ជនជាតិវៀតណាមយ៉ាងតិច ៨នាក់ ចាញ់បោកជនជាតិចិននាំទៅធ្វើការងារឆបោកតាមអនឡាញនៅភ្នំបូកគោ
2024.12.21
មន្ត្រីសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដោះស្រាយអំពើបោកតាមប្រព័ន្ធអនឡាញដែលកំពុងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីបុរសជនជាតិវៀតណាមមួយចំនួនបានរត់គេចរួចចេញពីមជ្ឈមណ្ឌលឆបោកអនឡាញមួយកន្លែង នៅលើភ្នំបូកគោ ខេត្តកំពត ក្រោយទទួលរងទារុណកម្មពីពួកឧក្រិដ្ឋជនឆបោក។
ជនជាតិវៀតណាមម្នាក់ ក្នុងចំណោមអ្នករងគ្រោះផ្សេងទៀត លើកឡើងថា កាលពី អំឡុងខែតុលា និងខែវិច្ឆិកា លោក និងជនជាតិវៀតណាមមួយចំនួនទៀត បានធ្លាក់ក្នុងអន្ទាក់ការងារជាអ្នកឆបោកតាមអនឡាញ នៅមជ្ឈមណ្ឌលឆបោកមួយកន្លែងរបស់ជនជាតិចិន ដែលមានទីតាំងនៅលើកំពូលភ្នំបូកគោប្រទេសកម្ពុជា។
បុរសជនជាតិវៀតណាមឈ្មោះ ទូ អាន់ ទូ (Tu Anh Tu) បានឱ្យវិទ្យុអាស៊ីសេរីដឹងថា មុនទទួលបានសេរីភាព ទៅដល់ប្រទេសវៀតណាមវិញ លោក និងជនជាតិវៀតណាម ៧នាក់ផ្សេងទៀត ត្រូវបានគេវាយដំយ៉ាងដំណំ ដោយដំបងឆក់កាលពីអំឡុងខែវិច្ឆិកា។ បុរសជនជាតិវៀតណាមរូបនេះថា ពួកគេអាចរួចខ្លួនពីការជាប់ឃុំក្នុងផ្ទះ ដោយសារពួកគេអាចទាក់ទងនគរបាលកម្ពុជា ឱ្យជួយធ្វើអន្តរាគមន៍សង្គ្រោះ។
លោក Tu Anh Tuរៀបរាប់ថា ដំបូងលោកបានទទួលការងារបណ្ដោះអាសន្នមួយ នៅម្ដុំតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ហើយនៅទីនោះ លោកត្រូវបានគេដាក់ឱ្យស្នាក់នៅជាមួយកម្មករវៀតណាម ៧នាក់ផ្សេងទៀត ដែលមានសន្តិសុខយាមកាមយ៉ាងហ្មត់ចត់។ លោកបានប្រាប់វិទ្យុអាស៊ីសេរី កាលពីសប្ដាហ៍មុនថា «ការងារភាគច្រើននៅក្នុងតំបន់នោះ គឺខុសច្បាប់។ ប៉ុន្តែ ក៏មានការងារស្របច្បាប់ខ្លះដែរ ដូចជា ជាងកាត់សក់ និងចុងភៅជាដើម» ហើយលោកថា «មនុស្សជាច្រើនដែលធ្វើការនៅទីនោះ ត្រូវបានជួញដូរជាច្រើនដង»។
បន្ទាប់មកនៅថ្ងៃទី២៤ ខែតុលា ក្រុមតូចរបស់លោក និងកម្មករជិត ១០០នាក់ផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមឡានក្រុង ពីក្រុងបាវិតទៅកាន់ភ្នំបូកគោ។ ទៅដល់ភ្នំបូកគោ ក្រុមតូចរបស់លោក ដែលមានគ្នា ៨នាក់ ត្រូវបានបង្ហាត់ឱ្យប្រើបណ្ដាញសង្គមTelegram, WhatsApp, Facebook និងបណ្ដាញសង្គមផ្សេងទៀត ដើម្បីព្យាយាមធ្វើអំពើបោកប្រាស់ ដែលភាគច្រើនបញ្ចុះបញ្ចូលមនុស្ស ឱ្យវិនិយោគក្នុងសហគ្រាសក្លែងក្លាយ។
កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានប្រកាសថា ភ្នំបូកគោ ជាតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសចំនួន២២ ក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលបានបន្ធូរបន្ថយពន្ធ និងអត្ថប្រយោជន៍ផ្សេងទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគ។ ផ្ទុយទៅវិញ បែរជាលេចភាពល្បីល្បាញថា