តួលេខ​​ចរចា​ប្រាក់​​ខែ​​គោល​​សម្រាប់​កម្មករ​នៅ​ឆ្នាំ២០២២ មិន​ចុះ​សម្រុង​គ្នា

ដោយ សុជីវី
2021-09-21
Share
តួលេខ​​ចរចា​ប្រាក់​​ខែ​​គោល​​សម្រាប់​កម្មករ​នៅ​ឆ្នាំ២០២២ មិន​ចុះ​សម្រុង​គ្នា កម្មករ-កម្មការិនី​វាយនភណ្ឌ រោងចក្រកាត់ដេរ និងដេរស្បែកជើង លើកបដាទាមទារការដំឡើងប្រាក់​​ឈ្នួល​អប្បរមា ២១៤ ដុល្លារនៅឆ្នាំ២០២២។
រូប៖ CCAWDU

កិច្ច​ប្រជុំ​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរ ឬ​ការ​ចចារ​ប្រាក់​ខែ​គោល​របស់កម្មករ ផ្នែក​វាយ​នភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០២២ ភាគី​ក្រសួង​ការងារ សហជីព និង​និយោជក​មិន​ទាន់​ឯក​ភាព​គ្នា​នៅ​ឡើយ។ កម្មករ​ទាម​ទារ​ភាគី​ពាក់​ព័ន្ធ​សម្រប​សម្រួល​ដំឡើង​ប្រាក់​ខែ​គោល​ឆ្នាំ​២០២២ ដោយ​សារ​ប្រាក់​ឈ្នួល​​ឆ្នាំ​នេះ​​មិន​បាន​ធានា​ជីវភាព​ពួក​គេ​រស់​នៅ​សម​រម្យនៅឡើយ​ទេ។

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមាលើក​ទី៣ សម្រាប់​​កម្មករ​និយោ​ជិត ក្នុង​​វិស័យ​​កាត់​ដេរ​សំលៀក​បំពាក់ និង​ស្បែក​ជើង ​នៅថ្ងៃទី២១ ខែ​កញ្ញា នៅតែ​មិន​ចុះ​សម្រុង​គ្នា ដោយ​ភាគី​នីមួយៗ​មាន​អំណះ​អំណាង​រៀងៗ​ខ្លួន​។

ប្រធាន​សម្ព័ន្ធ​​​​​​សហ​ជីព​​​​​​កម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​វិទ្យុអាស៊ី​សេរីក្រោយ​កិច្ច​ប្រជុំ​ថា ភាគី​​និយោ​ជក នៅ​តែ​ស្នើ​បន្ថយ​ប្រាក់​ឈ្នួល​គោល​របស់កម្មករ​រហូត​ដល់​ទៅ​​ជាង​​៤ដុល្លារ គឺ​ពី​ចំនួន ១៩២ ​ដុល្លារ​​ក្នុង​​១​ខែ​ ដែល​ជាប្រាក់​ឈ្នួល​គោល​នៅ​ឆ្នាំ​២០២០ មក​នៅ​ត្រឹម​ជាង១៨៨​ដុល្លារ​វិញ។ ចំពោះ​​តួលេខ​​ដែល​​បង្ហាញ​​ដោយ​​ភាគី​​ក្រសួង​ការ​ងារ​វិញ រក្សា​តួលេខ​ឆ្នាំ​ចាស់ចំ​នួន ១៩១,៩ ​ដុល្លារ​ដដែល​។

