ប្រជា​សហគមន៍​ខេត្តមណ្ឌលគិរី​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ទៅ​តុលាការ ករណី មិន​អើពើ​ការពារ​ព្រៃ​សហគមន៍

ដោយ ម៉ៅ សុធានី
2022.11.29
Share on WhatsApp
Share on WhatsApp
ប្រជា​សហគមន៍​ខេត្តមណ្ឌលគិរី​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ទៅ​តុលាការ ករណី មិន​អើពើ​ការពារ​ព្រៃ​សហគមន៍ ទិដ្នភាពគ្រឿងចក្រឈូសឆាយរំលោភយកដីព្រៃសហគមន៍ភូមិពូត្រែង ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ អាដហុក

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តមណ្ឌលគិរី ៤នាក់ ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង ឈ្មួញ​ឈើ​ ទៅ​តុលាការ ពី​បទ​បណ្ដែត​បណ្ដោយ​ឱ្យ​កើត​មាន​បទល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ អ្នកភូមិ​ស៊ើប​ដឹង​ថា មេភូមិ​ពូត្រែង មន្ត្រី​ប៉ុស្តិ៍ អាជ្ញាធរ​ឃុំ​ដាក់ដាំ និង ឈ្មួញ​ខិលខូច បាន​ឃុបឃិត​គ្នា ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ភូមិ​ពូត្រែង​អស់​ជាច្រើន​ហិកតារ​បន្ថែម​ទៀត។

ជន​ជាតិ​ដើម​ភាគតិចព្នង ៤នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង ៣០០ គ្រួសារ រស់​នៅ​ភូមិ​ពូត្រែង ឃុំដាក់ដាំ ស្រុក​អូររាំង ខឹង​សម្បារ​ចំពោះ​ទង្វើ​របស់​មេភូមិពូត្រែង​ សមាជិក​ក្រុមប្រឹក្សាឃុំ​ដាក់ដាំ​ម្នាក់ ,ប៉ូលិស​ប៉ុស្តិ៍​ដាក់ដាំ​ម្នាក់ និង​ឈ្មួញ​ដី​ម្នាក់​ទៀត បាន​ឃុបឃិត​គ្នា ឈូសឆាយ​រំលោភ​យក​ដី ព្រៃ​សហគមន៍​ភូមិពូត្រែង ធ្វើ​ជា​សកម្ម​សិទ្ធិ​ឯកជន​បំពាន​ច្បាប់។

អ្នកភូមិ​ទាមទារ​ឱ្យ​តុលាការ ផ្ដន្ទាទោស​ឈ្មួញ និង​មន្ត្រី​ខិលខូច​ទាំងនេះ​ ស្រប​ពេល​ដែល​ពួក​គាត់​រក​ឃើញ ភស្តុតាង និង សាក្សី​ច្បាស់លាស់ ដែល​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​ភូមិ​ពូត្រែង​ជាង ២០ហិកតារ​ទៀត មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​ទាំង​នេះ។

ដើម​បណ្ដឹង និង​ជា​សមាជិក​សហគមន៍​ភូមិពូត្រែង លោក ព្យាន ច្រេន ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា​ថា ដី​ព្រៃ​សហគមន៍​ភូមិពូត្រែង​នៅតែ​ទទួលរង​ការ​ឈូស​ឆាយ រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​ ដោយសារ​មាន​ការ​ឃុបឃិត​គ្នា រវាង​មេភូមិ​ពូត្រែង អាជ្ញាធរ​ឃុំ​មួយ​ចំនួន និង​ឈ្មួញ។ លោក​ថា ថ្មីៗ នេះ ពួក​លោក​ប្រទះ​ឃើញ ដី​ព្រៃ​សហគមន៍​ឋិត​នៅ​ចំណុច យោគយ៉ាវ និង​យោគគង់គ្លែ ត្រូវ​គេ​ឈូស​ឆាយ​អស់​ជាង ២០ហិកតារ នៅ​រយៈ​ពេល​ជាង ២សប្ដាហ៍​ចុង​ក្រោយ​នេះ។ លោក​បន្ថែម​ថា បំណង​របស់​សហគមន៍​ទាមទារ​តុលាការ ឱ្យ​ស៊ើប​អង្កេត​ដោយ​យុត្តិធម៌ លើ​រឿង​នេះ​ ដើម្បី​ការពារ​ភោគ​ទ្រព្យ​ជាតិ និង​សត្វព្រៃ ៖

«បើ​បាត់បង់​ព្រៃ​ហ្នឹង នឹង​បាត់បង់​អនុផល​ព្រៃឈើ និង​បន្លែ​តាម​អូរ យើង​ប្រមូល​ពី​ព្រៃ​ទាំង​អស់។ បាត់​បង់​ព្រៃ កូនចៅ​យើង​ជំនាន់​ក្រោយ អត់​ស្គាល់​ព្រៃ អត់​ស្គាល់​ដី និង​ឈើ​ធំៗ»

