សហគមន៍​ខេត្ត​ព្រះវិហារ​រក​ឃើញ​ឈើប្រណិត​ជាង ២០០​ដើម​ត្រូវ​កាប់​បំផ្លាញ​ក្នុង​ព្រៃព្រះរការ

ដោយ ទីន ហ្សាការីយ៉ា
2024.09.12
សហគមន៍​ខេត្ត​ព្រះវិហារ​រក​ឃើញ​ឈើប្រណិត​ជាង ២០០​ដើម​ត្រូវ​កាប់​បំផ្លាញ​ក្នុង​ព្រៃព្រះរការ បទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលប្រជាសហគមន៍រកឃើញ កាលពីថ្ងៃទី៥​ កញ្ញា ២០២៤។
រូប៖ សហគមន៍ផ្តល់ឱ្យ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទះឃើញ​បទល្មើស​ជាង ២០០​ដើម​(២១៣)​ជាថ្មី​ទៀត ឋិត​ក្នុង​តំបន់​ដែន​ជម្រកសត្វព្រៃព្រះរការ។

ប្រជា​សហគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​រក​ឃើញ​បទល្មើស​ព្រៃឈើ​ទាំងនេះ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឱ្យ​ដឹង​ថា ពួកគាត់​ប្រទះឃើញ​ដើមឈើ​តូច​ធំ ព្រមទាំង​ទីកន្លែង​បោះតង់​របស់​ក្រុម​អ្នក​អារឈើ ម៉ាស៊ីន​អារឈើ និង​សម្ភារៈ​អារឈើ​ជាដើម ឋិត​នៅ​ចំណុច​ក្បាល​អូរ​ដាច់​កន្ទប ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា លោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១១ កញ្ញា ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នេះ នៅតែ​បន្ត​កើត​មាន​ច្រើន ក្នុង​ពេល​ដែល​ក្រសួង​បរិស្ថាន បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​សហគមន៍​មិន​ឱ្យ​ល្បាត​ព្រៃ និង​ការពារ​ព្រៃឈើ។

លោក​សង្កត់ធ្ងន់​ថា ក្រសួងបរិស្ថាន​គ្មាន​ឆន្ទៈ បង្កើត​យន្តការ​តាមដាន​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន និង​ដាក់​ទោសទណ្ឌ​លើ​ពួកគេ ប្រសិនបើ​រក​ឃើញ​ថា មន្ត្រី​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ីសំណូក​ជាមួយ​ឈ្មួញ​ខិលខូច។

លោក ខាក់ ភារិទ្ធិម៉ាស៊ី៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ព្រួយបារម្ភ​មែនទែន​ពួក​ហ្នឹង​ដែល​រឹតត្បិត​មិន​ឲ្យ​សហគមន៍​មូលដ្ឋាន យុវជន​ឬ​ក្រុម​និស្សិត ព្រះសង្ឃ​ចូលរួម​ក្នុង​ការ​ការពារ មើល​ទៅ​ជោគ​វាសនា​របស់​ព្រះ​រការ​គិត​ថា ដប់ឆ្នាំ​ខាងមុខ​ប្រហែល​សល់​តែ​ឈ្មោះ​ទេ»

ប្រជា​សហគមន៍​បន្ថែម​ថា ឈើ​ដែល​រង​ការ​កាប់បំផ្លាញ​មានមុខ​កាត់​ចាប់ពី​ជាង ៣ តឹក រហូត​ដល់​ជាង ១ ម៉ែត្រ ដែល​ជា​ប្រភេទ​ឈើ​ផ្តៀក ឈើទាល ស្ទៀង កកោះ និង​គគីរ ជាដើម ដែល​ពួកគាត់​រក​ឃើញ ត្រឹមតែ​១​ថ្ងៃ កាលពី​ថ្ងៃទី​០៥ ខែ​កញ្ញា​។ ជាមួយ​គ្នា​នេះ ក្នុង​ពេល​ចុះ​ល្បាត ប្រជា​សហគមន៍ បាន​ជួបប្រទះ​ដោយ​ចៃដន្យ ជាមួយ​ក្រុម​មន្ត្រី​បរិស្ថាន និង​ទាហាន​មួយ​ក្រុម ហើយ​មន្ត្រី​ទាំងនោះ បាន​រារាំង និង​ហាមឃាត់​ពួកគាត់ មិន​ឱ្យ​បន្តដំណើរ​ទៅមុខ​ទៀត។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ដែនជម្រកសត្វព្រៃ​ព្រះរការ លោក យ៉ាប់ ប៊ុនសឿន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១១ កញ្ញា។

ប្រជា​សហគមន៍​ចាត់ទុក​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ ឆ្លុះបញ្ចាំង​ពី​កង្វះ​សមត្ថភាព ក្នុង​ការ​ការពារ​ព្រៃឈើ ពី​សំណាក់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ បង្ក​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ លើ​ជីវភាព​ពលរដ្ឋ និង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគតិច​កួយ។

ពួកគាត់​ទទូច​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចុះ​ពិនិត្យ​បទល្មើស​ព្រៃឈើ​ដោយ​ផ្ទាល់ ចៀសវាង​ចាំ​ស្រង់​តែ​របាយការណ៍​ពី​មន្ត្រី​ថ្នាក់ក្រោម​បំភ្លៃ​ការពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។