អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​មាន​មតិ​ផ្សេងគ្នា​ចំពោះ​គម្រោង​ទិដ្ឋាការ «ប្រទេស​៦​គោលដៅ​មួយ» របស់​ថៃ

ដោយ ហ៊ុំ ចំរើន
2024.10.29
អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​មាន​មតិ​ផ្សេងគ្នា​ចំពោះ​គម្រោង​ទិដ្ឋាការ «ប្រទេស​៦​គោលដៅ​មួយ» របស់​ថៃ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ (ស្ដាំ) និង​ទីប្រឹក្សា​ក្រសួង​ការបរទេសថៃ លោក ម៉ាណាផាន់ ឌូសិត (MANAPAN Dusit) ​ក្នុង​ជំនួបកាលពីថ្ងៃទី២៣ តុលា ២០២៤។
Photo Courtesy of CPP's website

ខណៈ​ក្រសួង​ទេសចរណ៍​កំពុង​សិក្សា​លើ​គម្រោង​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១» ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រទេស​ថៃ អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ទេសចរណ៍ បាន​លើកឡើង​ជា​មតិ​ផ្សេងៗ​គ្នា​ជុំវិញ​គម្រោង​មួយ​នេះ។ ពួកគាត់​ខ្លះ​គាំទ្រ​គម្រោង​នេះ ដោយ​យល់​ថា ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ខ្លះ​ទៀត​បដិសេធ ដោយ​យល់ថា គម្រោង​មួយ​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ថៃ​ច្រើន​ជាង​កម្ពុជា។

ទោះបី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា មាន​កំណើន​ចាញ់ប្រៀប​ប្រទេស​ជិតខាង និង​កំពុង​ជាន់​ពន្លិច​ដោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​យ៉ាងណា​ក្ដី ក៏​រដ្ឋាភិបាល​ប្រទេស​ថៃ ហាក់​មិន​បោះបង់​គោលជំហរ​ចូល​មក​ចែចូវ​បញ្ចុះបញ្ចូល​ឱ្យ​កម្ពុជា​ចូលរួម​ក្នុង​គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១»ដែល​ខ្លួន​បាន​បង្កើត​ឡើង​នោះ​ឡើយ។

គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅតែ១» របស់​ថៃ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​រំពឹង​ថា នឹង​អាច​ជួយ​យឹតយោង​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ដូច​ប្រទេស​ជិតខាង​ដែរ។

អ្នក​រត់​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ទេសចរ លោកស្រី គីម សុខលាង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១» របស់​ប្រទេស​ថៃ អាច​នឹង​មាន​ផល​ល្អ​ចំពោះ​កម្ពុជា ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរ​របស់​កម្ពុជា​ឱ្យ​ងើប​ឡើងវិញ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក។ ស្ត្រី​អ្នក​រត់​រ៉ឺម៉ក​កង់​បី​រូប​នេះ​បន្ត​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ​រួច​ទៅ​ហើយ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ស្វែងរក​ដៃគូ​សហការ​គ្នា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើងវិញ។

លោកស្រី គីម សុខលាង៖ «សួរ​ថា​យើង​អត់​ចូល​ហ្នឹង មាន​ប្រយោជន៍​ដែរ​អត់? វា​អត់​ប្រយោជន៍​ដូចតែ​គ្នា​ហ្នឹង អ៊ីចឹង​ចូល​ទៅ​មាន​ប្រយោជន៍​ជាង។ អ៊ីចឹង​ឱកាស​ហ្នឹង​គឺ​មាន​ប្រយោជន៍​ចំពោះ​យើង​ហើយ ព្រោះ​រាល់ដង​អត់​ដែល​មាន​ប្រយោជន៍​ផង។ ជា​ឈ្នាន់​របស់​ទេសចរណ៍​ថៃ និង​វៀតណាម ហ្នឹង។ អ៊ីចឹង​ជ្រុល​ថា អត់​ប្រយោជន៍​ហើយ ចុះ​តែម្ដង​ទៅ​វា​មិន​ល្អ​ជាង។ តាមពិត​ទៅ​ស្ថិតិ​នៃ​មនុស្ស​អត់​មាន​ការងារ​ធ្វើ គឺ​ច្រើន​ណាស់ ហើយ​រដ្ឋាភិបាល អត់​បាន​យកចិត្តទុកដាក់​ក្នុង​រឿង​ហ្នឹង​ទេ»

