សហគមន៍​ការពារ​ព្រៃឈើ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ថ្មី

ដោយ សន ចាន់រដ្ឋា
2022.12.04
សហគមន៍​ការពារ​ព្រៃឈើ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ថ្មី រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់។
រូប៖ ហ្វេសប៊ុក​ក្រសួង​បរិស្ថាន

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ការពារ​ធនធាន​ធម្មជាតិ​ថ្មី​ចូល​ជា​ធរមាន ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា សេចក្ដី​ព្រាងច្បាប់​ថ្មី​នេះ​រឹតត្បិត​ដល់​ស្ថាប័ន​ឯករាជ្យ​ក្នុង​ការ​ចូលរួម​តាមដាន និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ធនធាន​ព្រៃឈើ។

ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​ការ​ការពារ​ធនធាន​ធម្មជាតិ ដោយសារ​ច្បាប់​ថ្មី​នេះ​រឹត​បន្តឹង​ដល់​ការចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ពី​ភាគី​ពាក់ព័ន្ធ​នានា ហើយ​អាច​បង្ក​ឱ្យ​មាន​វិនាសកម្ម​សត្វព្រៃ។

សមាជិក​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ព្រួយ​បារម្ភ​នៅ​ពេល​ដែល​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ បាន​ចែង​ឱ្យ​ក្រសួង​បរិស្ថាន​មាន​សិទ្ធិអំណាច​ហួសហេតុ ដែល​អាច​រំលាយ​តំបន់​អភិរក្ស​ព្រៃឈើ​ណាមួយ​បាន ដោយ​មិន​បាច់​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ លោក​បន្ថែម​ថា សេចក្ដីព្រាងច្បាប់​ដែល​តម្រូវ​ឱ្យ​ប្រជា​សហគមន៍ ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​មន្ត្រី​បរិស្ថាន​មុននឹង​ចុះ​ល្បាត​ព្រៃ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។

លោក ហឿន សុភាព៖ «សំណូមពរ​ដល់​រដ្ឋាភិបាល​ទាំងមូល មុននឹង​ធ្វើ​ច្បាប់​ដាក់​ឲ្យ​ប្រើប្រាស់​សូម​ឲ្យ​ផ្ដល់​សិទ្ធ​ដល់​ប្រជាពលរដ្ឋ ឬក៏​សហគមន៍​មូលដ្ឋាន​ដើម្បី​រួមចំណែក​នៅក្នុង​ការ​កសាង និង អភិវឌ្ឍ​ប្រទេសជាតិ​ទាំងមូល​ដែរ ព្រោះ​យើង​គិតថា​ប្រទេសជាតិ​ទាំងមូល​មិនមែន​ស្ថិត​លើ​ការ​គ្រប់គ្រង​របស់​រដ្ឋ​តែមួយ​ទេ មិនមែន​ស្ថិត​នៅ​លើ​ការ​អភិវឌ្ឍ​ដោយ​មាន​សមភាព​រដ្ឋ​តែមួយ​ទេ គឺ​យើង​ត្រូវការ​សមភាព​គ្រប់​វិស័យ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ទាំងអស់គ្នា»

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការការពារ​ធនធានធម្មជាតិ​ថ្មី មាន​១៣​ជំពូក និង​៧៤​មាត្រា​។ ច្បាប់​ថ្មី​នេះ បាន​អនុញ្ញាតឱ្យ​ក្រសួងបរិស្ថាន​មានអំណាច​ក្នុងការ​រំលាយ​តំបន់​ព្រៃ​អភិរក្ស​ណាមួយ​បាន តាមរយៈ​ការ​ចេញ​អនុក្រឹត្យ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការ​បាត់បង់​ព្រៃ​តំបន់​អភិរក្ស ដែល​អាច​នឹង​ត្រូវ​បាន​សម្បទាន​ឱ្យ​ឯកជន​ប្រើប្រាស់​ដី​ព្រៃ​ទាំងនេះ​។ សេចក្ដី​ព្រាង​ច្បាប់​ការពារ ធនធាន ធម្មជាតិ​ថ្មី​នេះ មិន​បាន​រំលេច​ពី​ការ​ពិគ្រោះ​យោបល់ ដើម្បី​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាធំ ដូច​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ ឆ្នាំ​២០០៨ ដែល​កំពុង​ដាក់​ឱ្យ​អនុវត្ត​សព្វថ្ងៃ​នេះ​ឡើយ។

