សកម្មជន​ស្នើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​អ្នក​ប្រព្រឹត្ត​និង​អ្នក​ពាក់ព័ន្ធ​រត់​ពន្ធ​វល្លិ​រមៀត​ទៅ​ឡាវ

ដោយ ម៉ៅ សុធានី
2024.02.28
សកម្មជន​ស្នើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​អ្នក​ប្រព្រឹត្ត​និង​អ្នក​ពាក់ព័ន្ធ​រត់​ពន្ធ​វល្លិ​រមៀត​ទៅ​ឡាវ វល្លិរមៀតដែលសមត្ថកិច្ចខេត្ត​ស្ទឹងត្រែងចាប់បាន នៅខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកស្នងការខេត្ត​ស្ទឹងត្រែង

សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​អ្នក​ប្រព្រឹត្ត​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដែល​រត់ពន្ធ​វល្លិ​រមៀត​ចេញ​ពី​កម្ពុជា​យក​ទៅ​លក់​នៅ​ប្រទេស​ឡាវ។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ចុះ​បង្ក្រាប​បាន​ដើម​វល្លិ​រមៀត​ចំនួន ៤​តោន ស្ថិតនៅ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។

សកម្មជន​បរិស្ថាន​និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​ចាប់​ខ្លួន​ជនល្មើស​មក​អនុវត្ត​ច្បាប់​ទេ​នោះ ជនល្មើស​នឹង​មិន​រាងចាល​ឡើយ​។ ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក ចេញផ្សាយ​នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ បង្ហាញ​ថា មន្ត្រី​ឧទ្យាន​អនុរក្ស​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​តំបន់​ឧទ្យាន​ជាតិ​វើនសៃ-សៀមប៉ាង បង្ក្រាប​​បាន​បទល្មើស​ដើម​វល្លិ​រមៀត ចំនួន ៤​តោន ស្ថិតនៅ​ភូមិ​សាម៉ ឃុំ​សេកុង ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​ក្រសួង​បរិស្ថាន​មិន​បាន​បញ្ជាក់​ថា ចាប់​បាន​អ្នក​ប្រព្រឹត្ត​និង​អ្នក​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។ ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សេសាន បាន​រាយការណ៍​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ក្រោយ​ពី​មាន​កាប់ និង​ប្រមូល​ទិញ​ដើម​វល្លិ​រមៀត​ពី​សំណាក់​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ថា អាជ្ញាធរ​មិន​ត្រូវ​ចាប់​តែ​វត្ថុ​តាង​នោះ​ទេ ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ថែមទៀត ដើម្បី​យក​ជន​ទាំង​នោះ​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ បើ​មិន​ដូច្នោះ​ទេ សកម្មភាព​ទាំងនោះ​នឹង​បន្ត​កើត​មាន​ឡើង​វិញ។

លោក លី ចាន់ដារ៉ាវុត៖ «ប្រសិនបើ​ជនល្មើស​មិន​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ខ្ញុំ​បារម្ភ​ថា ការ​បង្ក្រាប​នេះ​មិន​ខុសពី​ការ​បង្ក្រាប​អ្វី​ផ្សេងទៀត​ដូចជា​ការ​បង្ក្រាប​គ្រឿងញៀន​ការ​បង្ក្រាប​ល្បែងស៊ីសង​កន្លង​មក​ទេ គឺ​វា​ក្លាយ​ទៅជា​ការ​បង្ក្រាប​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ដោយសារ​ការ​បង្ក្រាប​ម្ដងៗ​យើង​ចាប់​បានតែ​វត្ថុ​តាង ប៉ុន្តែ​ជនល្មើស​នៅតែ​មាន​សេរីភាព​នៅតែ​អាច​វិល​ត្រឡប់​មក​ប្រព្រឹត្ត​បទល្មើស​វិញ​បាន»

ជុំវិញ​រឿង​នេះ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខៃ អាទិត្យា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​២៧​ខែកុម្ភៈ ដោយសារ​លោក​កំពុង​ជាប់​រវល់​ប្រជុំ ។ ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​ថ្នាក់​ខេត្ត​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ដើម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី។