រដ្ឋាភិបាល​ថៃ ក្នុង​អាណត្តិ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក សេដ្ឋា ថាវីស៊ីន (Sretha Thavisin) បាន​បង្កើត​គម្រោង​ទិដ្ឋាការ «ប្រទេស៦ គោលដៅ​មួយ» នេះ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន ៦ប្រទេស ជាពិសេស​ជំរុញ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​រីកចម្រើន​ជាង​មុន តាមរយៈ​ការ​លើកលែង​ទិដ្ឋាការ និង​ប្រើប្រាស់​សិទ្ធិ​ទិដ្ឋាការ​ពេល​មក​ដល់ (Visa on Arrival)។ ប្រទេស​ទាំង៦ ដែល​ថៃ​កំណត់​នៅ​ក្នុង​គម្រោង​របស់​ខ្លួន​នោះ​រួមមាន ប្រទេស​កម្ពុជា វៀតណាម(Vietnam) ឡាវ (Laos) មីយ៉ាន់ម៉ា (Myanmar) ម៉ាឡេស៊ី (Malaysia) និង​ប្រទេស​ថៃ។

ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ និង​តំណាង​ភាគី​ថៃ​កាលពី​ថ្ងៃទី២១ ខែ​តុលា ភាគី​កម្ពុជា​បាន​កត់សម្គាល់​លើ​គំនិត​ផ្ដួចផ្ដើម​ចំពោះ​គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១» នេះ និង​បាន​ស្នើ​សុំ​ភាគី​ថៃ​ឱ្យ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​ដែល​គ្រប់​ជ្រុងជ្រោយ​ដល់​កម្ពុជា ហើយ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​គាំទ្រ​លើ​គម្រោង​ទិដ្ឋាការ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ថៃ​នេះ​នៅ​ឡើយ។

ទោះបី​មាន​មតិ​គាំទ្រ​គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១» របស់​ថៃ​នេះ​ក្ដី ក៏​អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ទេសចរណ៍​ផ្សេងទៀត​យល់​ថា កម្ពុជា​អាច​ប្រឈម​នឹង​ការ​កេង​ចំណេញ​ពី​ប្រទេស​ជិតខាង តាមរយៈ​ការ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ និង​ការ​ប្រកួតប្រជែង​ដែល​មិន​ស្មើភាព​គ្នា។

មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​នៅ​ខេត្ត​សៀមរាប លោក តុង ហាន ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​គាំទ្រ​គម្រោង «ប្រទេស៦ គោលដៅ​តែ១» ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រទេស​ថៃ​នេះ​ឡើយ ដោយ​លោក​យល់​ថា គម្រោង​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​តិចតួច​ប៉ុណ្ណោះ ព្រោះ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា មាន​ភាព​អន់ថយ​ជាង​ប្រទេស​ថៃ និង​វៀតណាម ទាំង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទីផ្សារ និង​ធនធាន​ចំណេះដឹង​របស់​ក្រុមហ៊ុន​ទេសចរណ៍។ មគ្គុទ្ទេសក៍​រូប​នេះ​បន្ត​ថា កម្ពុជា​គួរតែ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ដោយ​ផ្អែក​លើ​សមត្ថភាព និង​សក្ដានុពល​ដែល​ខ្លួន​មាន​ស្រាប់ ជាជាង​ពឹងផ្អែក​លើ​ប្រទេស​ដទៃ។

លោក តុង ហាន៖ «ព្រោះ​ការ​សហការ​ជាមួយ​ថៃ គ្មាន​ជា​បាន​ផល​ភាគច្រើន​មក​យើង​ច្រើន ព្រោះ​ភាគច្រើន​ក្រុមហ៊ុន​ទេសចរណ៍​របស់​ថៃ និង​វៀតណាម គេ​មាន​ចំណេះដឹង​ខ្លាំង គេ​អន្ទង​ឱ្យ​ជនជាតិ​បរទេស​ស្នាក់នៅ​ប្រទេស​គេ​មួយ​ខែ ទៅ​ពីរ​បី​ខែ​បាន​មក​ស្រុក​ខ្មែរ​តែ​មួយថ្ងៃ។ ពួក​បរទេស​ខាង​យើង មាន​ព្រលាន​យន្តហោះ​ធំ​ដែរ អ៊ីចឹង​យើង​គួរតែ​ធ្វើការ​ទាក់ទង​ជាមួយ​ទីផ្សារ​ផ្ទាល់ ដូចជា​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការ​ហោះហើរ​ដោយ​ត្រង់​ពី​អឺរ៉ុប​មក​កម្ពុជា»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​តុលា។

