់អាមេរិកមិនចាប់អារម្មណ៍ចំពោះការទៅរកស៊ីនៅកម្ពុជាទេ។ លោកថា មូលហេតុដែលអ្នកវិនិយោគសហរដ្ឋអាមេរិកមិនចង់ទៅរកស៊ី ដោយសារតែនៅកម្ពុជា មានអំពើពុករលួយជាប្រព័ន្ធ តុលាការមិនឯករាជ្យ។ បន្ថែមលើនេះកម្ពុជាកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបានសម្លាប់លទ្ធិប្រជាធិបតេយ្យ ព្រមទាំងកំពុងធ្វើទុក្ខបុកម្នេញដល់សកម្មជននយោបាយប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានជាដើម។
លោក អ៊ុំ សំអាន៖ «ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិកនិងពីសហភាពអឺរ៉ុបរដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយនៅកម្ពុជា បក្ខពួកនិយម គ្រួសារនិយមហើយធ្វើឱ្យតុលាការឯករាជ្យ ពីព្រោះកាលណាមានបញ្ហាកើតឡើងគឺក្រុមអ្នកវិនិយោគគេត្រូវឡើងទៅតុលាការ។ បើតុលាការឯករាជ្យទើបធ្វើឱ្យគេជឿជាក់និងវិនិយោគនៅប្រទេសកម្ពុជាបាន។ បញ្ហាមួយទៀតគឺត្រូវស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ»។
ស្រដៀងគ្នានេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលទ្ធិប្រជាធិបតេយ្យ ដូចនេះគឺទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋជាចាំបាច់។ លោកថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអាចធ្វើតាមលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវទេ បើទោះបីជាខំប្រឹងទាក់ទាញអ្នកវិនិយោគអាមេរិកយ៉ាងណា ក៏មិនមានលទ្ធផលល្អដែរ។
លោក ប៉ោ មករា៖ «ការដែលដើរទៅទាក់ទាញដើរទៅរកអ្នកវិនិយោគពីខាងក្រៅមក គឺវាជាកត្តាល្អហើយសម្រាប់ការទំនាក់ទំនង។ ក៏ប៉ុន្តែមុននឹងចេញទៅកម្ពុជាត្រូវរៀបចំតុបតែងផ្ទះរបស់ខ្លួនឱ្យស្អាតជាមុនសិន។ មិនមែនគ្រាន់តែយកផ្កា២-៣ ដើមមកដាក់លំអនៅមុខផ្ទះហើយយល់ថាគ្រប់គ្រាន់រួចដើរទៅអួតប្រាប់គេថា ល្អហើយនោះ គឺលទ្ធផលក៏វាមិនទាន់ទទួលបានល្អដែរ»។
រយៈពេលជាង១០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងអំណាចដោយត្រកូលហ៊ុន បានលំអៀងផ្នែកនយោបាយខ្លាំងទៅរកប្រទេសចិនកុម្មុយនីស្ត ហើយបង្កើនទំនាក់ទំនងយ៉ាងស្អិតល្មួត ទាំងពាណិជ្ជកម្ម ការទូតនិងវិស័យយោធា។
បញ្ហាទាំងនេះបានធ្វើឱ្យកម្ពុជា ឃ្លាតឆ្ងាយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ រដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងអំណាចដោយគណបក្សប្រជាជនកម្ពុជាកំពុងប្រើអំណាចគាបសង្កត់ ចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំង សកម្មជនបរិស្ថានព្រមទាំងធ្វើទុក្ខបុកម្នេញ ដល់អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលមួយចំនួន ដែលហ៊ានរិះគន់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។