សេចក្ដីព្រាងច្បាប់​ថ្មី​នេះ​ក៏​អាច​បង្ក​ឱ្យ​មាន​វិនាសកម្ម​សត្វព្រៃ​ផង​ដែរ ដោយសារ​កន្លង​មក សកម្មជន​បរិស្ថាន​លើកឡើង​ថា ការ​អនុញ្ញាត​ឱ្យ​មាន​កីឡា​ប្រមាញ់​សត្វព្រៃ គឺ ធ្វើឡើង​ដើម្បី​ផ្គាប់ចិត្ត​អ្នក​មាន​អំណាច​ដែល​ចូលចិត្ត​ប្រមាញ់​សត្វព្រៃ​តែប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​នៅតែ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ដើម្បី​បកស្រាយ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៤ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​លោក ម៉ា ចិត្រា យល់ឃើញ​ថា រដ្ឋាភិបាល​គួរ​ជំរុញ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ដែល​មាន​ស្រាប់​ឱ្យ​មាន​ប្រសិទ្ធភាព ជាជាង​បង្កើត​ច្បាប់​ថ្មី​ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​សាធារណជន និង​សង្គម​ស៊ីវិល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​។ លោក​បន្ថែម​ថា កន្លង​មក អង្គការ​សង្គម​ស៊ីវិល​តែង​ចុះ​ល្បាត និង​ធ្វើ​របាយការណ៍​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​មិនបាច់​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​ក្រសួងបរិស្ថាន​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​លោក ម៉ា ចិត្រា ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​សេចក្ដី​ព្រាងច្បាប់​ថ្មី​នេះ ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដូច​ករណី​លោក​បាន​ជួយសង្គ្រោះ​ភ្នំ​តាម៉ៅ​កន្លង​មក។

លោក ម៉ា ចិត្រា៖ «ខ្ញុំ​សូម​សំណូមពរ​ទៅ​សម្ដេច​នាយក​ផ្ទាល់ ព្រោះ​អ៊ី​មែនទែន​ទៅ​ច្បាប់​អ៊ី​មួយ​ចំនួន​ត្រូវ​ក៏​ឆ្លងកាត់​គាត់​ដែរ​បាន​អាច​ចេញ​បាន អ៊ីចឹង​សូម​សំណូមពរ​បើ​អាច​ទេ មិន​បាច់ចាំ​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​អ៊ី​ម្ដង​ទៀត​នោះ​ទេ ព្រោះ​ច្បាប់​ចាស់​វា​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ព្រៃឈើ​និង​ហើយ ហើយ​បើសិន​បង្កើត​ច្បាប់​ផ្សេងទៀត​ដើម្បី​ការ​ហាម​ប្រាម​ពលរដ្ឋ ឬក៏​សាធារណជន​មិន​ឲ្យ​ចូលរួម​ការ​ការពារ និង​វា​មិនមែន​ជា​ឆន្ទៈ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នោះ​ទេ»

សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ការពារ​ធនធានធម្មជាតិ​ថ្មី ត្រង់​មាត្រា​៦៣ ចែងថា ការ​សិក្សា​ស្រាវជ្រាវ​ពី​ធម្មជាតិ និង​វិទ្យាសាស្ត្រ ការ​ធ្វើ​ទេសចរណ៍​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​ត្រូវ​បាន​ចាត់ទុក​បទល្មើស​ថ្នាក់​ទី​១ ហើយនឹង​ត្រូវ​ទទួល​ការព្រមាន​ពី​មន្ត្រី​មាន​សមត្ថកិច្ច​។ ការ​ចែង​បែប​នេះ ត្រូវ​បាន​ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុក​ថា ជា​ការ​គំរាមកំហែង​ដល់​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល​មិន​ឱ្យ​ចូលរួម​ល្បាត​ព្រៃឈើ ខណៈ​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា តែង​ជួយ​សម្រួល​ឱ្យ​ក្រុម​អ្នក​កាប់​ឈើ ចូល​កាប់​ព្រៃឈើ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​។ ប្រជា​សហគមន៍ សកម្មជន​បរិស្ថាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា បទល្មើស​ធនធានធម្មជាតិ​នៅតែ​កើតមានឡើង​ទូទាំង​ប្រទេស មិនមែន​មកពី​ច្បាប់​ខ្សោយ​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មកពី​អំពើពុករលួយ​ជា​ប្រព័ន្ធ តាំងពី​ថ្នាក់លើ ដល់​ថ្នាក់ក្រោម​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅវិញ​ទេ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បរាជ័យ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
រដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​៣០​ហិកតារ​ឲ្យ​ប្រពន្ធ​លោក នេត សាវឿន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។