អ្នក​ស្រី​បន្ត​ថា ភាគី​សហជីព​​បាន​សម្រេច​ទម្លាក់​ចំនួន​ប្រាក់​ខែ​គោល​កម្មករដែល​ខ្លួន​រក​ឃើញ​ ឬ​សុំ​ដំឡើង​កន្លង​មក​ជាង ​២២ ដុល្លារ​​អាមេរិក(២២,២) ឬ​​ស្មើ​ប្រាក់​​ឈ្នួល​​គោល​​របស់​​កម្មករ​​និយោ​ជិត​ចំនួន​ ២១៤,២ ​ដុល្លារ​ក្នុង​មួយ​ខែ​ មកត្រឹម ​២០៤ ​ដុល្លារ​អាមេរិក​វិញ ដោយ​សារ​ការ​សម្រប​សម្រួល​ដោយ​បន្ថយ​កត្តាផលិត​ភាព​ដែល​​រក​ឃើញ ២,មកត្រឹម ១,%  ដើម្បី​រក​ចំណុច​រួម​ចុងក្រោយ​មុន​ការ​បោះ​ឆ្នោត​កំណត់​ប្រាក់​ឈ្នួល​គោល។​ អ្នក​ស្រី​បញ្ជាក់​ថា ​ភាគីនីមួយៗ​មើល​ឃើញ​ថា​បច្ចុប្បន្ន​​កម្មករ​ពិត​ជា​ជួប​បញ្ហា​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​បាត់​បង់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ប៉ុន្តែ​ភាគី​និយោជក​និង​ក្រសួង​មិនដំឡើង​ជូន​កម្មករ​ទៅ​វិញ៖ «សម្រាប់​ខ្ញុំ​ក៏​មាន​ការ​សោក​ស្តាយ​ដែរ ដែល​និយោ​ជកប្រកាន់​គោល​ជំហរ​មួយ​ដែល​មិន​មើល​ទៅ​លើ​អ្នក​ដែល​រក​លុយ​ឱ្យ​គាត់​បានចំណេញ​ដល់​សព្វ​ថ្ងៃ អត់​បាន​គិត​ទៅ​ដល់​ពួក​គាត់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ជួយ​ឱ្យ​និយោជក​មាន​ការ​បង្កើន​នូវ​ផលិតភាព​របស់​ពួក​គាត់​ទៅវិញ​ទេ ដោយ​សារ​ឥឡូវ​​មាន​ស្ថាន​ភាព​ជំងឺ​កូវីដ​ចឹងយើង​ដឹង​ហើយ​កម្មករ​បាត់​អ្នក​រក​ចំណូល​ចឹង​ស្ថាន​ភាព​គាត់​លំបាក​ណាស់ នៅ​ពេល​និយោជក​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ហ្នឹង​វា​អាច​ធ្វើ​ឱ្យ​ផលិត​ភាព​​ពួក​គាត់​មាន​ការ​កើន​ឡើង»។ 

វិទ្យុ​​អាស៊ីសេរី​មិន​​​​​​​​​អាច​​​​​​​​​​ទាក់​​​​​​​​​​ទង​​​​​​​អ្នក​​​​នាំ​​​ពាក្យ​​​​ក្រសួង​​​​ការ​​​​ងារ និង​​បណ្តុះ​​​បណ្តាលវិជ្ជា​​ជីវៈលោក ហេង សួរ ដើម្បី​​​​​​​​បញ្ជាក់​​​ជុំវិញ​​​រឿង​​​នេះ​​​បាន​​​ទេនៅ​​​​​​​ថ្ងៃ​​​​​ទី​​​​២១ ខែកញ្ញា ដោយ​​​​​​​​ទូរ​​​ស័ព្ទ​​​​​​​ចូល​​​​ពុំ​​​​​​​មាន​​​​​​​​អ្នក​​​​​​​​ទទួល។ ចំណែក​​​អគ្គ​​លេខា​​​ធិការ​​​សមា​គម​រោង​​​ចក្រ​​​កាត់​​​​ដេរ​​​នៅ​​​កម្ពុជាលោក ខេន លូ ប្រាប់​ថា​ លោក​នៅ​ក្រៅ​ប្រទេសមិន​អាច​ឆ្លើយ​ជា​មួយ​សារ​ព័ត៌​មាន​បាន​ទេ។

