សកម្មជនការពារព្រៃឈើអះអាងថា ក្រុមឈ្មួញចូលកាប់ឈើយ៉ាងរង្គាលនៅក្នុងតំបន់ព្រៃឡង់ ខេត្តស្ទឹងត្រែង
2025.01.08
សកម្មជនការពារព្រៃឈើនៅខេត្តស្ទឹងត្រែងអះអាងថា មួយរយៈនាចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ក្រុមឈ្មួញសម្រុកចូលកាប់ផ្ដួលដើមឈើធំៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដើម្បីធ្វើអាជីវកម្ម។ សង្គមស៊ីវិលទទូចឲ្យអាជ្ញាធរសហការជាមួយសហគមន៍ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព។
សកម្មជនការពារព្រៃឈើ អះអាងថា ដើមឈើមូលធំៗគ្រប់ប្រភេទ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ត្រង់ចំណុចអូរខ្លាំង ស្ថិតនៅភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រាប់រយដើមត្រូវបានក្រុមឈ្មួញកាប់ឈើធ្វើអាជីវកម្មយ៉ាងរង្គាល។ សកម្មជនការពារព្រៃឈើបន្ថែមថា មន្ត្រីបរិស្ថាននៅតំបន់នោះ គឺជាអ្នកបើកភ្លើងឲ្យក្រុមឈ្មួញទាំងនោះ ចូលទៅកាប់ និងដឹងជញ្ជូនយកទៅលក់នៅខាងក្រៅ ដោយបង់ប្រាក់ជាប្រចាំខែ ដើម្បីជាថ្នូរក្នុងការកាងការពារសុវត្ថិភាពដល់ក្រុមឈ្មួញ។
សកម្មជនការពារព្រៃឈើនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ដែលបានចុះស៊ើបអង្កេតរឿងនេះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែមករា ថា ដើមឈើរាប់រយដើមក្នុងតំបន់ព្រៃឡង់ត្រូវបានក្រុមឈ្មួញកាប់ផ្ដួលយ៉ាងរង្គាល និងមានម៉ាស៊ីនច្រៀកឈើពាសពេញព្រៃ។ លោកថា ក្រុមឈ្មួញបែកចែកគ្នាជាពីរក្រុម មានក្រុមអ្នកច្រៀក និងក្រុមដឹកជញ្ជូន យកចេញទៅក្រៅ។ លោកបន្ថែមថា ក្រុមឈ្មួញប្រាប់ថា ពួកគេមិនខ្លាចញញើតជាមួយសហគមន៍នោះទេ ពីព្រោះពួកគេបានបង់ប្រាក់ឲ្យទៅមន្ត្រីបរិស្ថានរួចហើយ ក្នុង១ខែចំនួន ២លានរៀល ដើម្បីជួយកាងការពារសុវត្ថិភាពដល់ពួកគេ។
លោក អ៊ុក ម៉ៅ៖ «មន្ត្រីបរិស្ថានគាត់មិនមែនការពារព្រៃឈើទេ គាត់គប់គិតតែគ្នានឹង»។
សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ លើកឡើងថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅតែបន្តឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ហើយបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញចូលកាប់យ៉ាងអនាធិបតេយ្យបែបនេះ ដែនជម្រកសត្វព្រៃព្រៃឡង់ នឹងវិនាសហិនហោចនៅថ្ងៃខាងមុខជាក់ជាមិនខាន។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៧ ខែមករា។
កាលពីថ្ងៃទី៣ ខែមករា នៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានរកឃើញថា គល់ឈើដែលជនល្មើសកាប់ចំនួន៣៥គល់ ឈើសន្លឹកចំនួន ៩ម៉ែត្រគូប គោយន្តចំនួន៣គ្រឿង និងរណារយន្ត១គ្រឿង នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង បន្ទាប់ពីកងទ័ពជើងគោក ចុះល្បាតរយៈពេល ៣យប់ ៤ថ្ងៃ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង លោកព្រួយបារម្ភអំពីការកើនឡើង នៃបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងក្នុងតំបន់ការពារធនធានធម្មជាតិដទៃទៀត ហើយប្រសិនបើបទល្មើសព្រៃឈើនៅតែបន្តកើតមានបែបនេះ យន្តការការពារព្រៃ និងស្ដារព្រៃឈើឡើងវិញរបស់រដ្ឋាភិបាលដែលដាក់ចេញកន្លងមកនឹងរងបរាជ័យ។
លោក ហេង គឹមហុង៖ «ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជានេះ ជារឿងសំខាន់ក្នុងការចូលរួម ហើយអាជ្ញាធរក៏ត្រូវតែវិនិយោគបន្ថែមទៀត នៅក្នុងការផ្ដល់ធនធានទៅឲ្យសហគមន៍មូលដ្ឋាន ការពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ទើបការពារធនធានធម្មជាតិ ជាពិសេស គឺការអនុវត្តគោលនយោបាយមានប្រសិទ្ធភាពនេះទៅបាន»។ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារ ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលបង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
កាលពីខែកក្កដាឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលបានប្រកាសពង្រីកទំហំផ្ទៃដីព្រៃ ដែនជម្រកសត្វព្រៃព្រៃឡង់ពី ៤៣ម៉ឺន (៤៣១.៦៨៣) ទៅ៤៨ម៉ឺន(៤៨៩.៦៦៣)ហិកតារ។ បើទោះបី រដ្ឋាភិបាលពង្រីកផ្ទៃដីធំជាងមុនយ៉ាងណាក្ដី ក៏តំបន់ការពារមួយនេះនៅតែរងការកាប់យកឈើធំៗ និងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនឯកជនយ៉ាងអនាធិបតេយ្យផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។