សហគមន៍​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​អាជ្ញាធរ​សង្គ្រោះ​តំបន់​ការពារ​ធម្មជាតិ​កោដូនតី​រង​ការ​បាត់បង់​ទាំងមូល

ដោយ ជីវិតា
2024.06.11
សហគមន៍​ខេត្ត​កំពង់ស្ពឺ​ស្នើ​ឱ្យ​អាជ្ញាធរ​សង្គ្រោះ​តំបន់​ការពារ​ធម្មជាតិ​កោដូនតី​រង​ការ​បាត់បង់​ទាំងមូល ដី​ព្រៃ​សហគមន៍​កោ​ដូនតី ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​រង​ការ​ឈូស​ឆាយ កាល​ពី​ដើម​ខែ​ឧសភា ២០២៤។
រូប​៖ លោក ជា ហ៊ាន ផ្តល់​ឱ្យ

ប្រជា​សហគមន៍​ខេត្ត​កំពង់ស្ពឺ ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​បរិស្ថាន​សហការ​គ្នា​ជួយ​​​​​​​​​​​​​​​​​​​​​​សង្គ្រោះ​ព្រៃ​សហគមន៍​កោ​​​ដូនតី ដែល​ទទួលរង​ការ​ឈូស​​​ឆាយ​រំលោភ​យក​ដី​ព្រៃ​ទាំងមូល។

សំណើ​នេះ​ធ្វើឡើង ក្រោយពី​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​ដកហូត​ដី​ព្រៃ​អភិរក្ស​ដែល​ជនខិលខូច​ឈូស​ឆាយ​ខុសច្បាប់​ក្នុង​តំបន់​នោះ មក​ជា​សម្បត្តិ​រដ្ឋ​វិញ។

ពលរដ្ឋ​ចំនួន ៣​ភូមិ ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ អំពាវនាវ​ឱ្យ​អាជ្ញាធរ​អភិរក្ស និង​ដាំ​ដើមឈើ​ស្តារ​ឡើង​វិញ ក្នុង​តំបន់​ព្រៃ​សហគមន៍​កោដូនតី​ទំហំ​ជាង ៣ ពាន់​ហិកតារ ដែល​ជនខិលខូច និង​ក្រុម​ឈ្មួញ​ឈូស​ឆាយ​រំលោភ​យក​ដី​អស់​ស្ទើរ​ទាំងស្រុង។

តំណាង​សហគមន៍ លោក ផល នឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ មិថុនា ថា ព្រៃ​សហគមន៍​កោ​ដូនតី បន្ត​បាត់បង់​ស្ទើរ​ទាំងស្រុង​នៅ​រយៈពេល​ជាង ៤ ខែ​កន្លង​ទៅ​នេះ ដោយ​តំបន់​ខ្លះ​មាន​ការ​ទិញ​លក់​តៗ​គ្នា គ្រប់គ្រង​កម្មសិទ្ធិ​ឯកជន។

លោក​ថា ព្រៃ​អភិរក្ស​នេះ បាន​បាត់បង់​ដើមឈើ​ធំៗ​មានតម្លៃ ជា​បន្តបន្ទាប់ អំឡុង​ឆ្នាំ ២០១៧ ហើយ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ កើតមាន​ច្រើន នៅ​ដើមឆ្នាំ ២០២៤​នេះ ដោយ​គ្មាន​ការ​ទប់ស្កាត់។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ បោះបង្គោល​ព្រំ​ដី​អភិរក្ស និង​ត្រូវ​ចាត់វិធានការ​លើ​ជនល្មើស និង​អ្នក​ជាប់​ពាក់ព័ន្ធ។

លោក ផល នឿន៖ «ញុះញង់​នេះ​តិច​ទៅ អានោះ​តិច​ទៅ​ខ្លាច​អី គេ​មុនៗ​បាន អញ​ក្បាល​ស្រែ​អញ អញ​លក់​បន្តិចបន្តួច​ដែរ​។ អ៊ីចឹង​ទៅ​វា​ចេះ​នាំគ្នា​លុប​ព្រៃ​អស់​បាត់​ទៅ បើ​គេ​ដកហូត​បាន អរគុណ​ឱ្យមក​សហគមន៍​វិញ​។ ឮ​ថា ដកហូតៗ តែ​មិនដឹង​ថ្ងៃ​ណា»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ចន្ទថេត ថានរៈ និង​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១០ មិថុនា។

ក៏ប៉ុន្តែ​ថ្មីៗ​នេះ (០៧ មិថុនា​) អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ប្រកាស​សម្រេច​ដក​ហូត​ដី​ព្រៃ​ឈើ ដែល​រង​ការ​កាប់​ទន្ទ្រាន​ខុសច្បាប់ នៅ ៣​ទីតាំង​ផ្សេងៗ​គ្នា​ទំហំ​ជាង​៣ ពាន់​ហិកតារ (.៤៣៤) ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។ ព្រៃ​សហគមន៍​កោ​ដូនតី ដែល​កំពុង​រង​ការ​កាប់​រាន​យក​ដី​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ដី​ព្រៃ​អភិរក្ស ដែល​អភិបាលខេត្ត​រូប​នេះ​ចេញ​ដីកា​ដកហូត។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ទុក​ពេល ៣០​ថ្ងៃ ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ពាក់ព័ន្ធ​តវ៉ា។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ លោក លីវ សារ៉ុម ស្នើ​ឱ្យ​អាជ្ញាធរ​ពង្រឹង​សហគមន៍​ឱ្យ​រឹងមាំ​ឡើងវិញ ព្រោះ​កន្លងទៅ​ពលរដ្ឋ​បែប​បាក់​សាមគ្គី​គ្នា ធ្វើ​ឱ្យ​ការគ្រប់គ្រង​ដី​ព្រៃ​សហគមន៍ នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ដែល​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​នេះ មក​ផ្ដន្ទាទោស​តាមច្បាប់។

លោក លីវ សារ៉ុម៖ «ការទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ រដ្ឋ​គួរតែ​ដកហូត​ជនខិលខូច ហើយ​យក​ជនខិលខូច​ដាក់ទោស ព្រោះ​ពួក​ហ្នឹង​ដើរ​តែ​យក​ទន្ទ្រាន​យក​ដី​នេះ ដី​នោះ​អ៊ីចឹង»

ឆ្លើយតប​រឿង​នេះ មេឃុំ​ត្រពាំង​ជោ លោក ទេព ណែម សង្កេត​ឃើញ​ថា កន្លង​ទៅ​ពលរដ្ឋ​មួយចំនួន បាន​ដណ្តើម​គ្នា​កាប់​ទន្ទ្រានព្រៃ​សហគមន៍ ដើម្បី​ធ្វើស្រែ​ចម្ការ បណ្តាល​ឱ្យ​តំបន់​អភិរក្ស​នេះ​កាន់តែ​រួម​តូច​។ លោក​គាំទ្រ​ចំណាត់ការ របស់​អភិបាលខេត្ត​កំពង់ស្ពឺ ដែល​ចេញ​ដីកា​ដកហូត​ដី​ព្រៃ​អភិរក្ស ពី​ក្រុម​ជនល្មើស​មក​ជា​សម្បត្តិ​រដ្ឋ​វិញ។

លោក ទេព ណែម៖ «ឥលូវ​យើង​អត់​ទាន់​មាន​ផែនការ​អី​ទៀត​ទេ បើសិនជា​រដ្ឋ​ដកហូត​អ៊ីចឹង អត់​មាន​ដើមឈើ យើង​គួរ​រួមគ្នា​ដាំ​ដើមឈើ​។ តែ​ខ្ញុំ​អត់​ដឹង​ទេ ទាល់តែ​យើង​ពិភាក្សា​ជាមួយ​សហគមន៍​ដើរ​ទៅមុខ​អ៊ីចឹង​យ៉ាង​ម៉េចៗ​ទៀត»

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​(ACNCIPO) លោក ជា ហ៊ាន យល់​ថា មន្ត្រី​បរិស្ថាន ត្រូវ​រក្សា​តំបន់​អភិរក្ស​នោះ និង​ស្ដារ​ព្រៃ​ឡើងវិញ សម្រាប់​ជា​ប្រយោជន៍​រួម​របស់​សហគមន៍​។ រីឯ​អ្នក​ពាក់ព័ន្ធ​កាប់​ទន្ទ្រានព្រៃ​សហគមន៍​ខុសច្បាប់ ត្រូវ​ស៊ើបអង្កេត​មក​ផ្ដន្ទាទោស​តាមច្បាប់។

លោក ជា ហ៊ាន៖ «រក្សា​ដី​ព្រៃ​ក្នុង​បរិវេណ​សហគមន៍​ជាង​៣ ពាន់​ហិកតារ គាត់​អាច​ទទួលផល​ពី​ការ​ដក​ផ្សិត ឃ្វាលគោ និង​ព្រៃឈើ​ផង​ដែរ មាន​ផលប្រយោជន៍​ច្រើន​។ បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ គាត់​បាត់បង់​ផលប្រយោជន៍​រដូវវស្សា គាត់​អត់​មាន​ផ្សិត​ដក​ទេ ឃ្វាលគោ​ក៏​អត់​មាន​ដែរ ។ ពលរដ្ឋ​ក៏​គាត់​បាត់បង់​ដែរ»

តំបន់​ការពារ​ធម្មជាតិ​កោ​ដូនតី ឬ​ហៅថា សហគមន៍​កោ​ដូនតី គឺជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​មាន​ផ្ទៃដី​សរុប​ជាង ៣​ពាន់​ហិកតារ (៣០៨០)​។ តំបន់​អភិរក្ស​នេះ ធ្លាប់​សំបូរ​ព្រៃស្រោង ជា​ជម្រក​សត្វព្រៃ មាន​ដើមឈើ​ធំៗ​គ្រប់​ប្រភេទ និង​ផ្តល់​អនុផល​ព្រៃឈើ​ទ្រទ្រង់​ជីវភាព​សហគមន៍ ចំនួន ៣ ភូមិ ក៏ប៉ុន្តែ​ធនធាន​ធម្មជាតិ​ទាំង​នេះ បាន​បាត់បង់​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។