កាល​ពី​ថ្ងៃ​ទី ២៤ វិច្ឆិកា តំណាង​សហគមន៍​ភូមិពូត្រែង ៤នាក់ បាន​ផ្ដិត​មេដៃ ប្ដឹង​មេភូមិ ពូត្រែង លោក ប្លង់ សេង សមាជិក​ក្រុម​ប្រឹក្សា​ឃុំដាក់ដាំ លោក ង៉ែត រ៉ា ,ប៉ូលិស​ប៉ុស្តិ៍​ដាក់ដាំ លោក ជ័យ ជ័យ ចាន់ដារ៉ា និង​ឈ្មួញ​ដី​ម្នាក់​ទៀត គឺ​លោក ផល្លី តុយ ទៅ​តុលាការ ពី​បទ អនុគ្រោះ​បទល្មើស​ព្រៃឈើ និង មិន​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​ព្រៃ ជា​បទល្មើស​ឧក្រិដ្ឋ​ ឋិត​ក្នុង​ព្រៃ​សហគមន៍​ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង។ 

អ្នកភូមិ​ចោទ​ថា អាជ្ញាធរ នគរបាល និង ឈ្មួញ​ទាំង​នេះ​ថា ជា​មេខ្លោង​ ធ្វើ​ឱ្យ​ព្រៃ​សហគមន៍​ទទួលរង​ការ​ឈូស​ឆាយ ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។

វិទ្យុអាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ពី​មេភូមិ​ពូត្រែង លោក ប្លង់ សេង និង សមាជិក​ក្រុម​ប្រឹក្សា​ឃុំដាក់ដាំ លោក ង៉ែត រ៉ា បាន​នៅ​ឡើយ​ទេ នៅថ្ងៃ ២៩ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។ ចំណែក ប៉ូលិស​ប៉ុស្តិ៍​ដាក់ដាំ លោក ជ័យ ចាន់ដារ៉ា និង​ឈ្មួញដី​ម្នាក់​ទៀត គឺ​លោក ផល្លី តុយ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

ប៉ុន្តែ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក មាស ប្រុស ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តុលាការ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជា​សហគមន៍​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ចាត់​ឱ្យ​តំណាង​អយ្យការ និង ចៅក្រម​រូប​ណា​នៅ​ឡើយ​ទេ ដោះស្រាយ​សំណុំ​រឿង​នេះ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា នីតិវិធី​ឱ្យ​តែ​តុលាការ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ នឹង​ចាត់​វិធានការ​តាម​ច្បាប់៖

«ឱ្យ​តែ​បាន​មក គេ​កោះ​ហៅ​ហើយ​បង តែ​រឿង​វា​ទើប​ចូល អត់​ទាន់​ដឹង​ថា នៅ​ពី​ណា? ឬ​ចាត់​ការ​បាន​យ៉ាង​ណា រឿង​វា​ថ្មី​ពេក»

ចំណែក​ជំទប់ទី១ ឃុំ​ដាក់ដាំ លោកស្រី តេះ ស្រីនិច មាន​ប្រសាសន៍​ថា គោលបំណង​របស់​អាជ្ញាធរ​ឃុំ ចង់​អភិរក្ស​ព្រៃ​សហគមន៍​នេះ ឱ្យ​គង់វង្ស ប៉ុន្តែ​ជា​រឿង​ពិបាក​ ដោយសារ​ពលរដ្ឋ​ខ្លះ​ខ្វះ​ការ​យល់​ដឹង លប​កាប់​រាន​ព្រៃ ដើម្បី​លក់​ឱ្យ​ឈ្មួញ​ព្រោះ​តែ​ចង់​បាន​លុយ។ លោកស្រី​ថា អាជ្ញាធរ​ឃុំ​នឹង​ សហការ​ជាមួយ​ប្រជា​សហគមន៍ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​កាលៈទេសៈ ​ដើម្បី​ថែរក្សា​ព្រៃ​អភិរក្ស​ទាំងនេះ៖

«ពលរដ្ឋ​មួយ​ចំនួន​គាត់​ខំ​ព្យាយាម​ការពារ ចុះ​ល្បាត តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ ចង់​លក់​ចង់​បាន​លុយ​គេ វា​ពិបាក​មែន​ទែន តើ​វិធីសាស្ត្រ​ជួយ​ពួកគាត់​យ៉ាង​ម៉េច? ដើម្បី​ឱ្យ​ថែរក្សា​ព្រៃ​នេះ ឱ្យ​គង់​វង្ស