លោក ម៉ែន គុង៖ «និយាយ​រួម​បើសិន​មន្ត្រី​អនុវត្ត​តួនាទី​ខុស​ភារកិច្ច និង​គោលការណ៍​និង​អនុវត្ត​ទៅតាម​នីតិវិធី​ការគ្រប់គ្រង​មន្ត្រីរាជការ​ទាំង​មន្ត្រី​ស៊ីវិល​ទាំង​កងកម្លាំង​មាន​សមត្ថកិច្ច ប៉ុន្តែ​កន្លង​មក​នេះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​មានការ​លើកទឹកចិត្ត​នឹង​កោតសរសើរ​ដល់​មន្ត្រី​អនុវត្ត​ទៅ​លើ​មនុស្ស ដោយ​សារ​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​ទប់ស្កាត់​បាន​ក្នុង​ករណី​នេះ»

កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ សមត្ថកិច្ច​ជំនាញ​ខាង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏បាន​ចាប់​រថយន្ត​សាំយ៉ុង​ចំនួន​២​គ្រឿង ដែល​បាន​ដឹក​ដើម​វល្លិ​រមៀត​ចំនួន ៤​តោន​ស្មើ​៨០​ការ៉ុង បម្រុង​ដឹកជញ្ជូន​ឆ្លងដែន នៅត្រង់​ព្រំដែន​កម្ពុជា​ឡាវ (ដុង​កាឡ) ស្ថិតនៅ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​បុរី​អូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយករង​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​និង​អ្នក​ជាប់​ពាក់ព័ន្ធ យក​មក​អនុវត្ត​ច្បាប់ ដើម្បី​ឲ្យ​ជនល្មើស​និង​អ្នក​ពាក់ព័ន្ធ​រាងចាល ។ លោក​បន្ថែម​ថា​ប្រសិនបើ​ចាប់​អ្នក​ប្រព្រឹត្ត​យក​មក​អនុវត្ត​ច្បាប់​មិនបាន​នោះ​ទេ ការ​ចុះ​បង្ក្រាប​របស់​មន្ត្រី​បរិស្ថាន មិន​មាន​ប្រសិទ្ធភាព​ឡើយ។

លោក អំ សំអាត៖ «យើង​ចង់​ឃើញ​ការ​បង្ក្រាប​ហ្នឹង​ធ្វើ​យ៉ាងម៉េច​រក​ឲ្យ​ឃើញ​អ្នក​ប្រព្រឹត្ត​បទល្មើស​និង​អ្នក​ដែល​ពាក់ព័ន្ធ​យក​ទៅ​អនុវត្ត​ទី​ពីរ បើសិន​ចាប់​បាន​អាច​រក​ឃើញ​ថា នរណា​ខ្លះ​ជាប់​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ និង​បើក​ការស៊ើបអង្កេត​បន្ត​ទៅ​ទៀត​រក​អ្នក​ដែល​ពាក់ព័ន្ធ»

វល្លិ​រមៀត (Yellow Vine) ជា​ប្រភេទ​រុក្ខជាតិ​វល្លិ​ម្យ៉ាង​ដែល​មាន​ក្លិន​ក្រពុល មាន​រសជាតិ​ជូរ ផ្អែម​ដូច​ស្ពាន់ធ័រ​លាយ​ជាមួយ​ស្ករ​ត្នោត វា​ជា​សារធាតុ​មេ សម្រាប់​ផលិត​គ្រឿងញៀន ជាពិសេស​អិចស្ដាស៊ី។

កាលពី​ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ក្រោយ​ពី​លោក​បាន​ចុះ​ស៊ើបអង្កេត ក្រុមហ៊ុន ធីមប័រ ហ្គ្រីន (Timber Green) ដែល​បាន​ប្រមូល​និង​កែច្នៃ​ដើម​វល្លិ​រមៀត នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ច្បាប់​ស្ដីពី​ព្រៃឈើ ឆ្នាំ​២០០២ មាត្រា​៣២​ចែង​ហាមឃាត់ មិន​ឲ្យ​មានការ​បង្កើត​មូលដ្ឋាន​កែច្នៃ វល្លិ​រមៀត ។ ចំណែក​មាត្រា​៩៧ ចែង​ថា ការ​បង្កើត​មូលដ្ឋាន​កែច្នៃ​វល្លិ​រមៀត ឬ​មូលដ្ឋាន​សិប្បកម្ម អនុផល​ព្រៃឈើ​ផ្សេង​ទៀត​ដែល​នាំ មក​នូវ​ការបំផ្លាញ​ព្រៃឈើ​និង​មជ្ឈដ្ឋាន​ព្រៃឈើ និង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។