ភ្នំបូកគោក្លាយជាមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ ដែលត្រួតត្រាដោយជនជាតិចិន។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែធ្នូថា អំពើឆបោកតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធទៅនឹងជនបរទេសមែន ប៉ុន្តែ កើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានអន្តរជាតិជាហូរហែ។ លោកថា នេះគឺជាបញ្ហាក្ដៅគួរឱ្យបារម្ភ ពីព្រោះរដ្ឋាភិបាលបរទេសមួយចំនួន ថែមទាំងហាមពលរដ្ឋរបស់គេ មិនឱ្យធ្វើដំណើរមកប្រទេសកម្ពុជាផង។
លោក អំ សំអាត ថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាបទល្មើសទំនើបកម្មថ្មី ដូច្នេះ ទាមទារឱ្យមានការហ្វឹកហ្វឺនសមត្ថកិច្ចបច្ចេកទេស តាមឱ្យទាន់ភាពទំនើប នៃឧក្រិដ្ឋកម្ម ទើបអាចកំណត់អត្តសញ្ញាណឧក្រិដ្ឋជនបាន។ លោកថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព ទាមទាររដ្ឋាភិបាលឱ្យអនុវត្តឱ្យហ្មត់ចត់ នូវការប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈ ដោយការបង្កើនកិច្ចប្រតិបត្តិការជាអន្តរជាតិ ព្រមទាំងកម្ចាត់អំពើពុករលួយ ដោយគ្មានការលើកលែង និងជាពិសេស ការពិនិត្យឱ្យបានច្បាស់លាស់ លើរំហូរចូលនៃជនបរទេសមកក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត៖ «ប្រទេសកម្ពុជាយើងនៅតែជាប់ចំណាត់ថ្នាក់លេខ៣ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងការជួញដូរមនុស្សហ្នឹង។ អ៊ីចឹង បញ្ហាការឆបោកតាមប្រព័ន្ធអនឡាញហ្នឹង គឺវាប៉ះពាល់ច្រើនសម្រាប់កម្ពុជាយើង។ ទី១ ទាក់ទងនឹងបញ្ហាជាមួយភ្ញៀវទេសចរណ៍អន្តរជាតិ ដែលគេមកគេទេសចរណ៍នៅប្រទេសកម្ពុជាយើង។ អ៊ីចឹង គឺវាធ្វើឱ្យប៉ះពាល់ភ្ញៀវទេសចរណ៍អន្តរជាតិ។ ទី២ ប៉ះពាល់ទៅដល់ការវិនិយោគ។ ទី៣ វាធ្វើឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមរបស់កម្ពុជាយើង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអភិបាលខេត្តកំពតលោក ម៉ៅ ធនិន និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ ខណៈអ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ក៏មិនទាន់បានឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរី ដែលផ្ញើសុំការបំភ្លឺពីលោក តាមប្រព័ន្ធតេឡេក្រាមដែរ នៅថ្ងៃទី២១ ខែធ្នូ។
ក្នុងរយៈពេលចុងក្រោយនេះ ជនបរទេសដូចជាវៀតណាម និងឥណ្ឌា ជាដើម ត្រូវបានពួកឧក្រិដ្ឋជនបោកបញ្ឆោតឱ្យទៅធ្វើការខុសច្បាប់នៅប្រទេសកម្ពុជា។ របាយការណ៍របស់អង្គការសហប្រជាជាតិ កាលពីឆ្នាំមុន បានប៉ាន់ប្រមាណថា នៅកម្ពុជាមនុស្សប្រមាណ ១០ម៉ឺននាក់ ត្រូវបានឧក្រិដ្ឋជនជួញដូរនិងដាក់ឃុំ ហើយធ្វើទារុណកម្ម បង្ខំឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។