សកម្មជន​បរិស្ថាន​សោកស្តាយ​ដែល​កម្ពុជា​បរាជ័យ​លក់​ឥណទាន​កាបូន​ឱ្យ​​កូរ៉េ ​ដោយសារ​បាត់បង់​ព្រៃ​សហគមន៍

ដោយ សុជីវី
2021-09-09
Share
សកម្មជន​បរិស្ថាន​សោកស្តាយ​ដែល​កម្ពុជា​បរាជ័យ​លក់​ឥណទាន​កាបូន​ឱ្យ​​កូរ៉េ ​ដោយសារ​បាត់បង់​ព្រៃ​សហគមន៍ ស្ថានភាពព្រៃក្នុងតំបន់រ៉េដបូកទំរីង ជាប់ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ រូបកាលពីដើមខែកក្កដា ឆ្នាំ២០២១។
Photo Provided

សកម្មជន​បរិស្ថាន ​សោកស្តាយ និង​រិះគន់​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន  បរាជ័យ​លក់​កាបូន​ឱ្យប្រទេស​កូរ៉េខាងត្បូង ដោយសារ​មិន​អាច​ការពារ​ព្រៃឈើ​ក្នុង​តំបន់​គម្រោង​រេដបូក (Redd+)ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​សហព័ន្ធ​ចលនាដើម្បីបរិស្ថាន (Korea Federation for Environmental Movements) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ ​បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ ​រក​ឃើញ​ថា ​ក្រសួង​កសិកម្ម​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង​លក់​ឥណទាន​កាបូន​ឱ្យ​ប្រទេស​កូរ៉េ​ ដោយសារ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ។​ របាយការណ៍​រក​ឃើញ​ថា​ ព្រៃ​សហគមន៍​ចំនួន ​១៣ ​មាន​ផ្ទៃ​ដី​សរុប​ជាង​ ៧ម៉ឺន​ហិកតារ​ នៅ​ជាប់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ​ បាន​បាត់បង់​ព្រៃឈើ​ជាង​ ២​ម៉ឺន​ហិកតារ​ នៅ​រយៈ​ពេល ​៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ការ​អនុវត្ត​គម្រោង​រ៉េដបូក​ បាន​បរាជ័យ។

ក្រុម​សកម្មជន​បរិស្ថាន ​លើកឡើង​ថារបាយការណ៍​ស្តី​ពី​ការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​រ៉េដបូក​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការពិត​ ហើយ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ របស់​រដ្ឋាភិបាលជាពិសេស​ក្រសួង​កសិកម្ម ​គ្មាន​សមត្ថភាព​ការពារ​ធនធានធម្មជាតិ ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ទុក​ជា​ប្រយោជន៍​ជាតិ​នោះ​ទេ 

របាយការណ៍​កម្រាស់ ១០ ​ទំព័រ ​ដែល​មាន​ចំណង​ជើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​រ៉េដបូក របស់​កូរ៉េ ​ក្នុង​ប្រទេស​កម្ពុជា បង្ហាញ​ថា ព្រៃ​សហគមន៍​ចំនួន ​១៣​កន្លែង​ បាន​បាត់​បង់​ព្រៃឈើ​រាប់​ម៉ឺន​ហិកតារ​ ឋិត​នៅ​តំបន់​ទំរីង ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃឡង់ ​ក្នុង​ខេត្ត​កំពង់ធំ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​គម្រោង​រ៉េដបូក របស់​ប្រទេស​កូរ៉េ ​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ។​ 

ការ​ចុះ​ស៊ើប​អង្កេត​នេះ សហការ​ព័ន្ធ​ចលនា​ដើម្បី​បរិស្ថាន របស់​កូរ៉េ បាន​សហការ​ជាមួយ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​កម្ពុជា ដោយ​ប្រើ​ឧបករណ៍​ប្រមូល​ទិន្នន័យ។

ការវិភាគ​ប្រើ​រូបភាព​ផ្កាយរណប ថតរូប​វីដេអូ​ ​ឧបករណ៍​តាមដាន​ ​ប្រព័ន្ធ​កំណត់​ទីតាំង​សកល​ ​ឬ​ ​GPS សម្ភាសន៍​ប្រជា​សហគមន៍​ ​និង​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាប់​រានទន្ទ្រាន​ដី​ព្រៃ​ជាក់ស្តែង​។​ ​បេសកកម្ម​នេះ ​ធ្វើឡើង​រយៈពេល ៣ ខែ ចាប់​ពី​ខែ ឧសភា ដល់​ខែ កក្កដា ឆ្នាំ ២០២១នេះ។

Preylang1.JPG
ស្ថានភាពព្រៃក្នុងតំបន់រ៉េដបូកទំរីង ជាប់ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ រូបកាលពីដើមខែកក្កដា ឆ្នាំ ២០២១។ Photo Provided

របាយការណ៍​ចេញ​ផ្សាយ​ជា​ភាសាអង់គ្លេស កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ឱ្យ​ដឹង​ថា ក្រុម​ការងារចុះស្រាវជ្រាវ​នេះ ដឹកនាំ​ដោយ ​ម្ចាស់​ពានរង្វាន់​វីរជន​ការពារ​បរិស្ថាន​ពិភពលោក ឆ្នាំ២០១៦ (The Goldman Environmental Prize) លោក អ៊ូច ឡេង និង​គាំទ្រ​ដោយ​សកម្មជននៃ​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន (KFEM) និងមូលនិធិ​ជីវៈ​​ចម្រុះ។

ការស្រាវជ្រាវ រក​ឃើញ​ថា ​ព្រៃ​សហគមន៍​ចំនួន​ ១៣ ​ក្នុង​ចំណោម​ព្រៃ​ចំនួន​ ១៤​កន្លែង​ ក្នុង​តំបន់​ទុំរីងរ៉េដឋិត​ក្នុង​ឃុំ​ទំរីង ​ស្រុក​សណ្ដាន់ ​ខេត្ត​កំពង់ធំ ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃឡង់​បាន​បាត់បង់​ ព្រៃឈើ ​៣៧នៅ​ក្នុង​រយៈពេល ​៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​រក​ឃើញ​នេះ​ ផ្អែក​តាម​ទិន្នន័យ​ផ្កាយ​រណប​សាធារណៈ​ផ្តល់​ដោយ​សាកល​វិទ្យាល័យ​ម៉ារីលែន ដែល​រក​ឃើញ​ថា​ ទំហំ​ព្រៃឈើ​បាន​ថយ​ចុះ​ពី​ប្រមាណ​ជាង​ ៥ម៉ឺន​ ៦សែន ​ហិកតារ (៥៦.០៨៤ ក្នុង​ឆ្នាំ​ ២០១៥​ និង​បាត់បង់ ​ព្រៃ​ជាង​ ១ម៉ឺន​ ៥ សែន ​ហិកតារ​ទៀត ​នៅ​ឆ្នាំ​២០២០។ ក្រៅ​ពី​នេះ​ទំហំ​ព្រៃឈើ​ ដែល​បាត់បង់​ភាគ​ច្រើន​បាន​ប្រែ​ក្លាយ​ទៅ​ជា​ដី​ស្រែ​ចម្ការ​ មាន​ដំណាំ​ដំឡូងមី ​កៅស៊ូ ​និង​ស្វាយចន្ទី​ជាដើម​ គ្រប់គ្រង​កម្ម​សិទ្ធិ​ឯកជន។

សកម្មជន​ការពារ​ព្រៃឈើ ​ដែល​ចុះ​ស្រាវជ្រាវ​ លោក ​ហេង ស្រស់ យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ពង្រឹង​សមត្ថភាព​ឡើង​វិញ ​និង​កែប្រែ​ឥរិយាបថ ​កុំ​ឱ្យ​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ និង​កាប់​ឈើ​បន្ត​ទៀត ​ហើយ​ត្រូវ​ដាំ​ដើមឈើ​ស្តារ​ព្រៃឡង់​ឡើង​វិញ​។ ​លោក​ថា​ អំពើ​ពុករលួយ​ ភាព​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​ និង​កម្សោយ​នៃ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ​ធ្វើ​ឱ្យ​ព្រៃ​កេរ​ដូនតា ​រលាយ​ហិន​ហោច​ ដោយសារ​តែ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ​គ្មាន​ឆន្ទៈ​ស្មោះត្រង់ ​ការពារ​ព្រៃ​ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ក្រសួង​កសិកម្ម​ និង​ក្រសួងបរិស្ថាន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​កុំឱ្យ​មាន​ការ​រាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​​លុយ​ដែលគេ​យក​មក​អភិវឌ្ឍន៍​ដើម្បី​ឈប់​ស្កាត់​កុំឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ លុយ​ក៏​អស់​ ហើយ​ព្រៃឈើ​នៅ​បន្ត​បាត់បង់​។ នេះ​ជា​ ឆ្លុះ​បញ្ចាំង​ថា​អាជ្ញាធរ​នៅ​កម្ពុជា ​អសមត្ថភាព​កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ ដូច​គម្រោង​រ៉េដ​បូក​ជាដើម»

របាយការណ៍​បន្ថែម​ថា ​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ នៅ​ក្នុង​ព្រៃ​សហគមន៍​ចំនួន ​១៣​ ដែល​ឋិត​ក្នុង​គម្រោង​រ៉េដបូក​គឺ​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​។ ​សកម្មជន​ការពារ​ព្រៃឈើ ​លោក​ អ៊ូច ឡេង​ បាន​ថ្លែង​ក្នុង​របាយការណ៍​ថា ​វា​មិនមែន​ជា​អាថ៌​កំបាំង​នោះ​ទេ ​ករណី​សត្វ​ព្រៃ​កម្រ​ជិត​ផុត​ពូជ​ នៅ​កម្ពុជា​ត្រូវ​បាន​ជួញដូរ​យ៉ាង​សកម្ម​នៅ​លើ​ទីផ្សារ​ងងឹត​នា​ពេល​បច្ចុប្បន្ន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង ​សុំ​ការ​បំភ្លឺ​រឿង​នេះ ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក ​វេង សាខុន​ និង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក ​ស្រី វុឌ្ឍី ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី ​០៦ ​កញ្ញា​។​ ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។​

ប៉ុន្តែ​លោក ​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​ជា​សាធារណៈ​ថ្មីៗ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ ​ដោះស្រាយ​ថាមពល​អាកាសធាតុ ​និង​បរិស្ថាន ​ជា​គោល​នយោបាយ​សំខាន់​ រយៈ​ពេល​វែង​ ដែល​ត្រូវ​ទទួលខុស​ត្រូវ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។ ​លោក​ថា​ ការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ ​និង​បរិស្ថាន​ ជា​ការ​លំបាក​មួយ ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​៖ «ប្រទេស​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​ចូលរួម​ទីផ្សារ​កាបូន​ ស្ម័គ្រចិត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ កម្ពុជា​ចាត់​ទុក​ឥណទាន​កាបូន​ ជា​ប្រភព​ហិរញ្ញប្បទាន​ប្រកប​ដោយ​ចិរភាព ​ដ៏​សំខាន់​មួយ​សម្រាប់​សកម្មភាព​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ​ផ្ទះ​កញ្ចក់ ​ហើយ​កម្ពុជា​បើក​ជំហរ ​ទទួលការ​ចូលរួម​ភាព​ជា​ដៃគូ ​ជាមួយ​បណ្តា​ប្រទេស ​និង​វិស័យ​ឯក​ជន​នានា។

ទោះ​ជា​យ៉ាងណា ​ក្រុម​សកម្មជន​បរិស្ថាន ​យល់​ថា ​ការ​លើក​ឡើង​របស់​លោក ​ហ៊ុន សែន​ គ្រាន់​តែ​ធ្វើ​ឲ្យ​ល្អ​មើល ​និង​ល្អ​ស្តាប់​ប៉ុណ្ណោះ។

នាយិកា​សាមគ្គី​អន្តរជាតិ​នៃ​សហព័ន្ធ​ចលនា ​ដើម្បី​បរិស្ថាន គឺ​អ្នកស្រី​ គីមហេ-លីន (Kim Hye-lyn) បាន​ថ្លែង​ក្នុង​របាយការណ៍​នេះ​ដែរ​ថា ​ការ​បាត់​បង់​ទំហំ​ព្រៃឈើ​ទាំងនេះ​ នាំ​ឱ្យ​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ​និង​មាន​ការ​រិះគន់​ថា​ គម្រោង​រ៉េដបូក ​ជា​ទីភ្នាក់ងារ​បំផ្លាញ​ព្រៃឈើ។ អ្នកស្រី ​ជំរុញ​ឲ្យ​មាន​ការ​ ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ថែម​ទៀត ​ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅ​តំបន់​រ៉េដបូក​។

រីឯ​សកម្មជន​ការពារ​ព្រៃឡង់ ​រស់​នៅ​ស្រុក​សណ្ដាន់ ​លោក ហឿន សុភាព ​វិញ ​លោក​យល់​ថា ​របាយការណ៍​នេះ ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ស្រប​ពេល​ដែល​ព្រៃ​សហគមន៍​ដែល​មាន​ការ​គ្រប់គ្រង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​របស់​ក្រសួង​កសិកម្ម ​បាន​ថយ​ចុះ​យ៉ាង​គំហុក​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ​លោក​ថា​ មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​ កំពុង​មមាញឹក​ក្នុង​ការ​លូកដៃ ​ជា​ខ្នង​បង្អែក​ដែល​ផ្តល់​ផល​ប្រយោជន៍ ​ដល់​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ និង​អ្នក​រក​ស៊ី​ឈើ​ខុសច្បាប់ ​ខណៈ​ដែល​រដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​លើ ​មន្ត្រី​ខិលខូច​ ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ឡើយ​ទេ៖ «រដ្ឋាភិបាល​នៅ​តែ​មាន​គំនិត​ក្នុង​ការ​បណ្ដែត​បណ្ដោយ​ដូច​បច្ចុប្បន្ន​ខ្ញុំ​គិត​ថា ​មិន​អាច​សល់​ព្រៃ​បាន​ទេ។​ ក្រសួង​ណា​ក៏​ដោយ ​ឱ្យ​តែ​មាន​ចំណុច​ក្រោយ​ពី​រដ្ឋាភិបាល​ទាំងមូល​ ខ្ញុំ​គិត​ថា​ វា​មិន​អាច​ទៅ​រួច​ទេ»

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​ប​ណ្ដាញ​យុវជន​កម្ពុជា ​លោក ហេង គឹមហុង យល់​ថា ​ការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​រ៉េដបូក ​ឆ្លុះ​បញ្ចាំង​ថា​ ក្រសួង​កសិកម្ម​គ្មាន​សមត្ថភាព​ការពារ​ធនធាន​ធម្មជាតិ ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ៖ «គួរតែ​ពិន័យ​រដ្ឋបាល ​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​ក្នុង​តំបន់​នោះ​ ដើម្បី​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ខំ​រៀបចំ​ការពារ ​និង​មិន​ឱ្យ​មាន​ការ​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​ ក្រុម​អ្នក​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ទាំង​អស់​នោះ​។

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា ​គម្រោង​រ៉េដបូក​ (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជា​កម្មវិធី​ជាតិ​កាត់​បន្ថយ​ការ​រំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដោយសារ​បាត់បង់​ព្រៃឈើ។​ រ៉េដបូក​មាន​គោលបំណង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផល​ប្រយោជន៍​ជាតិ​ ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​សកល ​ក្នុង​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជាតិស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

របាយការណ៍ ​បន្ថែម​ថា ក្រុម​សកម្មជន​បរិស្ថាន​បាន​ចុះ​វាស់​វែង​ជាក់​ស្តែង​នៅ​តំបន់​នោះ ​អះអាង​ថា​ ការ​ខូច​ខាត​ព្រៃឈើ ​ក្នុង​តំបន់​រ៉េដបូក​នេះ ​គឺ​មាន​រហូត​ដល់​ ៤៥នៃ​គម្រប​ព្រៃឈើ​ទាំងមូល​គឺ​លើស​ពី​អ្វី​ដែល​បាន​រក​ឃើញ ​តាម​រយៈ​ផ្កាយ​រណប​ទៅ​ទៀត​។ ​ទន្ទឹម​នឹង​នេះ​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នា​ពេល​បច្ចុប្បន្ន​ នៅ​ឆ្នាំ ​២០២០ ​មាន​ការ​បាត់បង់​ព្រៃឈើ​ជិត​ ៩​ ភាគ​រយ (,៧៦ ក្នុង​តំបន់​គម្រោង​រ៉េដបូក ហើយ​នៅ​ឆមាស​ទី​មួយ​នៅ​ឆ្នាំ ​២០២១​ ការ​បាត់បង់​ព្រៃឈើ​បាន​ឈាន​ដល់​ ជិត​ ១០​ភាគរយ (,%)

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល