លោក ហ៊ុន សែន កាត់​ដី​ឧទ្យានជាតិ​គិរីរម្យ​ជាង ២​រយ​ហិកតារ​ទៀត​ឱ្យ​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោក

ដោយ ខាន់ លក្ខិណា
2023.12.04
លោក ហ៊ុន សែន កាត់​ដី​ឧទ្យានជាតិ​គិរីរម្យ​ជាង ២​រយ​ហិកតារ​ទៀត​ឱ្យ​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោក អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅវិមាន៧មករា កាលពីថ្ងៃទី១ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​អ្នកស្រី ជឹង សុគន្ធាវី ទទួល​បាន​ដី​ឧទ្យានជាតិ គីរីរម្យ ជាង ៤០០ ហិកតារ​ហើយ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​កាត់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង​២​រយ​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រុមហ៊ុន​នេះ កាល​ពី​ខែ​សីហា កន្លង​ទៅ។

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត លុបចោល​អនុក្រឹត្យ​នេះ​វិញ ពីព្រោះ​ការ​កាត់​ដី​ឧទ្យានជាតិ​បន្តបន្ទាប់ គឺ ជា​គំរូ​អាក្រក់ សម្រាប់​មេដឹកនាំ​ជំនាន់​ក្រោយ។

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​កាត់​ដី​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត ឬ​ហៅថា ឧទ្យាន​ជាតិ​គីរីរម្យ​ជាង​២​រយ​ហិកតារ​បន្ថែម​ទៀត ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​មានមុខ​ជំនួញ​ស្និត​នឹង​គ្រួសារ​ត្រកូល​ហ៊ុន ដើម្បី​វិនិយោគ​អភិវឌ្ឍ​ទេសចរណ៍។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​សម្រេច ធ្វើ​អនុបយោគ​ផ្ទៃដី ទំហំ ២២១,៩៤ ហិកតារ ស្ថិត​ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត-កុសមៈ«គិរីរម្យ​» ភូមិ​សាស្ដ្រ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន។

អនុក្រឹត្យ​បញ្ជាក់​ថា ការ​កាត់​ដី​ជាង ២០០ហិកតារ​នេះ ដើម្បី​ជួល​អចិន្ត្រយ៍​រយៈពេល ៥០ ឆ្នាំ ឱ្យ​ក្រុមហ៊ុន វ័ន ម័រ (One More Ltd.) សម្រាប់​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ។

ទាក់ទិន​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ រដ្ឋាភិបាល​លោក ប៉ែន បូណា និង​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បានទេ នៅ​ថ្ងៃទី៣ ធ្នូ ដោយ​ទូរស័ព្ទ​ចូល គ្មាន​អ្នកទទួល។

រីឯ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ៣ ធ្នូ​ថា ការ​កាត់​ដី​ឧទ្យានជាតិ​នេះ ជា​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល។

លោក​ការពារ​ថា ការ​កាត់​ដី​ឧទ្យានជាតិ​ជាង ២០០​ហិកតារ បន្ថែម​ទៀត​នេះ មិន​បាន​ប៉ះពាល់​ធនធាន​ធម្មជាតិ​ឡើយ។

លោក វ៉ី សំណាង៖ «​គេ​មិន​ទៅ​បំផ្លាញ​ព្រៃឈើ សត្វព្រៃ​ណា អាហ្នឹង​សម្រាប់​ការ​យល់ឃើញ របស់ខ្ញុំ ជា​អ្នកជំនាញ​ខាង​ព្រៃឈើ ខ្ញុំ​រៀន​ខាង​មេព្រៃ​។ ពូ​ម៉េច​ដឹង ការ​សម្រេច​របស់​ថ្នាក់​ជាតិ​។ ការសម្រេច​របស់​ថ្នាក់​ជាតិ​នៅពេល​យល់​ថា វិស័យ មួយ​ណា​វា​បម្រើ​ឱ្យ​វិស័យសេដ្ឋកិច្ច​វា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ សម្រាប់ ប្រទេសជាតិ យើង​ធ្វើ​ទៅលើ​វិស័យ​នោះ ។ បើ​ក្មួយ​ឯង​គិតថា ទុក​អភិរក្សៗ ចុះ​ប្រជាពលរដ្ឋ ប្រទេសជាតិ​មួយ​គិតតែ​អភិរក្ស អត់​គិត​សេដ្ឋ កិច្ច​ទេ​អ៊ីចឹង»

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​កាត់​ដី​ពី​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត ឬ​ហៅថា ឧទ្យាន​ជាតិ​គិរីរម្យ​ចំនួន ២២១,៩៤ ហិកតារ ឱ្យ​ក្រុមហ៊ុន វ័ន ម័រ លីមីតធីត (One More Ltd.) របស់​អ្នកស្រី ជឹង សុគន្ធាវី ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា កន្លង​ទៅ ខណៈ​កាល​ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏បាន​កាត់​ដី ឧទ្យាន​ជាតិ​គិរីរម្យ ជាង​២០០​ហិកតារ​( ២២១,៩៤ ហិកតារ​) បន្ថែម​ទៀត ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​នេះ។

អ្នកស្រី ជឹង សុគន្ធាវី ដែល​ជា​កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ និង​ជា​ដៃគូ​ជំនួញ​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន នេះ គឺជា​អគ្គ​នាយ​កា​ក្រុមហ៊ុន វ័ន ម័​រ លីមីត​ធី​ត ។ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នេះ មាន​ក្រុមហ៊ុន អិនវីស៊ី ខុបភើរេសិន (NVC Cooperation) ផលិត​ទឹក​វីតាល់ ក្រុមហ៊ុន​ផលិត​មី​ជាតិ ភោជនីយដ្ឋាន និង​សហគ្រាស​ឱសថ​កម្ពុជា​ដែល​កូនស្រី​បង្កើត​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ា​ណា ធ្លាប់​ជា​នាយិកា​ក្រុមហ៊ុន​អិនវី​ស៊ី​នោះ។

ជុំវិញ​រឿង​នេះ យុវជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា ថ្លែង​ថា លោក​ព្រួយបារម្ភ​ចំពោះ​វាសនា​ឧទ្យានជាតិ​នេះ អាច​ហិន​ហោច អស់​ព្រៃឈើ បាត់​ជម្រក​សត្វ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​អនាគត ខណៈ​បុគ្គល​ដែល​ទទួល​បាន​ដី​ឧទ្យានជាតិ​នេះ ជា​អ្នក​ដែល​មាន​ប្រវត្តិ​មិនល្អ ហើយ ជាពិសេស​ជាប់សែស្រឡាយ​គ្រួសារ​នាយករដ្ឋមន្ត្រី​ថែម​ទៀត។

លោក ថុន រដ្ឋា៖ «បើសិនជា​ឧទ្យានជាតិ​កាត់​និង​ពុះ​ច្រៀក​ដូច​នំ​ខេកអី​ជាដើម​ហ្នឹង អាហ្នឹង វា ធ្វើឱ្យ​បាត់​តម្លៃ​នៃ​ឧទ្យានជាតិ គឺថា​មានតែ​ឈ្មោះ​ជា​ឧទ្យានជាតិ ប៉ុន្តែ​វា​អត់ មាន​លក្ខណៈ​គ្រប់គ្រាន់​នៅក្នុង​ពាក្យ​នៃ​ជា​ឧទ្យានជាតិ​។ សម័យនេះ គឺជា​សម័យ ដែល​គេ​ដឹង ពី​បញ្ហា​ទាំង​អស់ហើយ បើសិនជា​រដ្ឋាភិបាល​ឈាម​ថ្មី​នៅ តែ​បន្ត​អនុវត្ត រូបមន្ត​ចាស់​បន្ត​ទៀត ខ្ញុំ​ថា ទោះបីជា​ខំ​ឃោសនា ខំ​ចែក​សារ៉ុង ប៊ីចេង ខំ​ចែក​លុយ យ៉ាងណា​ក៏​ពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​ដែរ»

លោក ថុន រដ្ឋា បន្ត​ថា លោក​នៅតែ​និយាយ​និង​តស៊ូ​មតិ​ពី​បញ្ហា​បរិស្ថាន​បន្ត​ទៀត ទោះបីជា​បច្ចុប្បន្ន​រូបលោក​និង​សមាជិក​មាតា​ធម្មជាតិ​ផ្សេងទៀត កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​ប្រឈម​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជាថ្មី​ក៏ដោយ។

ស្រដៀង​គ្នា​ដែរ សកម្មជន​សង្គម លោក ម៉ា ចិត្រា យល់​ថា ការ​កាត់​ដី​ឧទ្យានជាតិ បន្តបន្ទាប់​នេះ គឺជា​ការ​គប់គិត​គ្នា​រវាង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន ដែល​សិ្នទ្ធ​នឹង​គ្រួសារ​ត្រកូល​ហ៊ុន ឬ ជាប់សាច់​ឈាម​នឹង​គ្រួសារ​លោក ហ៊ុន សែន។

លោក​ចាត់ទុក​ការ​កាត់​ដី​ឧទ្យានជាតិ​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ជា​គំរូ​អាក្រក់​សម្រាប់​មេដឹកនាំ​ជំនាន់​ក្រោយ។

លោក​រំពឹង​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​យក​គំរូ​នេះ ពី​ព្រោះ​ធនធានធម្មជាតិ​គឺជា​ទ្រព្យសម្បតិ្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា ដោយ​នាយករដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​កាត់ និង​ចាត់ចែង ដោយ​គ្មាន​សួរ​មតិ​ពី​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ប្រទេស​បែបនេះ​ឡើយ។

លោក ម៉ា ចិត្រា៖ «យើង​មើល​ឃើញ​ថា វា​ជា​ឧទ្យានជាតិ​ទៅ​ហើយ យើង​គួរតែ​ទុក​វា​ជា​តំបន់ សម្រាប់​សាធារណជន មិនមែន​សម្រាប់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​ទៅកាន់​កាប់ បែបនេះ​ទេ ព្រោះ​អី​ចំនួន​រាប់​រយ​ហិកតារ​នេះ វា​ច្រើនណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ សង្ឃឹម​ថា បើសិន​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​នេះ អាច​ធ្វើ​បាន​គួរតែ ពិចារណា​ដក​មិន​ឱ្យ​មានការ​ធ្វើ​បែប​នេះ​បន្ត​ទៀត ក៏ដូចជា​លុបចោល​អនុក្រឹត្យ​បែប ហ្នឹង ព្រោះ​អី​កាន់តែ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​យើង​លក្ខណៈ​ថា វា​បក្ខពួក និយម អាច​ថា​គ្រួសារនិយម​ដូចដែល​គេ​ធ្លាប់​លើកឡើង​ពីមុន​មក​អ៊ីចឹង»

លោក ម៉ា ចិត្រា ថា ការ​កាត់​ដី​ឧទ្យានជាតិ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ស្និទ្ធ​នឹង​គ្រួសារ នាយករដ្ឋមន្ត្រី​នេះ មិនបាន​ចំណេញ​អ្វី​ប្រយោជន៍​ដល់​ជាតិ​ច្រើន​ឡើយ ប៉ុន្តែ លោក​ថា អាច​ផ្ដល់​ផល​ចំណេញ​ដល់​គ្រួសារ និង​បក្ខពួក​អ្នក​មាន​អំណាច​ទៅវិញ។

កាល​ពី​ឆ្នាំ​១៩៩៣ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​កំណត់​តំបន់​គិរីរម្យ​ដែល​មាន​ផ្ទៃដី​ជាង​៣​ម៉ឺន​៥​ពាន់ ហិកតារ (៣៥.០០០​ហិកតារ) ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។ ភ្នំ​គិរីរម្យ​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​​កំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅជា​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសមៈ កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុកជា​តំបន់​អភិរក្ស​។​

ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឆ្វៀល ទីតាំង​ឧទ្យាន​ជាតិ​មួយផ្នែក​ធំ ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាងហោចណាស់​ចំនួន​២ វិនិយោគ​រយៈពេល​យូរ​ឆ្នាំ ដែល​ពុះ​ច្រៀក​ជា​កង់ៗ​។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ និង​ក្រុមហ៊ុន អេស៊ាធូអេស៊ា (Asia To Asia) របស់​ជប៉ុន។

ឧទ្យាន​ជាតិ​គិរីរម្យ គឺជា​តំបន់​ខ្ពង់រាប​ប្រជុំភ្នំ​តូច​ធំ​ជាច្រើន​គ្របដណ្ដប់​ដោយ​ដើម​ស្រល់ និង​ព្រៃ​ធម្មជាតិ​ជាច្រើន​ប្រភេទ ដុះ​រាល​តាម​ជើងភ្នំ​ស្រស់​ស្អាត និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​។ តំបន់​នោះ មាន​ជ្រោះ និង​អូរ​ធម្មជាតិ​ទឹកធ្លាក់ តាម​ចន្លោះ​ភ្នំ​នីមួយៗ​ផ្តល់​អំណោយផល​គាប់​ប្រសើរ​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ។

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា បើ​រដ្ឋាភិបាល​មិន​លុបចោល​ការ​កាត់​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ទំហំ​រាប់​រយ​ហិកតារ​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម និង​សម្បត្តិ​ធម្មជាតិ សត្វព្រៃ ជម្រក​សត្វព្រៃ ការប្រែប្រួល​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ព្រៃឈើ​នៅ​តំបន់​នោះ​អាច​នឹង​ប្រឈម​ការ​ឈូស​បំផ្លាញ​កម្ទេច​ចោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។