ប៉ុន្តែ​ក្រសួង​ការងារ​បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី២១ ខែកញ្ញា​ថា ​លទ្ធផល​កិច្ច​ប្រជុំក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​នភណ្ឌ កាត់ដេរ និងផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០២២ ភាគី​ទាំងបី​មិន​បាន​ឯកភាព​គ្នា​នូវ​តួ​លេខប្រាក់​ឈ្នួល​គោល​ណា​មួយ​ច្បាស់​លាស់​នោះ​ទេ។ ក្រសួង​បញ្ជាក់​ថា ​តំណាងភាគី​ទាំង​បី​បាន​ស្នើ​នូវ​តួលេខ​ចំនួន​បី ផ្សេងៗគ្នា ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​ជាតិប្រាក់​ឈ្នួល​អប្បបរមា​ពិនិត្យ នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​សម្រេច​នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាង​មុខ​នេះ។

កាល​ពី​ថ្មីៗ​នេះ លោក​​​នាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែងថា ​​រដ្ឋ​​ភិបាល​​របស់លោក​​មិន​​ខ្វល់​​ការ​​បាត់​​បង់​​ប្រព័ន្ធ​​អនុ​គ្រោះ​​ពន្ធ (EBA) របស់​​សហ​ភាព​​អឺរ៉ុបឡើយ ដោយ​​រោង​​ចក្រ សហគ្រាស​​នៅ​​កម្ពុជា​​បើក​​ដំណើរការ​​ធម្មតា បន្ថែម​ពី​នេះលោក​អះ​អាង​​ថា ការ​​បញ្ជា​​ទិញ​​និង​​នាំ​​ចេញ​​កើន​​ឡើង​​ ហើយ​​រោង​​ចក្រ​​ផលិត​​មិនទាន់​​ទៀត​ផង។

តំណាង​កម្មករ​​​​​រោង​​​​​ចក្រ​​​​​កាត់​​​​​ដេរ​ វាយ​អេន​ដាប់​ប៊ែល​យូ (Y&W Garment) នៅ​​​​រាជ​​​​ធានី​​​​​ភ្នំពេញលោក ផាន បូរី ​ប្រាប់​​ថា ​កម្មករ​ខក​ចិត្ត​ពេល​ទទួល​ដំណឹង​ថា ភាគី​និយោជក​មិន​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​នៅ​ឆ្នាំ​បន្ទាប់ ហើយ​លោក​ថា​ អ្វី​ដែល​កម្មករ​ហួស​ចិត្ត​នោះ​ គឺ​ភាគី​ថៅ​កែ​បែរ​ស្នើ​បន្ថយ​ប្រាក់ឈ្នួល​ទៅ​វិញ ប៉ុន្តែ​លោក​យល់​ថា លោក​​នាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន អាច​ជួយអន្តរាគមន៍​ដំឡើង​​ប្រាក់​​ខែ​គោល​ដល់​កម្មករ​បាន​។ តំណាង​កម្មករ​រោង​ចក្រ​រូបនេះ​បន្ត​ថា​ ភាគី​ថៅ​កែ​និង​ក្រសួង​ការ​ងារ ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ចរចាដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ដែល​ពួក​គេ​ខំ​បំពេញ​ការ​ងារ​ដោយ​ប្រថុយប្រថាន​ក្នុង​អំឡុង​រាត​ត្បាត​ជំងឺ​កូវីដ-១៩​នោះ​ទេ៖ «វា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​លក្ខណៈ​ធ្វើ​ការ​ភ័យ​ព្រួយ ប្រឈម​មុខ​ជា​មួយ​ជំងឺ​​ហ្នឹង ធ្វើ​ការ​រាល់​ថ្ងៃ​ចុះ​ឡើង​យប់​​ព្រលប់​​ជិះ​ឡានប្រជ្រៀត​គ្នា​មក​ធ្វើ​ការ សុខ​ចិត្ត​ទិញ​របស់​របរ​ប្រើ​ប្រាស់​ខ្លួន​ឯង​ដូច​ជា​ម៉ាស អាល់កុល​អី ការ​ពារ​ខ្លួន​ឯង​ផង ​ដើម្បី​ខាង​រោង​ចក្រ​មាន​ការ​ងារ​ធ្វើ រោង​ចក្រ​អាចទៅ​រួច តែ​ចុង​ឆ្នាំ​នេះ​បាន​ដំណឹង​ថា​បញ្ចុះ​ប្រាក់​ឈ្នួល​គាត់​ធ្លាក់​ថ្លើម​គ្រប់​គ្នា»

អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យ​ដឹង​ថា ​ក្រៅ​ពី​ចរចា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ បច្ចុប្បន្ន​ក្រុមសហជីព​និង​កម្មករ​កំពុង​ធ្វើ​យុទ្ធនាការ​ទាម​ទារ​ឱ្យ​អ្នក​បញ្ជា​ទិញនិង​និយោ​ជកដំឡើង​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០២២ ចំនួន​២១៤​ដុល្លារ​អាមេរិក នៅលើ​បណ្តាញ​សង្គម​ផង​ដែរ។ អ្នក​ស្រី​បញ្ជាក់​ថា​ ប្រសិន​បើ​ពុំ​មាន​ការ​ដំឡើងប្រាក់​ខែ​គោល​​ទេ កម្មករ​នឹង​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ទាម​ទារ​បន្ត​ទៀត។

កាល​​​​​ពី​​​​​ឆ្នាំ​​​​​២០២១ រដ្ឋា​​ភិបាល​​​​​បាន​​​​​ដំឡើង​​​​​ប្រាក់​​​​​ឈ្នួល​​​​​អប្បបរមា​សម្រាប់​​​​​កម្មករ​​​​​និយោ​ជិត​​​​​ផ្នែក​​​​​វាយ​​​ន​ភណ្ឌ​​​​​កាត់​​​​​ដេរ និង​​​​​ផលិត​​​​​ស្បែក​​​​​ជើង​​​​​ពី ១៩០​​​​​ដុល្លារ ទៅ ១៩២​​​​​ដុល្លារ​​​​​ក្នុង​​​​​មួយ​​​​​ខែ។ ​​​បើ​​​​​គិត​​​​​រួម​​​​​ទាំង​​​​​អត្ថ​​​​ប្រយោជន៍​​​ផ្សេងៗ​​​​​ដែល​​​​​មាន​​​​​ស្រាប់ ជា​​​​​មធ្យម​​​​​កម្មករ​​​​​និយោ​​​ជិត​​​​​ម្នាក់ៗ​​​​​ទទួល​​​​​បាន​​​​​ប្រាក់​ចំណូល​​​​​យ៉ាង​​​​​តិច​​​ពី ២៥០​​​​​ដុល្លារ​​​​​ដល់ ៣០០​​​​ដុល្លារ​​​​​ក្នុង​​​​​មួយ​​​​​ខែ។ ទោះជាយ៉ាងណា ការស្រាវ​ជ្រាវ​របស់​សហជីព​រក​ឃើញ​​ថា ​​ក្នុង​​​សមាជិក​​គ្រួសារ​​​ដែល​​​មាន​​​គ្នា ៥នាក់ គឺ​មាន​​សមាជិក​​​តែ ២​នាក់​​​ប៉ុណ្ណោះ ដែល​​រក​​​ប្រាក់​​ចំណូល​​​សម្រាប់​​ផ្គត់​​ផ្គង់​​ក្នុង​គ្រួសារ​។ រីឯ​ប្រាក់​ចំណូល​ទៀត​សោត ក៏​មាន​ចំនួន​តិច​តួច មិន​អាច​ទ្រទ្រង់​ក្នុងជីវភាព​រស់​នៅ ឲ្យ​បាន​សមរម្យ​នោះ​ទេ ដោយ​សារ​ពួក​គេ​ត្រូវ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ សង​ប្រាក់​​បំណុល​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ និង​ចំណាយ​លើ​​ការ​ឈឺ​ថ្កាត់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល