ពលរដ្ឋស្នើលោក ហ៊ុន សែន សង្គ្រោះឧទ្យានជាតិគិរីរម្យដែលដើមស្រល់ធំៗកំពុងរងការកាប់
2023.03.10

ប្រជាសហគមន៍រស់នៅខេត្តកំពង់ស្ពឺអះអាងថា សកម្មភាពកាប់ផ្តួលដើមស្រស់ធំៗ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ ឋិតក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន បង្កផលប៉ះពាល់វិស័យទេសចរ និងប្រាក់ចំណូលសហគមន៍។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋអំពាវនាវឱ្យលោក ហ៊ុន សែន អន្តរាគមន៍សង្គ្រោះឧទ្យានជាតិនេះដូចកាលដែលលោកអន្តរាគមន៍រកយុត្តិធម៌ ឱ្យម្ចាស់ក្ងោក ២០ក្បាលដែរ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋព្រួយបារម្ភពី អនាគតដើមស្រល់ធំៗ ដែលដុះតម្រៀបគ្នាជាជួរដ៏ស្រស់ស្អាត ឋិតក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ កំពុងប្រឈមការបាត់បង់ទាំងស្រុង។
ពួកគាត់ស្នើឱ្យប្រមុខរដ្ឋាភិបាលចាប់អារម្មណ៍ពីវិនាសកម្មធនធានធម្មជាតិដ៏ធំធេងនេះ ដើម្បីអភិរក្សវិស័យទេសចរណ៍ប្រវត្តិសាស្ត្រ នៅតំបន់នោះ។
អ្នកលក់ដូរនៅលើខ្នងភ្នំគិរីរម្យ លោក ថាយ ផុន ឱ្យដឹងនៅថ្ងៃទី៩ មីនា ថា ស្ទើរជារៀងរាល់ថ្ងៃ កម្មករជាច្រើនក្រុមបន្តលួចកាប់ដើមស្រល់ ដែលមានមុខកាត់ចន្លោះ ៣តឹក ដល់ ៥ តឹក ប្រវែង ៣០ ម៉ែត្រ ដល់ ៥០ម៉ែត្រ ស្ទើរគ្រប់តំបន់ ក្នុងឧទ្យានជាតិនេះ។ ទន្ទឹមនឹងនេះ សកម្មភាពកាប់ផ្តួលដើមស្រស់ធំៗនេះ កំពុងបំផ្លាញជម្រកទេសចរណ៍ ដែលអ្នកទេសចរតែងតែមកទស្សនាព្រៃស្រល់។
លោកបញ្ជាក់ថា បទល្មើសព្រៃឈើទាំងនេះ បន្តកើតមានច្រើន នៅរយៈពេល ២ ឆ្នាំចុងក្រោយនេះ ធ្វើឱ្យដើមស្រល់ធំៗ ដែលមានអាយុកាលជាង ១០០ឆ្នាំបានបាត់បង់ជាបន្តបន្ទាប់។
លោក ថាយ ផុន៖ «បើបាននាយករដ្ឋមន្ត្រីយើង អភិរក្សស្រល់ឱ្យគង់វង្ស ខ្ញុំថាល្អហ្មង។ ល្អវាណាមួយវិស័យទេសចរក៏ខ្ពស់ ហើយពលរដ្ឋក៏មានប្រាក់ចំណូលប្រចាំខែ។ អស់ស្រល់ភ្ញៀវទេសចរក៏គេលែងចង់មើល។ រាល់ថ្ងៃបានដើមស្រល់ សល់ទុកភ្ញៀវមើល»។
តំបន់ឧទ្យានជាតិគិរីរម្យ មានដើមស្រល់ដុះព័ទ្ធជុំវិញ ស្ទើរគ្រប់កន្លែង និងអមសងខាងផ្លូវដ៏ស្រស់ត្រកាល ដែលភ្ញៀវទេសចរចាត់ទុកតំបន់អភិរក្សនេះ ជាអត្តសញ្ញាណធម្មជាតិ បន្សល់ជាច្រើនជំនាន់មកហើយ។
អ្នកភូមិខ្លះស្រក់ទឹកភ្នែក សោកស្តាយ មរកតដូនតាទាំងនេះ ក្រោយពីព្រៃស្រល់បន្តបាត់បង់ជារៀងរាល់ថ្ងៃ ហើយមានផ្នែកខ្លះទៀត ជំនួសមកវិញ នូវដំណាំស្វាយ ដើមដួង និងដំណាំផ្សេងៗទៀត គ្រប់គ្រងជាសម្បត្តិឯកជន។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីនាយកឧទ្យានជាតិគិរីរម្យ លោក ខន សុខុន បាននៅឡើយទេ នៅថ្ងៃទី៩ មីនា ។ ចំណែកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏វិទ្យុអាស៊ីសេរីមិនទាន់អាច សុំការបំភ្លឺបានដែរ ដោយទូរស័ព្ទហៅចូល គ្មានអ្នកលើក។
កន្លងទៅ អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានថា អាជ្ញាធរខេត្តនឹងចាត់វិធានការច្បាប់ ដល់អ្នកពាក់ព័ន្ធ ដែលកាប់បំផ្លាញព្រៃស្រល់ និងទន្ទ្រានព្រៃរានយកដី ធ្វើជាកម្មសិទ្ធិ។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់លើកឡើងថា អាជ្ញាធរមិនគាំទ្រដាច់ខាត រាល់សកម្មភាពកាប់ដើមស្រល់ និង ការកាប់ព្រៃរានយកដី នៅតំបន់ឧទ្យានជាតិគិរីរម្យ។
ប្រជាសហគមន៍ខេត្តកំពង់ស្ពឺ លោក ថាយ ផុន បន្ថែមថា ភ្ញៀវទេសចរណ៍ភាគច្រើន ចង់ទស្សនាព្រៃឈើ ស្តាប់សំឡេងបក្សាបក្សី និងបោះតង់ស្នាក់នៅក្នុងព្រៃស្រល់ពេលរាត្រី ហេតុនេះពួកលោក ទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានឆន្ទៈថែទាំព្រៃនេះឱ្យច្បាស់លាស់។
លោកថា សកម្មភាពកាប់ដើមស្រស់ អារច្រៀកជាគ្រឿងផ្ទះ អាចធ្វើទៅបាន ដោយមានការបើកដៃពីឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងការពារព្រៃនៅតំបន់នោះ។
លោក ថាយ ផុន៖ «អាជ្ញាធរគេឃុបឃិតគ្នា គេនៅតែបើកដៃឱ្យដឹកឈើចេញបានអ៊ីចឹងបងអើយ។ ឈើចេញទាំងឡាយៗ ខ្ញុំមិនអាចនិយាយបាន បារម្ភពីសុវត្ថិភាពយើងថា យើងរាយការណ៍ចេះចុះ។ បើតាមខ្ញុំដឹង ឈើចេញទាំងកុងទ័រនឺ»។
កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានកំណត់តំបន់គិរីរម្យដែលមានផ្ទៃដីជាង ៣ម៉ឺន ៥ពាន់ហិកតារ(៣៥០០០) ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។
ភ្នំគិរីរម្យ ដែលស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋត្រូវក្លាហានដាក់បណ្តឹងបរិហារទៅតុលាការ បើរកឃើញថា មន្ត្រីនគរបាលយុត្តិធម៌បណ្តែតបណ្តោយ ឱ្យមានឧក្រិដ្ឋកម្មព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកយល់ថា ប្រមុខរដ្ឋាភិបាល គួរតែចាប់អារម្មណ៍ដោះស្រាយរឿងនេះបើពុំដូច្នេះទេ ព្រៃស្រល់នឹងរលាយហិនហោចអស់ ហើយក្រសួងបរិស្ថាននៅតែមានលេសឆ្លើយដោះសា គេចពីការទទួលខុសត្រូវ។
លោក ប៉ែន ប៊ុណ្ណារ៍៖ «នៅពេលដែលពលរដ្ឋផ្តល់អំណាចឱ្យគាត់ គឺរដ្ឋមន្ត្រីទាំងអស់ហ្នឹង មិនមែនតែរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្មទេ រដ្ឋមន្ត្រីទាំងអស់ ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា នៅពេលបានទទួលព័ត៌មាន ខ្លួនក៏មានកាតព្វកិច្ចដាក់បណ្ដឹងបរិហារដែរ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៥២៨»។
កាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀលទីតាំងឧទ្យានជាតិនេះមួយផ្នែកធំ ជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន២ វិនិយោគរយៈពេលយូរឆ្នាំ ដែលពុះច្រៀកជាកង់ៗ។
ក្នុងនោះមានក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ ដែលស្និទ្ធនឹងលោក ហ៊ុន សែន និងក្រុមហ៊ុន អេធូអេ (Asia To Asia) របស់ជប៉ុន។ អាជ្ញាធរខេត្តកំពង់ស្ពឺពន្យល់ថា រដ្ឋវិនិយោគឱ្យក្រុមហ៊ុនទាំងនេះ ដើម្បីទាញប្រយោជន៍ពីទេសភាព បម្រើវិស័យទេសចរ ពុំមែនកាប់បំផ្លាញព្រៃឈើនោះទេ។
លើសពីនេះ កាលពីខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាកាត់ឆ្វៀលដីទំហំជាង២រយហិកតារ (២២១.៩៤) ចេញពីឧទ្យានជាតិព្រះសុរាម្រិត ឬហៅថា ឧទ្យានជាតិគិរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ដីនោះឱ្យទៅក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.)។
ម្ចាស់ក្រុមហ៊ុននេះ គឺអ្នកស្រី ជឹង សុគន្ធាវី ដែលជាប្រពន្ធរបស់លោក ឡាវ វ៉ាន់ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) និងត្រូវជាកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ។ យាយភូ និងក្រុមគ្រួសារ គឺជាដៃគូជំនួញស្និទ្ធជាមួយក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅពីប្រជាពលរដ្ឋរស់នៅតំបន់នោះ ក្រុមយុវជនដែលស្រលាញ់បរិស្ថាន និងសង្គមស៊ីវិល ក៏តែងព្រួយបារម្ភពីវាសនាឧទ្យានជាតិគិរីរម្យដែរ។
ឧទ្យានជាតិគិរីរម្យ គឺជាតំបន់ខ្ពង់រាបប្រជុំភ្នំតូចធំជាច្រើនគ្របដណ្ដប់ដោយដើមស្រល់ និងព្រៃធម្មជាតិជាច្រើនប្រភេទ ដុះរាលតាមជើងភ្នំស្រស់ស្អាត និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ តំបន់នោះ មានជ្រោះ និងអូរធម្មជាតិទឹកធ្លាក់ តាមចន្លោះភ្នំនីមួយៗ ផ្តល់អំណោយផលល្អប្រសើរលើវិស័យទេសចរធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។