ព្រៃ​សហគមន៍​ភូមិ​ពូត្រែង មាន​ផ្ទៃដី​ជាង ២ពាន់ ៣រយ​ហិកតារ (២៣៥១) បាន​ចុះបញ្ជី​ទទួលស្គាល់ ​ពី​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ២០០៨។ ព្រៃ​សហគមន៍​នេះ ឋិត​នៅ​ជាប់​ច្រក​របៀង​នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំណាមលៀរ ដែល​មាន​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ៣រយ​គ្រួសារ អាស្រ័យផល​ និង​ទាញ​ប្រយោជន៍​ពី​ព្រៃ​នេះ មក​រក​ប្រាក់​ចិញ្ចឹម​ជីវិត​បែប​ប្រពៃណី​តាំង​ពី​បុរាណ​កាល​មក។

តំណាង​សហគមន៍ លោក ព្យាន ច្រេន បន្ថែម​ថា អាជ្ញាធរ​ភូមិ និងឃុំ រួម​ទាំង​នគរបាល​មូលដ្ឋាន​ មិន​ខ្វាយខ្វល់ ការពារ​ព្រៃ​អភិរក្ស​នេះ​នោះ​ឡើយ។ លោក​ថា ផ្នែក​ខ្លះ​នៃ​ព្រៃ​សហគមន៍​ បាន​ទទួលរង​ការ​កាប់​ទន្ទ្រាន និង​ឈូស​ឆាយ​ទ្រង់ទ្រាយ​ធំ ជា​បន្ត​បន្ទាប់​អស់​រាប់​រយ​ហិកតារ នៅ​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។ រីឯ ជន​ជាតិ​ដើម​ភាគ​តិច​មាន​ទម្លាប់ ទាញ​ប្រយោជន៍​ពី​ព្រៃ​អភិរក្ស​នេះ ដូចជា ដាំស្រូវ បេះ​បន្លែ​ផ្លែឈើ ឃ្វាល​គោក្របី និង​រក​ថ្នាំ​បុរាណ​ជា​ដើម កំពុង​ប្រឈម​ការ​បាត់បង់។

ជុំវិញ​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ដែល​ចុះ​អង្កេត​រឿង​នេះ យល់​ថា ស្ថាប័ន​អយ្យការ និង​តុលាការ ត្រូវ​ស៊ើបអង្កេត​ និង​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ ដែល​ឃុបឃិត​គ្នា​ឈូស​ឆាយ បំផ្លាញ​ព្រៃ​អភិរក្ស​នេះ។ លោក​ចាត់​ទុក​ ពាក្យ​បណ្ដឹង​នេះ​ជា​ជម្រើស​ចុង​ក្រោយ របស់​ប្រជា​សហគមន៍ ព្រោះ​ពួក​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ៖ 

«ខ្ញុំ​គិត​ថា តុលាការ និង​ព្រះរាជ​អាជ្ញា គួរ​មាន​វិធានការ​មួយ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​លាស់ ដើម្បី​រក​យុត្តិធម៌​ ជូន​ពលរដ្ឋ និង​ជូន​ជាតិ​មាតុភូមិ​របស់​យើង​ ដោយសារ​ព្រៃឈើ​បច្ចុប្បន្ន​សេស​សល់​តិច​បំផុត​សម្រាប់​ខេត្ត​មណ្ឌលគិរី។

មន្ត្រី​សង្គមស៊ីវិល​រូបនេះ​បន្ថែម​ថា ក្រុម​ឈ្មួញ​បន្ត​បោះ​បង្គោល​ព្រំ និង​យក​គ្រឿង​ចក្រ​ឈូសឆាយ​ រំលោភយក​ដី​ព្រៃសហគមន៍​បន្ថែម​ទៀត ​តែ​ប្រជា​សហគមន៍​បាន​ចុះ​ហាមឃាត់​ទាន់​ពេល​នៅ​ព្រឹក​ថ្ងៃ​ទី ២៩ វិច្ឆិកា។

ព្រៃ​សហគមន៍​ភូមិពូត្រែង​ឋិត​ក្នុង​ភូមិ​ពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ជា​តំបន់​ខ្ពង់រាប​ប្រជុំ​កូនភ្នំ​ ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ​ស្រស់​បំព្រង ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ព្រៃ​អភិរក្ស​នេះ មាន​ទឹក​ជ្រោះ ៦ កន្លែង និង​ទឹក​អូរធម្មជាតិ​ខ្វាត់ខ្វែង អម​ដោយ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​កំពុង​រស់​នៅ រួមមាន​ សត្វ​ក្ងោក ស្វា ឈ្លូស ជ្រូកព្រៃ ប្រើស និង​សត្វស្លាប​ជាច្រើន​ប្រភេទ​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។