ទោះជា​យ៉ាងណា ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​សៀមរាប លោក ខៀវ ធី យល់​ឃើញ​ថា កម្ពុជា​គួរ​ចូលរួម​គំនិត​ផ្ដួចផ្ដើម​គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១» របស់​ថៃ ព្រោះ​គម្រោង​នេះ នឹង​បើក​ឱកាស​ដល់​កម្ពុជា​អាច​ស្នើសុំ​ដល់​ប្រទេស​ជា​សមាជិក​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរ​របស់​កម្ពុជា​ដល់​ភ្ញៀវ​អន្តរជាតិ និង​បង្កើត​សេវាកម្ម​ទេសចរណ៍ ជា​កញ្ចប់​រួម។ ប៉ុន្តែ លោក​ថា គម្រោង​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ចំណូល​ពី​ផ្ដល់​ទិដ្ឋាការ​ដល់​ភ្ញៀវ​បរទេស ដូច្នេះ​កម្ពុជា​គួរតែ​ទាមទារ​ឱ្យ​ភាគី​ថៃ​ត្រូវ​កំណត់​ពី​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​នេះ ឱ្យ​បាន​ជាក់លាក់​ជាមុន​សិន ដើម្បី​កុំ​ឱ្យ​កម្ពុជា​ខាតបង់​ផល​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោយ។

លោក ខៀវ ធី៖ «ព្រោះ​យើង​ដឹង​ហើយ​ថា ភ្ញៀវ​ទេសចរ​អត់​មក​ស្រុក​ខ្មែរ​យើង​មុន​ទេ ដោយសារ​យើង​អត់​មាន​អាកាសចរ​ជាតិ​យើង​ដឹកជញ្ជូន​ដូច​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ទេ យើង​ចាំ​ទទួល​ទេសចរ​ត​ជើង​ពី​ប្រទេស​គេ។ គោលនយោបាយ​ហ្នឹង​យើង​អាច​ខាត​បន្តិច​ដែរ ដោយសារ​យើង​ត្រូវការ​ឱ្យ​បរទេស​ទិញ​វីសា​ចូល​ស្រុក​យើង​​ ដល់​ពេល​យើង​អត់​បាន​លក់​វីសា​អ៊ីចឹង យើង​បារម្ភ​ពី​ប្រាក់​ចំណូល​យើង​ចុះ​ខ្សោយ»

របាយការណ៍​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា រយៈពេល ៩ខែ​នៃ​ដើម​ឆ្នាំ២០២៤ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៤លាន​នាក់ (៤,៨) ដោយ​មាន​ការ​កើន​ឡើង​ជាង​២២ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣។ ក៏ប៉ុន្តែ​អ្នក​ធ្វើ​ការងារ​នៅ​ក្នុង​ផ្នែក​វិស័យ​ទេសចរណ៍​អះអាង​ថា ចំនួន​ភ្ញៀវ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​កម្ពុជា មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន។

ទោះបីជា​មាន​ការ​យល់ឃើញ​ផ្សេងៗ​គ្នា​ក្ដី អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ទទួល​ស្គាល់​ថា ប្រទេស​ថៃ​ដែល​ជា​មេ​គំនិត​ផ្ដួចផ្ដើម​ក្នុង​គម្រោង​ទិដ្ឋាការ​ទេសចរណ៍ «ប្រទេស៦ គោលដៅ​តែ១» នេះ មាន​ភាព​វ័យ​ឆ្លាត​ក្នុង​វិស័យ​ទេសចរណ៍​ជាង​កម្ពុជា មាន​ដូចជា​ការ​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មី ការ​ផ្សព្វផ្សាយ និង​ការ​បង្កើត​ច្រក​ទ្វារ​មក​ដល់​ដំបូង នៃ​ការ​មកដល់​ភ្ញៀវ​ទេសចរ ហើយ​ដែល​កម្ពុជា​គួរ​ស្រង់​ចំណុច​ទាំង​នេះ​យក​មក​សិក្សា​បន្ថែម ដើម្បី​យក​មក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។