ពលរដ្ឋ​បារម្ភ​រឿង​រដ្ឋាភិបាល​កាត់​ដី​ឧទ្យានជាតិ​ខេត្ត​ពោធិ៍សាត់​ជាង​៤​រយ​ហិកតារ​ឲ្យ​ឯកជន

ដោយ សុជីវី
2023.11.27
ពលរដ្ឋ​បារម្ភ​រឿង​រដ្ឋាភិបាល​កាត់​ដី​ឧទ្យានជាតិ​ខេត្ត​ពោធិ៍សាត់​ជាង​៤​រយ​ហិកតារ​ឲ្យ​ឯកជន លោក ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់។
រូប៖ រដ្ឋបាលខេត្តពោធិ៍សាត់

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ផល​ប៉ះពាល់​ពលរដ្ឋ និង​បរិស្ថាន ក្រោយ​ពី​រដ្ឋាភិបាល បាន​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ខេត្ត​ពោធិ៍សាត់ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ក្នុង​ទំហំ​ជាង ៤​រយ​ហិកតារ ក្រោម​ហេតុផល​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ។ ពួកគាត់​សង្កេត​ឃើញ​ថា ការ​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​នេះ មិន​ត្រូវ​បាន​ជជែក​សួរដេញដោល​ជា​សាធារណៈ​ពី​ផល​ប៉ះពាល់ ជាមួយ​អ្នក​ពាក់ព័ន្ធ រួម​មាន​ប្រជា​សហគមន៍ សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​នោះ​ទេ។

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា នៅ​រយៈពេល​ចុងក្រោយ​មុន​ពេល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ផ្ទេរតំណែង​ឲ្យ​ទៅ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នោះ លោក ហ៊ុន សែន ហាក់​ប្រញាប់ប្រញាល់​កាត់​ឆ្វៀល​ផ្ទៃដី នៅ​តំបន់​ការពារ ឬ​តំបន់​ឧទ្យាន​ជាតិ​ជាច្រើន​កន្លែង​ជា​បន្តបន្ទាប់ ដោយ​មិនបាន​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ធនធានធម្មជាតិ។ មួយវិញទៀត អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​តំបន់​ការពារ ឬ​តំបន់​ឧទ្យាន​ជាតិ​ទាំងនោះ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ក្រោយពី​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ភ្លាមៗ​នោះ​ទេ ដែល​បង្ហាញថា រដ្ឋាភិបាល​គ្មាន​ចេតនា បង្ហាញ​ជា​សាធារណៈ​ពី​ការបែងចែក​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ធុរកិច្ច​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ វិច្ឆិកា ថា លោក​សង្កេតឃើញ​រដ្ឋាភិបាល បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​ឯកជន​ក្រោម​ហេតុផល​អភិវឌ្ឍន៍​ធម្មជាតិ ដោយ​ធ្វើ​អនុប្រយោគ​កាត់​ឆ្វៀល​ផ្ទៃដី​តំបន់​ការពារ ឬ​តំបន់​ឧទ្យាន​ជាតិ​។ លោក​បារម្ភ​ថា ការ​បន្ត​កាត់​ឆ្វៀល​ផ្ទៃដី​ក្នុង​តំបន់​ការពារ ឬ​តំបន់​ឧទ្យាន​ជាតិ​នេះ នឹង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ជីវចម្រុះ​នៅក្នុង​ព្រៃ និង​ពលរដ្ឋ​នៅក្នុង​តំបន់ ដែល​អាស្រ័យ​ផល​អនុផល​ព្រៃឈើ។

លោក វណ្ណ សូផាត៖ «យើង​តែងតែ​លើក​ពី​ការ​ព្រួយបារម្ភ​ថា នឹង​អស់​ធនធានធម្មជាតិ ហើយ​ដី​រដ្ឋ​ទាំងអស់​នឹង​ក្លាយជា​ដី​ឯកជន ដី​របស់​ក្រុមហ៊ុន​ប៉ះពាល់​ដល់​បរិស្ថាន មានការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដល់​សុវត្ថិភាព​សង្គម​របស់​យើង​ទាក់ទង​ទៅ​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស គឺ​ជនជាតិ​ដើម​ភាគតិច»

រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន កាលពី​ខែ​កក្កដា កន្លង ទៅ​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ ស្ដីពី​ការកំណត់​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​ការ​ធ្វើ​អនុប្រយោគ​ដី​សាធារណៈ​របស់​រដ្ឋ ឲ្យ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ទំហំ​ជាង​៤​រយ​ហិកតារ​(៤១៤)​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង ឃុំ​អូរសោម ខេត្ត​ពោធិ៍សាត់ ដើម្បី​ផ្ដល់​ឲ្យ​ក្រុមហ៊ុន សាម៉ានេអា (SAMANEA CO..LTD) ធ្វើការ​អភិវឌ្ឍ​ធម្មជាតិ និង​រុក្ខ​-​ទេសចរណ៍។

ការ​កាត់​ឆ្វៀល​ដី​តំបន់​ការពារ និង​តំបន់​ឧទ្យានជាតិ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ក្រោម​លេស​អភិវឌ្ឍន៍ តែង​ជា​មធ្យោបាយ​សម្រាប់​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ព្រៃ​កប់​សព សត្វព្រៃ និង​ពលរដ្ឋ​រស់នៅ​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ដូច​ករណី​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាល​ពី​ឆ្នាំ​២០១៩ បាន​អនុវត្ត​ខុសពី​គោលការណ៍​វិនិយោគ ដោយ​ឈូស​ឆាយ​ដី​បំពាន​តំបន់​ព្រៃ​សក្ការ ដី​ព្រៃ​ជម្រក​សត្វ​កម្រ និង​ធនធានធម្មជាតិ។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី ២៦ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

សកម្មជន​បរិស្ថាន នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បារម្ភ​ដល់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​តំបន់​ឧទ្យាន​ជាតិ បន្ទាប់ពី​រដ្ឋាភិបាល​បាន​កាត់​ដី​មួយចំនួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដោយសារតែ​ក្រុមហ៊ុន​ឯកជន តែងតែ​វិនិយោគ​ដើម្បី​ស្វែងរក​ផល​ចំណេញ​។ លោក​បន្ថែម​ថា អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​តំបន់​ការពារ ឬ​តំបន់​ឧទ្យាន​ជាតិ​ទាំងនោះ ខ្វះ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ការ​ជជែក​ដេញដោល​រវាង​ភាគី​ពាក់ព័ន្ធ​រវាង​រដ្ឋ ឯកជន សហគមន៍ មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​ជាដើម។

លោក ថុន រដ្ឋា៖ «យើង​មានការ​ព្រួយបារម្ភ ហើយ​យើង​សំណូមពរ​ហើយ សំណូមពរ​ទៀត​ថា យើង​សង្ឃឹម​ថា នៅក្នុង​ជំនាន់​រជ្ជកាល​ថ្មី នៃ​នាយករដ្ឋមន្ត្រី​ថ្មី​ហ្នឹង​គឺ នឹង​មាន​ការពិចារណា​ហើយ ពិចារណា​មែនទែន​ចំពោះ​បញ្ហា ដែល​កើតមាន​កន្លង​មក​នេះ បើសិនជា​នៅតែ​បន្ត​ធ្វើ​ដូច​នាយករដ្ឋមន្ត្រី​ពីមុន​ទេ ខ្ញុំ​ថា​សំឡេង​ឬក៏​សន្លឹកឆ្នោត​ហ្នឹង នឹង​ពិបាក​ក្នុង​ការ​ទទួល​បាន​ពី​ប្រជាជន ព្រោះថា​ប្រជាជន​បច្ចុប្បន្ន​អ្នកណាៗ​ក៏​ខ្វល់ខ្វាយ​ពី​បរិស្ថាន»

អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង កាលពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង មាន​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤១០.៣៩២) មាន​ភូមិសាស្ត្រ​ជាប់​នឹង​ខេត្ត​ចំនួន​៤ រួមមាន​ខេត្ត​ពោធិ៍សាត់ កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។ ឧទ្យានជាតិ​នេះ មាន​សក្ដានុពល​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម​គ្មាន​ផ្សែង គឺ​វិស័យ​ទេសចរណ៍។ តំបន់​នោះ សម្បូរ​ដោយ​ជួរ​ភ្នំ​ដាច់​កន្ទុយភ្នែក សមុទ្រ​ឈើ​ពណ៌​ខៀវស្រងាត់ និង​សត្វព្រៃ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។